ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​សមាគម​តំណាង​ឲ្យ​អ្នក​បញ្ជា​ទិញ​ទំនិញ​កាត់ដេរ​ស្នើ​ឱ្យ​លោក​ ​ហ៊ុន​ ​សែន​ ​រក្សា​កិច្ច​អនុគ្រោះ​ពន្ធ​ពី​អឺរ៉ុប​និង​អាមេរិក


រូបភាព​ឯកសារ៖ ក្រុមកម្មករ​ចេញ​ពី​រោងចក្រ​ពេល​ថ្ងៃត្រង់ ដើរ​ឆ្ពោះ​ទៅ​ផ្សារ​ក្បែរ​រោងចក្រ​ដើម្បី​សម្រាក​ និង​បរិភោគ​អាហារ​ថ្ងៃត្រង់​រយៈពេល​ប្រមាណ​មួយ​ម៉ោង។ (ខាន់ សុគុំមនោ/VOA)

កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០១៩ នេះ​ គណៈកម្មការ​សហភាព​អឺរ៉ុប​ប្រកាស​ចាប់​ផ្តើម​ដំណើរការ​ជា​ផ្លូវការ​ដែល​អាច​ឈាន​ទៅ​ដក​ហូត​បណ្តោះអាសន្ន​នូវ​ឋានៈ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​ពី​ប្រទេស​កម្ពុជា​ ដោយសារតែ​ការ​ធ្លាក់​ចុះ​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​ការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ។

ក្រុម​សមាគម​អន្តរជាតិ​ចំនួន​ប្រាំបី​ដែល​តំណាង​ឲ្យ​អ្នក​បញ្ជា​ទិញ​ផលិតផល​សម្លៀកបំពាក់​កាបូប​ និង​ស្បែកជើង​ពី​ប្រទេស​កម្ពុជា​បាន​បញ្ជាក់​ជា​ថ្មី​ពី​ការ​បារម្ភ​របស់​ពួកគេ​ចំពោះ​លទ្ធភាព​នៃ​ការណ៍​ដែល​ប្រទេស​កម្ពុជា​អាច​បាត់បង់​ការ​គាំទ្រ​ខាង​ពាណិជ្ជកម្ម​ ​ពី​សហភាព​អឺរ៉ុប​ក្រោម​កម្មវិធី​ ​នៃ​ឋានៈ​អនុគ្រោះ​ពន្ធ​ «អ្វីៗ​ទាំងអស់​លើកលែង​តែ​សព្វាវុធ» ​ឬ ​Everything​ But ​Arms​ (EBA) ​និង​ការ​គាំទ្រ​ខាង​ពាណិជ្ជកម្ម​របស់​សហរដ្ឋ​អាមេរិក​តាម​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធ​ទូទៅ​ ឬ​ Generalized​ System​ of​ Preference​ (GSP)។​

​ក្រុម​សមាគម​ទាំង​ប្រាំបី​ដែល​ភាគច្រើន​មក​ពី​សហរដ្ឋអាមេរិក​ ​និង​តំបន់​អឺរ៉ុប​ ​ក្នុង​នោះ​មាន​ ​American​ ​Apparel​ ​&​ ​Footwear​ ​Association​ ​និង​ ​Fair​ ​Wear​ ​Foundation​ ​ហើយ​និង​ ​European​ ​Branded​ ​Clothing​ ​Alliance​ ក៏​ដូច​ជា​ ​Federation​ ​of​ ​the​ ​European​ ​Sporting​ ​Goods​ ​Industry​ ​និង Social​ ​Accountability​ ​International​ បាន​អះអាង​ថា​ ​ការ​បាត់បង់​ឋានៈ​អនុគ្រោះ​ពន្ធ​ ​EBA​ ​និង​ ​GSP នេះ​ ​នឹង​ក្លាយ​ជា​ការ​គំរាមកំហែង​ទៅ​លើ​ឧស្សាហកម្ម​កាត់ដេរ​របស់​ប្រទេស​កម្ពុជា​ ​និង​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ។​

