ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហជីព​ថា​ការ​នាំ​ចេញ​របស់​កម្ពុជា​ធ្លាក់​ចុះ ដោយ​សារ​វិបត្តិ​សកលនិង​បញ្ហា​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ


រូបឯកសារ៖ កម្មកររោងចក្រ​កម្ពុជា​បត់​សម្លៀកបំពាក់​ក្នុង​រោងចក្រ​មួយ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ នៅ​ជាយ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ​ ទី​២៣ ខែសីហា ឆ្នាំ​២០១៧។ (AP Photo/Heng Sinith)
រូបឯកសារ៖ កម្មកររោងចក្រ​កម្ពុជា​បត់​សម្លៀកបំពាក់​ក្នុង​រោងចក្រ​មួយ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ នៅ​ជាយ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ​ ទី​២៣ ខែសីហា ឆ្នាំ​២០១៧។ (AP Photo/Heng Sinith)

ក្រុម​សហជីព​លើក​ឡើង​ថា​ការ​ធ្លាក់​ចុះ​ទំហំ​ពាណិជ្ជកម្ម​អន្តរ​ជាតិ​របស់​កម្ពុជា ក្នុង​នោះ​ការ​នាំ​ចេញ​ធ្លាក់​ចុះ បណ្តាល​មក​ពី​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែន​ ជាពិសេស​ភាព​មិន​ប្រាកដ​ប្រជា​នៃ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​របស់​អាមេរិក​និង​សហភាព​អឺរ៉ុប។

យោង​តាម​របាយ​ការណ៍​របស់​អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ​២០២៣ ទំហំ​ពាណិជ្ជកម្ម​អន្តរ​ជាតិ​របស់​កម្ពុជា​មាន​ចំនួន​២៣,៦៩​ពាន់​លាន​ដុល្លារ​ក្នុង​រយៈ​ពេល​៦ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​ ដែល​ធ្លាក់​ចុះ​១៣% បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន។

ការ​ធ្លាក់​ចុះ​ទំហំ​ពាណិជ្ជកម្ម​នេះ ដោយសារ​ការ​នាំចេញ​ទៅ​កាន់​ប្រទេស​មួយ​ចំនួន​ធ្លាក់​ចុះ រួម​មានសហរដ្ឋ​អាមេរិក​ធ្លាក់​ចុះ៨,៩% ទៅ​បារាំង​ធ្លាក់​ចុះ៦,៥%​ ចក្រ​ភពអង់​គ្លេស​១២,៦% អាល្លឺម៉ង់​១៥,៧% និងបែល​ហ្ស៉ិក​៣៥%។

លោក​ អាត់​ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ ថ្លែង​ជាមួយ​អ្នក​កាសែត​អំពី​បរិយាកាស​ការងារ​នៅ​ក្នុង​ប្រទេសនៅ​ក្នុងពិធីជួបជុំ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ថ្ងៃ​ទី​១​ ខែ​ឧសភា ឆ្នាំ​២០១៨​ នៅក្នុង​ទីក្រុង​ភ្នំពេញ​។ (ហ៊ុល​ រស្មី​/VOA)
លោក​ អាត់​ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ ថ្លែង​ជាមួយ​អ្នក​កាសែត​អំពី​បរិយាកាស​ការងារ​នៅ​ក្នុង​ប្រទេសនៅ​ក្នុងពិធីជួបជុំ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ថ្ងៃ​ទី​១​ ខែ​ឧសភា ឆ្នាំ​២០១៨​ នៅក្នុង​ទីក្រុង​ភ្នំពេញ​។ (ហ៊ុល​ រស្មី​/VOA)

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ប្រាប់​វីអូអេ​ថា​ទំហំ​ពាណិជ្ជកម្ម​អន្តរ​ជាតិ​កម្ពុជា​ធ្លាក់​ចុះ​ដោយ​សារ​តែស្ថាន​ភាព​សេដ្ឋ​កិច្ចពិ​ភព​លោក​មាន​ការ​ប្រែ​ប្រួល​ខ្លាំង ដែល​កើត​ចេញ​ពី​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន និង​ការ​មិ​ន​ទាន់ចុះ​កិច្ច​ព្រម​ទាំង​ឡើង​វិញ​ពាក់​ព័ន្ធ​ជាមួយ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ GPS ​ឬ​ Generalized System of Preferences)របស់​សហ​រដ្ឋ​អាមេរិក​ ក៏​ដូច​ជា​ការ​ដក​ប្រព័ន្ធ​ EBA(Everything But Arms)​ចំនួន​២០% កាល​ពី​ឆ្នាំ​២០២០។

