តំណាងកម្មករនិងថៅកែរោងចក្រក្នុងវិស័យកាត់ដេរខ្វែងគំនិតគ្នា ក្នុងដំណើរការចរចាដំឡើងប្រាក់ឈ្នួលអប្បរមា សម្រាប់ឆ្នាំ២០២១។ ខាងតំណាងរោងចក្រនិយាយថា ដំណើរការចរចានេះគួរតែផ្អាកសិនដើម្បីរក្សាដង្ហើមផលិតកម្មនៅក្នុងឧស្សាហកម្ម ដែលផ្តល់ការងារដល់ប្រជាពលរដ្ឋជាង ៨០ម៉ឺននាក់។
ប្រាក់ឈ្នួលអប្បបរមាដែលត្រូវបានកំណត់សម្រាប់ឆ្នាំ២០២០ គឺមានចំនួន ១៩០ ដុល្លារសហរដ្ឋអាមេរិកដែលកើនពី ១៧០ ដុល្លារ ក្នុងឆ្នាំ២០១៩។
លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា ប្រាប់វីអូអេនៅថ្ងៃពុធនេះថា កិច្ចពិភាក្សាត្រីភាគីមួយ គួរតែត្រូវធ្វើឡើង ដើម្បីបើកផ្លូវឲ្យភាគីនិយោជក តំណាងកម្មករនិងរដ្ឋាភិបាលស្វែងយល់ពីស្ថានភាពជាក់ស្តែងនៅក្នុងឧស្សាហកម្មកាត់ដេរ ក៏ដូចជាផលវិបាករបស់កម្មករក្នុងស្ថានការណ៍ដែលប្រទេសកម្ពុជាកំពុងប្រឈមវិបត្តិជំងឺកូវីដ១៩។
លោកនិយាយថា ភាគីរោងចក្រត្រូវបង្ហាញភាពស្មោះត្រង់របស់ខ្លួនអំពីផលវិបាកនានា ដែលកើតឡើងក្នុងសង្វាក់ផលិតកម្មនិងការបញ្ជាទិញពីក្រៅប្រទេស។
«យើងឃើញថា មានរោងចក្រខ្លះ មានការងារធ្វើ ប៉ុន្តែគាត់យកឱកាសហ្នឹងជាឱកាសនៃការកាត់បន្ថយកម្មករ ជាឱកាសដែលគាត់ត្រូវបញ្ឈប់កម្មករដើម្បីបង្កើនផលិតភាពគាត់។ មានន័យថា គាត់កាត់បន្ថយកម្លាំងពលកម្ម ប៉ុន្តែគាត់បង្ខំឲ្យកម្មករផលិតឲ្យបានច្រើនទៅវិញ។ ដូច្នេះអាទាំងអស់ហ្នឹងដែលយើងមើលឃើញថា វាអាស្រ័យទៅលើភាពស្មោះត្រង់របស់និយោជក»។
លិខិតរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (Garment Manufacturers Association in Cambodia ឬហៅថា GMAC) ចុះថ្ងៃទី២៣ ខែមិថុនា ឲ្យដឹងថា តំណាងនិយោជក និយាយថា វិបត្តិជំងឺកូវដីបង្ខំឲ្យរោងចក្រសហគ្រាសជាច្រើន ផ្អាកដំណើរការបណ្តោះអាសន្ន ឬក៏បិទទ្វារតែម្តងហើយរោងចក្រជាច្រើនបានព្យួរការងារ ដោយសារអ្នកបញ្ជាទិញលុបចោលការបញ្ជាទិញ និងបដិសេធមិនទទួលយកទំនិញដែលបានផលិតរួចជាដើម។
តំណាងនិយោជកអះអាងថា ផ្អែកលើស្ថានភាពនេះ វិស័យវាយនភណ្ឌកាត់ដេរនិងផលិតស្បែកជើង«កំពុងមានភាពផុយស្រួយ និងមានភាពមិនច្បាស់លាស់ក្នុងការវិលត្រឡប់មករកសភាពដើមវិញ» ហើយអាចត្រូវប្រើពេលយូរ ដើម្បីធ្វើឲ្យឧស្សាហកម្មនេះប្រសើរឡើងវិញ។
លិខិតរបស់ GMAC ឲ្យដឹងថា៖ «ការបង្អង់ការចរចាប្រាក់ឈ្នួលអប្បបរមានឹងជាយន្តការមួយក្នុងការគាំទ្រឲ្យវិស័យនេះនៅបន្តមានជីវិតរស់នៅ ក៏ដូចជាការរក្សាការងារសម្រាប់បងប្អូនកម្មករនិយោជិតយ៉ាងដូច្នេះដែរ»។
ជាធម្មតា ដំណើរការចរចាប្រាក់ឈ្នួលអប្បបរមាតែងតែធ្វើឡើង ចាប់ពីខែកក្កដាដល់ខែសីហាជារៀងរាល់ឆ្នាំ គិតចាប់តាំងពីឆ្នាំ២០២១៤ មក។ GMAC បន្ថែមថា ពេលគ្មានការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២១ នោះប្រាក់ឈ្នួលអប្បបរមាដែលបានកំណត់សម្រាប់ឆ្នាំ២០២០ គួរបន្តសុពលភាពអនុវត្តរហូតដល់វិស័យកាត់ដេរ អាចត្រឡប់ទៅរកសភាពដើមវិញ។
លោកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជាបានជំទាស់នឹងការស្នើរបស់ភាគីនិយោជកដែលសុំឲ្យមានការផ្អាកដំណើរការចរចាប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២១។ លោកស្រីនិយាយថា ភាគីរដ្ឋាភិបាលត្រូវធ្វើការស៊ើបអង្កេតឲ្យបានច្បាស់អំពីផលវិបាកទាំងឡាយ ដែលធ្វើឲ្យខូចខាតកំណើនក្នុងឧស្សាហកម្មកាត់ដេរ។
«បើសិនណាយើងមិនចង់ដំឡើងឲ្យកម្មករ ឬក៏យើងចង់ផ្អាកទាល់តែយើងមានការសិក្សាស្រាវជ្រាវឲ្យពិតប្រាកដ ឲ្យច្បាស់លាស់សិន ទើបអាហ្នឹងខ្ញុំជឿថា កម្មករប្រហែលជាគាត់អាចទទួលយកបាន។ ហើយបើមិនមានអីផងយោងទៅលើសំណើរបស់និយោជកតែម្ខាង ហើយយើងបម្រុងផ្អាកទៅតាមសំណើរបស់គេ ឬក៏យើងមិនចរចាយើងមិនអាចដំឡើងបាន ខ្ញុំគិតថាមិនគួរទេ»។
មេដឹកនាំសហជីពរូបនេះបន្ថែមថា រដ្ឋាភិបាលហាក់ដូចជាផ្គាប់ផ្គុនអ្នកវិនិយោគទុនក្នុងឧស្សាហកម្មកាត់ដេរ ជាជាងគិតពីប្រយោជន៍កម្មករ។ លោកស្រីសោភ័ណ្ឌ កត់សម្គាល់ថា ថៅកែរោងចក្រទទួលការសម្រួលថ្លៃដើមក្នុងការផលិតមួយចំនួនពីខាងរដ្ឋាភិបាល ដូចជាការសម្រួលលក្ខខណ្ឌប្រើប្រាស់អគ្គិសនី ប៉ុន្តែរដ្ឋាភិបាលបែរជាធ្វើឲ្យខូចខាតប្រយោជន៍កម្មករ តាមរយៈការពន្យារពេលបើកប្រាក់បំណាច់អតីតភាពការងារទៅវិញ។
ក៏ប៉ុន្តែលោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) និយាយថា បើតាមកាលៈទេសៈសេដ្ឋកិច្ចនិងសង្គមបច្ចុប្បន្ននេះការផ្អាកដំណើរការចរចាប្រាក់ឈ្នួលអប្បបរមាជាជម្រើសចាំបាច់។
លោកបានសួរទៅខាងភាគីសហជីពវិញយ៉ាងដូច្នេះ៖ «ឥឡូវយើងត្រូវដាក់សំណួរទៅខាងសហជីព សួរថា ប៉ះពាល់ផលប្រយោជន៍កម្មករយ៉ាងម៉េច? ឬក៏គាត់យល់ឃើញថា ប្រាក់ឈ្នួលអាចកើនឡើងតទៅទៀតនៅឆ្នាំក្រោយ? ខ្ញុំយល់ឃើញថា អត់អាចកើនឡើងទេ។បើមើលតាមរូបមន្ត៧ អាចថយចុះ»។
តំណាងថៅកែរោងចក្ររូបនេះចង់សំដៅដល់លក្ខណៈវិនិច្ឆ័យបែបសង្គមនិងសេដ្ឋកិច្ច ដែលជាផ្នែកមួយនៃរូបមន្ត៧នោះ។
លោក ខេន លូ មិនអាចផ្តល់តួលេខនៃរោងចក្រដែលឈប់ដំណើរការ ឬព្យួរការងារហើយនិងការបាត់បង់ការងាររបស់កម្មករទេ។ លោកស្នើឲ្យសួរទៅក្រសួងការងារ។លោកថា រហូតមកដល់ពេលនេះការបញ្ជាទិញទំនិញមុនៗ គឺជិតអស់ហើយ តែលោកមិនអាចបញ្ជាក់តួលេខបានទេ។ លោកក៏មិនអាចឲ្យដឹងថាមានការបញ្ជាទិញថ្មីទៀតឬយ៉ាងណានោះដែរ។
មេដឹកនាំសហភាពការងារកម្ពុជាលោក អាត់ ធន់ និយាយថា ភាគីថៅកែរោងចក្រមិនអាចសន្មតនៅពេលនេះបានទេថា ខ្លួនមិនអាចដំឡើងឬក៏អាចដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករក្នុងឆ្នាំ២០២១នោះ។ លោកថា ការចរចាគួរតែធ្វើឡើងតាមការគ្រោងទុក។ លោកបន្ថែមថា តាមការសិក្សាស្រាវជ្រាវអំពីស្ថានភាពរស់នៅរបស់កម្មករនៅឆ្នាំ២០១៩ ប្រាក់ឈ្នួលអប្បបរមាកម្មករ គួរត្រូវបានដំឡើងដល់ចន្លោះពី ២៥០ដុល្លារទៅ៣០០ដុល្លារ ទើបអាចរស់បានសមរម្យ។
បើតាមលោក អាត់ ធន់ ការអនុវត្តប្រាក់ឈ្នួលឆ្នាំ២០២០ នេះធ្វើឡើងបានតែពីរខែប៉ុណ្ណោះ ក្នុងពេលប្រទេសកម្ពុជាទទួលរងគ្រោះដោយសារវិបត្តិជំងឺកូវីដ១៩។ លោកថា កម្មករដែលកំពុងធ្វើការបច្ចុប្បន្ននេះ អាចទទួលបានប្រាក់ឈ្នួលជាង ២០០ដុល្លារ ទៅតាមពេលម៉ោងធ្វើការ និងផលិតភាព។
ក្រុមមេដឹកនាំសហជីពនិយាយថា ក្រុមហ៊ុនយីហោល្បីៗ ដូចជា Adidas និង H&M បន្តបញ្ជាទិញទំនិញពីប្រទេសកម្ពុជាដដែល ទោះបីស្ថានភាពនៃការឆ្លងជំងឺកូវីដ១៩ មិនទាន់បានធូរស្រាលក៏ដោយ។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បានផ្តល់ការអត្ថាធិប្បាយតាមបណ្តាញទំនាក់ទំនងសង្គម WhatsApp ថាការជួបប្រជុំគ្នាដើម្បីពិភាក្សាអំពីការចរចាប្រាក់ឈ្នួលអប្បបរមានឹងត្រូវធ្វើទៅតាមការកំណត់របស់ច្បាប់។
លោកសរសេរក្នុងន័យដើមថា៖ «ច្បាប់តម្រូវឱ្យមានការជួបប្រជុំគ្នា ដូច្នេះយើងត្រូវតែជួបប្រជុំគ្នា។ច្បាប់មិនបាននិយាយថាប្រាក់ឈ្នួលត្រូវតែឡើងជារៀងរាល់ឆ្នាំនោះទេ គឺវាអាចឡើង អាចនៅដដែលឬអាចថយ អាស្រ័យលើបម្រែបម្រួលនៃលក្ខណៈវិនិច្ឆ័យទាំង៧ នៃការកំណត់ប្រាក់ឈ្នួលអប្បរមា»។
លោកបន្ថែមថា ក្នុងពេលមានវិបត្តិជំងឺកូវីដនេះ រោងចក្រដែលបានដាក់ពាក្យព្យួរសរុបមានចំនួនជាង៤១០។ ប៉ុន្តែមានរោងចក្រខ្លះបានដំណើរការវិញដោយផ្នែក។
លោកស្រី Ulrika Isaksson អ្នកនាំពាក្យក្រុមហ៊ុន H&M បានបញ្ជាក់ប្រាប់វីអូអេតាមសារអ៊ីម៉េលនៅថ្ងៃពុធនេះថា ការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២១នេះ មានភាពចាំបាច់។
លោកស្រីសរសេរក្នុងន័យដើមថា៖ «វាមានសារៈសំខាន់ខ្លាំងណាស់ ដែលការចរចាប្រាក់ឈ្នួលអប្បបរមារវាងកម្មករ និយោជកនិងរដ្ឋាភិបាលប្រកបដោយភាពទៀងទាត់ និងតម្លាភាពត្រូវបានរៀបចំឡើង ជាពិសេសនៅក្នុងកាលៈទេសៈដែលមិនអាចស្មានទុកជាមុននេះ»។
វិស័យកាត់ដេរសម្លៀកបំពាក់និងស្បែកជើង គឺជាក្បាលម៉ាស៊ីននៃការនាំចេញធំបំផុតលំដាប់ទីមួយរបស់កម្ពុជា។ វិស័យនេះបានស្រូបយកកម្លាំងពលកម្មប្រមាណជា ៨០ម៉ឺននាក់ ដែលភាគច្រើនគឺជាប្រជាពលរដ្ឋមកពីបណ្តាខេត្តនិងជនបទ៕