​លិខិត​របស់​ក្រុម​សមាគម​ទាំង​ប្រាំបី​ ​ចុះ​ថ្ងៃ​ទី៤​ ​ខែ​មេសា​ ​ឆ្នាំ​២០១៩​ ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ​ក្នុង​នាម​ជា​អ្នក​បញ្ជា​ទិញ​ទំនិញ​ធ្វើ​ដំណើរ​ ស្បែក​ជើង​ ​និង​សម្លៀក​បំពាក់​ជា​លក្ខណៈ​អន្តរជាតិ​ «យើង​កំពុង​តែ​សរសេរ​បញ្ជាក់​ពី​ការ​បារម្ភ​ដែល​ចេះ​តែ​កើន​ឡើង​ ​ទាក់ទិន​ស្ថានភាព​សិទ្ធិ​មនុស្ស​ និង​ការងារ​នៅ​ប្រទេស​កម្ពុជា​ ​ដែល​គំរាមកំហែង​កិច្ច​អនុគ្រោះ​ដល់​ប្រទេស​កម្ពុជា»។​

លិខិត​ដដែល​បាន​បន្ត​ថា​ ការ​សម្រេច​ចិត្ត​របស់​សហភាព​អឺរ៉ុប​ ​កាល​ពី​ថ្ងៃទី​១១​ ​ខែ​កុម្ភៈ​ ​ដើម្បី​ពិនិត្យ​សើរើឡើង​វិញ​អត្ថប្រយោជន៍​ EBA របស់​កម្ពុជា​ ​និង​ថ្មីៗ​នេះ​គឺ​ការ​ស្នើ​នូវ​បទបញ្ញត្តិ​នៅ​ក្នុង​សភា​សហរដ្ឋ​អាមេរិក​ ​ដើម្បី​ពិនិត្យ​សើរើ​អត្ថ​ប្រយោជន៍​នៃ​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធ​ទូទៅ​ ​ឬ​ហៅ​ថា​ ​(GSP)​ ​ជា​ការ​វិវត្ត​មួយ​ ​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​ ​ទៅ​ដល់​ក្រុមហ៊ុន​ ​ដែល​ផ្តល់​តម្លៃ​នៃ​ប្រភព​ទំនិញ​ចេញពី​ ​ប្រទេស​កម្ពុជា។​

​លិខិត​របស់​ក្រុម​សមាគម​ទាំង​ប្រាំបី​បាន​សរសេរ​ក្នុង​ន័យ​ដើមថា៖​

​«ការ​គំរាមកំហែង​យ៉ាង​ជាក់ច្បាស់​នៃ​ការ​ដកចេញ​ពី​អត្ថប្រយោជន៍​បាន​មក​ពី EBA​ ​របស់​សហភាព​អឺរ៉ុប​ ​និង​ ​GSP របស់​អាមេរិក ​នឹង​ធ្វើ​ឲ្យ​ឧស្សាហកម្ម​កម្ពុជា​ខូចខាត​ ​និង​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ ​លើ​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​ដែល​ធ្វើ​ការ​ក្នុង​ឧស្សាហកម្ម​នេះ។​ ជាង​នេះ​ទៅទៀត​ ​វា​នឹង​ធ្វើ​ឲ្យ​ខាតបង់​ការ​ខិតខំ​នៃ​រដ្ឋាភិបាល​របស់​អ្នក​ ​ដែល​ផ្តោត​លើ​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​មួយ​ដែល​ជោគជ័យ​នេះ​ ​ដែល​បាន​នាំមក​នូវ​ផលប្រយោជន៍​ដ៏​សម្បើម​ដល់​ប្រជាជន​ ​និង​សេដ្ឋកិច្ច​កម្ពុជា»។​

​ក្រុម​សមាគម​បាន​បញ្ជាក់​បន្ថែម​ទៀត​ ​ក្នុង​ន័យ​ដើម​ថា៖​

​«ហេតុ​ដូច្នេះ​ហើយ​ ​យើង​សុំ​ទទូច​ម្តង​ទៀត​ឲ្យ​អ្នក​ដោះស្រាយ​កង្វល់​នានា​ ​ដែល​យើង​បាន​បញ្ជាក់​យ៉ាង​លម្អិត​នៅ​ក្នុង​លិខិត​របស់​ពួក​យើង​កាល​ពី​ថ្ងៃ​ទី១​ ​ខែ​វិច្ឆិកា​ ​ឆ្នាំ២០១៨​ ​ឲ្យ​បាន​ឆាប់ៗ​តាម​តែ​អាច​ធ្វើ​ទៅ​បាន។​ យើង​នឹង​មាន​ការ​ពេញ​ចិត្ត​ចំពោះ​ការ​ឆ្លើយតប​ ​ដែល​នឹង​បញ្ជាក់​ពី​ផែនទី​បង្ហាញ​ផ្លូវ​នៃ​ការ​តាំងចិត្ត​ផ្សា​ភ្ជាប់​នឹង​ពេលវេលា​ ​ដែល​នឹង​ដាក់​ចេញ​នូវ​វិធានការ​បន្តបន្ទាប់​ ​ដើម្បី​ដោះស្រាយ​កង្វល់​ទាំងឡាយ​របស់​យើង។​ ដូច​ដែល​យើង​បាន​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​របស់​អ្នក​ជា​ច្រើន​រូប​កាល​ពី​ខែ​តុលា​ ​យើង​បាន​ត្រៀម​រួច​ជា​ស្រេច​ ​ដើម្បី​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​របស់​អ្នក​ ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​នេះ​ ​ដើម្បី​ធានា​ថា​ ​ម៉ាក​អន្តរជាតិ​ ​និង​អ្នក​លក់​រាយ​ ​នឹង​បង្កើន​ការ​សម្លឹង​មក​កម្ពុជា​ថា​ ​ជា​ប្រភព​ទំនិញ​ដ៏​សំខាន់​មួយ»។​ ​ ​

​កាល​ពី​ខែ​កុម្ភៈ​ ​ឆ្នាំ​២០១៩ នេះ​ ​គណៈកម្មការ​សហភាព​អឺរ៉ុប​ ​ប្រកាស​ចាប់​ផ្តើម​ដំណើរការ​ជា​ផ្លូវការដែល​អាច​ឈាន​ទៅ​ដក​ហូត​បណ្តោះអាសន្ន​នូវ​ឋានៈ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​ពី​ប្រទេស​កម្ពុជា​ ​ដោយសារតែ​ការ​ធ្លាក់​ចុះ​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​និង​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ។​

​សហគមន៍​អឺរ៉ុប​ ​បាន​ផ្តល់​ហេតុផល​នៃ​ការ​ផ្តើម​ដំណើរការ​នេះ​ត្រួសៗ​ថា ​ដោយសារ​កម្ពុជា​មិន​ទាន់​អាច​ដោះស្រាយ​បញ្ហា​ចម្បងៗ​មួយ​ចំនួន​ ​ក្នុង​នោះ​មាន​ការ​ច្រានចោល​សិទ្ធិ​នយោបាយ​ ​សកម្មភាព​រឹត​បន្តឹង​នានា​ទៅ​លើ​សង្គម​ស៊ីវិល​ ​សហជីព​ ​ការ​ផ្តល់​សេរីភាព​សារព័ត៌មាន​ ​និង​ការ​ដោះស្រាយ​បញ្ហា​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ ​ដែល​ផ្តោត​ជា​ពិសេស​លើ​ដី​ដែល​ប្រើប្រាស់​សម្រាប់​បម្រើ​ដល់​ការផលិត​ស្ករស។​

