ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ប្រកាស​បន្ត​ជួយ​អ្នក​ពាក់ព័ន្ធ​ក្នុង​វិស័យ​សំខាន់ៗ និង​ពលរដ្ឋ​ក្រីក្រ ក្នុង​វិបត្តិ​កូវីដ១៩


រូបឯកសារ៖ កម្មករ​រោងចក្រ​កាត់​ដេរ​សម្លៀកបំពាក់​កម្ពុជា​កំពុង​ទទួល​ទាន​អាហារ​ពេល​ថ្ងៃ​ត្រង់​នៅ​តូប​លក់​ម្ហូប​អាហារ​មួយ នៅ​ខាង​មុខ​រោងចក្រ​ដែល​ពួកគេ​ធ្វើការ ភ្នំពេញ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៤។
រូបឯកសារ៖ កម្មករ​រោងចក្រ​កាត់​ដេរ​សម្លៀកបំពាក់​កម្ពុជា​កំពុង​ទទួល​ទាន​អាហារ​ពេល​ថ្ងៃ​ត្រង់​នៅ​តូប​លក់​ម្ហូប​អាហារ​មួយ នៅ​ខាង​មុខ​រោងចក្រ​ដែល​ពួកគេ​ធ្វើការ ភ្នំពេញ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៤។

អ្នកពាក់​ព័ន្ធ​នៅ​ក្នុង​វិស័យ​សំខាន់ៗរួម​មាន​វិស័យ​កាត់ដេរ ​ទេសចរណ៍​ និង​ម្ចាស់​អាជីវកម្ម​នៅ​ក្នុង​ខេត្ត​ទេសចរណ៍​មួយ​ចំនួន​ ព្រម​ទាំង​ប្រជា​ពលរដ្ឋ​ក្រីក្រ​ និង​ងាយ​រង​គ្រោះ​ នឹង​ទទួល​បាន​ការ​គាំទ្រ​ខាង​ហិរញ្ញ​វត្ថុ​ និង​ការ​បន្ធូរ​បន្ថយ​ពន្ធ​បន្ថែម​ ដើម្បី​ទប់​ទល់​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​កូវីដ១៩។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​រដ្ឋាភិបាល​កម្ពុជា​ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ។​

បើ​តាម​សេចក្តី​ប្រកាស​របស់​រដ្ឋាភិបាល​កម្ពុជា​ចុះ​ថ្ងៃ​ទី​៣០​ ខែ​កញ្ញា​ ឆ្នាំ​២០២០​នេះ​ ​ វិស័យ​សំខាន់ៗ​មួយ​ចំនួន​ រួម​មាន៖​វិស័យ​កាត់​ដេរ​ វាយនភណ្ឌ​ វិស័យ​ទេសចរណ៍​ និង​វិស័យ​អាកាស​ចរណ៍​ជាដើម​ «នៅ​តែ​រង​ផល​ប៉ះពាល់​ខ្លាំង​ជាង​គេ​ពី​វិបត្តិ​នៃ​ជំងឺ​កូវីដ១៩​នេះ។​ ស្រប​ពេល​នេះ​ដែរ​ គ្រួសារ​ក្រីក្រ​ និង​ងាយ​រង​គ្រោះ​មួយ​ចំនួន​ក៏​នៅ​បន្ត​ប្រឈម​នឹង​បញ្ហា​លំបាក​ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​ផង​ដែរ។​

ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ផល​ប៉ះពាល់​ដែល​បន្ត​កើត​មាន​ពី​កូវដី១៩​នេះ ​រដ្ឋាភិបាល​បាន​ចាត់​វិធានការ​បន្ថែម​ជុំ​ទី​៦ ​ដែល​នឹង​បន្ត​ទ្រទ្រង់​ និង​ស្តារ​អាជីវកម្ម​ និង​ធុរកិច្ច​ និង​បន្ត​ជួយ​ទំនុក​បម្រុង​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​គ្រួសារ​ក្រីក្រ ​និង​ងាយ​រងគ្រោះ​ តាម​រយៈ​កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់។​ ការ​ឧបត្ថម្ភ​សាច់​ប្រាក់​ នឹង​ធ្វើ​ឡើង​រយៈ​ពេល​បី​ខែ​បន្ថែម​ទៀត​ ដោយ​ចាប់​ផ្តើម​ពី​ខែ​តុលា​នេះ ​រហូត​ដល់​ខែ​ធ្នូ​ឆ្នាំ​២០២០។​

