ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា បង្កើតកម្មវិធីសាលាជំនាន់ថ្មី ផ្តោតលើជំនាញវិទ្យាសាស្ត្រ STEM


រូបឯកសារ៖ សៀវភៅ​មគ្គុទេសន៍​ «មុខរបរ​ ឬ​អាជីព​នៅ​ពេល​អនាគត​ក្នុង​វិស័យ​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ វិស្វកម្ម​ និង​គណិតវិទ្យា​» កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៦ ក្នុង​រាជធានី​ភ្នំពេញ​។ (ហ៊ាន សុជាតា​/ VOA)​
រូបឯកសារ៖ សៀវភៅ​មគ្គុទេសន៍​ «មុខរបរ​ ឬ​អាជីព​នៅ​ពេល​អនាគត​ក្នុង​វិស័យ​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ វិស្វកម្ម​ និង​គណិតវិទ្យា​» កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៦ ក្នុង​រាជធានី​ភ្នំពេញ​។ (ហ៊ាន សុជាតា​/ VOA)​

ការ​ផ្ដល់​អាទិភាព​អប់រំ​ផ្នែក​STEM​នា​ពេល​បច្ចុប្បន្ន​នេះ​ គឺ​ធ្វើ​ឡើង​ស្រប​តាម​គោល​នយោបាយ​អភិវឌ្ឍ​​ STEMរបស់​រដ្ឋាភិបាល​កម្ពុជា​នា​ដើម​ឆ្នាំ​២០១៦។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក រស់ សាលីន អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ យុវជន​ និង​កីឡា​ បញ្ជាក់​ប្រាប់​ VOA ​កាល​ពី​សប្ដាហ៍​កន្លង​ទៅ។​​​​​​​​​​

រដ្ឋាភិបាល​កម្ពុជា​ បាន​បង្កើត​កម្មវិធី​ថ្មី​មួយ ឈ្មោះ​ថា សាលា​ជំនាន់​ថ្មី ដោយ​ផ្ដោត​ទៅលើមុខ​វិជ្ជា​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ វិស្វកម្ម​ និង​គណិតវិទ្យា​ ដែល​គេ​ស្គាល់​ថា​ STEM ​ ដើម្បី​ជំរុញ​ឲ្យ​មាន​អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​ច្រើន​ថែម​ទៀត​នៅ​កម្ពុជា។

ប៉ុន្តែ អ្នក​ជំនាញ​លើកឡើង​ថា​ រដ្ឋាភិបាល​ ចាំ​បាច់​ត្រូវ​ផ្សព្វផ្សាយ​កម្មវិធី​ថ្មី​របស់​ខ្លួន​នេះ​ ឲ្យ​បាន​ទូលំទូលាយ​ជាង​មុន ដើម្បី​សម្រេច​គោល​ដៅ​នេះ​បាន។

ជំនាញ​សំខាន់​ទាំង​៤នេះ​ បាន​ក្លាយ​ជា​អាទិភាព​ក្នុង​វិស័យអប់រំ​កម្ពុជា​ ដើម្បី​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ផ្នែក​ STEM​ សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​បច្ចេកវិទ្យា​កម្ពុជា​នា​ពេល​អនាគត។​

ការ​ផ្ដល់​អាទិភាព​អប់រំ​ផ្នែក​STEM​នា​ពេល​បច្ចុប្បន្ន​នេះ​ គឺ​ធ្វើ​ឡើង​ស្រប​តាម​គោល​នយោបាយ​អភិវឌ្ឍ STEMរបស់​រដ្ឋាភិបាល​កម្ពុជា​នា​ដើម​ឆ្នាំ​២០១៦។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក រស់ សាលីន អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ យុវជន​ និង​កីឡា​ បញ្ជាក់​ប្រាប់​ VOA ​កាល​ពី​សប្ដាហ៍​កន្លង​ទៅ។

