ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

ខណៈ​ខេត្ត​កំពង់ស្ពឺ​ទម្លាក់​ស្លាក​ឃោសនា​សុរា អ្នក​ឃ្លាំ​មើល​រំឭក​រដ្ឋ​ឱ្យ​ពន្លឿន​ច្បាប់​គ្រប់គ្រង​គ្រឿង​ស្រវឹង


រូបឯកសារ៖ បដា​ផ្សាយ​ពាណិជ្ជកម្ម​ស្រា​ត្រូវ​បាន​គេ​ដាក់​តាំង​បង្ហាញ​នៅ​តាម​ដង​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៤។

ការ​អំពាវនាវ​ត្រូវ​បាន​បន្លឺ​ឡើង​សា​ជា​ថ្មី​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្ដល់​នូវ​ការ​ធ្វើ​បច្ចុប្បន្នភាព​ចុងក្រោយ អំពី​ដំណើរ​តាក់​តែង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​គ្រឿង​ស្រវឹង​ ចំ​ពេល​ដែល​ចំណាត់ការ​របស់​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​ ដែល​តម្រូវ​ឱ្យ​មាន​ការ​រុះរើ​ស្លាក​ផ្សាយ​ពាណិជ្ជកម្ម​សុរា​ទូទាំង​ខេត្ត កំពុង​ទទួល​ការ​សាទរ។​

ចំណាត់ការ​ខាង​លើ​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ​ក្នុង​សេចក្តី​ជូន​ដំណឹង​ជា​សាធារណៈ​មួយ​របស់​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​ចុះ​ថ្ងៃ​ទី​២៤ ខែ​ឧសភា។ នៅ​ក្នុង​ចំណាត់ការ​នេះ រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​បាន​ស្នើ​ឲ្យ​មាន​ការ​រុះរើ​ស្លាក​សញ្ញា​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​នៅ​តាម​ដងផ្លូវ ​ទី​សាធារណៈ ក៏ដូចជា​តាម​ភោជនីយដ្ឋាន អាហារដ្ឋាន និង​ភេសជ្ជដ្ឋាន​ផង​ដែរ ត្រឹម​ដំណាច់​ខែ។ ​

លោក វ៉ី សំណាង ​អភិបាល​ខេត្ត​កំពង់ស្ពឺ បាន​ថ្លែង​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា គោលបំណងនៅ​ពី​ក្រោយ​សេចក្តី​សម្រេច​ខាង​លើ​នេះ​គឺ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​កើត​មាន​ជម្លោះ​ អំពើ​ហិង្សា ឬ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្ក​ឡើង​ពី​ការ​ទទួលទាន​គ្រឿង​ស្រវឹង។

លោក​បាន​បន្ត​ថា ការ​ដាក់​ផ្សាយពាណិជ្ជកម្ម​គ្រឿងស្រវឹង ​ក៏ធ្វើ​ឲ្យ​បាត់បង់​សោភ័ណភាព​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ផង​ដែរ។

លោក​ វ៉ី សំណាង សង្ឃឹម​ថា ការ​អនុវត្ត​សេចក្តីសម្រេច​នេះ​នឹង​ជួយ​កាត់បន្ថយ​ការ​សេព​គ្រឿង​ស្រវឹង​នៅ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ បន្ទាប់​ពី​លោក​សង្កេត​ឃើញ​ថា និន្នាការ​នៃ​ការ​សេព​គ្រឿង​ស្រវឹង​គឺ ​មាន​ច្រើន​នៅ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ ជា​ពិសេស​អំឡុងពេល​មាន​កម្មវិធី​ជួបជុំ​ផ្សេងៗ។

លោកអភិបាល​ខេត្ត​កំពង់ស្ពី​បាន​លើកឡើង​ថា ទោះបីជា​ចំណាត់ការ​ខាង​លើ​មិន​ឈរ​លើ​គោលការណ៍​ច្បាប់​ជាក់លាក់​ណា​មួយ​ក៏​ដោយ​ ក៏​លោក​មាន​ជំនឿ​ថា ជា​ទម្លាប់​តាម​ប្រពៃណី​និង​សាសនា មិន​គួរ​មាន​ការ​សេព​គ្រឿង​ស្រវឹង​ច្រើន​នោះ​ទេ។

«អញ្ចឹង​បើ​ទោះ​បី​ជា​មិន​មាន​ច្បាប់​ ក៏​យើង​នៅ​មាន​ទម្លាប់​របស់​យើង​ ប្រពៃណី​ទំនៀមទម្លាប់​សាសនា​នៅ​ស្រុក​ទេស​របស់​យើង​ហ្នឹង​ មិនមែន​ជា​ខេត្ត​ប្រម៉ឹក​ទេ​ណា។ ខ្ញុំ​ជឿ​ថា បងប្អូន​គាត់​នឹង​យល់​បាន​រឿងហ្នឹង​ហើយ​ គាត់​នឹង​អនុវត្ត​តាម​អ្វី​ដែល​ជា​ការ​អំពាវនាវ​របស់​ខេត្ត»។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា បាន​ថ្លែង​ប្រាប់​វីអូអេ​ថា អាជ្ញាធរ​មូលដ្ឋាន​មាន​សិទ្ធិ​អំណាច​សម្រេច​ដាក់​ចេញ​នូវ​ចំណាត់ការ​ណា​មួយ ដែល​ត្រូវ​បាន​យល់​ឃើញ​ថា បម្រើ​ផល​ប្រយោជន៍​មូលដ្ឋាន ​ទោះ​បី​មិន​ទាន់​មាន​ការ​ចេញ​ច្បាប់​ជា​ធរមាន​ណា​មួយ​ក៏ដោយ។

«អំណាច​មូល​ដ្ឋាន​គឺ​លោក​អាច​សម្រេច​ចិត្ត​បាន។ ការ​លើក​តាំង​ផ្លាកហ្នឹង​ជា​ផលប្រយោជន៍​មូលដ្ឋាន។ ត្បិត​មុន​នឹង​យើង​លើក​ផ្លាក​យើង​ត្រូវ​សុំ​ច្បាប់​អាជ្ញាធរ។ ហើយ​អាជ្ញាធរ​លោក​មាន​បំណង​យ៉ាង​ម៉េច​ អាហ្នឹង​ជា​ការ​សម្រេច​ចិត្ត​នយោបាយ​មូលដ្ឋាន។ រីឯ​ការ​សម្រេច​ចិត្ត​របស់​រដ្ឋបាល​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ អាហ្នឹង​ជា​ការ​សម្រេច​ចិត្ត​ជា​អាទិភាព​នៃ​អំណាច​មូលដ្ឋាន»។

កាល​ពី​ឆ្នាំ​២០១៥ សេចក្ដី​ព្រាង​ច្បាប់​មួយ​ត្រូវ​បាន​តាក់តែង​ឡើងដោយ​រដ្ឋាភិបាល​ដែល​មាន​ក្រសួង​សុខាភិបាល​ជា​សេនាធិការ​ដើម្បី​គ្រប់​គ្រង​គ្រឿង​ស្រវឹង។ ប៉ុន្តែ​ចាប់​តាំង​ពី​កំណែ​ចុងក្រោយ​ដែល​ចុះ​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៥​មក គេ​មិន​ឃើញ​មាន​ការ​វិវត្ត​ទៅ​មុខ​នៃ​ច្បាប់​នេះ​ទេ។

កំណែ​ត្រឹម​ថ្ងៃ​ទី​២៥​ ខែឧសភា ឆ្នាំ​២០១៥នៃ​សេចក្ដី​ព្រាង​ច្បាប់​នោះ ចែង​ថា​ឯកសារ​ច្បាប់​នោះ​«មាន​គោល​បំណង​ការពារ​សុខភាព​សាធារណៈ បរិស្ថាន និង​កាត់​បន្ថយ​ផល​ប៉ះពាល់​លើ​សេដ្ឋកិច្ច​និង​សង្គម» និង«កាត់​បន្ថយ​ការ​ប្រើប្រាស់​ផលិតផល​គ្រឿង​ស្រវឹង»។​

ពាក់ព័ន្ធ​នឹង​សេចក្ដី​ព្រាង​ច្បាប់​ខាង​លើ​ លោក ផៃ ស៊ីផាន​ បាន​លើក​ឡើង​ថា​ មក​ទល់​ពេល​នេះ​ លោក​មិន​ទាន់​ទទួលបាន​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​គ្រឿង​ស្រវឹង​នៅ​ឡើយ​ទេ ហើយ​បាន​បង្វែរ​សំណួរ​ទៅ​កាន់​ក្រសួង​ពាក់ព័ន្ធ។

ជុំវិញ​ភាព​យឺតយ៉ាវនៃ​ការ​អនុម័ត​ច្បាប់​ស្តីពី​គ្រឿង​ស្រវឹង លោក ​យង់ គិមអេង​ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព​ បាន​លើកឡើង​ពី​ការ​កង្វះ​ខាត​ឆន្ទៈ​ពី​អ្នក​ធ្វើ​គោល​នយោបាយ និង​ការ​ការពារ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​របស់​ក្រុមហ៊ុន​ផលិត​គ្រឿងស្រវឹង។

«បាទ​ ការ​យឺតយ៉ាវ​នៅ​ក្នុង​ការ​អនុម័ត​ច្បាប់​គ្រឿង​ស្រវឹង​នេះ គឺ​ដោយសារ​តែ​ទី​មួយ​ ជា​ការ​រារែក​ពី​អ្នក​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ ជា​ពិសេស​គឺ​ឆន្ទៈ​នយោបាយ​របស់​អ្នក​នយោបាយ​ហ្នឹង ហើយ​ទី​ពីរ​គឺ​មក​ពី​ឧស្សាហករ​គ្រឿងស្រវឹង ដាក់​សម្ពាធ​ ឬ​ដាក់​ឥទ្ធិពល​មក​លើ​អ្នក​នយោបាយ​ហ្នឹង​បាទ នៅ​ក្នុង​ការ​រាំង​ខ្ទប់​ច្បាប់​នេះ​ កុំ​ឲ្យ​ចេញ»។

វីអូអេ​មិន​ទាន់​អាច​ទាក់​ទង​តំណាង​ក្រុមហ៊ុន​ស្រាបៀរ​ធំៗ​ដូចជា​ ស្រាបៀរ​កម្ពុជា​ ស្រាបៀរTiger ស្រាបៀរ Ganzberg និង​ស្រាបៀរ​អង្គរ បាន​នៅ​ឡើយ គិត​ត្រឹម​រសៀល​ថ្ងៃ​ពុធ​នេះ។

លោក យង់ គិមអេង បាន​ចាត់ទុក​វិធានការ​រុះរើ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹងពី​សំណាក់​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​ថា​ជា​ការ​វិវត្ត​ទៅ​មុខ​វិជ្ជមាន​មួយ ដែល​ឆ្លុះ​បញ្ចាំង​ពី​វប្បធម៌​នៃ​ការ​មិន​ផ្សារ​ភ្ជាប់​ទៅ​នឹង​គ្រឿងស្រវឹង​គ្រប់​ពេលវេលា និង​កាលៈទេសៈ។

លោក​បាន​បន្ត​ថា ការ​អនុវត្ត​ដូច​នេះ​អាច​ធ្វើ​បាន​កាន់​តែ​ទូលំទូលាយ​បន្ថែម​ទៀត​តាមរយៈ​ការ​ដាក់​បង្ហាញ​រូប​តំណាង ក៏ដូចជា ​ផ្សព្វផ្សាយ​បន្ថែម​ពី​រមណីយដ្ឋាន​ប្រចាំ​ខេត្តក្រុង​នីមួយៗ ឲ្យ​បាន​កាន់​តែ​ច្រើន​ជាង​មុន ជំនួស​ឲ្យ​គ្រឿង​ស្រវឹង។

អ្នក​ឃ្លាំ​មើល​រូប​នេះ​បាន​លើកឡើង​ថា ឧបសគ្គ​នៅ​ពី​ក្រោយ​ការ​ពង្រីក​ចំណាត់ការខាង​លើ​នេះ​ឲ្យ​បាន​កាន់​តែ​ទូលំទូលាយ​គឺ ​ដោយសារ​កង្វះ​ខាត​ការ​ផ្តោត​ចក្ខុវិស័យ​ក្នុង​ការ​លើកស្ទួយ​កេរដំណែល បេតិកភណ្ឌ និង​វប្បធម៌​នៅ​តាម​បណ្តា​ខេត្ត​និង​ក្រុង​ផ្សេងៗ ​ឥទ្ធិពល​ខ្លាំង​ពី​សំណាក់​ឧស្សាហករ​គ្រឿងស្រវឹង និង​ការ​ស្វែងយល់​មិន​បាន​ច្បាស់​ពាក់ព័ន្ធ​នឹង​វិបត្តិ​បង្ក​ឡើង​ដោយ​គ្រឿង​ស្រវឹង៕

XS
SM
MD
LG