យោធាអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសនៅទូទាំងតំបន់ហ្កាហ្សា និងវាយប្រហារពួកជនសកម្មប្រយុទ្ធ Hezbollahនៅក្នុងតំបន់ភាគខាងត្បូងប្រទេសលីបង់។
ពួកអ្នកស្រុកក៏បានរាយការណ៍ដែរថាមានកិច្ចប្រតិបត្តិការរថក្រោះរបស់អ៊ីស្រាអែលក្នុងតំបន់ភាគខាងជើងតំបន់ហ្កាហ្សាជាទីកន្លែងដែលយោធាអ៊ីស្រាអែលនិយាយថាខ្លួនបានធ្វើសកម្មភាពប្រឆាំងភេរវកម្ម។
នៅក្នុងតំបន់ហ្កាហ្សាភាគខាងត្បូង កងទ័ពការពារជាតិអ៊ីស្រាអែលបានរាយការណ៍ពីការសម្លាប់ពួកជនសកម្មប្រយុទ្ធជាង៣០នាក់។
អំពើហិង្សានៅពេលថ្មីៗនេះបានកើតមានឡើងមួយថ្ងៃបន្ទាប់ពីពួកបាតុករអ៊ីស្រា អែលបានបិទផ្លូវហាយវ៉េនៅទូទាំងប្រទេសនៅពេលដែលពួកគេបានអំពាវនាវឱ្យមានការឈប់បាញ់គ្នាហើយបានអំពាវនាវឱ្យនាយករដ្ឋមន្ត្រី Benjamin Netanyahuចុះចេញពីតំណែង។
«ទិវាឆាឆៅ»នៅថ្ងៃអាទិត្យបានចាប់ផ្តើមនៅម៉ោង៦:២៩ព្រឹកម៉ោងនៅក្នុងស្រុកដែលបានកត់សម្គាល់ថាពួកជនសកម្មប្រយុទ្ធហាម៉ាស់បានបាញ់គ្រាប់រ៉ុក្កែតលើកដំបូងដាក់អ៊ីស្រាអែលនៅថ្ងៃទី៧ ខែតុលាឆ្នាំមុន ជាការវាយប្រហារដែលបានសម្លាប់មនុស្ស១ ពាន់២រយនាក់ហើយបាននាំឱ្យមានការចាប់មនុស្សធ្វើចំណាប់ខ្មាំងប្រហែល២៥០ នាក់។
បាតុករបានបិទផ្លូវសំខាន់ៗហើយបានធ្វើបាតុកម្មនៅខាងក្រៅផ្ទះរបស់សមាជិកសភាអ៊ីស្រាអែលមួយចំនួន។ នៅជិតព្រំដែនជាមួយតំបន់ហ្កាហ្សា ពួកបាតុករអ៊ីស្រាអែលបានបង្ហោះបាឡុងពណ៌ខ្មៅនិងពណ៌លឿងចំនួន១ពាន់៥រយដែលជានិមិត្តរូបនៃអ្នកដែលបានត្រូវគេសម្លាប់និងចាប់ពង្រត់។
ការវាយបកតាមថ្មើជើងនិងតាមអាកាសជារឿយៗរបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្កាហ្សាបន្ទាប់ពីការវាយប្រហារដ៏រន្ធត់នៅខែតុលារបស់ពួកហាម៉ាស់បានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង៣ម៉ឺន៨ពាន់នាក់។ នេះបើតាមក្រសួងសុខាភិបាលនៅក្នុងតំបន់ហ្កាហ្សា។ អ៊ីស្រាអែលបាននិយាយថាខ្លួនជឿថាពួកហាម៉ាស់នៅកំពុងចាប់ឃុំឃាំងចំណាប់ខ្មាំង១១៦នាក់ រួមទាំង៤២នាក់ដែលពួកយោធាបាននិយាយថាបានស្លាប់ផងដែរ៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះត្រូវបានផ្តល់ដោយទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters