ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ពន្យារ​ពេល​ឈប់​សម្រាក​នៅ​ចិន​ដោយសារ​មេរោគកូរ៉ូណាវីរុស​ប្រភេទ​ថ្មី​អាច​ធ្វើ​ឲ្យ​អាក់ខាន​ដល់​ខ្សែ​សង្វាក់​ផ្គត់ផ្គង់


អតិថិជន​ពាក់​ម៉ា​ស​ដើរ​ទិញ​ទំនិញ​ក្នុង​ផ្សារ​មួយ​ដែល​លក់​ក្រដាស​អស់​គ្មាន​សល់ ក្រោយ​ការ​ផ្ទុះ​មេរោគ​កូរ៉ូណាវីរុសប្រ​ភេទ​​ថ្មី​នៅ​ហុងកុង ថ្ងៃ​ទី៦ ខែ​កុម្ភៈ ឆ្នាំ​២០២០។

ខេត្តនិង​ទីក្រុង​មួយ​ចំនួន​របស់​ប្រទេស​ចិន​ដូចជា​ទីក្រុង​សៀងហៃ ទីក្រុង Guangdong និង​ទីក្រុង Jiangsu ជា​ដើម បាន​បញ្ជា​ឱ្យ​បិទ​កន្លែង​អាជីវកម្ម​នានា​នៅ​ក្នុង​ពេល​ប្រារព្ធ​ពិធីបុណ្យ​ចូល​ឆ្នាំ​ចិន ដែល​មាន​រយៈពេល​ពេញ​មួយ​សប្ដាហ៍​កន្លង​មក និង​បន្ត​បិទ​ទ្វារ​រហូត​ដល់​ថ្ងៃ​ទី ១០ ខែ​កុម្ភៈ​ខាង​មុខ។

នៅ​ក្នុង​ខេត្ត Hubei ដែល​ជា​កន្លែង​នៃ​ការ​ផ្ទុះ​មេរោគ​កូរ៉ូណា​វីរុស​ប្រភេទ​ថ្មី កន្លែង​អាជីវកម្ម​នានា​នៅតែ​បន្ត​បិទ​ទ្វារ​រហូត​ដល់​ថ្ងៃ​ទី ១៤ ខែ​កុម្ភៈ​ខាង​មុខ។ ការ​បន្ត​បិទ​ទ្វារ​នេះ​គឺ​ជា​ការ​ពន្យារ​ពេល​រយៈពេល ២ សប្ដាហ៍​បន្ថែម​ទៀត​បន្ត​ពី​ការ​ឈប់​សម្រាក​សម្រាប់​ពិធីបុណ្យ​ចូល​ឆ្នាំ​ចិន។

ការ​បន្ត​បិទ​ទ្វារ​នេះ​ធ្វើ​ឱ្យ​កន្លែង​អាជីវកម្ម​នានា​នៅ​ក្នុង​ប្រទេស​ចិន រួម​ទាំង​កន្លែង​អាជីវកម្ម​មក​ពី​កោះ​តៃវ៉ាន់​ផង​ដែរ មាន​ការ​ព្រួយ​បារម្ភ នៅ​ពេល​ពួកគេ​ចាប់​ផ្តើម​គិត​ពី​លទ្ធភាព​នៃ​ការ​អាក់ខាន​ដល់​សង្វាក់​ផ្គត់ផ្គង់ ប្រសិនបើ​រដ្ឋាភិបាល​ចិន​បរាជ័យ​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​មេរោគ​ប្រភេទ​ថ្មី​នេះ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។

