ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភាព​តាន​តឹង​ក្នុង​គ្រួសារ​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​​​ពី​កំណើន​អំពើ​ហិង្សា​លើ​ស្រ្តី


រូបឯកសារ៖ ស្ត្រីម្នាក់ពាក់ម៉ាស់ដើម្បីការពារការឆ្លងជំងឺកូវីដ១៩ នៅពហុកីឡដ្ឋានអូឡាំពិក រាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០។

រដ្ឋមន្រ្តី​ក្រសួង​កិច្ចការ​នារី និង​តំណាង​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា បាន​លើក​ឡើង​ថា អំពើ​ហិង្សា​លើ​ស្រ្តីកើន​ឡើង ក្នុង​ពេល​កម្ពុជា​ប្រឈម​នឹង​វិបត្តិជំងឺ​កូវីដ​១៩ ដោយសារ​មូល​ហេតុ​នៃ​ការ​បាត់​បង់​ការងារ ដែល​នាំ​ឲ្យ​មាន​ភាព​តាន​តឹង​ជា​ច្រើន​នៅ​ក្នុង​គ្រួសារ។

ពួកគេ​ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ «ផែនការ​សកម្មភាព​ជាតិ​ស្តីពី​ការ​ទប់​ស្កាត់​អំពើ​ហិង្សា​លើ​ស្រ្តី» ឆ្នាំ​២០១៩-២០២៣ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ។

រដ្ឋមន្រ្តីក្រសួង​កិច្ចការ​នារី លោកស្រី អ៊ឹង កន្ថា​ផាវី មាន​ប្រសាសន៍​ថា​ មូល​ហេតុ​នៃ​ការ​កើន​នៃ​អំពើ​ហិង្សា​ក្នុង​គ្រួសារ ឬ​ហិង្សា​ទាក់ទង​នឹង​យេនឌ័រ ដោយ​សារ​ការ​ធ្លាក់​ចុះ​នៃ​ការ​អនុវត្ត​វិធាន​ការ​បង្ការ ទប់​ស្កាត់ និង​ការ​ផ្តល់​កិច្ច​ការពារ និង​ដោយសារ​ការ​ចំណាយ​ពេល​នៅ​ជាមួយ​គ្នា​កាន់តែ​ច្រើន ក្នុង​ពេល​វិបត្តិ​ជំងឺ​កូវីដ​១៩ ខណៈ​ស្រ្តីបាន​បាត់​បង់​ការងារ។​

លោកស្រី​ថ្លែង​ថា៖ «ការ​ចំណាយ​ពេល​នៅ​ជាមួយ​គ្នា ខណៈ​ដែល​បញ្ហា​ផ្លូវ​ចិត្ត និង​ភាព​តាន​តឹង​ក្នុង​អារម្មណ៍​បាន​កើន​ឡើង​ដោយ​សារតែ​បាត់​បង់​ប្រាក់​ចំណូល​គ្រួសារ​ការ​បិទ​សាលារៀន ធ្វើ​ឲ្យ​បន្ទុក​ការ​ងារ​ក្នុង​គ្រួសារ និង​ការ​ថែ​ទាំ​កើន​ឡើង​ជា​ដើម»។

លោកស្រី​រដ្ឋមន្រ្តី​ឲ្យ​ដឹង​ថា​ ផែន​ការ​សកម្មភាព​ជាតិ​ស្តី​ពី​ការ​ទប់​ស្កាត់​អំពើ​ហិង្សា​លើ​ស្រ្តី គឺ​ជា​ឯកសារ​មូលដ្ឋាន​សម្រាប់​រៀបចំ​គម្រោង ឬ​កម្មវិធី​ដើម្បី​កាត់​បន្ថយ​ហិង្សា​លើ​ស្រ្តី​ឲ្យ​ដល់​កម្រិត​អប្បបរមា។

