ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហជីព​បន្ត​ទាមទារ​រក​ដំណោះស្រាយ​ជាមួយ​ក្រុមហ៊ុន ចាយអ៊ិន អាយប៊ីស ជុំវិញ​ការបញ្ឈប់​បុគ្គលិក


ក្រុមហ៊ុន Giant Ibis Transport មានទីតាំងនៅក្នុងរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ (រូបថតពីទំព័រហ្វេសប៊ុក​ Giant Ibis Transport)
ក្រុមហ៊ុន Giant Ibis Transport មានទីតាំងនៅក្នុងរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ (រូបថតពីទំព័រហ្វេសប៊ុក​ Giant Ibis Transport)

សហជីព​នៃ​ក្រុម​ហ៊ុន​ដឹក​អ្នក​ដំណើរ ចាយអ៊ិន​ អាយប៊ីស Giant Ibis នៅ​តែ​បន្ត​តវ៉ា​ជាមួយនឹងក្រុម​ហ៊ុន​ជុំ​វិញ​ការ​បញ្ឈប់​ពីការងារ​ដោយ​សារ​ការ​រើស​អើងសហជីព និងការ​មិន​អនុវត្ត​តាម​ច្បាប់​ស្តី​ពី​សិទ្ធិ​ការងារ។

លោក សៀម ម៉ូរ៉ាឌី ប្រធាន​សហជីព​ប្រចាំ​ក្រុមហ៊ុន ចាយអិន អាយ ប៊ីស ប្រាប់វីអូអេ​នៅថ្ងៃ​អង្គារ​នេះថា​ លោក​និង​បុគ្គលិក​ដែលជា​ថ្នាក់ដឹកនាំ និង​ជា​សមាជិក​សហជីព​បាន​តវ៉ាជា​ច្រើន​លើក​មក​ហើយ​ គិត​ចាប់​តាំង​ពី​ការ​បណ្តេញ​ចេញពី​ការងារ​នៅ​ឆ្នាំ​២០២០​មក ដើម្បី​ឱ្យ​ក្រុម​ហ៊ុន​ដឹក​អ្នក​ដំណើរ ចាយអ៊ិន​ អាយប៊ីស Giant Ibis ទទួល​យក​ពួកគេ​ធ្វើការ​វិញ និង​ផ្តល់ឱ្យ​បុគ្គលិក​ចំពោះ​ការ​ទាមទារ​មួយ​ចំនួន​ ក្នុង​នោះ​មាន​ប្រាក់​រំឭក​អំឡុង​ពេល​ព្យួរ​ការងារ។

លោក​ថ្លែងថា​៖ «យើង​នៅ​តែ​បន្ត​ បន្ត​ទៀតព្រោះ​ដោយសារ​តែ​ក្រុម​ហ៊ុន​អត់​មាន​ដំណោះ​ស្រាយ​សម្រាប់​ពួក​យើង​។ អ្វី​ដែល​យើង​ទាមទារ​គឺ​ទី​មួយ​គឺ​ ទាមទារ​ឱ្យ​ទទួល​យក​ពួកយើង​ ជា​បុគ្គលិក​ចាស់​ចូល​ធ្វើ​ការវិញ។ ទី​ពីរ​សូម​ឱ្យ​រំឭក​ប្រាក់​ក្នុង​អំឡុង​ពេល​ព្យួរ​ការងារ កូវីដ​មក​ដល់​សព្វ​ថ្ងៃ​នេះ​សម្រាប់​ពួកយើង​។ ទីបីសុំ​ស្នើ​ឱ្យ​ក្រុម​ហ៊ុន​បញ្ឈប់​ការរើសអើង​ពួកយើង​ដែល​ជា​សហជីព​ឯករាជ្យ»។

លោក​បន្ថែមថា​៖ ​«មូលហេតុ​ដែល​ខ្ញុំ​ចេញ​តវ៉ា​ គឺ​ដោយសារតែ​ក្រុម​ហ៊ុន​ ចាយអ៊ិន​ អាយប៊ីស Giant Ibis ហ្នឹង​គឺ​ជា​ក្រុម​ហ៊ុន​មួយ​ដែល​គេហៅ​ថា​ លំដាប់​មួយ​នៅ​ប្រទេស​កម្ពុជា​យើង​ ដែល​អ្នក​ណា​ក៏​គេដឹង​ដែរ​គឺ​ម្ចាស់​ជំនួយ​គឺ​អ្នក​ឧកញ្ញា​ គិត ម៉េង តែ​បែរ​ជា​អត់​គោរព​ច្បាប់​ស្តី​អំពី​ការងារ​នៅ​ ព្រះរាជាណាចក្រ​កម្ពុជា​ បែរជា​រំលោភ​សិទ្ធិ​ទៅ​លើ​កម្មករ»។​