ការ​អាក់ខាន​ដល់​សង្វាក់​ផ្គត់ផ្គង់

លោក Tsai Lien-sheng ដែល​ជា​អគ្គលេខាធិការ​នៃ​សហព័ន្ធ​ជាតិ​ឧស្សាហកម្ម​ចិន (Chinese National Federation of Industries) នៅ​ក្នុង​ទីក្រុង​តៃប៉ិ កោះ​តៃវ៉ាន់ បាន​និយាយ​ថា៖ «តៃវ៉ាន់​មាន​ចំណង​សេដ្ឋកិច្ច​ជិតស្និទ​ជាមួយ​នឹង​ប្រទេស​ចិន។ គ្រឿង​បន្លាស់​សំខាន់ៗ​ជាច្រើន​ត្រូវ​បាន​ផលិត​នៅ​ក្នុង​ប្រទេស​ចិន ជា​ពិសេស​នៅ​ក្នុង​ទីក្រុង Wuhan ដែល​ជា​តំបន់​ផលិត​ផលិតផល​បច្ចេកវិទ្យា​ដ៏​សំខាន់​មួយ។ យើង​បារម្ភ​ខ្លាំង​ណាស់​ថា ការ​ខកខាន​បើក​ដំណើរការ​រោងចក្រ​ឡើង​វិញ​នឹង​ធ្វើ​ឱ្យ​មាន​ការ​អាក់ខាន​ដល់​សង្វាក់​ផ្គត់ផ្គង់»។

អ្នក​លក់​ផ្កា​ពាក់ម៉ាស​ ក្រោយ​ការ​ផ្ទុះ​មេរោគ​កូរ៉ូណាវីរុស​ប្រភេទ​ថ្មី​នៅ​ចិន។
អ្នក​លក់​ផ្កា​ពាក់ម៉ាស​ ក្រោយ​ការ​ផ្ទុះ​មេរោគ​កូរ៉ូណាវីរុស​ប្រភេទ​ថ្មី​នៅ​ចិន។

លោក Tsai បាន​បញ្ជាក់​ថា កោះ​តៃវ៉ាន់​មាន​កន្លែង​អាជីវកម្ម​ចំនួន ៥ ម៉ឺន កន្លែង ដែល​កំពុង​ដំណើរការ​នៅ​ក្នុង​ប្រទេស​ចិន ហើយ​ក្នុង​ចំណោម​នោះ កន្លែង​អាជីវកម្ម ១ ពាន់​កន្លែង មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង Wuhan និង​មាន​មនុស្ស​ជាង ២ លាន​នាក់​កំពុង​ធ្វើ​ការ និង​រស់នៅ​ទីនោះ។

ក្រោយ​ពី​ការ​សម្រេច​ចិត្ត​របស់​ប្រទេស​ចិន​នៅ​ក្នុង​ការ​ពន្យារ​ពេល​ឈប់​សម្រាក រោងចក្រ​ផលិតកម្ម​របស់​តៃវ៉ាន់​ជាច្រើន​បាន​ប្ដូរ​កាល​បរិច្ឆេទ​សម្រាប់​ការ​បញ្ជូន​ទំនិញ​ទៅ​ឲ្យ​អតិថិជន​ដែល​បញ្ជា​ទិញ ឬ​ក៏​ផ្លាស់ប្ដូរ​ការ​បញ្ជា​ទិញ​ទៅ​ឱ្យ​ខ្សែ​សង្វាក់​ផលិតកម្ម​ផ្សេង​ទៀត​នៅ​ក្រៅ​ប្រទេស​ចិន។

លោក Tsai បាន​បន្ថែម​ថា មិន​មែន​គ្រប់​គ្នា​អាច​សម្រប​ខ្លួន​បាន​លឿន​នោះ​ទេ។

ការ​បង្វែរ​ការ​បញ្ជា​ទិញ

លោក​បាន​បន្ថែម​ថា «ក្រុមហ៊ុន​ដែល​បាន​ដាក់​ខ្សែ​សង្វាក់​ផលិតកម្ម​របស់​ខ្លួន​នៅ​ទូទាំង​ពិភពលោក​អាច​សម្រប​ខ្លួន​បាន។ ប្រសិន​បើ​ប្រតិបត្តិការ​របស់​ពួកគេ​នៅ​ក្នុង​ប្រទេស​ចិន​ឈប់​ដំណើរការ ខ្សែ​សង្វាក់​ផលិតកម្ម​នៅ​ក្នុង​ប្រទេស​វៀតណាម ឬ​កន្លែង​ផ្សេង​ទៀត​នឹង​ទទួល​បន្ត។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឱ្យ​យើង​បារម្ភ​គឺ​ថា មិន​មែន​អាជីវកម្ម​ទាំង​អស់​មាន​លទ្ធភាព​ក្នុង​ការ​បង្វែរ​ការ​បញ្ជា​ទិញ​នោះ​ទេ។ អញ្ចឹង យើង​សង្ឃឹម​ថា ការ​ផ្ទុះឡើង​នៃ​មេរោគ​ថ្មី​នេះ​អាច​ត្រូវ​បាន​គេ​ទប់ស្កាត់​បាន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ»។

ក្រុមហ៊ុន ABC Taiwan Electronics Corp គឺ​ជា​ក្រុមហ៊ុន​មួយ ដែល​អាច​សម្រប​ខ្លួន​បាន​យ៉ាង​លឿន ដោយ​បាន​ប្តូរ​ខ្សែ​ផលិត​របស់​ខ្លួន​ចេញ​ពី​ប្រទេស​ចិន ដោយ​ប្ដូរ​ទៅ​ប្រទេស​ម៉ាឡេស៊ី និង​កោះ​តៃវ៉ាន់​ជា​ដើម ដោយសារ​តែ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក និង​ចិន។

បើ​តាម​លោក Joseph Hsu ដែល​ជា​ប្រធានក្រុមហ៊ុន ABC Taiwan Electronics Corp ក្រុមហ៊ុន​របស់​លោក​កំពុង​ធ្វើ​អ្វី​ដែល​ខ្លួន​អាច​ធ្វើ​បាន​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​អាក្រក់ៗ​ដែល​បង្ក​ឡើង​ដោយ​ការ​ផ្ទុះ​ឡើង​នៃ​មេរោគ​កូរ៉ូណា​វីរុស​ប្រភេទ​ថ្មី​នេះ និង​មាន​ទំនុក​ចិត្ត​ចំពោះ​ការ​ផ្គត់ផ្គង់​ដល់​ការ​បញ្ជា​ទិញ​ទាំង​អស់ ទោះ​បី​ជា​ខ្សែ​ផលិត​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ចិន​របស់​ខ្លួន​មាន​ការ​អាក់ខាន​នៅ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​ក៏​ដោយ។

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​ក៏​មាន​ក្តីបារម្ភ​ផង​ដែរ។ លោក Hsu បាន​និយាយ​ថា៖ «យើង​អាច​ងើប​ឡើង​វិញ​បាន​លឿន ប៉ុន្តែ​ផលិតផល​ចាស់ៗ​របស់​យើង​មួយ​ចំនួន​អាច​ផលិត​បាន​តែ​នៅ​ក្នុង​ប្រទេស​ចិន​តែ​ប៉ុណ្ណោះ ដែល​នេះ​ជា​បញ្ហា​ប្រឈម​ដ៏​សំខាន់​មួយ​ចំពោះ​យើង។ វា​ជា​បញ្ហា​ដ៏​លំបាក ប៉ុន្តែ​យើង​ព្យាយាម​ស្វែងរក​ដំណោះស្រាយ»។

លោក​ក៏​បាន​ព្រមាន​ផង​ដែរ​ថា ឧស្សាហកម្ម​ផលិត​បន្ទះ​អេឡិចត្រូនិក​របស់​ចិន​អាច​នឹង​រង​ផល​ប៉ះពាល់​ខ្លាំង​ជាង​ការ​រំពឹង​ទុក ដោយសារ​តែ​ឧស្សាហកម្ម​នេះ​ភាគ​ច្រើន​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង Wuhan។ ទោះ​ជា​យ៉ាង​នេះ​ក្តី បញ្ហា​នេះ​អាច​ជួយ​ដល់​ក្រុមហ៊ុន​នៅ​តៃវ៉ាន់​របស់​ខ្លួន ប្រសិន​បើ​ការ​បញ្ជា​ទិញ​ចាប់​ផ្តើម​ប្តូរ​ទៅ​ក្រៅ​ប្រទេស​ចិន​នោះ។

ការ​ប៉ះពាល់​លើ​អ្នក​ប្រើប្រាស់

លោក Ker Gibbs ប្រធាន​សភា​ពាណិជ្ជកម្ម​អាមេរិកាំង​នៅ​ក្នុង​ទីក្រុង​សៀងហៃ បាន​និយាយ​ថា ចំពោះ​អាជីវកម្ម​អាមេរិកាំង​ដែល​ដំណើរការ​នៅ​ក្នុង​ប្រទេស​ចិន ការ​ពន្យារ​ពេល​ឈប់​សម្រាក​នេះ​ប្រាកដ​ជា​ព័ត៌មាន​អាក្រក់សម្រាប់​ពួកគេ ប៉ុន្តែ​វា​បង្ហាញ​ថា ចិន​កំពុង​ចាត់​វិធានការ​ត្រឹមត្រូវ​ដើម្បី​ទប់ស្កាត់​ការ​ផ្ទុះ​ឡើង​នៃ​មេរោគ​នេះ។

កម្មករ​បាញ់​ស្ព្រៃរ៍​កម្ចាត់​មេរោគ​នៅ​ក្នុង​ផ្សារ​លក់​ទំនិញ​មួយ​ក្នុង​ប្រទេស​កូរ៉េខាងត្បូងកាល​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ២០២០។
កម្មករ​បាញ់​ស្ព្រៃរ៍​កម្ចាត់​មេរោគ​នៅ​ក្នុង​ផ្សារ​លក់​ទំនិញ​មួយ​ក្នុង​ប្រទេស​កូរ៉េខាងត្បូងកាល​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ២០២០។

លោក​បាន​បញ្ជាក់​ដូច្នេះ​ថា៖ «ការ​ឈប់​សម្រាក​ចំនួន ១៤ ថ្ងៃ ច្បាស់​ជា​មិន​ជួយ​ដល់​ដំណើរការ​អាជីវកម្ម​នោះ​ទេ។ ប៉ុន្តែ​ជា​ការ​ពិត មនុស្សម្នា​ប្រហែល​ជា​នឹង​មិន​ចង់​ចេញ​ទៅ​ហាង​ទំនិញ មណ្ឌល​កម្សាន្ត និង​កន្លែង​ធំៗ ដែល​មនុស្សម្នា​ច្រើន​នោះ​ទេ»។

សភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​ក្នុង​ទីក្រុង​សៀងហៃ​ក៏​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ផង​ដែរ​ថា៖ «ការ​ខាត​បង់​សេដ្ឋកិច្ច​នៅ​ពេល​នេះ​អាច​នឹង​មាន​ខ្ពស់​ជាង [ការ​ខាតបង់​នៅ​ក្នុង​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ SARS កាល​ពី​ឆ្នាំ ២០០៣] ដោយសារ​តែ​ប្រទេស​ចិន​មាន​តួនាទី​កាន់​តែ​ខ្លាំង​នៅ​ក្នុង​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​ក្នុង​សាកលលោក និង​ដោយសារ​ការ​ប្រើប្រាស់​ឯកជន​នៅ​ក្នុង​ប្រទេស​ចិន​មាន​ការ​កើន​ឡើង​ច្រើន ក៏​ដូចជា​ដោយសារ​មេរោគ​ថ្មី​នេះ​មាន​ងាយ​នឹង​ឆ្លង​រាលដាល» នៅ​ក្នុង​ពេល​ឈប់​សម្រាក​នេះ។

សភា​ពាណិជ្ជកម្ម​អឺរ៉ុប​នេះ​បន្ថែម​ថា៖ «នៅ​ក្រៅ​ប្រទេស​ចិន បញ្ហា​សេដ្ឋកិច្ច​នេះ​អាច​នឹង​ប៉ះពាល់​ដល់​ទ្វីប​អឺរ៉ុប ដែល​ការ​ប៉ះពាល់​នោះ​មាន​តាំង​ពី​ការ​អាក់ខាន​ចំពោះ​សង្វាក់​ផ្គត់ផ្គង់ រហូត​ដល់​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៃ​ចំនួន​ភ្ញៀវ​ទេសចរ»។

