ពេលដែលមានការជំរុញឲ្យបង្ហាញនូវការអត់ធ្មត់នៅក្នុងរដ្ឋ Georgia រវាងលោកស្រី Stacey Abrams បេក្ខជនអភិបាលរដ្ឋខាងគណបក្សប្រជាធិបតេយ្យ និងលោក Brian Kemp ខាងគណបក្សសាធារណរដ្ឋ បញ្ហាការគាបសង្កត់អ្នកបោះឆ្នោតបានលេចធ្លោនៅពេលដែលប្រទេសជាតិមើលការប្រកួតប្រជែងការបោះឆ្នោតដែលមានសភាពកាន់តែតានតឹងឡើងនេះ។
ក្រុមអ្នកបោះឆ្នោតនៅរដ្ឋ Georgia កំពុងអំពាវនាវឲ្យលោក Brian Kemp ចុះចេញពីដំណែង។បាតុករបានស្រែកថា៖ «លោក Brian Kemp ត្រូវតែចុះចេញពីដំណែង»។
បេក្ខជនអភិបាលរដ្ឋខាងគណបក្សសាធារណរដ្ឋរូបនេះក៏ជាមន្រ្តីកំពូលរៀបចំការបោះឆ្នោតរបស់រដ្ឋដែរ ហើយលោកត្រូវបានរងការចោទប្រកាន់ពីការគាបសង្កត់ពួកអ្នកបោះឆ្នោតស្បែកខ្មៅមិនឲ្យបោះឆ្នោត។បាតុករម្នាក់ទៀតថ្លែងថា៖ «លោកBrian Kemp មានប្រវត្តិយូរយាណាស់មកហើយពីការគាបសង្កត់អ្នកបោះឆ្នោតក្នុងរដ្ឋGeorgia ហើយវាជាពេលវេលាដែលលោកចាំបាច់ត្រូវលាចេញពីដំណែងជាពិសេសសម្រាប់ការបោះឆ្នោត ដែលលោកមានឈ្មោះលើគេនៅក្នុងបញ្ជីបោះឆ្នោត»។
ការតវ៉ាប្រឆាំងទាំងនោះបានចាប់ផ្តើមបន្ទាប់ពីការិយាល័យរបស់លោកKemp បានផ្អាកការចុះឈ្មោះអ្នកបោះឆ្នោតចំនួន៥ម៉ឺន៣ពាន់នាក់នៅក្រោមច្បាប់ប័ណ្ណបោះឆ្នោតថ្មីដ៏តឹងតែងរបស់រដ្ឋGeorgia។ការផ្អាកការចុះឈ្មោះភាគច្រើនគឺជនជាតិអាមេរិកាំងដើមកំណើតអាហ្វ្រិក។
ស្រ្តីបាតុករគាំទ្រលោកស្រី Staceyបានថ្លែងថា៖ «លោកចង់លុបបំបាត់សំឡេងរបស់យើង។ យើងនៅទីនេះនិយាយថា«ទេ»។លោកចាំបាច់ត្រូវចុះចេញពីដំណែង»។បាតុករម្នាក់ទៀតបាននិយាយថា៖ «មិនមានការហាមប្រាមអ្នកបោះឆ្នោតនៅក្នុងរដ្ឋ Georgia ទេ។យើងនឹងមិនមានការហាមប្រាមអ្នកបោះឆ្នោតទេ»។
យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Kemp និយាយថា ពលរដ្ឋទាំងអស់ដែលមានឈ្មោះនៅក្នុងបញ្ជីផ្អាកការបោះឆ្នោតនោះ នឹងនៅតែអាចបោះឆ្នោត បាន។ ក៏ប៉ុន្តែ គូប្រកួតប្រជែងរបស់លោកគឺ លោកស្រី Stacy Abrams និយាយថា ភាពមិនប្រាកដប្រជាអាចមានឥទ្ធិពលលើចំនួនអ្នកចេញទៅបោះឆ្នោត។
លោកស្រី Abrams អតីតមេដឹកនាំក្នុងអង្គការនីតិបញ្ញត្តិរបស់រដ្ឋបានទទួលការសរសើរពីការចុះឈ្មោះអ្នកបោះឆ្នោតថ្មីរាប់ពាន់នាក់។លោកស្រី Stacy Abrams បេក្ខជនខាងគណបក្សប្រជាធិបតេយ្យរបស់រដ្ឋ Georgia បាននិយាយថា៖«យើងនឹងសរសេរទំព័រប្រវត្តិសាស្រ្តថ្មីនៅថ្ងៃអនាគតរបស់រដ្ឋ Georgiaដោយគ្មាននរណាម្នាក់នឹងត្រូវទុកឬបំភ្លេចចោលនោះទេ»។