នៅ​ក្នុង​វិស័យ​កាត់​ដេរ ​រដ្ឋាភិបាល​នឹង​បន្ត​ផ្តល់​ប្រាក់​ឧបត្ថម្ភ​៤០​ដុល្លារ​ក្នុង​មួយ​ខែ​សម្រាប់​កម្មករ​ម្នាក់ៗ​ សម្រាប់​រយៈ​ពេល​៣​ខែ​បន្ថែម​ទៀត ​រហូត​ដល់​ដំណាច់​ខែ​ធ្នូ​ឆ្នាំ​២០២០​ ហើយ​ម្ចាស់​រោងចក្រ​ និង​សហ​គ្រាស​ក្នុង​វិស័យ​នេះ​ ត្រូវ​បន្ថែម​ចំនួន​៣០​ដុល្លារ។ ​ការ​ផ្តល់​ជូន​នេះ​ ធ្វើ​ឡើង​ដោយ​ផ្អែក​ទៅ​លើ​លក្ខណៈ​វិនិច្ឆ័យ​ និង​លក្ខខណ្ឌ​ព្យួរ​កិច្ច​សន្យា​ការងារ​របស់​រោងចក្រ​ និង​សហ​គ្រាស។​

រូបឯកសារ៖ ស្ត្រី​ម្នាក់​ដើរ​លើ​ផ្លូវ​ Pub Street​ ដែល​ធ្លាប់​តែ​ពោរពេញ​ទៅ​ដោយ​ភ្ញៀវ​ទេសចរណ៍ជាតិ​និង​អន្តរជាតិ នៅក្រុងសៀមរាប កាល​ពី​ថ្ងៃទី០៩ ខែឧសភា​ ឆ្នាំ២០២០។ (ផន បុប្ផា/VOA)
រូបឯកសារ៖ ស្ត្រី​ម្នាក់​ដើរ​លើ​ផ្លូវ​ Pub Street​ ដែល​ធ្លាប់​តែ​ពោរពេញ​ទៅ​ដោយ​ភ្ញៀវ​ទេសចរណ៍ជាតិ​និង​អន្តរជាតិ នៅក្រុងសៀមរាប កាល​ពី​ថ្ងៃទី០៩ ខែឧសភា​ ឆ្នាំ២០២០។ (ផន បុប្ផា/VOA)

ចំពោះ​វិស័យ​ទេសចរណ៍​ រដ្ឋាភិបាល​នឹង​បន្ត​ផ្តល់​ប្រាក់​ឧបត្ថម្ភ​៤០​ដុល្លារ​ក្នុង​មួយ​ខែ​ជូន​កម្មករ​ និង​និយោជិត​ម្នាក់ៗ​ ដែល​បំពេញ​ការងារ​នៅ​តាម​សណ្ឋាគារ​ ផ្ទះ​សំណាក់​ ភោជនីយដ្ឋាន​ និង​ភ្នាក់​ងារ​ទេស​ចរណ៍​សម្រាប់​រយៈពេល​៣​ខែ​បន្ថែម ​រហូត​ដល់​ដំណាច់​ខែ​ធ្នូ​ឆ្នាំ​២០២០។​

អ្នកស្រី​ យ៉ាង​ សោភ័ណ្ឌ​ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​ សាទរ​វិធានការ​របស់​រដ្ឋាភិបាល​ ដែល​នៅ​បន្ត​គាំទ្រ​ជា​សាច់​ប្រាក់​ដល់​កម្មករ​រោងចក្រ​ដែល​ត្រូវ​បាន​ព្យួរ​ពី​ការងារ​ ហើយ​ដែល​កំពុង​ប្រឈម​នឹង​ផល​លំបាក​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​ ដោយសារ​ការ​ចំណាយ​ច្រើន​ទៅ​លើ​អាហារ​ហូបចុក​ និង​ទីកន្លែង​ស្នាក់​នៅ។ ​អ្នកស្រី​ថា ​រដ្ឋា​ភិបាល​គួរ​តាម​ដាន​ផង​ដែរ​ថា​ កម្មករ​ទាំង​អស់​ពិត​ជា​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​នេះ។​

