ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​បង្រួម​ដំណើរ​ទស្សនកិច្ច​នៅ​ក្នុង​សហរដ្ឋ​អាមេរិក បន្ទាប់ពី​មាន​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​


លោក​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Mike Pompeo នៅ​ក្នុង​ក្រុង Jerusalem កាលពី​ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩។
លោក​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Mike Pompeo នៅ​ក្នុង​ក្រុង Jerusalem កាលពី​ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩។

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu គ្រោង​នឹង​ជួប​ជាមួយ​នឹង​ប្រធានាធិបតី​អាមេរិក​លោក Donald Trump នៅ​ថ្ងៃ​ចន្ទ​នេះ ហើយ​នឹង​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ប្រទេស​អ៊ីស្រាអែល​វិញ​ភ្លាមៗ ដោយ​បង្រួម​ដំណើរ​ទស្សនកិច្ច​របស់​លោក ដោយសារតែ​មាន​ស្ថានការណ៍​វាយ​ប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​ចេញ​ពី​តំបន់ Gaza Strip មក​លើ​ប្រទេស​អ៊ីស្រាអែល។

លោក Netanyahu បាន​គ្រោង​ពិសា​អាហារ​ពេល​ល្ងាច​នៅ​សេតវិមាន​ប្រធានាធិបតី​អាមេរិក​នៅ​ថ្ងៃ​អង្គារ​ស្អែក និង​បាន​គ្រោង​ថ្លែង​សុន្ទរកថា​ទៅ​កាន់​អង្គការ​គណៈកម្មាធិការ​កិច្ចការ​សាធារណៈ​អាមេរិក​អ៊ីស្រាអែល (American Israel Public Affairs Committee) ដែល​ជា​អង្គការ​បញ្ចុះបញ្ចូល​គោល​នយោបាយ​គាំទ្រ​ជនជាតិ​ជ្វីប។

លោក​បាន​សន្យា​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ដែល​ប្រកាស​អំពី​ការ​ផ្លាស់ប្ដូរ​គម្រោង​ទស្សនកិច្ច​របស់​លោក​នេះ​ថា ប្រទេស​អ៊ីស្រាអែល​នឹង​ឆ្លើយតប​ដោយ​កម្លាំង​ចំពោះ​អ្វី​ដែល​លោក​ហៅ​ថា​ជា «ការ​វាយ​ប្រហារ​ឧក្រិដ្ឋកម្ម» លើ​ប្រទេស​អ៊ីស្រាអែល។

គ្រាប់​រ៉ុក្កែត​ដែល​បាញ់​ចេញ​ពី​តំបន់ Gaza Strip នោះ បាន​ធ្លាក់​ចំ​ផ្ទះ​មួយ​ខ្នង​នៅ​ភាគ​កណ្ដាល​ប្រទេស​អ៊ីស្រាអែល ស្ថិត​នៅ​ភាគ​ឦសាន​នៃ​ទីក្រុង Tel Aviv ដោយ​ធ្វើ​ឲ្យ​មនុស្ស ៧ នាក់​រង​របួស។

យោធា​អ៊ីស្រាអែល​បាន​ចោទ​ប្រកាន់​លើ​ក្រុម​សកម្ម​ប្រយុទ្ធ Hamas ថា​ជា​អ្នក​ធ្វើ​ការ​វាយ​ប្រហារ​នេះ។ យោធា​អ៊ីស្រាអែល​បាន​បញ្ជាក់​ថា ខ្លួន​នឹង​តបត​វិញ ដោយ​ការ​បញ្ជូន​ទាហាន​ទៅ​កាន់​ព្រំដែន​តំបន់ Gaza។

ដំណើរ​ទស្សនកិច្ច​ដ៏​ខ្លី​របស់​លោក Netanyahu ទៅ​កាន់​សហរដ្ឋ​អាមេរិក​នេះ បាន​ធ្វើ​ឡើង​ស្រប​ពេល​ដែល​លោក​ស្វែងរក​ការ​គាំទ្រ​ផ្នែក​នយោបាយ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឡើង​វិញ​ដ៏​តឹងតែង​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ៩ ខែ​មេសា​ខាង​មុខ និង​ស្រប​ពេល​ដែល​លោក Trump គ្រោង​នឹង​ទទួល​ស្គាល់​ជា​ផ្លូវការ​នូវ​អធិបតេយ្យភាព​របស់​អ៊ីស្រាអែល​លើ​តំបន់ Golan Heights ដែល​មាន​ជម្លោះ៕

XS
SM
MD
LG