ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​៣​នាក់​ស្លាប់​និង​ជាង​២០​នាក់​របួស ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​បុក​រថយន្ត​ដឹក​កម្មករ​ក្នុង​ខេត្ត​កំពង់ស្ពឺ


ទិដ្ឋភាព​នៅ​កន្លែង​កើត​ហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​បុក​រថយន្ត​ដឹក​កម្មករ​ក្នុង​ខេត្ត​កំពង់ស្ពឺ ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០២១ ដែល​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​៣​នាក់​ស្លាប់​និង​ជាង​២០​នាក់​របួស។ (គេហទំព័រ​​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​កម្ពុជា)
ទិដ្ឋភាព​នៅ​កន្លែង​កើត​ហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​បុក​រថយន្ត​ដឹក​កម្មករ​ក្នុង​ខេត្ត​កំពង់ស្ពឺ ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០២១ ដែល​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​៣​នាក់​ស្លាប់​និង​ជាង​២០​នាក់​របួស។ (គេហទំព័រ​​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​កម្ពុជា)

យ៉ាង​តិច​អ្នក​ដំណើរ​៣​នាក់​បាន​ស្លាប់ និង​ជាង​២០​នាក់​ទៀត​រង​របួស នៅ​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​មួយ ដែល​កើត​ឡើង​ក្នុង​ស្រុក​សំរោង​ទង ខេត្ត​កំពង់​ស្ពឺ កាល​ពី​ល្ងាច​ថ្ងៃ​ពុធ ទី​១១ ខែ​សីហា។ នេះ​យោង​តាម​តាម​របាយ​ការណ៍​របស់​នគរ​បាល និង​មន្រ្តី​នគរបាល​មូលដ្ឋាន។

គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​កើត​ឡើង​រវាង​រថយន្ត​ដឹក​កម្មករ និង​រថយន្ត​ដឹក​ឥដ្ឋ ដែល​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​បន្ថែម​អំពី​សុវត្ថិភាព​របស់​កម្មករ​ពេល​ធ្វើ​ដំណើរ​តាម​រថ​យន្ត​មក​ធ្វើ​ការ និង​ត្រឡប់​ទៅ​ផ្ទះ​វិញ។

បើ​តាម​របាយ​ការណ៍​ដែល​បង្ហោះ​នៅ​លើ​គេហទំព័រ​របស់​អគ្គ​ស្នង​ការ​ដ្ឋាន​នគរបាល​ជាតិ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៥​និង​១០​នាទី​ល្ងាច​លើ​ផ្លូវ​ជាតិ​លេខ​៤១ ក្នុង​ភូមិ​សំរោង ឃុំ​ត្រពាំង​គង ស្រុក​សំ​រោង​ទង បណ្តាល​ឲ្យ​មនុស្ស​៣នាក់​ស្លាប់ ក្នុង​នោះ​មាន​ស្រី​២​នាក់ និង​ប្រុស​១នាក់ និង​២៥​នាក់​ទៀត​បាន​រង​របួស​ធ្ងន់​និង​ស្រាល។

លោក យ័ន្ត សន មេ​ប៉ុស្តិ៍​នគរ​បាលត្រពាំង​គង ដែល​ជា​ទី​កន្លែង​គ្រោះ​ថ្នាក់​ចរាចរណ៍ បាន​ប្រាប់​VOA​នៅ​ថ្ងៃ​ព្រហ​ស្បតិ៍​នេះ​ថា​សមត្ថ​កិច្ច​មិនទាន់​អាច​សន្និ​ដ្ឋាន​មូល​ហេតុ​នៃ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​លោក​ថា​អ្នក​បើក​រថយន្ត​ដឹក​ឥដ្ឋ​បាន​បើក​រេ​នៅ​ពេល​នោះ។

លោក​បាន​ថ្លែង​ថា៖ «មិន​ដឹង​ជា​យ៉ាង​ម៉េច បែប​គាត់[អ្នក​បើក​រថយន្ត​ដឹក​ឥដ្ឋ]​រេ ឬ​គាត់​ងក់ ឬក៏​គាត់​វ៉ា​[ជែងឡាន]​គេ [ហើយ]​ឡើង​មក​គំនូស​[ផ្នែក​]ខាង​រថ​យន្ត​ម្ខាង​ទៀត ក៏​បុក​គេ​ហ្នឹង។ ប៉ុន្តែ​ចំណុច​ទាំង​អស់​ហ្នឹង​មិន​ដឹង​ជា​គាត់​វ៉ា​[ឬ​យ៉ាង​ណា] ព្រោះ​យើង​សាក​សួរ​ប្រជា​ពល​រដ្ឋ គឺ​ប្រជា​ពលរដ្ឋ​អត់​បាន​ចាប់​អារម្មណ៍​មើល​ដែរ ព្រោះ​ឡាន​ច្រើន​ពេ​ក​អញ្ចឹង»។

ទិដ្ឋភាព​នៅ​កន្លែង​កើត​ហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​បុក​រថយន្ត​ដឹក​កម្មករ​ក្នុង​ខេត្ត​កំពង់ស្ពឺ ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០២១ ដែល​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​៣​នាក់​ស្លាប់​និង​ជាង​២០​នាក់​របួស។ (គេហទំព័រអគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​កម្ពុជា)
ទិដ្ឋភាព​នៅ​កន្លែង​កើត​ហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​បុក​រថយន្ត​ដឹក​កម្មករ​ក្នុង​ខេត្ត​កំពង់ស្ពឺ ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០២១ ដែល​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​៣​នាក់​ស្លាប់​និង​ជាង​២០​នាក់​របួស។ (គេហទំព័រអគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​កម្ពុជា)

លោក​ប៉ាវ​ស៊ីណា​ប្រធាន​សម្ព័ន្ធ​សហ​ជីព​ចលនា​កម្មករ​កម្ពុជា​បាន​ប្រាប់​ VOA ​ថា​ លោក​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​សុវត្ថិ​ភាព​នៃ​ការ​ធ្វើ​ដំណើរ​របស់​កម្មករ​ស្នើ​ទៅ​រដ្ឋាភិបាល និងសមា​គម​រោងចក្រ​កាត់​ដេរ​កម្ពុជា​ផ្តល់​ជា​មធ្យោបាយ​ដឹក​ជញ្ជូន​កម្មករ ប្រកប​ដោយ​សុវត្ថិភាព។ លោក​ជំរុញ​ឲ្យ​ពិចារ​ណា​ប្រើ​ប្រាស់​រថយន្ត​ក្រុង ដែល​លោក​ថា​មាន​សុវត្ថិភាព​សម្រាប់​កម្មករ ដោយ​សារ​មាន​កន្លែង​អង្គុយ​ស្រួល​បួល មិន​ចាំ​បាច់​ឈរ​ប្រ​ជ្រៀត​គ្នា ហើយ​មិន​បង្ក​ជា​បញ្ហា​ធ្ងន់​ធ្ងរ ប្រសិន​បើ​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ណា​មួយកើត​ឡើង។

វីអូអេ​មិន​ទាន់​អាច​សុំការ​អត្ថាធិប្បាយ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ងារ លោក ​ហេង សួរ បាន​ទេ​នៅ​ថ្ងៃ​ព្រហ​ស្បតិ៍​នេះ។

របាយ​ការណ៍​ដែល​បង្ហោះ​នៅ​លើ​ហ្វេស​ប៊ុក​របស់រដ្ឋមន្រ្តី​ក្រសួង​មហា​ផ្ទៃ​លោក ស ខេង ដែល​ជា​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​ឲ្យ​ដឹង​ថា​រយៈ​ពេល​៦​ខែ​ក្នុង​ឆ្នាំ​២០២១ គ្រោះ​ថ្នាក់​រថយន្ត​ដឹក​កម្ម​ករ​បាន​កើត​មាន​ឡើង​នៅ​ខេត្ត​ស្វាយ​រៀង ខេត្ត​កំពង់​ឆ្នាំង កំពង់​ស្ពឺ និង​តាកែវ​ដែល​បណ្ដាល​ឲ្យ​កម្មករ​របួស​ប្រមាណ​២៨០​នាក់៕

XS
SM
MD
LG