«គាត់​អត់​ ...​អត់​មាន​លុយ​បម្រុង​ទុក​ទាល់​តែ​សោះ​ ហើយ​នៅពេល​ដែល​គាត់​ជួប​ប្រទះ​នូវ​បញ្ហា​....​ បញ្ហា​ប្រឈម​ពាក់​ព័ន្ធ​នឹង​ការណ៍​...​ ការណ៍​អត់​ការងារ​ធ្វើ​ ឬ​ក៏​ព្យួរ​ការងារ​ហ្នឹង​ គាត់​រំពឹង​ទៅ​លើ​លុយ​ដែល​រដ្ឋាភិបាល​បាន​ផ្តល់​ឲ្យ​គាត់​ ជា​ចំណែក​ដ៏​តូច​ស្តួច​ស្តើង​ហ្នឹង។​ ​គាត់​យក​ទៅ​ផ្គត់​ផ្គង់​នៅ​គ្រួសារ​របស់​គាត់​ តម្រូវ​ការ​ចាំបាច់​នៅ​គ្រួសារ​របស់​គាត់។ ​ដូច្នេះ​អ៊ីចឹង​ហើយ​ បាន​ជា​យើង​ស្នើ​សុំ​ឲ្យ​មាន​ការ​គិត​គូរ​ទៅ​ដល់​ពួក​គាត់​ឲ្យ​បាន​...​មើល​ហើយ​មើល​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ផង»។​

ដោយ​ឡែក​លោក​ ខេន លូ​ អគ្គ​លេខាធិការ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​ភាគី​និយោជក​នៅ​បន្ត​ចូលរួម​ជា​មួយ​រដ្ឋាភិបាល​ ដើម្បី​ទ្រទ្រង់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​កម្មករ​ ដែល​រោងចក្រ​របស់​ពួក​គេ​សុំ​ព្យួរ​ការងារ។ ​លោក​បន្ថែម​ថា​ ភាគី​និយោជក​ ក៏​នឹង​បន្ត​រួម​ចំណែក​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ទៀត ​ប្រសិន​បើ​រដ្ឋាភិបាល​អនុវត្ត​វិធានការ​សង្គ្រោះ​ការ​ទ្រទ្រង់​ជីវភាព​កម្មករ​នៅ​ពេល​ខាង​មុខ​ ដើម្បី​បញ្ចៀស​ការ​បិទ​រោងចក្រ។​

«អត់​មាន​ ...​អត់​មាន​អី​រឿង​តវ៉ា​ទេ​ ពីព្រោះ​អី​អាហ្នឹង​ជួយ​ទៅ​កម្មករ​ ជួយ​ទៅ​រោងចក្រ​ដែរ​ មិន​អ៊ីចឹង?​ ពេល​ដែល​ប្រសិន​រោងចក្រ​ណា​ ដែល​អត់​មាន​ការងារ​ធ្វើ​ គេ​អាច​មាន​វិធី​សុំ​ព្យួរ​ការងារ​សិន​ណា ​រយៈ​ពេល​មួយ​ខែ​ ឬ​ក៏​ពីរ​ខែ។ ​អាហ្នឹង​យើង​គិត​ថា​ ជា​វិធី​ល្អ​ទាំង​កម្មករ​ ទាំង​រោង​ចក្រ»។​

វីអូអេ​មិន​ទាន់​អាច​ទាក់​ទង​សុំការ​អធិប្បាយ​ពី​លោក ​មាស សុខសេនសាន​ អ្នក​នាំ​ពាក្យ​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ​បាន​ទេ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ ​

សេដ្ឋកិច្ច​នៅ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០២០ ​ត្រូវ​បាន​ប៉ាន់​ស្មាន​ថា​ នឹង​មាន​«កំណើន​អវិជ្ជមាន​ គឺ ​-២​ភាគ​រយ» ​ដែល​ជា​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិ​សាស្ត្រ​ថ្មីៗ​នេះ​របស់​កម្ពុជា​ ជា​ហេតុ​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅ​លើ​សុខុមាល​ភាព​គ្រួសារ​ និង​អាច​ធ្វើ​ឲ្យ​ភាព​ក្រីក្រ​កើន​ឡើង​ទៀត​ផង។​ នេះ​បើ​តាម​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​របស់​ធនាគារ​ពិភពលោក​អំពី​ស្ថានភាព​សេដ្ឋកិច្ច​តំបន់​អាស៊ី​ខាង​កើត ​និង​ប៉ាស៊ីហ្វិក​សម្រាប់​ខែ​តុលា ​ឆ្នាំ​២០២០ ​នេះ។​

