លោកអ៊ួន សុផលគឺជាជំទប់ទី២ឃុំដំណាក់សុក្រំនៃស្រុកដងទង់ខេត្តកំពត។ លោកគឺជាមន្ត្រីតែម្នាក់គត់នៃគណបក្សមិនកាន់អំណាចដែលបានចូលរួមដឹកនាំឃុំនេះក្នុងរយៈពេលជាង៤ឆ្នាំកន្លងមកនេះ។
លោកអ៊ួន សុផល បានជាប់ឆ្នោតកាលពីឆ្នាំ២០១៧ ក្នុងកូតាគណបក្សប្រជាធិបតេយ្យមូលដ្ឋានហើយគឺជាគណបក្សដែលលោកបានចូលរួមជីវភាពនយោបាយជាលើកដំបូង។ នេះជាលើកដំបូងហើយដែលលោកអ៊ួន សុផលបានឈ្នះឆ្នោតមកកាន់តំណែងសាធារណៈ។ សមាជិកបួននាក់ទៀតនៃក្រុមប្រឹក្សាឃុំសង្កាត់សរុប៥នាក់របស់ឃុំដំណាក់សុក្រំនេះគឺមកពីគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច។
ទោះបីជាមិនធ្លាប់មានបទពិសោធក្នុងការងារសាធារណៈប៉ុន្តែ លោកអ៊ួន សុផលដែលឆ្នាំនេះមានអាយុ៥៩ឆ្នាំគឺជាកសិករសម្បូរបទពិសោធដែលធ្លាប់បានចែករំលែកជាមួយនឹងអ្នកភូមិនិងអ្នកនៅក្រៅសហគមន៍នានាដែលលោកបានស្ម័គ្រចិត្តធ្វើជាប្រធានបណ្តាញកសិករនិងធម្មជាតិ។
លោកសុផលបានថ្លែងប្រាប់វីអូអេនៅថ្ងៃពុធនេះថា៖
«នៅថ្ងៃខាងមុខៗនិងក្នុងឆ្នាំខាងមុខៗ គឺឃុំនេះខ្ញុំចង់ឲ្យក្លាយជាឃុំគំរូនិងជាឃុំមួយប្រមូលនូវផលិតផលកសិកម្ម សម្រាប់នៅស្រុកដងទង់ហើយជាគំរូគេដែរ»។
ឃុំដំណាក់សុក្រំមានពលរដ្ឋជាង៤០០០នាក់ ស្ថិតនៅស្រុកដងទង់និងមានចម្ងាយ៧០គីឡូម៉ែត្រពីទីរួមខេត្តកំពត។ វាជាឃុំដែលស្ថិតនៅតំបន់ដាច់ស្រយ៉ាលពីទីក្រុង។ ប្រជាជនភាគច្រើនប្រកបរបរធ្វើស្រែចំការនិងមានពលរដ្ឋប្រហែល២០ភាគរយបានចេញទៅធ្វើកម្មករសំណង់និងរោងចក្រនៅភ្នំពេញនិងកំពង់សោម។
លោកអ៊ួន សុផលថ្លែងថាភាគច្រើនបញ្ហាដែលពលរដ្ឋបានស្នើឲ្យអាជ្ញាធរឃុំជួយដោះស្រាយមានបញ្ហាផ្លូវ ទឹកប្រើប្រាស់ក្នុងវិស័យកសិកម្ម ភាពក្រីក្រ ចំណាកស្រុក ការគ្មានការងាធ្វើនិងការជំពាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។
ក្នុងតំណែងជាជំទប់ទី២ឃុំដំណាក់សុក្រំលោកអ៊ួន សុផល ត្រូវបានចាត់តាំងភារកិច្ចឲ្យទទួលមើលការខុសត្រូវលើការដោះស្រាយវិវាទ និងផ្នែកសណ្តាប់ធ្នាប់សាធារណៈ។ មិនត្រឹមតែប៉ុណ្ណេះលោកបានធ្វើការងារជួយដល់ផ្នែកអប់រំ ជីកអណ្តូងស្នប់ និងសាងសង់ផ្ទះសម្រាប់ជនក្រីក្រ។ លោកក៏បានដឹកនាំការរៃអង្គាសថវិកាមកជួយកសាងផ្លូវ សាងសង់ទ្វារទឹកនិងស្នាក់ការឃុំដោយសារតែថវិកាដែលរដ្ឋាភិបាលថ្នាក់ជាតិប្រគល់ឲ្យនៅមានតិចតួចគឺក្នុងរង្វង់២ម៉ឺនដុល្លារក្នុងមួយឆ្នាំ។
លោកអ៊ួន សុផលបានបញ្ជាក់ប្រាប់វីអូអេថា៖
«អ៊ីចឹងយើងឃើញថាការកសាងនៅក្នុងឃុំ រហូតមកដល់ពេលនេះគឺយើងបានធ្វើកាសហការគ្នាទាំងប្រជាពលរដ្ឋ ទាំងមេភូមិ ទាំងក្រុមប្រឹក្សាឃុំ។ កន្លែងខ្លះយើងរួមគ្នាធ្វើកន្លែងខ្លះយើងធ្វើម្នាក់ឯង។ អ៊ីចឹងធ្វើឲ្យមានការប្រឹងប្រែងទាំងអស់គ្នា ធ្វើឲ្យឃុំ យើងមានការប្រែប្រួលច្រើននៅក្នុងអាណត្តិនេះ»។
នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី៥ខែមិថុនាខាងមុខនេះលោកអ៊ួន សុផលកំពុងឈរឈ្មោះជាថ្មី។ លោកត្រូវប្រកួតប្រជែងនឹងបេក្ខជនដែលមកពីគណបក្សប្រជាជនកម្ពុជា គណបក្សភ្លើងទៀននិងគណបក្សហ៊្វុនស៊ិនប៉ិច។
លោកសុផលសង្ឃឹមថាលោកនឹងបានជ័យជម្នះអាចកាន់តំណែងជាមេឃុំបានដើម្បីអនុវត្តគម្រោងអភិវឌ្ឍន៍នានាតាមតម្រូវការរបស់ប្រជាពលរដ្ឋមូលដ្ឋានដែលលោកទទួលបានក្នុងពេលកន្លងមកនិងជាពិសេសយកចិត្តទុកដាក់ចាស់ជរានិងការសិក្សារបស់កុមារ។
លោកអ៊ួន សុផលបានបញ្ជាក់ថា៖
«យើងគិតធ្វើម៉េចឲ្យមានការសហការគ្នាល្អជាមួយនឹងនគរបាល ជាមួយនឹងក្រុមប្រឹក្សាឃុំឲ្យធ្វើការមិនប្រកាន់បក្សពួកនិន្នាការនយោបាយ។ ជាពិសេសគឺជំរុញឲ្យស្ត្រីដើរតួនាទីជួយសង្គមជាពិសេសឲ្យដើរតួនាទីក្នុងរឿងនយោបាយឲ្យច្រើនដើម្បីជាផលប្រយោជន៍របស់គាត់ទៅវិញហើយសំខាន់ជាងគេបំផុតគឺទឹក ទុន និងទីផ្សារ សម្រាប់នៅឃុំរបស់ខ្ញុំ គឺយើងនឹងយកចិត្តទុកដាក់ខ្លាំង»។
នៅក្នុងការបោះឆ្នោតឃុំសង្កាត់នៅអាណត្តិទី៥នេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋានមានលទ្ធភាពដាក់បេក្ខជនប្រកួតប្រជែងតែនៅឃុំ សង្កាត់ចំនួន៣២នៅខេត្តចំនួន១៥ដោយមានបេក្ខជនពេញសិទ្ធិនិងបម្រុងជាង៤០០នាក់។ ក្នុងបណ្តាមណ្ឌលសំខាន់ៗមាននៅរាជធានីភ្នំពេញ ខេត្តកណ្តាល សៀមរាប កំពង់ចាមនិងខេត្តសៀមរាប ដោយខេត្តសៀមរាបមានច្រើនជាងគេរហូតដល់៩ឃុំ។ នេះជាការកើនឡើងបើធៀបនឹងការបោះឆ្នោតឃុំសង្កាត់លើកទី៤នៅឆ្នាំ២០១៧ដែលគណបក្សនេះបានចូលរួមប្រកួតជាលើកដំបូងដោយបានដាក់បេក្ខជនតែនៅឃុំសង្កាត់ចំនួន២៧ នៅខេត្តចំនួន៩។
លោកយ៉ង សាំងកុមារប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋានបានពន្យល់ថាការណ៍នេះអាស្រ័យលើការសម្រាំងយកបេក្ខជនដែលមាន«សមត្ថភាពនិងគុណធម៌ខ្ពស់ដែលចង់ធ្វើការងារសម្រាប់ឃុំសង្កាត់របស់ខ្លួនដោយ«យកគុណភាពមិនយកបរិមាណទេ»។ លោកបន្ថែមថាក្រៅពីកត្តាសមត្ថភាពបេក្ខជនត្រូវជាមនុស្សសកម្មក្នុងការជួយសហគមន៍និងមានសុចរិតភាព។
យ៉ាងណាក៏ដោយ លោកយ៉ង សាំងកុមារទទួលស្គាល់ពីការពិបាកក្នុងការស្វែងរកបេក្ខជនដែលមានលក្ខណៈដូចនេះដោយសារពលរដ្ឋខ្លះចង់ឈរឈ្មោះដែរប៉ុន្តែនៅភ័យខ្លាចការរើសអើងនិងការតាមព្យាបាទពីសំណាក់អាជ្ញាធរ។