លោកស្រី Abramsប្រឈមការជំទាស់ប្រឆាំងដ៏ស្វិតស្វាញជាបេក្ខជនខាងគណបក្សប្រជាធិបតេយ្យនៅក្នុងរដ្ឋអភិរក្សនិយមដែលនៅទីនោះលោកស្រីសង្ឃឹមថានឹងក្លាយជាអភិបាលរដ្ឋជាស្រ្តីស្បែកខ្មៅលើកដំបូងរបស់សហរដ្ឋអាមេរិក។
លោកស្រីបានផ្តោតលើសេរីភាពកាន់តែច្រើនឡើង នៅផ្នែកនានានៃទីក្រុងរបស់រដ្ឋ Georgia ដោយសង្កត់លើបញ្ហានានាដូចជាការត្រួតត្រាកាំភ្លើង ការថែទាំសុខភាពនិងពន្ធដារសម្រាប់ក្រុមគ្រួសារដែលមានប្រាក់ចំណូលទាប។អ្នកបោះឆ្នោតឲ្យលោកស្រី Abrams បានថ្លែងថា៖ «ប្រសិនបើ ពលរដ្ឋមានជម្ងឺ ពួកគេចង់បានការថែទាំសុខភាពមួយដែលអាចចំណាយបាន»។
អ្នកបោះឆ្នោតឲ្យលោកស្រី Abramsថ្លែងថា៖«ពលរដ្ឋក្នុងតំបន់ជនបទនៃរដ្ឋ Georgia មិនអាចទទួលបានការថែទាំសុខភាព ហើយនេះជាបញ្ហាដែលយើងត្រូវការនរណាម្នាក់ដែលនឹងទៅដល់គ្រប់ច្រកល្ហកទាំងអស់ ហើយមានតែ Staceyទេដែលអាចធ្វើដូច្នេះបាន»។
លោក Kemp បានហៅគូប្រជែងរបស់លោកថា មានភាពជ្រុលនិយមសម្រាប់រដ្ឋ Georgiaជាសារមួយដែលបានឮខ្ទ័រដល់ពួកអ្នកបោះឆ្នោតអភិរក្សនិយម។គោលនយោបាយរបស់លោកផ្តោតលើការកាត់បន្ថយការចំណាយរបស់រដ្ឋ ពង្រីកសិទ្ធិប្រើកាំភ្លើងហើយនឹងបង្ក្រាបលើជនអន្តោប្រវេសន៍ខុសច្បាប់និងឧក្រិដ្ឋកម្ម។លោកBrian Kemp បេក្ខជនអភិបាលរដ្ឋបានថ្លែងថា៖ «នេះជាការប្រកួតប្រជែងសម្រាប់ព្រលឹងរបស់រដ្ឋយើង ជាការប្រកួតប្រជែងសម្រាប់អនាគតរបស់យើង។សូមជូនរួមជាមួយយើង»។
ពួកអ្នកគាំទ្រនិយាយថា លោកមានគោលនយោបាយល្អសម្រាប់ពលរដ្ឋGeorgia។អ្នកបោះឆ្នោតឲ្យលោក Kempបាននិយាយថា៖ «លោកតំណាងឲ្យបុគ្គល។លោកតំណាងឲ្យពាណិជ្ជករ។លោកតំណាងឲ្យពលរដ្ឋជឿនលឿន។លោកចង់ឃើញពលរដ្ឋបានទទួលជោគជ័យ»។
លោកមានការគាំទ្រពីប្រធានាធិបតី ដូណាល់ ត្រាំ។អ្នកបោះឆ្នោតគាំទ្រលោកKemp បានថ្លែងថា៖ «ខ្ញុំជឿជាក់ថា លោកKemp ជឿជាក់និងធ្វើតាមប្រធានាធិបតីរបស់យើងគឺលោកត្រាំ ហើយនេះជាការល្អបំផុត»។
ការប្រកួតប្រជែងដណ្តើមដំណែងអភិបាលរដ្ឋ Georgia ត្រូវបានគេហៅថា «ការប្រយុទ្ធដើម្បីទីតាំង»។
បេក្ខជនទាំង២មានមនោគមន៍វិជ្ជាខុសគ្នាយ៉ាងខ្លាំង។បេក្ខជនទាំង២ប្រកួតប្រជែងដើម្បីក្លាយជាអភិបាលថ្មីរបស់រដ្ឋGeorgia។
ប្រែសម្រួលដោយ ជឹង ប៉ូជីន