ការ​ធ្លាក់​ចុះ​នៃ​ចំនួន​អ្នក​ប្រើប្រាស់

ច្បាស់​ណាស់ ការ​លក់​របស់​អាជីវកម្ម​របស់​ចិន​មាន​ការ​ធ្លាក់​ចុះ ដោយសារ​តែ​មនុស្ស​ម្នា​ស្នាក់​នៅ​ក្នុង​ផ្ទះ ហើយ​ហាង​ទំនិញ​នៅ​បន្ត​បិទ​ទ្វារ។​

ដោយសារ​តែ​ការ​ធ្វើ​ដំណើរ​របស់​អ្នក​ទេសចរ​ចិន​ត្រូវ​បាន​លុបចោល ក្រុមហ៊ុនLion Travel Service Co. របស់​តៃវ៉ាន់​បាន​បញ្ជាក់​ថា ខ្លួន​បាន​បាត់បង់​ទឹកប្រាក់​ចំនួន ៨ លាន ៦ សែន​ដុល្លារ​គិត​ត្រឹម​ថ្ងៃ​ទី ២៩ ខែ​មករា​កន្លង​ទៅ​នេះ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ហាង​ដុត​នំ​នៅ​តៃវ៉ាន់​ដែល​មាន​ឈ្មោះ​ថា 85°C បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ទី ៣០ ខែ​មករា​កន្លង​ទៅ​នេះ​ថា ប្រហែល​ជា ២៥ ភាគរយ​នៃ​ហាង​ជិត ៦ រយ​កន្លែង​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ចិន នឹង​បិទ​ដំណើរការ​អាជីវកម្ម​រហូត​ដល់​ថ្ងៃ​ទី ១០ ខែ​កុម្ភៈ​ខាង​មុខ។

ទោះ​ជា​យ៉ាង​នេះ​ក្តី គេ​ឃើញ​មាន​ផល​ប្រយោជន៍​ជា​សក្តានុពល​មួយ​សម្រាប់​កោះ​តៃវ៉ាន់ ដែល​ជា​ទីផ្សារ​សេវាកម្ម​កម្សាន្ត​តាម​កប៉ាល់​ធំ​ជាង​គេ​បំផុត​ទី​ពីរ​នៅ​ទ្វីប​អាស៊ី។

កាសែត Liberty Times របស់​តៃវ៉ាន់​ដែល​ផ្សាយ​ជា​ភាសា​ចិន​កុកងឺ បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ទី ២៨ ខែ​មករា​កន្លង​ទៅ​នេះ​ថា កប៉ាល់​ទេសចរណ៍ Spectrum of the Seas របស់​ក្រុមហ៊ុន Royal Caribbean International កំពុង​ពិចារណា​ផ្លាស់ប្ដូរ​ទីតាំង​ចម្បង​របស់​ខ្លួន​នៅ​ទ្វីប​អាស៊ី​ពី​ទីក្រុង​សៀងហៃ ទៅ​កោះ​តៃវ៉ាន់ នៅ​ពាក់​កណ្តាល​ខែ​កុម្ភៈ​ខាង​មុខ​នេះ ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នៃ​មេរោគ​ថ្មី​នេះ។

ប៉ុន្តែ​លោក Lee Chi-yueh ប្រធាន​ក្រុមហ៊ុន Chung Hsing Travel Service ដែល​ជា​ភ្នាក់ងារ​បម្រើ​សេវាកម្ម​របស់​ក្រុមហ៊ុន Royal Caribbean International នេះ បាន​បដិសេធ​មិន​បញ្ជាក់​អំពី​ព័ត៌មាន​នេះ​ជាមួយ​នឹង VOA៕

ប្រែ​សម្រួល​ដោយ លោក ប៊ុន ប៉េងហ៊ុយ

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG