ជនជាតិប៉ាឡេស្ទីនបីនាក់បានស្លាប់នៅក្នុងបាតុកម្ម នៅឯរបងព្រំដែនរវាងតំបន់ Gaza និងប្រទេសអ៊ីស្រាអែល នៅថ្ងៃខួបឆ្នាំទីមួយនៃការចាប់ផ្តើមធ្វើបាតុកម្មរៀងរាល់អាទិត្យ។
អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន បាននិយាយថា យុវជនពីរនាក់អាយុ ១៧ ឆ្នាំ បានត្រូវបាញ់ស្លាប់ដោយពួកទាហានអ៊ីស្រាអែល នៅក្នុងថ្ងៃធ្វើបាតុកម្មនោះ ចំណែកឯបាតុករម្នាក់ទៀតអាយុ ២១ ឆ្នាំ បានបាត់បង់ជីវិត នៅក្រោយពេលបានត្រូវបាញ់នៅជិតរបងព្រំដែននេះ កាលពីយប់មិញ។
ក្រុមបាតុកររាប់ម៉ឺននាក់បានចូលរួមក្នុងបាតុកម្ម កាលពីថ្ងៃសៅរ៍។ កងទ័ពអ៊ីស្រាអែលបាននិយាយថា ក្រុមបាតុករបានគប់ដុំថ្មនិងគ្រឿងផ្ទុះតម្រង់ទៅកាន់ព្រំដែនអ៊ីស្រាអែល។ កងទ័ពអ៊ីស្រាអែលក៏បានថ្លែងដែរថា ក្រុមបាតុករក៏បានដុតកង់ឡានផងដែរ។
ការធ្វើបាតុកម្មប្រចាំសប្តាហ៍បានត្រូវរៀបចំឱ្យមានឡើង ដើម្បីទាមទារឱ្យមានការបញ្ឈប់ការរាំងខ្ទប់តំបន់ Gaza ដោយអីស្រាអែល និងអេហ្ស៊ីប ដែលមានធ្វើចាប់តាំងពីឆ្នាំ ២០០៧ មក នៅពេលដែលពួក Hamas ដែលជាក្រុមអ្នកគោរពសាសនាឥស្លាមតឹងរ៉ឹងតាមគម្ពីរ បានក្លាយទៅជាអាជ្ញាធរគ្រប់គ្រងដែនដី Gaza។
ក្រុមជនជាតិប៉ាឡេស្ទីនធ្វើបាតុកម្មទាំងនេះចង់បានសិទ្ធិវិលត្រឡប់ទៅកាន់ដែនដីដែលពួកគេបានចាកចេញនៅពេលបង្កើតប្រទេសអ៊ីស្រាអែល។ ប្រទេសអ៊ីស្រាអែលបានប្រឆាំងនឹងគំនិតនេះ។
ជនជាតិប៉ាឡេស្ទីនប្រមាណ ២០០ នាក់ និងទាហានអ៊ីស្រាអែល ម្នាក់បានបាត់បង់ជីវិតកាលពីឆ្នាំទៅមិញ នៅក្នុងការធ្វើបាតុកម្មប្រចាំសប្តាហ៍បែបនេះ៕