រូបភាពឯកសារ៖ លោកស្រី​ Cecilia Malmstrom រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​ថ្លែង​ក្នុង​អំឡុងពេល​នៃ​សន្និសីទ​សារព័ត៌មាន​មួយ ​នៅ​ឯ​ទីស្នាក់ការ​សហភាព​អឺរ៉ុប​ក្នុង​រដ្ឋធានី ប្រ៊ុចសែល កាល​ពី​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩។
រូបភាពឯកសារ៖ លោកស្រី​ Cecilia Malmstrom រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​ថ្លែង​ក្នុង​អំឡុងពេល​នៃ​សន្និសីទ​សារព័ត៌មាន​មួយ ​នៅ​ឯ​ទីស្នាក់ការ​សហភាព​អឺរ៉ុប​ក្នុង​រដ្ឋធានី ប្រ៊ុចសែល កាល​ពី​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩។

​លោក​ ឯម​ សុវណ្ណារ៉ា​ អ្នកវិភាគ​នយោបាយ​ឯករាជ្យ​ ​មានប្រសាសន៍​ថា​ ​រដ្ឋាភិបាល​កម្ពុជា​ ​មិន​អាច​ពន្យារ​ពេល​ ​ក្នុង​ការ​កែប្រែ​ស្ថានភាព​ ​ឲ្យ​ស្រប​ទៅ​តាម​ការ​ចង់បាន​របស់​សហភាព​អឺរ៉ុប​ ​ព្រោះ​ការ​ពន្យារ​ពេលណា​មួយ​នោះ​ ​អាច​នឹង​ធ្វើឲ្យ​កម្ពុជា​បាត់​ឱកាស​ក្នុង​ការ​ចរចា​ជាមួយ​សហភាព​អឺរ៉ុប​ដើម្បី​រក្សាទុក​ឋានៈ​អនុគ្រោះ​ពន្ធ​ EBA។​

​អ្នក​វិភាគ​រូប​នេះ​ ​ផ្តល់​ការ​ពន្យល់​ថា​ ​វា​ជា​ការ​ប្រសើរ​សម្រាប់​កម្ពុជា​ ​ដើម្បី​រក្សា​ឲ្យ​បាន​ EBA។​ លោក​ព្រមាន​ថា​ ​បើ​បាត់បង់​ ​EBA​ ​នោះ​កម្ពុជា​នឹង​ប្រឈម​បញ្ហា​ជាច្រើន​ទៀត​ ​តួយ៉ាង​ដូច​ជា​ចំណាត់ការ​របស់​សហរដ្ឋអាមេរិក​ ​ដែល​ក៏​នឹង​អាច​ព្យួរ​កម្ពុជា​ចេញពី​ប្រព័ន្ធ GSP៖​

​«ការ​ដក EBA ពី​សហគមន៍​អឺរ៉ុប​នេះ​ ​វា​មិនមែន​តែ​ ​EBA​ ​មួយ​ទេ​ ​វា​ពាក់ព័ន្ធ​នឹង​ ​នយោបាយ​ការបរទេស​ ​នយោបាយ​ការទូត​យើង​ ​បើ​សិន​បើ​ ​EBA​ ​បាត់​ហ្នឹង​ ​អា​នយោបាយ​ការ​ទូត​យើង​ហ្នឹង​ក៏​វា​ ​វា​បាត់បង់​ដែរ​ ​បាន​ន័យ​ថា​ ​ការ​គាំទ្រ​ពី​លោក​ខាង​លិច​ ​អឺរ៉ុប​ ​ហើយ​និង​អាមេរិក​ហ្នឹង​ ​វា​អាច​បាត់បង់។​ ​ហើយ​បើ​សិន​បើ​អឺរ៉ុប​ដក​ ​EBA ហ្នឹង​ ​អាមេរិក​ក៏​វា​ ​វា​ពិចារណា​ដក​ ​GSP​ ​ដែរ​អត្រា​អនុគ្រោះ​ពន្ធ​ហ្នឹង​ដែរ​ ​បើ​យើង​គិត​ទៅ​វា​ ​ប៉ូល​នយោបាយ​ពីរ​សំខាន់​ហ្នឹង​ ​គឺ​អាមេរិក​ ​ហើយនិង​អឺរ៉ុប»។​

​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ពាណិជ្ជកម្ម​មួយ​រូបយល់​ផ្ទុយ​ពី​យោបល់​របស់​លោក​ ឯម​ សុវណ្ណ៉ា។​ លោក​ ស៊ាង​ ​ថៃ​ ​អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ប្រាប់​ ​VOA​ ​នៅ​ថ្ងៃសុក្រ​នេះ​ថា​ ប្រទេស​កម្ពុជា​មិន​ចង់​បាត់បង់​ឋានៈ​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប​នោះ​ទេ​ ​តែ​បើ​បាត់​ ​ក៏​កម្ពុជា​នៅ​មាន​លទ្ធភាព​រស់​ដោយ​ខ្លួន​ឯង​ ​ដោយ​ហេតុ​ថា​ ​កម្ពុជា​បាន​ផ្តើម​ធ្វើ​កំណែទម្រង់​ជា​ច្រើន​ ​ដើម្បី​ប៉ះ​ប៉ូវ​នឹង​ការ​បាត់បង់​លក្ខណៈ​ពិសេស​នៃ​ការ​នាំ​ចេញ​ទំនិញ​ដោយ​មិន​ជាប់​ពន្ធ​នេះ។​

​លោក​បាន​លើក​ឡើង​ពី​ការ​កែទម្រង់​ក្នុង​ក្រសួង​ពាណិជ្ជកម្ម​ ​ដែល​រួម​មាន​ការ​លុបចោល​វិញ្ញបនបត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញ ​(Certificate​ ​of​ ​Origin)​ ឬ​ CO​ ​ការ​ដក​មកវិញ​នូវ​មន្ត្រី​កាំកុងត្រូល​របស់ក្រសួង​ពី​តំបន់​ព្រំដែន​ ​និង​ការ​ចុះបញ្ជី​ឯកសារ​ពាណិជ្ជកម្ម​ផ្សេង​ទៀត​ ​តាម​ប្រព័ន្ធ​អនឡាញ​ ​ដែល​កិច្ចការ​ទាំង​អស់​នេះ​ ​នឹង​បង្កើន​លទ្ធភាព​ប្រកួត​ប្រជែង​ដល់​ពាណិជ្ជករ។​

​«យើង​បាន​ធ្វើ​កិច្ចការ​ទាំងអស់​ហ្នឹង​ ​ដោយ​យើង​គិត​ថា​ ​បើ​សិន​ជា​វា​មិន​មាន​ ​ក៏​យើង​មាន​កម្លាំង​ ​មិន​មាន​ ​EBA​ ​ក៏​យើង​មាន​កម្លាំង​នឹង​ប្រកួតប្រជែង​ពីព្រោះ​ ​EBA​ ​មិនមែន​បាន​ន័យ​ថា​ ​វា​បិទ​មិន​ឲ្យ​យើង​ចូល​គ្រាន់​តែ​គេ​ឲ្យ​យើង​បង់ពន្ធ​ ​ដូច្នេះ​បើ​យើង​ធ្វើ​ម៉េច​ឲ្យ​ ​អ្នក​រកស៊ី​គាត់​មាន​ផល​ចំណេញ​ ​នៅ​តែ​នាំ​បាន​ចឹង​បាទ»។​

​ក៏ប៉ុន្តែ​ ​លោក​ ​ឃុន​ ​ថា​រ៉ូ​ ​មន្ត្រី​សម្របសម្រួល​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ ​និង​សិទ្ធិមនុស្ស​ហៅ​កាត់​ថា​ ​អង្គការ​សង់ត្រាល់ ​(Central) យល់​ថា​ ​បញ្ហា​នៃ​ការ​បាត់បង់​ឋានៈ​អនុគ្រោះ​ពន្ធ​ទាំង​ពី​សហភាព​អឺរ៉ុប​ ​និង​សហរដ្ឋ​អាមេរិក​ ​មិនមែន​ជា​បញ្ហា​ ​ដែល​រដ្ឋាភិបាល​បន្ត​ការ​លាក់បាំង​ទៀត​នោះ​ទេ។​ លោក​ថា​ ​រដ្ឋាភិបាល​ត្រូវ​តែ​ទទួល​ស្គាល់​ការ​ពិត​ពី​ផល​ប៉ះពាល់​ ​និង​ការ​គំរាមកំហែង​ ​ដល់​ពាណិជ្ជកម្ម​សម្រាប់​កម្ពុជា​ ​ទៅ​ថ្ងៃ​អនាគត​ ​ហើយ​ត្រូវ​ចាត់​វិធានការ​ឲ្យ​បាន​ជាក់លាក់​ ​ដើម្បី​ដោះស្រាយ​ ​បញ្ហា​ពាក់ព័ន្ធ​ទៅ​នឹង​សិទ្ធិ​ការងារ​ ​និង​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។​