សម្រាប់ការបោះឆ្នោតលើកនេះបេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានមានអ្នកមានសញ្ញាបត្រអនុបណ្ឌិត បរិញ្ញាបត្រ បរិញ្ញាបត្ររង និង អ្នកមានបទពិសោធដឹកនាំសហគមន៍ជាច្រើនឆ្នាំ។ ហើយក៏មានយុវជនឈរជាមេឃុំចំនួនប្រាំនាក់និងស្ត្រីមួយរូបឈរមេឃុំ នៅឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងគឺអ្នកស្រីស សារ៉ាត់ ដែលធ្លាប់ ធ្វើការសហគមន៍លើផ្នែកការពារបរិស្ថាន។ ប៉ុន្តែមានស្ត្រីជាបេក្ខជនរងទី២ និងទី៣ ជាង១០០នាក់។ នេះបើតាមការបញ្ជាក់របស់គណបក្ស។
ឈ្មោះឡឹក សុធារ អាយុ៤៥ឆ្នាំ បានឈរជាបេក្ខជនចៅសង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ។ លោកមានសញ្ញាបត្រអនុបណ្ឌិតខាងផ្នែកកសិកម្មនិងបរិស្ថានមកពីសាកលវិទ្យាល័យ François-Rabelais de Tours នៃប្រទេសបារាំង។
លោកសុធារដែលមានបទពិសោធការងាររយៈពេល១៥ឆ្នាំបានពន្យល់ពីការសម្រេចចិត្តឈរជាបេក្ខជនចៅសង្កាត់ប្រាប់វីអូអេតាមទូរស័ព្ទកាលពីថ្ងៃពុធថា៖
«ខ្ញុំចង់យកចំណេះដឹងជំនាញនិងបទពិសោធដែលខ្ញុំធ្លាប់បានធ្វើការកន្លងមកជាមួយអង្គការសង្គមស៊ីវិលទៅបម្រើប្រជាពលរដ្ឋនៅសង្កាត់ដង្កោនេះដោយអភិវឌ្ឍប្រកបដោយតម្លាភាព សមធម៌និងគ្មានការរើសអើងនយោបាយ»។
សម្រាប់ឆ្នាំ២០២២នេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋានផ្តោតលើការកសាងឃុំគំរូ ដោយឈរលើគោលការណ៍«ស៥» ដែលមានសេដ្ឋកិច្ច សុខាភិបាល សិក្សាធិការអប់រំ សង្គមកិច្ចនិងសេវាសាធារណៈនិងសម្បត្តិសាធារណៈ។
លោកយ៉ង សាំងកុមារប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋានបានបញ្ជាក់បន្ថែមប្រាប់វីអូអេតាមប្រព័ន្ធ Skype ថា៖
«ជាពិសេសបង្កើននូវសន្តិសុខ សណ្តាប់ធ្នាប់ លុបបំបាត់ចោលគ្រឿងញៀន លុបបំបាត់ចោលនូវការរើសអើងនយោបាយនៅតាមមូលដ្ឋាន។ មេភូមិគឺជាមេភូមិរបស់ប្រជាជនគ្រប់រូប គឺអត់មានស្លាកគណបក្សនៅមុខផ្ទះមេភូមិទេ។ មេភូមិអត់ឲ្យក្លាយទៅជាបក្សឬមេបក្សរបស់ភូមិទេ។ ជាពិសេសយើងបង្កើតឲ្យមានគណៈកម្មការឃ្លាំមើល គណៈកម្មការប្រជាពលរដ្ឋឃ្លាំមើលលើឃុំសង្កាត់ដែលមានប្រជាពលរដ្ឋចូលរួមក្នុងការផ្តល់យោបល់តម្រង់ទិស រហូតដល់មានសិទ្ធិស្នើដកក្រុមប្រឹក្សាឃុំ សង្កាត់មុនអាណត្តិថែមទៀត»។
ក្នុងការបោះឆ្នោតឃុំសង្កាត់ក្នុងឆ្នាំ២០១៧កន្លងមក គណបក្សប្រជាធិបតេយ្យមូលដ្ឋានឈ្នះបានតំណែងក្រុមប្រឹក្សាឃុំចំនួន៥អាសនៈនៅខេត្តកំពត កំពង់ធំនិងខេត្តរតនគីរី។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឲ្យដឹងថាមានគណបក្សនយោបាយចំនួន១៧កំពុងចូលរួមប្រកួតយកអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ជាង១១០០០នៅឃុំសង្កាត់ចំនួន១៦៥២នៅទូទាំងប្រទេស៕