លោកស្រី​បាន​បញ្ជាក់​ថា ​អំពើ​ហិង្សា​លើ​ស្រ្តី គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់​ធ្ងរ​ដែល​រឹត​ត្បិត​សិទ្ធិ និង​សេរីភាព​ជា​មូលដ្ឋាន​របស់​ស្រ្តី។

លោក​ស្រី​បន្ត​ថា​ សកម្មភាព​ទាំង​នោះ រួម​មាន​ការ​ប្រើប្រាស់​ហិង្សា ការ​គំរាម​កំហែង​និង​ការ​បង្ខិត​បង្ខំ ឬ​ការ​ដក​ហូត​សិទ្ធិសេរីភាព ដែល​អាច​កើត​ឡើង​ក្នុង​ទី​សាធារណៈ ឬ​ក្នុង​ជីវិតឯកជន។ ចំណែក​ការ​មាក់ងាយ​និង​ការ​រើស​អើង​ក្នុង​សហគមន៍ ក៏​នៅ​ជា​បញ្ហា​នៅ​ឡើយ។ នេះ​បើ​តាម​រដ្ឋមន្រ្តី​ក្រសួង​កិច្ចការ​នារី​រូប​នេះ។

លោកស្រី​ជំរុញ​ឲ្យ​បន្តចាត់​វិធាន​ការ​លើជនដែល​ជា​មុខ​សញ្ញា​ទទួល​ខុស​ត្រូវ​លើ​ការ​ប្រើ​ប្រាស់​ហិង្សា​លើ​ស្រ្តី។​

អំពើ​ហិង្សា​ទាក់​ទ​ង​នឹង​យេនឌ័រ សំដៅ​លើ​សកម្ម​ភាព​ឬ​ពាក្យ​សម្តី​ហិង្សា​ទៅ​លើ​បុគ្គលណា​ម្នាក់​ដោយ​សារតែ​យេន​ឌ័រ​របស់​ពួក​គេ។ អំពើ​ហិង្សា​ទាក់​ទង​នឹង​យេនឌ័រ​មាន​ឬស​គល់​ជាមួយ​នឹង​វិសមភាព​យេន​ឌ័រ និង​ការ​រំលោភ​បំពាន​អំណាច និង​បទ​ដ្ឋាន​សង្គម​ដែល​មាន​លក្ខណៈ​មិន​អំណោច។

រូបឯកសារ៖ ពលរដ្ឋកម្ពុជាមួយគ្រួសារកំពុងធ្វើដំណើរតាមម៉ូតូ ដោយមានពាក់ម៉ាស់ នៅទីក្រុងភ្នំពេញ ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២០។
រូបឯកសារ៖ ពលរដ្ឋកម្ពុជាមួយគ្រួសារកំពុងធ្វើដំណើរតាមម៉ូតូ ដោយមានពាក់ម៉ាស់ នៅទីក្រុងភ្នំពេញ ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២០។

លោកស្រី ប៉ូលីន ថាម៉េស៊ីស (Pauline Tamesis) អ្នក​សម្រប​សម្រួល​របស់​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​នោះ​ដែរ​ថា​ការ​ឆ្លង​ជា​សាកល​នៃ​ជំងឺ​កូវីដ​បាន​បង្ក​ផល​ប៉ះ​ពាល់​លើស​លប់​លើ​ស្រ្តី​និង​ក្មេង​ស្រី។

លោក​ស្រី​បញ្ជាក់​ថា៖ «ក្មេង​ស្រី​កាន់​តែ​ច្រើន​នាក់​បាន​បោះ​បង់​ការ​សិក្សា​ព្រោះ​តែ​កូវីដ១៩ ជា​ពិ​សេស​ការ​បិទ​ទ្វារ​សាលា​រៀន។ ក្មេង​ស្រី​ត្រូវ​ធ្វើ​ការងារ​ផ្ទះ​កាន់​តែ​ច្រើន​ជាង​មុន ដែល​ធ្វើ​ឲ្យ​ខើច​ពេល​សម្រាប់​ការ​រៀន​សូត្រ​របស់​ពួកគេ»។