​បើ​តាមមេដឹកនាំ​សហជីព​រូប​នោះ ភាព​មិន​ប្រាក​ដប្រ​ជា​ពាក់​ព័ន្ធ​នឹង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ​និង​ GPS គឺ​ដោយ​សារតែ​មាន​ភាព​តាន​តឹង​នយោ​បាយ​រវាង​កម្ពុជា​និង​បណ្តា​ប្រទេស​ប្រជា​ធិប​តេយ្យ​ទាំង​នោះ​លើ​ការគោរព​សិទ្ធិ​មនុស្ស និងលទ្ធិ​ប្រជា​ធិប​តេយ្យ​នៅ​កម្ពុជា។

លោក​ថ្លែង​ថា៖ «ជា​សត្យា​នុម័ត​ គឺ​ត្រូវ​តែ​ប៉ះពាល់​ទៅ​ដល់​ការ​បង្កើត​ការងារថ្មី​ និង​រក្សា​ការ​ងារ​ចាស់​ ហើយ​នៅ​ពេល​ដែល​មិន​មាន​ការ​ងារ ហើយ​ការងារ​មិន​ជាប់​លាប់ មាន​ន័យ​ថា​កម្មករ​បាត់​បង់​ប្រាក់​ចំណូល​ បាត់​បង់​ការងារ​ ហើយ​ពេល​នោះ​ គឺ​ថា​ភាព​ក្រីក្រ​អាច​កើន​ឡើង​ និង​វិបត្តិ​សង្គម​ផ្សេងៗ»។

លោក​បន្ថែម​ថា​៖ «ទី​១​គឺ​ចំពោះ​ខ្ញុំ​ផ្ទាល់ យើ​ងគិត​ថា​រដ្ឋា​ភិបាល​ត្រូវ​បង្កើត​កិច្ច​ព្រម​ព្រៀង​ទ្វេ​ភាគី​ច្រើន​ ឱ្យ​បាន​ច្រើន​ទៀត​ជាមួយ​ប្រទេស​នៅ​ជុំវិញ​ពិភព​លោក។ ហើយ​ទី​២ គឺ​ត្រូវ​ចរចា​រក្សា​ GSP និ​ង​ EBA​ ធ្វើ​ម៉េច​ឱ្យ​បាន»។

​ស្រដៀង​គ្នា​នេះ​ដែរ លោក ប៉ាវ ស៊ីណា ប្រធាន​សហជីព​ចលនា​កម្មករ​កម្ពុជា លើក​ឡើង​ថា​សង្គ្រាម​នៅ​អ៊ុយ​ក្រែន​បាន​បង្អាក់​ការ​បញ្ជា​ទិញ​របស់​អ្នក​ទិញ និង​ថា​ការ​យក​ពន្ធ​នៅ​ពេល​ដែល​នាំ​ចេញ​ពី​កម្ពុជា ដោយ​សារ​តែ​ការ​ដក​២០​%​នៃប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ ​EBA និង​ការ​មិន​ទាន់​ចុះ​កិច្ច​ព្រម​ព្រៀ​ង​ឡើង​វិញ​GPS ដែល​ជា​កត្តា​រួម​ផ្សំ​នៃ​ការ​ធ្លាក់​ចុះ។

លោក​ថ្លែ​ង​ថា៖ «ប៉ុន្តែ​ខ្ញុំ​នៅ​តែ​យល់​ថា​ស្ថាន​ភាព​ទាំង​អស់ វា​នឹង​អាច​មាន​ភាព​ប្រ​សើរ​ឡើង ប្រសិន​បើ​រដ្ឋាភិ​បាល​ទាំង​ពីរ​រវាង​កម្ពុជា​និង​សហ​រដ្ឋអា​មេរិក បន្ត​ការ​ជជែក​គ្នា​ជុំវិញ​ចំណុច​ខ្វះ​ខាត​មួយ​ចំនួន​ ដើម្បី​ធ្វើ​ម៉េច​ស្តារ​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​ចំពោះ​ការ​នាំ​ចេញ​នេះ​ ដើម្បី​កម្មករ​យើង​គាត់​មាន​ភាព​កក់​ក្តៅ»។

បើ​តាម​ប្រធាន​សហជីព​រូប​នេះ​ បើ​សិន​ជា​មិន​មាន​ការ​ស្តារ​ស្ថានភាព​ទេ​ កម្ម​ករ​អាច​ប្រឈម​នឹង​ការ​កាត់​បន្ថយ​ប្រាក់​ខែ ឬក៏​ឈាន​ដល់​ការ​ព្យួរ​ពី​ការងារ។
វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយពី​លោក ប៉ែន សុវិជាតិ​ អនុរដ្ឋលេខាធិការ​និង​ជា​អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម និង​លោក ហេង សួរ​ អ្នកនាំពាក្យ​ក្រសួង​ការ​ងារ​បាន​នៅ​ឡើយ​ទេ។

ចាប់​តាំង​ពី​ឆ្នាំ​២០១៧​ នៅ​ពេល​ដែល​គណ​បក្ស​ប្រជា​ជន​កម្ពុជា​បាន​ចាប់​ផ្តើម​ការ​បង្រ្កាប​នយោបាយ សហ​រដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប​ បាន​ជំរុញ​ឱ្យ​រដ្ឋា​ភិបាល​បើក​លំហ​ប្រជា​ធិបតេយ្យ​ឡើង​វិញ និង​គោរព​សិទ្ធិ​នយោ​បាយ​ជា​មូលដ្ឋាន។

ចាប់​តាំង​ពី​ខែ​សីហា ឆ្នាំ​២០២០ សហភាព​អឺរ៉ុប​បាន​កាត់​បន្ថយ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ចំនួន​២០​%​ដែល​ការណ៍​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​កាត់​ដេរ ​ស្បែក​ជើង ​ទំនិញ​ធ្វើ​ដំណើរ​ និង​ស្ករស​ ដែល​ជារួម​ផ្តល់​ការងារ​ដល់​កម្មករ​ប្រមាណ​១​លាន​នាក់។ទន្ទឹម​នឹង​នោះ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហរដ្ឋ​អាមេរិក​បាន​ផុត​កំណត់​ក្នុង​ខែ​ធ្នូ​ ឆ្នាំ​២០២០​ ហើយ​មិន​ត្រូវ​បាន​បន្ត​ទេ ​មាន​ន័យ​ថា​កម្ពុជា​កំពុង​ខាត​បង់​ប្រាក់​ច្រើន​រយ​លាន​ក្នុង​ការ​នាំចេញ​ដោយ​គ្មាន​បង់​ពន្ធ​ ឬ​បង់​ពន្ធ​ទាប ​ក្នុង​គ្រា​ដែល​សហ​រដ្ឋ​អាមេរិក​នៅ​តែ​ជា​ទីផ្សារ​នាំ​ចេញ​ធំ​បំផុត​របស់​កម្ពុជា។ នេះ​បើ​តាម​សហជីព។

ទោះ​ជា​យ៉ាងណា លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់​បាន​បញ្ជាក់​ថា​វា​មិន​មានផល​ប៉ះពាល់​ទេ ​ទោះ​ជា​គ្មាន​ EBA​ នៅ​ឆ្នាំ​ខាង​មុខៗ​ក្តី។​

អ្នក​នាំ​ពាក្យ​ស្ថានទូត​អា​មេរិក​ប្រចាំ​នៅ​កម្ពុជា កញ្ញា Stephanie Azarte ប្រាប់​វីអូអេ​តាម​សារ​អ៊ីម៉ែល​ថា​កម្ពុជា​ចំណេញ​ច្រើន​ពី​ការ​នាំ​ចូល​ទៅ​កាន់​ទី​ផ្សារ​របស់​សហ​រដ្ឋអាមេរិក។

កញ្ញា​បញ្ជាក់​ថា៖ «ទំនាក់​ទំនង​ពាណិជ្ជ​កម្ម​របស់​ពួក​យើង គួរ​តែ​ធ្វើ​ឡើង​តាម​របៀប​ចំណេញ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ តម្លាភាព តុល្យភាព និង​ប្រកាន់​ខ្ជាប់​ទៅ​តាម​ស្តង់​ដារ​ខ្ពស់ ព្រម​ទាំង​សិទ្ធិ​កម្មករ​»។

ទោះ​ជាយ៉ាង​ណា​ អ្នកនាំ​ពាក្យ​រូបនេះ​អះ​អាង​ថា​ប្រព័ន្ធ​ GSP ​បាន​ផុត​កំណត់​តាំង​ពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០២០​មក​ម្លេះ ហើយ​សភា​អាមេរិក​នៅ​មិន​ទាន់​ដំណើរ​ការ​វា​ឡើង​វិញ​ទេ។

បើ​តាម​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ​អាមេរិក​បាន​ផ្តល់​ឱ្យ​កម្ពុជា​នូវ​ការ​អនុ​គ្រោះ​ផ្នែក​ពាណិជ្ជ​កម្ម​នៅ​ក្រោម​កម្មវិធី​នៃ​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ​ GSP​ ដែល​ជា​ការ​ធ្វើ​ឱ្យ​កម្ពុជា​អាច​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​សហរដ្ឋ​អាមេរិក ​ដោយ​មិន​បង់​ពន្ធ​គយ​នូវ​ទំនិញ​ជាង​៥ ពាន់​មុខ។ នៅ​ក្រោម ​GSP​ នេះ​ កម្ពុជា​បាន​នាំ​ទំនិញ​សម្រាប់​ការ​ធ្វើ​ដំណើរ​ដែល​មាន​តម្លៃ​ជិត​១​ពាន់​លាន​ដុល្លារ​ទៅ​កាន់អាមេរិក​ក្នុង​មួយ​ឆ្នាំ៕

XS
SM
MD
LG