ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​ជំនាន់ Z អាច​ផ្លាស់ប្ដូរ​មុខ​មាត់​របស់​សហរដ្ឋ​អាមេរិក


រូបភាព​ឯកសារ៖ សិស្សានុសិស្ស​ទៅ​រៀន​នៅ​ថ្ងៃទី១ នៅ​វិទ្យាល័យ Stuyvesant ក្នុង​ក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៥។
រូបភាព​ឯកសារ៖ សិស្សានុសិស្ស​ទៅ​រៀន​នៅ​ថ្ងៃទី១ នៅ​វិទ្យាល័យ Stuyvesant ក្នុង​ក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៥។

មនុស្ស​ជំនាន់ Z ដែល​ត្រូវ​បាន​គេ​កំណត់​ថា​ជា​ជំនាន់​មនុស្ស​ក្មេង​ជាង​គេ​បំផុត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក កំពុង​ឈាន​ទៅ​មាន​ចំនួន​ច្រើន​ជាង និង​មាន​ឥទ្ធិពល​លើ​សង្គម​ច្រើន​ជាង​មនុស្ស​ជំនាន់​មុនៗ។

មនុស្ស​ជំនាន់ Z ដែល​កើត​ចន្លោះ​ឆ្នាំ ១៩៩៧ និង​ឆ្នាំ ២០១២ គឺ​ជា​មនុស្ស​ជំនាន់​ដំបូង​គេ​បង្អស់​ដែល​កើត​ចំ​សម័យ​បច្ចេកវិទ្យា។ មនុស្ស​ជំនាន់​នេះ​ក៏​មាន​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​ពិសេស​ខុស​ពី​ជំនាន់​មុនៗ​ផង​ដែរ ក៏​ដូចជា​មាន​ភាព​ចម្រុះ​ជាតិ​សាសន៍​ជាង​ជំនាន់​មុនៗ និង​ហាក់​មាន​ទំនោរ​ទៅ​រក​ជំនឿ​នយោបាយ​ឆ្វេង​និយម។ នេះ​បើ​យោង​តាម​របាយការណ៍​នានា​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ Pew។

ខុស​ពី​មនុស្ស​ជំនាន់​មុនៗ ដែល​កើត​ក្នុង​សម័យ​គ្មាន​បច្ចេកវិទ្យា​ជឿនលឿន ឬ​ក៏​ពេញ​វ័យ​ក្នុង​សម័យ​ដែល​មាន​ការ​កើត​ឡើង​នូវ​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​តាម​អ៊ីនធឺណិត ទូរស័ព្ទ smartphone និង​សម័យ​ដែល​មាន​លទ្ធភាព​ទូលំទូលាយ​ក្នុង​ការ​ប្រើប្រាស់​ព័ត៌មាន​នានា មនុស្ស​ជំនាន់ Z គឺ​កើត​ក្នុង​សម័យ​បច្ចេកវិទ្យា​ថ្មី ហើយ​ត្រូវ​គេ​កំណត់​ដូច្នេះ​ជាង​មនុស្ស​ជំនាន់ៗ​ណាៗ​ទាំង​អស់។

លោក Michael Dimock ប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ Pew បាន​សរសេរ​នៅ​ក្នុង​អត្ថបទ​មួយ​អំពី​ការ​កំណត់​ជំនាន់​មនុស្ស​យ៉ាង​ដូច្នេះ​ថា៖ «អ្វី​ដែល​ពិសេស​សម្រាប់​មនុស្ស​ជំនាន់ Z គឺ​ថា អ្វីៗ​ទាំង​អស់​ដែល​បាន​រៀបរាប់​ខាង​លើ​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​ពួកគេ​តាំង​ពី​ពួកគេ​កើត​មក​ម្ល៉េះ‍»។

លោក Dimock បាន​សរសេរ​បន្ត​ដូច្នេះ​ថា៖ «ទូរស័ព្ទ iPhone បាន​ដាក់​ឲ្យ​ប្រើប្រាស់​ដំបូង​នៅ​ក្នុង​ឆ្នាំ ២០០៧ នៅ​ពេល​ដែល​មនុស្ស​ជំនាន់ Z នេះ​អាយុ​ច្រើន​ជាង​គេ​បំផុត​គឺ​ត្រឹម ១០ ឆ្នាំ។ មក​ទល់​នឹង​ពេល​ដែល​ពួកគេ​ឈាន​ចូល​វ័យ​ជំទង់ មធ្យោបាយ​ចម្បង​បំផុត​ដែល​ពលរដ្ឋ​អាមេរិកាំង​វ័យ​ក្មេង​ប្រើ​ដើម្បី​អាច​ចូល​ទៅ​មើល​វិបសាយ​នានា​បាន គឺ​ឧបករណ៍​អេឡិចត្រូនិក​ចល័ត​នានា WiFi និង​សេវា​ភ្ជាប់​បណ្ដាញ​អ៊ីនធឺណិត​រលក​ខ្ពស់​នានា។ ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​តាម​អ៊ីនធឺណិត ការណ៍​ដែល​អាច​ភ្ជាប់​ទំនាក់ទំនង​ទាន់​ចិត្ត​ភ្លាមៗ​តាម​អ៊ីនធឺណិត និង​ការ​ទស្សនា​កម្សាន្ត និង​ការ​ទាក់ទង​ទាន់​ចិត្ត​តាម​តម្រូវការ​គឺ​ជា​របៀប​ថ្មីៗ ដែល​មនុស្ស​ជំនាន់​សហស្សវត្ស​ថ្មី [ដែល​ជា​អ្នក​កើត​ចន្លោះ​ឆ្នាំ ១៩៨១ និង​ឆ្នាំ ១៩៩៦] សម្រប​ខ្លួន​តាម​នៅ​ពេល​ពួកគេ​ឈាន​ដល់​ដំណាក់កាល​ពេញ​វ័យ‍»។

ភាព​ចម្រុះ​ជាតិ​សាសន៍​គឺ​ជា​ផ្នែក​សំខាន់​មួយ​ទៀត​នៃ​មនុស្ស​ជំនាន់ Z។ ជំនាន់ Z នេះ គឺ​ជា​ជំនាន់​ដែល​មាន​ភាព​ចម្រុះ​ជាតិ​សាសន៍​ច្រើន​ជាង​គេ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋ​អាមេរិក ដោយ​មនុស្ស​ជំនាន់ Z នេះ​ចំនួន ៤៨ ភាគរយ នៅ​ក្នុង​ឆ្នាំ ២០១៨ គឺ​មិន​មែន​ជា​ជាតិ​សាសន៍​ស្បែក​ស។ នេះ​បើ​យោង​តាម​មជ្ឈមណ្ឌល​ស្រាវជ្រាវ Pew។

ការ​ប្រែប្រួល​ប្រជាសាស្ត្រ​នេះ​អាច​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ប្រែប្រួល​សង្គម និង​នយោបាយ ដោយ​មាន​ទំនោរ​ទៅ​រក​ទស្សនៈ​សេរី​និយម​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្ស​ខាង​មុខ​នេះ ដូច​ដែល​ការ​ស្ទង់​មតិ​បាន​បង្ហាញ​អំពី​មនុស្ស​ជំនាន់​សហស្សវត្ស​ថ្មី​ដូច្នេះ​ដែរ។

ទិដ្ឋភាព​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​មនុស្ស​ជំនាន់ Z ខុស​ពី​មនុស្ស​ជំនាន់​មុនៗ​គឺ​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត។ ការ​បាក់​ទឹក​ចិត្ត និង​អត្រា​ធ្វើ​អត្តឃាត​សម្រាប់​យុវជន​គឺ​បន្ត​កើន​ឡើង ដោយ​ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត​តាំង​ពី​សម័យ​សង្គ្រាម​លោក​លើក​ទី ២ មក គឺ​នៅ​ក្នុង​ឆ្នាំ ២០១៧។ នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​ប្រចាំ​ឆ្នាំ​ដែល​ចេញ​ផ្សាយ​ដោយ​មជ្ឈមណ្ឌល​ជាតិ​ស្ថិតិ​សុខភាព​នៃ​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​របស់​សហរដ្ឋ​អាមេរិក។

កត្តា​ដែល​នាំ​ឲ្យ​មាន​ការ​កើន​ឡើង​នូវ​ការ​បាក់​ទឹក​ចិត្ត និង​អត្រា​ធ្វើ​អត្តឃាត​សម្រាប់​មនុស្ស​ជំនាន់ Z មាន​ដូចជា​ការ​ប្រើប្រាស់​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​តាម​អ៊ីនធឺណិត បញ្ហា​ដែល​ជះ​ផល​អវិជ្ជមាន​នៅ​ក្នុង​ព័ត៌មាន​ដូចជា​ការ​ប្រែប្រួល​អាកាសធាតុ អន្តោប្រវេសន៍ និង​ការ​បាញ់​ប្រហារ​ទ្រង់ទ្រាយ​ធំ ក៏​ដូចជា​ការណ៍​ដែល​ក្រុម​គ្រួសារ និង​អាជ្ញាធរ​ទទួល​ស្គាល់​ថា​ការ​ធ្វើ​អត្តឃាត​គឺ​ជា​មូលហេតុ​នៃ​ការ​ស្លាប់។ នេះ​បើ​យោង​តាម​មជ្ឈមណ្ឌល​ស្រាវជ្រាវ Pew។