លោកស្រី​បន្ត​ថា ​ការ​ទប់​ស្កាត់ និង​ការ​ឆ្លើយ​តប​ចំពោះ​អំពើ​ហិង្សា​ទាក់ទង​នឹង​យេនឌ័រ មិន​អាច​ធ្វើ​បាន​ឡើយ ប្រសិន​បើ​មិន​មាន​ការ​ផ្តល់​ថវិកា​គាំទ្រ។

ពិភព​លោក ក៏​ដូ​ច​ជា​ប្រទេស​កម្ពុជា​បាន​ដាក់​គោល​ដៅ​ក្នុង​ការ​សម្រេច​សមភាព​យេន​ឌ័រ​ដែល​ជា​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាពរបស់​អង្គការ​សហ​ប្រជាជាតិ នៅ​ឆ្នាំ​២០៣០។ ប៉ុន្តែ​វិបត្តិ​ជំងឺ​កូវីដ​១៩ អាច​ធ្វើ​ឲ្យ​ពិភព​លោក ក៏ដូច​ជា​ប្រទេស​កម្ពុជា​មិន​អាច​សម្រេច​គោល​ដៅ​មួយ​នេះ​ក្នុង​រយៈ​ពេល​៩​ឆ្នាំ​ទៀត។

នៅ​ក្នុង​ពិធី​នោះ លោក ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ បាន​ថ្លែង​ថា​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ហិង្សា​លើ​ស្រ្តី និង​ក្មេង​ស្រី និង​ហិង្សា​ក្នុង​គ្រួសារ ស្ថិត​ក្នុង​គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ហើយ​គោល​នយោបាយ​នេះ នឹង​ត្រូវ​ដាក់​ឲ្យ​នៅ​ក្រោម​ក្រសួង​ស្ថាប័ន​រដ្ឋ​ទាំង​អស់ មិន​មែន​តែ​ស្ថិត​នៅ​ក្រោម​ក្រសួង​មហាផ្ទៃ​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖ «រដ្ឋបាល​មូលដ្ឋាន​ហ្នឹង ក៏​មានភារកិច្ច​ទទួល​ខុស​ត្រូវ​ក្នុង​ការ​លុប​បំបាត់ ឬ​ក៏​យ៉ាង​ហោច​ណាស់​កាត់​បន្ថយ​ឲ្យ​បាន​ជា​អតិបរមា​នូវ​អំពើ​ហិង្សា​ក្នុង​គ្រួសារ អំពើ​ហិង្សា​លើ​ស្រ្តី​និង​កុមារ»។

លោក ស ខេង ក៏​បាន​ស្នើ​ឲ្យ​ក្រសួង​និង​ស្ថាប័ន​នានា​បញ្ចូល​ផែន​ការ​បង្ការ ទប់​ស្កាត់ និង​ឆ្លើយ​តប​នឹង​អំពើ​ហិង្សា​លើ​ស្រ្តីទៅ​ក្នុង​ផែន​ការ​របស់​ខ្លួន​ដើម្បី​សុំ​ថវិកា​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។

កញ្ញា​ប៊ុន រចនា​ នាយិកា​អង្គការ​ក្លាហាន​ដែល​ធ្វើការ​លើ​ស្រ្តី មាន​ប្រសាសន៍​ថា​កន្លង​ទៅ គម្រោង​ជំនួយ​ទាក់​ទង​នឹង​ហិង្សា​លើ​ស្រ្តី​នេះ ត្រូវ​បាន​ជួយ​ពី​ដៃ​គូ​អភិវឌ្ឍន៍​អន្តរ​ជាតិ។

កញ្ញាជំរុញ​ឲ្យ​រដ្ឋាភិបាល​បង្កើន​ថវិកា​ជាតិ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ហិង្សា​ទាក់ទង​នឹង​យេនឌ័រ ដើម្បី​ធានាប្រសិទ្ធ​ភាព​ក្នុង​ការ​អនុវត្ត​ផែន​ការ​សកម្មភាពជាតិ ​ឆ្នាំ​២០១៩-២០២៣។​

កញ្ញា​ប្រាប់ ​VOA ​ថា៖ «យើង​មាន​តែ​ផែន​ការ បើ​សិន​ជាអត់​មាន​កញ្ចប់​ថវិកាជាតិ​គ្រប់​គ្រាន់ ហើយ​អត់​មាន​ធនធាន​មនុស្ស​គ្រប់គ្រាន់​ក្នុង​ការ​អនុវត្ត​សកម្មភាព​ទាំង​អស់​ហ្នឹង​ទេ ផែន​ការ វា​នៅ​តែ​ផែន​ការ​អញ្ចឹង»។

កញ្ញា​បន្ថែម​ថា ​ស្រ្តី​ត្រូវ​ទទួល​រង​បន្ទុក​ក្នុង​គ្រួសារ​ច្រើន ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ​១៩ ដែល​នាំ​ឲ្យ​មាន​ភាព​តាន​តឹង​ច្រើន​ក្នុង​គ្រួសារ។

កញ្ញា​បញ្ជាក់​ថា៖ «ពេល​ដែល​យើង​បាត់​បង់​ប្រាក់​ចំណូល​ហើយ​ការងារ​ផ្ទះ​ក៏​កាន់​តែ​កើន​ច្រើន ខណៈ​ដែល​គ្មាន​ចំណែក​ទទួល​ខុស​ត្រូវ​ពី​ដៃ​គូជា​បុរស​ផង​ហ្នឹង ធ្វើ​ឲ្យ​មាន​ភាព​តាន​តឹង​ខាង​ផ្លូវ​ចិត្ត បន្ទុក​ធ្ងន់​ធ្ងរ​ទាំង​ផ្នែក​សេដ្ឋកិច្ច។ អញ្ចឹង​វា​អាច​នឹង​មាន​ការ​កើន​ឡើង​នូវអំពើ​ហិង្សា​ផ្លូវ​ចិត្ត និង​ផ្លូវ​អារម្មណ៍ និង​ផ្លូវ​កាយអី​ហ្នឹង​ឯង»។

ការ​ស្ទង់​មតិមួយ​របស់​ក្រសួង​កិច្ចការ​នារី សហការ​ជាមួយ​បណ្តាញ​អង្គការ​សហ​ប្រជាជាតិ​ដែល​ធ្វើ​ឡើង​នៅ​ចន្លោះ​ ឆ្នាំ​២០១៤​និង​២០១៥ បង្ហាញ​ថា​ស្ត្រី​២១%​ ឬ​យ៉ាង​ហោច​ណាស់​ម្នាក់​ក្នុង​ចំណោម ​៥​នាក់ ត្រូវ​បាន​រាយ​ការណ៍​ថា ​ពួក​គេ​ធ្លាប់​បាន​រង​អំពើ​ហិង្សា​លើ​រូប​រាង​កាយ ឬ​ផ្លូវ​ភេទ​ពី​ដៃ​គូ។

ចំណែក​៣២%​ ឬ​ម្នាក់​ក្នុង​ចំណោម​ ៣​នាក់​ លើក​ឡើង​ថា​ ពួក​គេ​ធ្លាប់​បាន​រង​គ្រោះ​ពី​ហិង្សា​ផ្លូវ​អារម្មណ៍​ពី​ដៃ​គូ​របស់​ពួក​គេ។ ការ​ស្ទង់​មតិ​នេះ​ធ្វើ​ឡើង​ក្នុង​ចំណោម​ស្រ្តី​ ៣.៥៧៤​នាក់ ដែល​មាន​អាយុ​ចន្លោះ​ពី​ ១៥​ដល់​៦៤​ឆ្នាំ៕

XS
SM
MD
LG