លោក ​រ៉ាន់ ប្រសើរ​ អាយុ៣៦​ឆ្នាំ ​ដែល​ធ្លាប់​ជាអ្នក​សម្រប​សម្រួល​នៅក្រុមហ៊ុន​ Giant Ibis ប្រាប់វីអូអេថា​ ក្រុមហ៊ុន​បានបញ្ឈប់​បុគ្គលិក​ប្រមាណ​៥០ នាក់​ដោយ​ខុស​ពី​នីតិវិធី​ច្បាប់​ និង​មិន​បាន​ផ្តល់​សំណង​សមរម្យ​ដល់​បុគ្គលិក។ លោក​បន្ថែម​ថា ក្រុមហ៊ុន​បានទាក់​ទងឱ្យ​បុគ្គលិក​មួយ​ចំនួន​ដែលមិន​ចូល​ជា​សមាជិក​សហជីព​ឱ្យ​មក​ចូលធ្វើ​ការ​វិញ​ ដោយ​កាត់​ចោល​អតីត​ភាព​ការងារ​របស់​ពួក​គេ។

លោក​បន្តថា ​ភាគី​ក្រុមហ៊ុន​តែង​តែ​គេច​វេះ​ អូស​បន្លាយ​ពេល​វេលា និង​មិនបាន​បញ្ជូន​អ្នក​មានសិទ្ធិ​សម្រេច​ក្នុងការ​មកចូលរួម​ចរចា​រកដំណោះ​ស្រាយ​លើវិវាទ​ដែល​កើត​មាន​នោះ​ឡើយ។

លោក​បន្ថែមថា៖ «សម្រាប់​ខ្ញុំក៏​ដូចជា​ក្រុម​សហជីព​គឺយើង​ចង់ឱ្យ​ក្រុមហ៊ុន​យក​តំណាង​ពិតប្រាកដមក​ចរចា​ជា​មួយខាង​សហជីព​ខាងប្អូន​ ដើម្បីជួប​ទល់មុខគ្នា​និយាយពី​ដំណោះស្រាយ​ទៅ​តាម​គោល​ការណ៍​ច្បាប់​ដែល​ក្រុមហ៊ុន​បាន​ធ្វើ​មក​លើពួក​យើង​»។

វីអូអេ​បាន​ទាក់​ទង​លេខ​ទូរស័ព្ទ​របស់​ក្រុម​ហ៊ុន​រ៉ូយ៉ាល់​គ្រុប​ដែល​មានលើ​គេហ​ទំព័រ​របស់​ក្រុមហ៊ុន ប៉ុន្តែ​បុគ្គលិក​ដែល​ទទួល​ទូរស័ព្ទ​នោះ​បដិសេធ​ផ្តល់​ការ​អត្ថាធិប្បាយ។

វីអូអេ​ក៏​បាន​ព្យាយាម​ទាក់ទង​ទៅ​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ លោក ហេង សួរ ទាំង​តាម​ទូរស័ព្ទ និង​តេឡេក្រាម ប៉ុន្តែ​មិន​ទទួល​បាន​ការ​ឆ្លើយ​តប​គិតត្រឹម​រសៀល​ថ្ងៃ​អង្គារ​នេះ។

ប្រធាន​សហភាព​ការងារ​កម្ពុជា (CLC) លោក អាត់ ធន់ ប្រាប់​វីអូអេ​ថា ក្រុម​ហ៊ុន ចាយអ៊ិន​ អាយប៊ីស បាន​ព្យួរ​កិច្ច​សន្យា​ការងារ​បុគ្គលិក​តាំងតែ​ពី​ឆ្នាំ២០២០ ដោយ​មូល​ហេតុកូវីដ​១៩ ប៉ុន្តែ​មក​ទល់ពេល​បច្ចុប្បន្ន​ក្រុមហ៊ុន​នៅ​តែមិន​ទទួល​យក​បុគ្គលិក​ទាំង​នោះ​ដែល​ជា​សមាជិក​សហជីព​ចូល​ធ្វើ​ការងារ​វិញ​ទេ​។ លោក​បន្ថែម​ថា ​វិវាទ​ការងារ​នេះ​ធ្លាប់​បាន​ក្រសួង​ការងារ​ហៅ​ទៅ​ចរចា​រវាង​ភាគី​ទាំង​ពីរ ប៉ុន្តែ​ការ​ចរចានោះមិន​ទទួល​បាន​ដំណោះ​ស្រាយ​ឡើយ។

លោក​បន្តថា៖​ «នៅ​ក្នុង​ក្រុម​ហ៊ុន ចាយ​អ៊ិន ​អាយប៊ីស​ វាមិន​ពិបាក​ទេ​ដោយសា​តែកម្មករ​សុខចិត្តថាមិន​ទាមទា​រចូលធ្វើការ​វិញ​ ហើយក៏មិន​ទាមទា​ឱ្យផ្តល់​សហជីព​ដែរ​ ទាមទារឱ្យតែផ្តល់​ត្រឹមត្រូវ​តាមច្បាប់​ប្រាំចំណុច​តែប៉ុណ្ណោះ ​អ៊ីចឹងដូចវាពិបាក​ព្រោះ​លក្ខខណ្ឌពីរបី​ ខាង​កម្មករគាត់​ទម្លាក់ហើយ​នៅតែចំនួន​លុយ​ដែល​ត្រូវផ្តល់​ឱ្យគាត់​បញ្ជាប់​រឿង​តែ​ប៉ុណ្ណឹង​គឺ​ចប់​ហើយ​»។