ធនាគារ​ដែល​មាន​មូលដ្ឋាន​នៅ​សហ​រដ្ឋ​អាមេរិក​នេះ បាន​ឲ្យ​ដឹង​ថា ​រដ្ឋាភិបាល​បាន​ធ្វើ​អន្តរាគមន៍​ផ្នែក​ហិរញ្ញ​វត្ថុ​ក្នុង​កម្រិត​មួយ​ដែល​មិន​ធ្លាប់​មាន​ ក្នុង​ទំហំ​៥ ​ភាគ​រយ​នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប​(ផ.ស.ស.)​ អម​ដោយ​គោល​យោបាយ​ផ្នែក​រូបិយ​វត្ថុ​សម្រាប់​ជួយ​សម្រួល​ស្ថាន​ភាព​ទៀត​ផង។​

បើ​តាម​វិធានការ​សង្គ្រោះ​ជុំ​ទី​៦​របស់​រដ្ឋាភិបាល​កម្ពុជា​នេះ​ ​ក្រៅ​ពី​ការ​ជួយ​ឧបត្ថម្ភ​ជា​សាច់​ប្រាក់​ដល់​កម្ម​ករ​រោងចក្រ​ និង​កម្មករ​ក្នុង​វិស័យ​ទេសចរណ៍​រដ្ឋាភិបាល​ក៏​បាន​បន្ត​លើក​លែង​ការ​បង់​ពន្ធ​ប្រចាំ​ខែ​គ្រប់​ប្រភេទ​ចំពោះ​សណ្ឋាគារ​ ផ្ទះ​សំណាក់​ ភោជនីយដ្ឋាន​ និង​ក្រុមហ៊ុន​ភ្នាក់ងារ​ទេសរណ៍​ចុះ​បញ្ជី​នៅ​អគ្គ​នាយកដ្ឋាន​ពន្ធដារ​ ហើយ​មាន​សកម្ម​ភាព​អាជីវ​កម្ម​នៅ​ក្នុង​ទិស​ដៅ​ពាណិជ្ជ​កម្ម​សំខាន់ៗ​រួម​មាន​រាជធានី​ភ្នំពេញ ​ខេត្ត​សៀមរាប​ ខេត្ត​ព្រះសីហនុ​ ខេត្ត​កែប ​ខេត្ត​កំពត​ ក្រុង​បាវិត​ និង​ក្រុង​ប៉ោយប៉ែត។​

រដ្ឋាភិបាល​ក៏​បន្ត​លើក​លែង​ការ​បង់​ពន្ធ​ប៉ាតង់​ និង​ពន្ធ​លើ​នាម​ករណ៍​ ហើយ​ថែម​ទាំង​ពន្យារ​ការ​ធ្វើ​សវនកម្ម​ពេញ​លេញ​សម្រាប់​ឆ្នាំ​២០២០​ ពី​សំណាក់​អគ្គ​នាយកដ្ឋាន​ពន្ឋដារ​ ចំពោះ​ភ្នាក់​ងារ​ទេស​ចរណ៍​ និង​ប្រតិបត្តិ​ករ​ដ​ទៃ​ទៀត​ក្នុង​វិស័យ​ទេសចរណ៍។​

លោកស្រី ​ឆាយ​ ស៊ីវលីន​ ដែល​ជា​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេស​ចរណ៍​កម្ពុជា​មាន​ប្រសាសន៍​ថា ​វិធាន​ការ​ស្រោច​ស្រង់​របស់​រដ្ឋាភិបាល​មិន​ទាន់​គ្រប់​គ្រាន់​ទេ​ ដោយ​ហេតុ​ថា​ អ្នក​រកស៊ី​ក្នុង​វិស័យ​ទេស​ចរណ៍​ កំពុង​តែ​មាន​បញ្ហា​ហិរញ្ញ​វត្ថុ​ធ្ងន់ធ្ងរ​ ដែល​ត្រូវ​ការ​ជំនួយ​សង្គ្រោះ​បន្ថែម។​

លោក​ស្រី​ក៏​បារម្ភ​ចំពោះ​ការ​បាត់​បង់​អ្នក​ជំនាញ​ទេស​ចរណ៍​ដែល​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​មក​ជា​ច្រើន​ឆ្នាំ តែ​ត្រូវ​បោះ​បង់​អាជីព​បើ​សិន​រដ្ឋាភិបាល​មិន​មាន​វិធានការ​បន្ថែម​ ដើម្បី​ឲ្យ​ពួក​គេ​បន្ត​ស្ថិត​ក្នុង​វិស័យ​ទេស​ចរណ៍។ ​ អ្នក​ជំនាញ​ទាំង​នោះ​ សំដៅ​ទៅ​លើ​ការី​ទេស​ចរណ៍​ និង​អ្នក​ធ្វើ​ការ​ក្នុង​ផ្នែក​បដិ​សណ្ឋារ​កិច្ច ​និង​ប្រតិបត្តិ​ករ​ផ្សេង​ទៀត​ក្នុង​វិស័យ​ទេស​ចរណ៍។​ លោកស្រី​បាន​បន្ថែម​ថា​ អ្នក​ជំនាញ​ទេស​ចរណ៍​មិន​អាច​រស់​បាន​ដោយ​សារ​ប្រាក់​៤០​ដុល្លារ​ទេ។​

«យើង​បារម្ភ​ខ្លាច​អ្នក​ជំនាញ​ទេស​ចរណ៍​ទាំង​អស់​ហ្នឹង​គាត់​មិន​អាច​រស់​បាន។​ អ៊ីចឹង​ គាត់​អាច​នឹង​ទៅ​រក​ការងារ​ថ្មី​ ទៅ​រក​អាជីព​ថ្មី អ៊ីចឹង​ពេល​ណា​ដែល​គាត់​ផ្លាស់​ប្តូរ​អាជីព​ហើយ​ គាត់​ពិបាក​ក្នុង​ការ​វិល​ត្រឡប់​មក​វិញ។​ នៅ​ពេល​ណា​ដែល​យើង​ត្រូវការ​គាត់​ នៅ​ពេល​ណា​ស្ថាន​ការណ៍​ល្អ​ឡើង​វិញ ​យើង​ត្រូវ​ប្រតិបត្តិការ​ ឡើង​វិញ​អ៊ីចឹង​យើង​រក​គាត់ ​ ហើយ​គាត់​អត់​អាច​ត្រឡប់​មក​វិញ​ ព្រោះ​គាត់​ជាប់​ដៃ​នឹង​អាជីព​ថ្មី​ហើយ​ អ៊ីចឹង​យើង​ចង់​រក្សា​ទុក​ពួក​គាត់»។​

លោក​ស្រី​ ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ សម្រួល​បង្កើត​កញ្ចប់​ថវិកា​ប្រាក់​កម្ចី​ដល់​ម្ចាស់​សហគ្រាស​ទេស​ចរណ៍​ដែល​អស់​ទុន​បង្វិល​ និង​អស់​ប្រាក់​ចំណាយ​សម្រាប់​ប្រតិបត្តិការខណៈ​ការ​ទូទាត់​ប្រាក់​ជំពាក់​ជាមួយ​ភាគី​ពាក់​ព័ន្ធ​ដូចជា​ក្រុមហ៊ុន​អាកាស​ចរណ៍​ក៏​មិន​ទាន់​មាន។ ​លោក​ស្រី​ ក៏​ទទូច​ឲ្យ​រដ្ឋាភិបាល​បន្ធូរ​បន្ថយ​ការ​យក​ប្រាក់​ពន្ធ​ជំពាក់​ឆ្នាំ​មុនៗ ដែល​ម្ចាស់​គ្រឹះស្ថាន​ទេស​ចរណ៍​មួយ​ចំនួន​មិន​ទាន់​សង ដោយសារ​ពួក​គាត់​គ្មាន​ប្រាក់​ត្រូវ​សង​ក្នុង​ពេល​មិន​អាច​រក​ចំណូល​បាន​ និង​មាន​តែ​ការ​ចំណាយ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG