ក្រោយពីស្ថិតក្នុងសេវាកម្មបម្រើទេសចរណ៍អស់រយៈពេលជាង៣០ឆ្នាំ នៅថ្ងៃនេះសំបូរ ដែលជាដំរីមេមួយក្បាលនឹងត្រូវវិលទៅរកជីវភាពក្នុងព្រៃដូចធម្មជាតិវិញ។
ដំរីអាយុ៥៤ឆ្នាំនេះនឹងត្រូវយកទៅថែរក្សាទុកក្នុងតំបន់ព្រៃការពារក្នុងស្រុកកែវសីមា ក្នុងជ្រលងភ្នំមួយនៃខេត្តមណ្ឌលគីរី នៅថ្ងៃទី២៩ខែវិច្ឆិកានេះ។នៅទីនោះវានឹងត្រូវស្ថិតក្រោមការថែទាំរបស់អង្គការការពារសត្វដំរីនិងរដ្ឋបាលព្រៃឈើ។
ពិធីសូត្រមន្តមួយត្រូវធ្វើឡើងនៅផ្ទះរបស់ហ្មដំរីលោកស៊ិន ស៊ន ក្នុងសង្កាត់ភ្នំពេញថ្មីនៅរសៀលថ្ងៃអង្គារនេះដើម្បីបួងសួងនិងប្រោះព្រំសុំសេចក្តីសុខសម្រាប់ជីវិតចូលនិវិត្តន៍របស់សំបូរ។
លោកស៊ិន ស៊ន រំលឹកទាំងសោកស្តាយចំពោះការឃ្លាតឆ្ងាយពីដំរីដែលគាត់បានរស់នៅជាមួយចាប់តាំងពីលោកមានអាយុ៨ឆ្នាំមកម្ល៉េះ។
«ឪពុកខ្ញុំទាក់បាននៅភ្នំឪរ៉ាល់ ខេត្តកំពង់ស្ពឺ។ កាលពីខ្ញុំនៅកុមារភាព។ បានថាវាហ្នឹងខ្ញុំដូចបងប្អូនចឹង»។
ដំរីឈ្មោះសំបូរនេះត្រូវគេស្គាល់ទាំងលក្ខណៈជាតិនិងអន្តរជាតិ។ វាតែងតែបង្ហាញវត្តមាននៅរមណីយដ្ឋានវត្តភ្នំរៀងរាល់ថ្ងៃដើម្បីរង់ចាំដឹកភ្ញៀវទេសចរណ៍ដែលទៅកំសាន្តនៅទីនោះ។ វាបានរស់នៅជាមួយលោកស៊ិន ស៊ន ក្នុងអំឡុងសម័យសង្គមរាស្ដ្រនិយមរហូតដល់សម័យកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហម។នៅសម័យនោះពួកខ្មែរក្រហមបានដកហូតសត្វចតុបាតនេះទុក។លុះដល់របបខ្មែរក្រហមបានដួលរលំ លោកស៊ន ដែលអាយុបងសត្វដំរីនេះត្រឹមបីឆ្នាំ បានស្វែងរកដំរីនេះឡើងវិញហើយបានយកមកចិញ្ចឹមនិងបានប្រើវាក្នុងការដឹកជញ្ជូនភ្ញៀវទេសចរណ៍កំសាន្តនៅជុំវិញវត្តភ្នំ ចាប់តាំងពីទសវត្សរ៍១៩៨០មកម្ល៉េះ។
ជារៀងរាល់ថ្ងៃដំរីនេះបានរកចំណូលជាមធ្យមចំនួន២០ដុល្លារអាមេរិកសម្រាប់លោក ស៊ិន ស៊ន។
ប៉ុន្តែមុនចូលនិវត្តន៍សំបូរ បានសម្រាកនៅផ្ទះរបស់លោកអស់រយៈពេលជិតពីរឆ្នាំមកហើយដោយសារសំបូរឈឺជើងមុខខាងស្តាំ។
ការវិលទៅរកជីវិតក្នុងធម្មជាតិវិញរបស់សំបូរ កើតឡើងក្រោមការជួយគាំពាររបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីកិច្ចអភិវឌ្ឍន៍អន្តរជាតិ (USAID)។
លោកសន ខលឡាហេម (Sean Callaham) នាយករងបេសកម្មរបស់ USAID ប្រចាំកម្ពុជាមានប្រសាសន៍ក្រោយពីពិធីសូត្រមន្តសម្រាប់ជូនដំណើរដំរីសំបូរថាការវិលទៅរស់នៅក្នុងតំបន់ព្រៃវិញគឺជាផ្នែកមួយចូលរួមចំណែកថែរក្សាសត្វព្រៃរបស់កម្ពុជា។
«សំបូរកាន់តែចាស់ហើយ។ខ្ញុំគិតថាដល់ពេលវេលាដែលវាត្រូវចូលនិវត្តន៍ហើយ។នេះគឺជាការបង្ហាញនូវការគាំទ្រដល់ប្រជាពលរដ្ឋកម្ពុជានិងការអភិរក្សធនធានធម្មជាតិរបស់កម្ពុជានិងតម្រូវការការពារជីវចម្រុះនិងព្រៃឈើ។យើងសង្ឃឹមថានេះគឺជាដំណាក់កាលមួយក្នុងចំណោមដំណាក់កាលជាច្រើនទៀតដែលកម្ពុជានឹងត្រូវប្រកាន់យកដើម្បីយកមកវិញនូវសត្វព្រៃ អភិរក្សព្រៃឈើនិងជីវចម្រុះ»។
លោកកែវ អូម៉ាលីស ប្រធាននាយកដ្ឋានសត្វព្រៃនិងជីវចម្រុះនៃរដ្ឋបាលព្រៃឈើរបស់ក្រសួងកសិកម្មមានប្រសាន៍ថាសំបូរនឹងស្ថិតនៅក្រោមការការពារនិងអភិរក្ស។
«គឺជាការល្អដែលបញ្ជូនសំបូរទៅវិញព្រោះដំរីនៅទីនេះមានទីធ្លាមិនសមប្រកបសម្រាប់សំបូររស់នៅទេ។ ព្រោះដំរីត្រូវការទីជម្រកដែលធំ ជាតំបន់ព្រៃនិងមានដំរីផ្សេងៗផងដែរ»។
ប្រទេសកម្ពុជាមានដំរីព្រៃប្រមាណពី៤០០ទៅ៥០០ក្បាលនិងដំរីស្រុក៧៨ក្បាលនេះបើយោងតាមរបាយការណ៍ផ្សេងរបស់អង្គការការពារសត្វដំរីនិងរបាយការណ៍របស់នាយកដ្ឋានសត្វព្រៃនិងជីវចម្រុះ។
លោកJack Highwood ប្រធានកម្មវិធីនៃអង្គការការពារសត្វដំរីELIEរំលឹកថាសត្វដំរីនៅប្រទេសកម្ពុជាបានថយចុះពីចំនួនរាប់ពាន់ក្បាលនៅសល់ត្រឹមតែប្រមាណជាង៤០០ក្បាលនាពេលបច្ចុប្បន្នដោយសារតែការបាត់បង់ជម្រកបណ្តាលមកពីការកាប់បំផ្លាញព្រៃឈើជាពិសេស។ហើយពេលនេះកម្ពុជាត្រូវតែធ្វើការអភិរក្សសត្វដំរី។ដោយឡែកសត្វដំរីសំបូរ នឹងត្រូវដាក់ឲ្យរស់នៅជាមួយសត្វដំរីមេចំនួនប្រាំបួនក្បាលផ្សេងទៀតលើផ្ទៃដី១១ហិកតាដែលសំបូរដោយព្រៃនិងព្រៃឬស្សីដែលដំរីចូលចិត្ត។ដំរីទាំងនោះគឺជាដំរីចាស់ៗនិងមានជំងឺ៕