កាល​ពី​ខែ​មិថុនា​កន្លង​ទៅ​ ក្រសួង​អប់​រំ ​បាន​បង្កើត​កម្មវិធី​សាលា​ជំនាន់​ថ្មី​ នៅ​ក្នុង​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ ដើម្បី​បណ្ដុះបណ្ដាល​មូលដ្ឋាន​គ្រឹះ​ឯកទេស​STEM ​ដល់​យុវជន​កម្ពុជា។​

សាលា​រៀន​ជំនាន់​ថ្មី​ គឺកម្មវិធីដែល​មាន​ប្រព័ន្ធ​គ្រប់​គ្រង​ និង​ការ​បណ្ដុះបណ្ដាល​បែប​ទំនើប​ ដោយ​បំពាក់​សម្ភារៈ​ និង​កន្លែង​ពិសោធ ​ដល់​សិស្ស​ដែល​រៀន​មុខវិជ្ជាSTEM។​នេះ​យោង​តាម​មន្ត្រី​អប់រំ។​

​លោក រស់ សាលីន​ បញ្ជាក់​ប្រាប់​ VOA យ៉ាង​ដូច្នេះ​៖ «សិស្សានុសិស្ស​ ​ចេញ​ពី​ថ្នាក់STEM ចេញ​ទៅ​គាត់​ជា​អ្នក​ពូ​កែ​។ បើ​គាត់​ជា​អ្នក​ពូកែ​ បើ​គាត់​រៀន​គីមី​ គាត់​ក្លាយ​ជា​វិស្វករ​គី​មី​ចំណី​អាហារ​ អ្នក​ផលិត​គីមី​ អ្នក​រៀប​ចំ​ធ្វើ​អាតូមិច​ជា​ដើម​ចឹង​ទៅ។​ បើ​រូប​វិទ្យា​ ពួក​គាត់​ក្លាយ​ជា​អ្នក​ធ្វើ​គ្រឿង​អគ្គីសនី​។ អ្នក​ខាង​ ICT ចេញ​មក​គឺ​ខាង​ធ្វើ​Programming ធ្វើ​កំព្យូទ័រ​។​ ចឹង​កាល​ណា​យើង​ពង្រីក​ថ្នាក់​STEM​នេះ​ អ្នក​ចេញ​ពី​ថ្នាក់​STEMហ្នឹង​ហើយ​ដែល​ជា​អ្នក​ធ្វើ​ការ​ជំនាញ​ជាន់ខ្ពស់»។​

លោក​ រស់ សាលីន ​ឲ្យ​ដឹង​ថា​ក្រសួង​អប់រំ​ គ្រោង​នឹង​ពង្រីក​គម្រោង​នេះ​ទៅ​កាន់​សាលា​ផ្សេងៗ​ និង​តាម​បណ្ដា​ខេត្ត​នា​ពេល​ខាង​មុខ​ទៅ​តាម​លទ្ធភាព​ដែល​ក្រសួង​អាច​ធ្វើ​បាន​។

លោក​បន្ថែម​ថា​ ការ​សិក្សា​កន្លង​មក​ រក​ឃើញ​ថា​ គិត​ត្រឹម​ឆ្នាំ​២០១៥​នេះ​ កម្ពុជា​ត្រូវ​ការ​អ្នក​ឯកទេស​ផ្នែក STEMរហូត​ដល់​ចំនួន​៦ម៉ឺន​៥ពាន់​នាក់​ ក៏​ប៉ុន្តែ​លោក​ថា​ធនធាន​STEM​នៅ​កម្ពុជា​ជា​សរុប​ មាន​តែ​ជាង​១ម៉ឺន​នាក់​ប៉ុណ្ណោះ។

«យោង​តាម​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ យោង​លើ​ការ​កំណត់​គោល​នយោបាយ​នៃ​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ ពង្រីក​ផ្នែក​ឧស្សាហកម្ម​ ធុន​ធ្ងន់ មធ្យម​ និង​ស្រាល​ និង​ឧស្សាហកម្ម​កែ​ច្នៃ​។​ ចឹង​ទេ​ បើ​មិន​រៀប​ចំ​អភិវឌ្ឍ​ពី​ឥឡូវ​ទៅ​ ពេល​នោះ​រឹតតែ​ខ្វះ​ខាត​ទៀត​។ ចឹង​ទាមទារ​ឲ្យ​យើង​រៀប​កម្លាំង​ពលកម្ម​ អប់រំ បណ្ដុះបណ្ដាល​ពី​ចម្ងាយ​»។