លោក​បន្ថែម​ថា៖ «ជា​រួមគឺ​ក្រសួង​មានលទ្ធ​ភាព​គ្រប់​គ្រាន់​ក្នុងការ​ជំរុញនិង​លើក​ឱ្យភាគី​អនុវត្ត​ច្បាប់​ ប្រសិន​បើតំណាងរដ្ឋ​ក្រសួងប៉ុណ្ណាប៉ុណី្ណ​មិន​មាន​ប្រសិទ្ធិភាព​ទៀត​ អ៊ីចឹង​មានន័យថា​វា​អត់​មាន​ន័យអី​ទេប្រព័ន្ធដោះ​ស្រាយវិវាទ​របស់​យើង​»។

យ៉ាង​ណា​មិញ​ លោក សៀម ម៉ូរ៉ាឌី មើល​ឃើញ​ពី​ភាព​អសកម្ម​របស់​រដ្ឋាភិបាល​ចាស់​ក្នុង​ការ​ដោះ​ស្រាយ​វិវាទ​ការងារ​រវាង​សហជីព និង​ម្ចាស់​ក្រុមហ៊ុន​ ហើយ​លោក​រំពឹង​ថា ​នៅ​ពេល​ដែល​លោក​ ហ៊ុន ម៉ាណែត​ បាន​ឡើង​កាន់​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី​ថ្មី លោក​នឹង​អាច​មើល​ឃើញ​ពី​ទុក្ខ​លំបាក​របស់​សហជីព និង​កម្មករ​និយោជិត។

លោក​ថ្លែង​ថា៖ «សូម​ឱ្យ​ឯក​ឧត្តម​ ហ៊ុន ម៉ាណែត​ ប្រសិន​បើ​គាត់​មាន​ឆន្ទៈ​ជា​នាយក​រដ្ឋ​មន្ត្រី​គឺ​គាត់​មាន​ធ្វើ​ដូចឪពុក​គាត់​មុន​ ខ្ញុំ​និយាយ​ត្រង់​ហ្មង​មិន​ធ្វើ​ដូចឪពុក​គាត់​មុន​ គឺ​មើល​ឃើញ​កម្មករ​មើល​ឃើញ​តែ​ភ្នែក។ មិន​មែន​ថា​គាត់​មិន​ឃើញ​ទេ ខ្ញុំ​ជឿ​ថា​គាត់​ឃើញ​ អ៊ីចឹង​ខ្ញុំ​ជឿ​ថា​គាត់​កែ​សម្រួល​នូវ​អ្វី​ដែល​ជា​កម្មករ​និយោជិតយើង​ពិបាក ហើយ​ប្រជាជន​រាល់​ថ្ងៃ​នេះ​គឺ​រក​សម្រាប់​តែ​អាហារ​៣ពេល​ទេ អត់​រក​សល់​ទៅ​ណា​ទេ​ រាល់​ថ្ងៃ​រក​សម្រាប់​តែ​ចិញ្ចឹម​ប្រពន្ធ​កូន​ទេ​បាទ»។

គួររំឭកថា​ កាល​ពី​ខែ​មេសា បុគ្គលិក​នៃ​ក្រុម​ហ៊ុន​ដឹក​អ្នក​ដំណើរ ចាយអ៊ិន​ អាយប៊ីស Giant Ibis បាន​នាំ​គ្នា​ឈរ​តវ៉ា​លើក​បដា ​នៅមុខ​ទី​ស្នាក់​ការ​របស់​ក្រុម​ហ៊ុន​ក្បែរ​ផ្សារ​រាត្រី។​ ការ​តវ៉ា​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុមហ៊ុន​ព្យួរ​កិច្ច​សន្យា​ការងារ​តាំងតែ​ពី​ឆ្នាំ២០២០ ដោយ​មិន​បាន​កំណត់​ថ្ងៃ​ចូល​ធ្វើការងារ​វិញ​នោះ​ទេ។ ពួកគេ​បាន​ធ្វើ​ការ​តវ៉ា​ដើម្បី​ឱ្យក្រុម​ហ៊ុន​ទទួល​យក​បុគ្គលិករាប់​សិបនាក់​ចូល​ធ្វើ​វិញ​ ខណៈ​អ្នក​តវ៉ា​ចោទថា​ ក្រុម​ហ៊ុន​នេះ​មាន​ការ​រើស​អើង​សហជីព​៕

XS
SM
MD
LG