បេក្ខភាពឈរឈ្មោះជាមេឃុំម្នាក់របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅក្នុងឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត និងមានតួនាទីជាប្រធានសហគមន៍កសិកម្ម បានឱ្យដឹងនៅថ្ងៃពុធនេះថា លោកត្រូវបានប្រធានមន្ទីរកសិកម្មខេត្ត បង្ខំឱ្យលាលែងពីតំណែងជាប្រធានសហគមន៍ ប្រសិនបើចង់ឈរឈ្មោះជាបេក្ខភាពមេឃុំ សម្រាប់គណបក្សនយោបាយក្នុងការបោះឆ្នោតនាខែមិថុនាខាងមុខនេះ។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ហៅកាត់ថា គ.ប.ម ដែលបង្កើតឡើងដោយអតីតមេដឹកនាំអង្គការក្រៅរដ្ឋាភិបាលមួយក្រុម បានដាក់បេក្ខជនឱ្យឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នៅតាមឃុំសង្កាត់ចំនួន៣២ ក្នុងចំណោមឃុំសង្កាត់សរុបចំនួន១៦៥២នៅទូទាំងប្រទេស។ ដោយឡែកនៅឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត គណបក្សនេះរំពឹងថា បេក្ខជនខ្លួននឹងអាចជាប់ឆ្នោតធ្វើជាមេឃុំ។
លោក អ៊ួន សុផល អាយុ៦០ឆ្នាំ ជាប្រធានសហគមន៍កសិកម្មរតនៈពលរដ្ឋសាមគ្គី ស្ថិតក្នុងឃុំដំណាក់សុក្រំ និងបច្ចុប្បន្នជាជំទប់ឃុំទី២ ដែលមានកូតាមកពីគណបក្សប្រជាធិបតេយ្យមូលដ្ឋានតាំងពីឆ្នាំ២០១៧ ប្រាប់វីអូអេថា កាលពីថ្ងៃទី១៩ខែឧសភានេះ លោកបានទទួលរងសម្តីគំរាមពីប្រធានមន្ទីរកសិកម្មខេត្តកំពត ដែលបានចុះទៅជួបលោក និងបង្ខំលោកឱ្យលាឈប់ពីតំណែងជាប្រធានសហគមន៍ ប្រសិនបើលោកនៅតែឈរឈ្មោះជាបេក្ខភាពមេឃុំរបស់គណបក្សដែលមានស្លាកសញ្ញាត្រីកោណមួយនេះ។
លោក អ៊ួន សុផល បន្តថា តួនាទីប្រធានសហគមន៍នេះ គឺកើតចេញពីការបោះឆ្នោតគាំទ្រតាមរយៈការធ្វើសមាជ និងសន្និបាតរបស់ប្រជាពលរដ្ឋ និងសមាជិកក្នុងសហគមន៍ ដោយមិនបានទទួលប្រាក់ខែរដ្ឋនោះទេ តែសមាជិកសហគមន៍បានផ្តល់ថវិកាឧបត្ថម្ភបន្តិចបន្តួចប៉ុណ្ណោះដើម្បីបំពេញការងារ។
ប៉ុន្តែលោកនិយាយថាសហគមន៍នេះ គឺស្ថិតក្រោមការត្រួតពិនិត្យរបស់មន្ទីរកសិកម្មខេត្ត។ លោកចាត់ទុកការហាមឃាត់ និងបង្ខំឱ្យរូបលោកលាលែងពីតំណែងបែបនេះ ជាការបិទសិទ្ធិសេរីភាពរបស់រូបលោកក្នុងការចូលរួមសកម្មភាពនយោបាយ។
លោកនិយាយថា៖ «ខ្ញុំសូមពីរ។ ទីមួយសូមលិខិតដើម្បីឱ្យខ្ញុំលាលែងពីមន្ទីរយោងតាមច្បាប់ណាមួយអ៊ីចឹងមក។ ហើយទីពីរសូមឱ្យធ្វើមហាសន្និបាតវិសាមញ្ញដើម្បីការលាឈប់ពីសមាជិក។ អ៊ីចឹង ពេលនេះ អត់ទាន់មានឃើញលិខិតណាមួយមកទេ»។
បើតាម លោក អ៊ួន សុផល នៅពេលលោកបំពេញការងារបានរយៈពេល៥ឆ្នាំកន្លងមកនោះ គឺលោកជារឿយៗមានទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធ ដែលជាហេតុធ្វើឱ្យមន្ត្រីដែលមាននិន្នាការគណបក្សកាន់អំណាច អាចមានការភ័យខ្លាចនឹងប្រជាប្រិយភាពរបស់លោក ដែលអាចនឹងដណ្តើមតំណែងជាមេឃុំបាននាពេលខាងមុខនោះ។
ប្រធានមន្ទីរកសិកម្មខេត្តកំពត លោក ចាន់ រិទ្ធិ ចាត់ទុក សកម្មភាពរបស់លោក អ៊ួន សុផល ដែលជាប្រធានសហគមន៍មួយរូបនោះ គឺមិនអាចទទួលយកបានទេ ព្រោះសហគមន៍ស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរកសិកម្មខេត្ត។ ទោះជាយ៉ាងណា លោកមិនអាចបញ្ជាក់បានថា តើការធ្វើនយោបាយរបស់លោក អ៊ួន សុផល នៅកម្រិតមូលដ្ឋាន បាននឹងកំពុងធ្វើឡើងស្របតាម ឬក៏ផ្ទុយនឹងច្បាប់ពាក់ព័ន្ធណាមួយក្នុងដំណើរការចូលរួមឈរបោះឆ្នោត ឬយ៉ាងណាទេ។
លោកថ្លែងថា៖ «ប្រធានសហគមន៍ គឺមិនមែនជាប្រធានគណបក្សណាមួយនោះទេ គណបក្សធំ គណបក្សប្រជាជនក៏ដោយមិនឱ្យដាច់ខាត ក្នុងនាមមន្ទីរជំនាញគឺបានន័យថា អ៊ីចឹងខ្លួនឯងយកសហគមន៍ដែលខ្ញុំខំបង្កើត ជួយបង្កើតឱ្យហ្នឹង ដើម្បីបម្រើផលប្រយោជន៍គណបក្សអ៊ីចឹងហ៍»។
អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សាម អ៊ីន សោកស្តាយចំពោះទង្វើរបស់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីរាជការដែលមាននិន្នការគាំទ្រគណបក្សកាន់អំណាច ដោយលោកអះអាងថា តែងតែប្រើអំណាចរបស់ខ្លួនខុសពីច្បាប់ដើរគំរាមកំហែងសកម្មជនគណបក្សផ្សេងយ៉ាងដូច្នេះ។ លោកបន្ថែមថា មន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋាន ត្រូវតែរក្សាអព្យាក្រឹតភាពខ្លួន ក្នុងការបំពេញការងារ និងសូមកុំបង្ហាញការលម្អៀងផ្នែកនយោបាយ។
លោកថ្លែងថា៖ «អត់មានប្រើសិទ្ធិអំណាចអ្វី បង្ខំឱ្យគេលាឈប់ លាអីទេ អាហ្នឹងជាការប្រើប្រាស់សិទ្ធិអំណាចខុសហើយ ខុសផ្លូវច្បាប់ និងតួនាទីរបស់ខ្លួនហើយ»។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា ពន្យល់ថា បើសិនជាមន្ត្រីរាជការចង់ឈរឈ្មោះជាតំណែងមេឃុំ ឬឈរឈ្មោះបោះឆ្នោត ត្រូវសុំច្បាប់ឈប់សម្រាក់ពិសេសមុនថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត រហូតដល់ថ្ងៃប្រកាសលទ្ធផលជាផ្លូវការ។ តែលោកថា ករណីប្រធានសហគមន៍ មិនទទួលបានប្រាក់ខែរដ្ឋ ដែលចង់ឈរឈ្មោះជាតំណែងមេឃុំ គឺមិនមានច្បាប់ណាមួយចែង ឬហាមឃាត់នោះទេ។
លោកថ្លែងថា៖ «បើសិនជាគាត់ជាបេក្ខជន ហើយគាត់មានក្របខណ្ឌមន្ត្រីរាជការ នោះគាត់ត្រូវធ្វើលិខិតសុំច្បាប់ពិសេសរហូតដល់ថ្ងៃប្រកាសលទ្ធផលបោះឆ្នោត។ ប៉ុន្តែនេះ គាត់មិនមែនជាមន្ត្រីរាជការទទួលប្រាក់បៀវត្សរ៍របស់រដ្ឋទេ អ៊ីចឹងគាត់មិនមានអ្វីពាក់ព័ន្ធនឹងនីតិវិធីដែល ខ្ញុំត្រូវឆ្លើយថាគាត់ គួរធ្វើយ៉ាងណា ឬធ្វើយ៉ាងណីនោះទេ»។
បើតាម«បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥» ក្នុងជំពូកទី៦ បានឱ្យដឹងថា ភាពមានសិទ្ធិឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ គឺប្រជាពលរដ្ឋទាំងពីរភេទមានសញ្ជាតិខ្មែរពីដើមកំណើត ហើយត្រូវចេះអាននិងសរសេរអក្សរខ្មែរ មានអាយុយ៉ាងតិច២៥ឆ្នាំ និងបានចុះបញ្ជីក្នុងសង្កាត់ដែលមានបំណងឈរឈ្មោះ។
មន្រ្តីសម្របសម្រួលជាន់ខ្ពស់នៃអង្គការខុមហ្វ្រែល លោក កន សាវាង្ស បានលើកឡើងថា ចំពោះបុគ្គលសហគមន៍ គឺមិនមានច្បាប់ណាមួយហាមឃាត់មិនឱ្យចូលរួមធ្វើនយោបាយជាមួយគណបក្សនយោបាយណាមួយនោះទេ។ លោកចាត់ទុកការបង្ខំរបស់ប្រធានមន្ទីរកសិកម្មខេត្តកំពត ឱ្យប្រធានសហគមន៍ក្នុងឃុំដំណាក់សុក្រំ លាលែងពីតំណែងនេះ ថាជាទម្រង់នៃការបំពានសិទ្ធិនយោបាយ ដែលអាចបើកផ្លូវឱ្យមានការប្តឹងផ្តល់គ្នាទៅតុលាការផងដែររវាងគូភាគីទំនាស់៕