​លោក​បាន​បន្ថែម​ថា​ ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ​នៅ​បន្ត​លើកទឹកចិត្ត​ឲ្យ​ភាគី​អ្នក​នយោបាយ​ ​និង​រដ្ឋាភិបាល​ខ្មែរ​រក​ច្រក​ ​វាយ​បំបែក​ការ​ជាប់​គាំង​ខាង​នយោបាយ​ ​ដែល​លោក​ជឿ​ថា​ មាន​ទំនាក់ទំនង​នឹង​បញ្ហា​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធ​នេះ។​

​«យើង​នៅ​តែ​លើកទឹកចិត្ត​ ​និង​អំពាវនាវ​ឲ្យ​រាជរដ្ឋាភិបាល​ ​ហើយ​និង​ភាគី​ពាក់ព័ន្ធ​ហ្នឹង​ ​ជា​ពិសេស​គណបក្ស​នយោបាយ​ហ្នឹង​ត្រូវ​តែ​ព្យាយាម​ ​និង​ដោះស្រាយ​នូវ​របៀបវារៈ​ ​ការ​ជាប់​គាំង​នូវ​នយោបាយ​ហ្នឹង​ ​ឲ្យ​កាន់​តែ​ឆាប់​ ​ដើម្បី​ធានា​យ៉ាងណា​យើង​អាច​នៅ​តែ​រក្សា​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ហ្នឹង​ ​ហើយ​រក្សា​បាន​នូវ​ស្ថិរភាព​ ​ទាំង​នយោបាយ​ ​ពីព្រោះ​ថា​ ​បើ​សិន​ជា​អ្នកនយោបាយ​ ​មិន​ដោះស្រាយ​នូវ​បញ្ហា​ជាប់​គាំង​នយោបាយ​ ​នៅ​ក្នុង​បរិបទ​ ​នៅ​ពេល​បច្ចុប្បន្ន​ហ្នឹង​ទេ​ ​យើង​ឃើញ​ថា ​ដំណើរការ​ ​ពេលវេលា​ ​ដែល​បាន​កំណត់​ដោយ​សហភាព​អឺរ៉ុប​ហ្នឹង​ ​វា​នឹង​ដើរ​ទៅ​តាម​ពេលវេលា​ហ្នឹងហើយ»។​

​យោង​តាម​លិខិត​របស់​ក្រុម​សមាគម​ទាំង​ប្រាំបី​ដែល​ភាគច្រើន​មក​ពី​សហរដ្ឋអាមេរិក​ ​និង​អឺរ៉ុប​ ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ​ការ​លក់ទំនិញ​កាត់ដេរ​ទៅ​អឺរ៉ុប​ ​និង​សហរដ្ឋអាមេរិក​រួមគ្នា​នៅ​ឆ្នាំ២០១៨​ ​បាន​កើន​ដល់​ ​៨.៥០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ ​ឬក៏​ជាង​មួយភាគបី​ ​(ឬ​៣៨​ភាគរយ)​ ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​កម្ពុជា។​ ​ជាង​នេះ​ទៅទៀត​នោះ​ ​ទំនិញ​កាត់ដេរ​ ​ស្បែកជើង​ ​និង​ធ្វើ​ដំណើរ​មាន​ចំនួន​ស្មើ​នឹង​ ​៨០ភាគរយ​នៃ​ការ​ចេញ​ទំនិញ​សរុប​របស់​កម្ពុជា៕​

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG