លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានតែងតាំងលោកស្រី Gayle Smith ជាអ្នករដ្ឋបាលកំពូលរបស់ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក (USAID)។
ប្រសិនបើបានទទួលការតែងតាំងពីព្រឹទ្ធសភា លោកស្រី Smith នឹងជំនួសលោក Rajiv Shah អតីតនាយកទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក (USAID) ដែលបានចាកចេញពីតំណែងកាលពីខែកុម្ភៈបន្ទាប់ពីបានបម្រើការងារនោះអស់រយៈពេល៥ឆ្នាំមក។
នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ លោកស្រី Susan Rice ទីប្រឹក្សាសន្តិសុខជាតិបានព៌ណនាលោកស្រី Smith ថា ជាសហការីនិងមិត្តភក្តិដ៏មានតម្លៃម្នាក់។
លោកស្រី Rice បានមានប្រសាសន៍ថា «បទពិសោធន៍ក្នុងវិស័យនោះអស់រយៈពេលជាច្រើនឆ្នាំរបស់លោកស្រីរួមមាននៅទ្វីបអាហ្វ្រិក និងការដឹកនាំ ការឆ្លៀសវៃនិងចំណេះដឹងខាងអភិវឌ្ឍន៍អន្តរជាតិដ៏ធំធេងរបស់លោកស្រីធ្វើឲ្យលោកស្រីក្លាយជាអ្នកទទួលបានការតែងតាំងដ៏ពិសេសសម្រាប់អ្នករដ្ឋបាលទីភ្នាក់ងារ USAID។
លោកស្រី Smith កាលពីពេលថ្មីៗនេះមានទំនាក់ទំនងការងារជិតដិតជាមួយលោកស្រី Rice ជានាយកជាន់ខ្ពស់សម្រាប់ការអភិវឌ្ឍន៍និងលទ្ធិប្រជាធិបតេយ្យនៅក្នុងបុគ្គលិកក្រុមប្រឹក្សាសន្តិសុខជាតិ ដែលនៅទីនោះការទទួលខុសត្រូវរបស់លោកស្រីរួមមានការអភិវឌ្ឍន៍ ប្រជាធិបតេយ្យសាកលលោក ហើយនិងបញ្ហាជំនួយមនុស្សធម៌៕