លោក​ រស់ សាលីន​ ឲ្យ​ដឹង​ទៀត​ថា ​ការ​ចូលរួម​របស់​យុវជន​កម្ពុជា​ក្នុង​ជំនាញ​STEM​នេះ​ នឹង​អាច​ជួយ​ឲ្យ​កម្ពុជា​មាន​លទ្ធភាព​បង្កើត​ផលិតផល​បច្ចេកវិទ្យា​របស់​កម្ពុជា​ដោយ​ខ្លួនឯង។

«បើ​គាត់​គិត​ថា​ឥឡូវ​គាត់​រៀន​ពូកែ​ខាង​រូប​វិទ្យា​ ចឹង​គាត់​ចូល​ថ្នាក់ STEM​ ថ្នាក់​រូបវិទ្យា​តែ​ម្តង ពេល​នោះ​ គាត់​មាន​កន្លែង​ពិសោធន៍​ គាត់​មាន​គ្រូ​ គាត់​មាន​អី​តាំង​ពី​ថ្នាក់​ក្រោម​ទៅ​។ ចឹង​ទម្រាំ​ដល់​គាត់​ចប់​វិស្វករ គាត់​នឹង​ក្លាយ​ជា​អ្នក​ល្បី​ផ្នែក​ហ្នឹង​តែ​ម្តង។​ កិត្តិយស​គាត់​នឹង​មាន គាត់​នឹង​ល្បី​ គាត់​ផលិត​រថយន្ត គាត់​ធ្វើ​ទូរទស្សន៍​ដោយ​ខ្លួន​ឯង ឧទាហរណ៍។​ ចឹង​យើង​ហ្នឹង​ក្លាយ​ជា​ប្រទេស​មួយ​ដែល​មាន​Brand Name លើ​សេដ្ឋកិច្ច​ពិភពលោក​ដែរ ​ដោយសារ​ការ​ចូលរួម​របស់​ប្អូន​សិស្សានុសិស្ស»។

លោក​ ហង់​ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ ឲ្យ​ដឹង​កាល​ពី​សប្ដាហ៍​កន្លង​ទៅ​ថា​ក្នុង​មួយ​ឆ្នាំៗ​ ​រដ្ឋាភិបាល​កម្ពុជា​វិនិយោគទឹកប្រាក់​ប្រមាណ​៣០ម៉ឺន​ដុល្លារ​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ​STEM​ រាប់​បញ្ចូល​ទាំង​ការ​ជួសជុល​ និង​សាងសង់​បន្ទប់​ពិសោធន៍​ ​ការ​បំពាក់​ប្រព័ន្ធ​កុំព្យូទ័រ​ និង​ឧបករណ៍​នានា ដើម្បី​ពង្រឹង​គុណភាព​អប់រំ​STEM​ និង​ធ្វើ​ឲ្យ​បរិយាកាស​សិក្សាមាន​ភាព​ទាក់ទាញ។​

លោក​ ផាន់ ​ប៊ុន​ណាត​ ​ប្រធានក្រុម​គម្រោង​សាលារៀន​ជំនាន់​ថ្មី​ នៃ​អង្គការ​សកម្មភាព​សម្រាប់​បឋម​សិក្សា​នៅ​កម្ពុជា​ ហៅ​ថា​ខេប​អះអាង​ថា ​ការ​អភិវឌ្ឍ​ធនធានSTEM​ ជា​រឿង​ចាំ​បាច់​ ជា​ពិសេស​នៅ​ពេល​សមាហរណកម្ម​សេដ្ឋកិច្ច​ទាម​ទារ​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​ធនធាន​មនុស្ស​ក្នុង​តំបន់។

«វា​ជា​រឿង​ត្រឹម​ត្រូវ​ហើយ​ចាំ​បាច់​បំផុត​ក្នុង​ពេល​បច្ចុប្បន្ន​ ដែល​យើង​ត្រូវ​អនុវត្ត​កម្មវិធី​STEM​ នៅ​ក្នុង​កម្មវិធី​សិក្សា​តាំង​ពី​ថ្នាក់​មធ្យម​សិក្សា​ទៅ​ សមស្រប​នឹង​ការ​ប្រកួត​ប្រជែង​ទៅលើ​បច្ចេកវិទ្យា។​ ទាក់ទង​នឹង​កម្មវិធី​STEM​ហ្នឹង​ ជា​មុខវិជ្ជា​មួយ​ដែល​ជួយ​ជំរុញ​ក្មេងៗ​ឲ្យ​ស្រលាញ់​វិទ្យា​សាស្ត្រ​ ដែល​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​លើក​ស្ទួយ​សេដ្ឋកិច្ច​ និង​ទីផ្សារ​ហ្នឹង​ គឺ​STEM​ហ្នឹង​សំខាន់​បំផុត»។

លោក​ ផាន់ ​ប៊ុន​ណាត​ យល់​ថា​ការ​ផ្សព្វផ្សាយ​ពី​គោល​នយោបាយ ​STEM​ ដ៏​សំខាន់​របស់​រដ្ឋាភិបាល​នេះ​ នៅ​តិចតួច​នៅ​ឡើយ។​

«គោល​នយោបាយ​STEM ដែលក្រសួង​ទើប​ចេញ​ឆ្នាំ​២០១៦​នេះ​ក្តី​ វា​ជា​រឿង​មួយ​ថ្មី។​ សម្រាប់​ខ្ញុំ​ដែល​មើល​ឃើញ​ថា​ រដ្ឋាភិបាល​មិន​ទាន់​បាន​ធ្វើ​វា​ទូលំទូលាយ​ ឬ​ផ្សព្វផ្សាយ​ ​ឲ្យ​ទូលំទូលាយ​នៅ​ឡើយ​ទេ។ វា​ទាមទារ​ពេល​វេលា។​ ខ្ញុំ​វាយ​តម្លៃ​ខ្ពស់​ទាក់ទង​នឹង​ការ​បង្កើត​គោល​នយោបាយ​ ​STEM ហើយ​អ្វី​ដែល​ជា​ការ​ស្នើសុំ​ ​ខ្ញុំ​គិត​ថា​ពេល​ខ្លះ​យើង​មា​គោលនយោបាយ​ល្អ​ តែ​បើ​យើង​អត់​យក​វា​មក​អនុវត្ត​ ក៏​អត់​មាន​ន័យ​ដែរ​។ យើង​និយាយ STEMៗ​ ប៉ុន្តែ​គ្រូ​ខ្លះ​ អត់​ដឹង​ថា​STEM​ហ្នឹង​អី​គេ​ផង។ ពេល​ខ្លះ​មាន​តែ​គោល​នយោបាយ​មិន​គ្រប់​គ្រាន់​ទេ​ នៅ​ត្រូវ​ការ​ការ​អនុវត្ត​ យក​វា​ទៅ​ធ្វើ​ផែន​ការ​សកម្មភាព​ឆ្លើយ​តប​គោលនយោបាយ»។​

ការ​ស្រាវជ្រាវពី​ប្រទេស​អភិវឌ្ឍន៍​បង្ហាញ​ថា ការ​អប់រំ​ខាង​វិទ្យាសាស្ត្រ ​បច្ចេកវិទ្យា​ វិស្វកម្ម ​និង​គណិក​វិទ្យា​ដែល​គេ​ស្គាល់​ថា ​STEM Education​ ជំរុញ​ឲ្យ​មាន​ការ​ច្នៃ​ប្រឌិត​ថ្មី ដែល​ផ្ដល់​ផល​ប្រយោជន៍​ដល់​ការ​វិនិយោគ​ទុន ការ​អភិវឌ្ឍ ​ទំនើប​កម្ម​ និង​ការ​បង្កើត​ឲ្យ​មាន​អ្នក​វិទ្យាសាស្ត្រ​ជំនាន់​ថ្មី​ក្នុង​ប្រទេស៕​

XS
SM
MD
LG