មជ្ឈមណ្ឌល​ស្រាវជ្រាវ Pew បាន​បញ្ជាក់​ថា មនុស្ស​ជំនាន់ Z មាន​ចំនួន ៦១ លាន​នាក់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ហើយ​ពួកគេ​ត្រូវ​គេ​រំពឹង​ថា​នឹង​មាន​ចំនួន​ប្រហែល ១០ ភាគរយ​នៃ​អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត​នៅ​ឆ្នាំ ២០២០ ខាង​មុខ​នេះ។ បន្ថែម​ទៅ​នឹង​មនុស្ស​ជំនាន់​សហស្សវត្ស​ថ្មី​ចំនួន ៧៣ លាន​នាក់ ដែល​កើត​ចន្លោះ​ឆ្នាំ ១៩៨១ និង​ឆ្នាំ ១៩៩៦ សរុប​ទាំង​អស់​ត្រូវ​គេ​រំពឹង​ថា​នឹង​មាន​ចំនួន ៣៧ ភាគរយ​នៃ​ពលរដ្ឋ​អាមេរិកាំង​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​នៅ​ក្នុង​ឆ្នាំ ២០២០។

រី​ឯ​ក្រុម​មនុស្ស​កើត​មុន​ឆ្នាំ ១៩៦៤ ដែល​ជា​ឪពុក​ម្ដាយ ឬ​ក៏​ជីដូន​ជីតា​របស់​មនុស្ស​ជំនាន់ Z នេះ វិញ នឹង​មាន​ចំនួន ២៨ ភាគរយ​នៃ​អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត​នៅ​ឆ្នាំ ២០២០។ នេះ​បើ​យោង​តាម​មជ្ឈមណ្ឌល​ស្រាវជ្រាវ Pew។

មជ្ឈមណ្ឌល​ស្រាវជ្រាវ Pew បាន​បន្ថែម​ថា មនុស្ស​ជំនាន់ Z ត្រូវ​បាន​គេ​យល់​ឃើញ​ថា ភាគ​ច្រើន​ជា​អ្នក​ប្រជាធិបតេយ្យ​សេរី​និយម ដែល​ដូច​ទៅ​នឹង​មនុស្ស​វ័យ​ក្មេងៗ​នៅ​ក្នុង​ជំនាន់​មុនៗ។ ប៉ុន្តែ​ផ្ទុយ​ពី​មនុស្ស​ជំនាន់​មុនៗ មនុស្ស​ជំនាន់ Z ដែល​ចាត់​ទុក​ខ្លួន​ឯង​ថា​ជា​អ្នក​សាធារណរដ្ឋ​និយម មាន​ទំនោរ​កាន់តែ​ជិត​ទៅ​រក​ទស្សនៈ​កណ្ដាល​និយម ឬ​ក៏​ទស្សនៈ​ឆ្វេង​និយម​ជាង​មនុស្ស​ក្មេងៗ​ជំនាន់​មុនៗ​ដែល​គាំទ្រ​គណបក្ស​សាធារណរដ្ឋ។

លោក William Frey ដែល​ជា​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់ និង​ជា​អ្នក​សិក្សា​ពី​ប្រជាសាស្ត្រ​នៃ​វិទ្យាស្ថាន Brookings បាន​និយាយ​ដូច្នេះ​ថា៖ «ជា​ទម្លាប់​មក យើង​ឃើញ​ថា នៅ​ពេល​ដែល​មនុស្ស​ជំនាន់​ណា​មួយ​ឈាន​ចូល​វ័យ​កាន់តែ​ច្រើន ពួកគេ​កាន់តែ​មាន​ទំនោរ​ទៅ​រក​ទស្សនៈ​អភិរក្ស​និយម។ ប៉ុន្តែ មនុស្ស​ជំនាន់ Z គឺ​ផ្ទុយ​ពី​នេះ ដែល​ប្រសិនបើ​ទោះបីជា​ពួកគេ​កាន់តែ​មាន​ទស្សនៈ​អភិរក្ស​និយម​ជាង​មុន​ក៏​ដោយ ក៏​ពួកគេ​ប្រហែល​ជា​នឹង​ផ្លាស់ប្ដូរ​នយោបាយ​របស់​សហរដ្ឋ​អាមេរិក‍ និង​វិធី​ដែល​យើង​រស់នៅ​ជា​សង្គម​មួយ»។

៣៨ ភាគរយ​នៃ​មនុស្ស​ជំនាន់ Z ដែល​មាន​ទស្សនៈ​សាធារណរដ្ឋ​និយម បាន​និយាយ​ថា ពួកគេ​ជឿ​ថា ការ​ប្រែប្រួល​អាកាសធាតុ​គឺ​បណ្ដាល​មក​ពី​សកម្មភាព​របស់​មនុស្ស។ ចំណែក​ឯ​មនុស្ស​ជំនាន់​សហស្សវត្ស​ថ្មី​តិច​ជាង​មួយ​ភាគ​បី​ដែល​គិត​ដូច្នេះ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ Pew។

មនុស្ស​ជំនាន់ Z មាន​លក្ខណៈ​ស្រដៀង​គ្នា​ខ្លាំង​នឹង​មនុស្ស​ជំនាន់​សហស្សវត្ស​ថ្មី​ទាក់ទិន​នឹង​រឿង​ប្រែប្រួល​អាកាសធាតុ អន្តោ​ប្រវេសន៍ និង​ភាព​ចម្រុះ​ជាតិ​សាសន៍។

មនុស្ស​ជំនាន់ Z ចំនួន ៦២ ភាគរយ និយាយ​ថា ភាព​ចម្រុះ​ជាតិ​សាសន៍​គឺ​ជា​ចំណុច​សំខាន់​នៅ​ក្នុង​នយោបាយ។ ចំណែក​ឯ​មនុស្ស​ជំនាន់ X ដែល​ជា​អ្នក​កើត​ចន្លោះ​ឆ្នាំ ១៩៦៥ និង​ឆ្នាំ ១៩៨០ ចំនួន ៥២ ភាគរយ ហើយ​មនុស្ស​ជំនាន់​ក្រោយ​សម័យ​សង្គ្រាម​លោក​លើក​ទី​ពីរ ដែល​ហៅ​ថា​ជំនាន់ baby boomers ដែល​កើត​ចន្លោះ​ឆ្នាំ ១៩៤៦ និង​ឆ្នាំ ១៩៦៤ ចំនួន ៤៨ ភាគរយ គឺ​យល់​ឃើញ​ដូច្នេះ។

ទិន្នន័យ​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ Pew បាន​បង្ហាញ​ថា មនុស្ស​ជំនាន់ Z ដែល​មាន​ទស្សនៈ​សាធារណរដ្ឋ​និយម​ចំនួន ៥២ ភាគរយ និយាយ​ថា ពួកគេ​គិត​ថា រដ្ឋាភិបាល​គួរតែ​ធ្វើ​បន្ថែម​ទៀត​ដើម្បី​ដោះស្រាយ​បញ្ហា។ នេះ​បើ​ប្រៀបធៀប​ជាមួយ​នឹង​អ្នក​មាន​ទស្សនៈ​សាធារណរដ្ឋ​និយម​នៃ​មនុស្ស​ជំនាន់​សហស្សវត្ស​ថ្មី​ចំនួន ៣៨ ភាគរយ នៃ​មនុស្ស​ជំនាន់ X ចំនួន ២៩ ភាគរយ នៃ​មនុស្ស​ជំនាន់ baby boomers ចំនួន ២៣ ភាគរយ និង​នៃ​មនុស្ស​ជំនាន់​ស្ងាត់ស្ងៀម ដែល​កើត​រវាង​ឆ្នាំ ១៩២៥ និង​ឆ្នាំ ១៩៤៥ ចំនួន ១២ ភាគរយ​ប៉ុណ្ណោះ ដែល​យល់​ឃើញ​ដូច្នេះ។

មនុស្ស​ជំនាន់ Z ដែល​មាន​អាយុ​ច្រើន​ជាង​គេ នា​ពេល​បច្ចុប្បន្ន​នេះ​កំពុង​សិក្សា​ថ្នាក់​សាកល​វិទ្យាល័យ និង​កំពុង​ធ្វើ​ការ។ ដោយ​មនុស្ស​ជំនាន់ Z នេះ​ជា​កម្លាំង​ទិញ​ទំនិញ​ចំនួន ៤៤​ពាន់​លាន​ដុល្លារ ពួកគេ​មាន​ឥទ្ធិពល​នៅ​ក្នុង​ការ​ផ្លាស់ប្ដូរ​ពិភពលោក​ច្រើន​ជាង​មនុស្ស​ជំនាន់​មុនៗ​ទៅ​ទៀត៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG