គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាក្នុងរយៈពេល១២ខែនៃឆ្នាំ២០១៩នេះ បណ្តាលឲ្យមនុស្សស្លាប់ជិត២ពាន់នាក់ ដែលកើនឡើងជាង២០០នាក់ ឬស្មើនឹងជិត១៣ភាគរយ បើធៀបនឹងឆ្នាំ២០១៨។ នេះបើយោងតាមរបាយការណ៍របស់ប៉ូលិសជាតិ។
ក្នុងរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ចេញផ្សាយនៅដើមខែមករានេះ មនុស្សចំនួន១,៩៨១នាក់ស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ កើនឡើង២២០នាក់ បើធៀបនឹងឆ្នាំ២០១៨ ដែលមានមនុស្សស្លាប់ចំនួន១,៧៦១នាក់។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍សរុបចំនួន៤,១២១លើក អ្នករបួសធ្ងន់មានចំនួន៣,៩១៩នាក់ និងរបួសស្រាល២,២២២នាក់។ ក្នុងនោះ រាជធានីភ្នំពេញមានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ ដែលមានប្រមាណ៣៤៨នាក់។
VOA មិនអាចសុំការអត្ថាធិប្បាយពីលោក ហ៊ឹម យ៉ាន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ លោក ទី ឡុង និងលោក ថី វិសាល ដែលជាអនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ផ្លូវគោកនិងសណ្តាប់ធ្នាប់សាធារណៈបានទេ។
លោក ម៉ាន សុផាន់ណា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ ប្រាប់ VOAថា ការកើនឡើងនូវចំនួនគ្រោះថ្នាក់ចរាចរណ៍ ដោយសារប្រជាពលរដ្ឋមួយចំនួនបើកបរដោយមិនគោរពច្បាប់ ស្របពេលដែលចំនួនយានយន្តកើនឡើងយ៉ាងគំហុករហូតដល់ទៅជាងមួយម៉ឺនគ្រឿងក្នុងឆ្នាំ២០១៩។ លោកបន្តថា ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នេះ គឺរាប់តែនៅលើដងផ្លូវ មិនរាប់បញ្ចូលអ្នកស្លាប់នៅមន្ទីរពេទ្យនោះទេ។
«យើងបានអនុវត្តច្បាប់ព្រមៗគ្នា រឹតបន្តឹងផ្នែកផ្លូវច្បាប់ ក៏ដូចជាកត្តាស្រវឹង កត្តាបើកបរ លើសល្បឿនកំណត់ យើងមានការថតមានការអីកន្លងមកដែរ ប៉ុន្តែជាអកុសលក្នុងឆ្នាំនេះវាដូចជាមានការធ្ងន់ធ្ងរ»។
កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកឡើងថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលលោកថានិន្នាការនេះបង្ហាញពីសញ្ញាបរាជ័យសម្រាប់យុទ្ធនាការនៃការទប់ស្កាត់។
ក្នុងការព្យាករណ៍របស់រដ្ឋាភិបាល ប្រសិនបើគ្មានវិធានការទប់ស្កាត់ និងយន្តការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាក់លាក់ នោះចំនួនអ្នកស្លាប់នឹងកើនដល់៣,២០០នាក់ ក្នុងឆ្នាំ២០២០។ តាមរយៈនេះ រដ្ឋាភិបាលបានប្ដេជ្ញាកាត់បន្ថយការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅសល់១,៦០០នាក់ ត្រឹមឆ្នាំ២០២០ ដោយបង្កើតគោលនយោបាយជាតិ និងផែនការសកម្មភាពរយៈពេល១០ឆ្នាំ ពីឆ្នាំ២០១១-២០២០ ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
យុទ្ធសាស្រ្តសំខាន់ៗដែលដាក់ចេញដោយរដ្ឋាភិបាលមានចំនួន៨ចំណុច ដូចជាការឧបត្ថម្ភហិរញ្ញវត្ថុដល់ការអនុវត្តផែនការសកម្មភាពសុវត្ថិភាពចរាចរណ៍ ការដោះស្រាយផ្នែកវិស្វកម្មផ្លូវថ្នល់ ការពង្រឹងសុវត្ថិភាពក្នុងការដឹកជញ្ជូន ការអប់រំផ្សព្វផ្សាយ និងផាកពិន័យពាក់ព័ន្ធនឹងការពាក់មួកសុវត្ថិភាព ល្បឿនបើកបរ ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ការផ្តល់សេវាសង្គ្រោះបន្ទាន់ ការរឹតបន្តឹងការអនុវត្តច្បាប់ ការបណ្តុះបណ្តាលប្រព័ន្ធប្រឡងយកបណ្ណបើកបរ និងការវាយតម្លៃសុវត្ថិភាពចរាចរណ៍ក្នុងការដឹកជញ្ជូនជាដើម។
លោក គង់ រតនៈ ប្រធានស្តីទីវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ បានប្រាប់VOAថា ការកើនឡើងនូវចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ គឺដោយសារកង្វះថវិកាក្នុងការអនុវត្តសកម្មភាពការងារពាក់ព័ន្ធនឹងការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ កម្សោយនៃការអនុវត្តច្បាប់ និងការអនុវត្តច្បាប់របស់ប្រជាពលរដ្ឋមិនបានត្រឹមត្រូវនៅឡើយ។
«យើងឃើញសមត្ថកិច្ចមួយចំនួនគឺគាត់នៅតែធ្វេសប្រហែស ឬក៏គាត់ខ្ជីខ្ជាក្នុងការអនុវត្តកិច្ចការហ្នឹង។ គាត់ព្យាយាមកេងយកប្រយោជន៍ផ្ទាល់ខ្លួន។ អាហ្នឹងយើងឃើញមួយផ្នែកតូចក៏មាន ហើយប្រជាពលរដ្ឋខ្លួនឯងទៀតសោតមិនព្រមចូលរួមទេ ដោយសារគាត់អាងទៅលើវប្បធម៌អន្តរាគមន៍ គាត់អាងទៅលើការថាគាត់បង់លុយហើយគាត់អាចទៅបានអីផ្សេងៗជាដើមអីចឹង»។
លោក គង់ រតនៈ បន្ថែមថា កត្តាគ្រឿងស្រវឹងដែលកំពុងតែរីកដុះដាលដោយមិនមានការទប់ស្កាត់ ការប្រកាសលែងឲ្យអ្នកបើកបរម៉ូតូចាប់ពី៥០ទៅ១២៥CCមានបណ្ណបើកបរ ក៏ជាមូលហេតុចម្បងធ្វើឲ្យគ្រោះថ្នាក់ចរាចរណ៍កើនឡើងផងដែរ។
របាយការណ៍របស់សមត្ថកិច្ចបង្ហាញថា កត្តាដែលបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ គឺមកពីការបើកបរលើសល្បឿនកំណត់ ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងបើកបរជែងដោយខ្វះការប្រុងប្រយ័ត្នជាដើម។
តាមការប៉ាន់ប្រមាណរបស់រដ្ឋាភិបាល ជាមធ្យមមនុស្សចំនួន៥នាក់ស្លាប់ និង១១នាក់រងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងមួយថ្ងៃ ហើយធ្វើឱ្យខាតបង់ថវិកាប្រមាណ៣៥០លានដុល្លារក្នុងមួយឆ្នាំ៕