ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ពិភពលោកគ្រប់គ្រងជំងឺគ្រុនចាញ់បានពាក់កណ្តាល

  • Carol Preason

រូបថតឯកសារ៖ មន្ត្រី​ក្រសួង​សុខភាព​សាធារណៈថៃ កាន់​សំណាក​ឈាម​ដែល​បាន​ធ្វើ​តេស្តទៅ​លើ​កុមារ​ដែល​រស់​នៅ​តាម​ព្រំដែន​ថៃ​-មីយ៉ាន់ម៉ា នៅ​ឯ​ក្លីនិក​ព្យាបាល​ជំងឺ​គ្រុន​ចាញ់​ក្នុង​ខេត្ត Kanchanaburi ប្រទេស​ថៃ កាលពីថ្ងៃទី​២៦ ខែ​តុលា ឆ្នាំ២០១២។

ពិភពលោក​កំពុង​មាន​ជោគជ័យ​ក្នុង​ការប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់។​ ជីវិត​មនុស្ស​រាប់​លាន​នាក់​ត្រូវ​បាន​សង្គ្រោះ​ក្នុង​រយៈ​១០ឆ្នាំ​កន្លង​មក​នេះ​ ភាគ​ច្រើន​គឺ​កុមារ​ក្រោម​អាយុ​៥ឆ្នាំ។​ ថ្នាំ​វ៉ាក់សាំង​ដែល​មាន​សក្តានុពល​មួយ​កំពុង​ត្រូវ​បាន​ពិសោធន៍​ ប៉ុន្តែ​ អង្គការ​សុខភាព​ពិភពលោក​រាយការណ៍​ថា​មាន​ការវិវត្តន៍​ថ្មីៗ​បាន​គំរាម​តម្លៃ​នៃ​កិច្ចការ​មួយ​ទសវត្សរ៍។​

ការ​កើន​ការ​ប្រយុទ្ធ​ទល់​ជំងឺ​គ្រុនចាញ់​បាន​ចាប់​ផ្តើម​ ដោយ​នៅពេលនោះ​លោក​ប្រធានាធិបតី​ George W. Bush​ បាន​ចាប់ផ្តើម​គម្រោង​ផ្តួចផ្តើម​ប្រឆាំង​ជំងឺ​គ្រុនចាញ់​របស់​ប្រធានាធិបតី ​ជា​កម្មវិធី​មួយ​ដែល​បាន​ផ្តល់​ថវិកា​រាប់​លាន​ដុល្លារ​និង​បាន​ជំរុញ​ទឹកចិត្ត​ក្រុម​ប្រទេស​ដែល​ផ្តល់​អំណោយ​ផ្សេងៗ​ទៀត​ និង​អង្គការ​ឯកជន​ទាំងឡាយ​ ដូចជា​មូលនិធិBill and Melinda Gates Foundation​ ឲ្យ​សម្រេច​ធ្វើការ​បំបាត់​ជំងឺ​គ្រុនចាញ់​ជា​អាទិភាព។​

លទ្ធផល​អាច​មើល​ឃើញ​ទាំង​ការស្រាវជ្រាវ​និង​ទាំង​ចំនួន​ជីវិត​មនុស្ស​ដែល​បាន​សង្គ្រោះ។​ អង្គការ​សុខភាព​ពិភពលោក​រាយការណ៍​ថា​ ការស្លាប់​ដោយ​ជំងឺ​គ្រុនចាញ់​ត្រូវ​បាន​កាត់បន្ថយ​៤៧​ភាគរយ​ពាសពេញ​ពិភពលោក ​ហើយ​កាន់តែ​ច្រើន​គឺ​នៅ​តំបន់​អាហ្វ្រិក​ខាងត្បូង​បាន​ឡើង​ដល់​៥៤​ភាគរយ​ផងដែរ។​

សេចក្តី​រាយការណ៍​មួយ​នៅ​ក្នុង​ទស្សនាវដ្តី​ពេទ្យ​ឈ្មោះ​ The Lancet​ និយាយ​ថា​ ក្រុម​អ្នកស្រាវជ្រាវ​កំពុង​ពិសោធន៍​ថ្នាំវ៉ាក់សាំង​មួយ​ដែល​មក​ទល់​ពេលនេះ​បាន​បង្ហាញ​ថា​មាន​ប្រសិទ្ធភាព​ដោយ​អន្លើ។​ ការពិសោធន៍​ដែល​បានធ្វើ​ នៅ​ក្នុង​តំបន់​អាហ្វ្រិក​ខាងត្បូង​បាន​បង្ហាញ​ថា​ ថ្នាំ​វ៉ាក់សាំង​ដែល​ជ្រើសរើស​នោះ​បាន​ការពារ​ដោយ​អន្លើ​ដល់​កុមារ​រហូត​ដល់​អាយុ​៤ឆ្នាំ​ពី​ការ​កើត​ជំងឺ​នេះ ​ហើយ​ថា​ការ​ការពារ​បាន​កើន​ឡើង​និង​បាន​អូស​បន្លាយ​ពេល​នៅ​ពេល​កុមារ​បាន​ទទួល​កម្រិត​នៃ​ការចាក់ថ្នាំ​បង្ការ​រោគ​បន្ថែម។​

ក្រុម​អ្នកស្រាវជ្រាវ​បាន​និយាយ​ថា​ មាន​ករណី​ជំងឺ​គ្រុនចាញ់​ច្រើន​ជាង​១ពាន់​បីរយ​ករណី​ ត្រូវ​បាន​ការពារ​មួយរយៈ​ ជាង៤ឆ្នាំ​ សម្រាប់​ក្មេង​ម្នាក់ៗ​នៃ​ក្មេង​១ពាន់នាក់​ដែល​បាន​ទទួល​ថ្នាំ​វ៉ាក់សាំង​ ហើយថា​ចំនួន​នោះ​បានកើន​ឡើង​នៅ​ពេល​កុមារ​បាន​ទទួល​ការចាក់ថ្នាំ​បង្ការ​រោគ​បន្ថែម។​

ការ​ដកពិសោធន៍​នៃ​ការពិគ្រោះ​ពិនិត្យ​រហ័ស​ ក៏បានធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ មួយ​ដែរ។​ លទ្ធផល​បង្ហាញ​ឲ្យដឹង​ក្នុង​រយៈ​១៥​នាទី​ ដូច្នេះ​អ្នកជំងឺ​អាច​ដាក់​ថ្នាំ​ប្រឆាំង​ជំងឺ​គ្រុនចាញ់​បាន​ភ្លាមៗ។​

សម្រាប់​ជាលើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ​ប្រទេស​ជាច្រើ​នអាច​ផ្តោត​ការ​យកចិត្ត​ទុកដាក់​នៅ​ក្នុង​ពេលនេះ​ទៅលើ​ការ​បំបាត់​ជំងឺ​ យោង​តាម​អង្គការ​ Roll Back Malaria Partnership​ ដែល​សម្រប​សម្រួល​កិច្ច​ប្រឹងប្រែង​កំចាត់​ជំងឺ​គ្រុនចាញ់​អន្តរជាតិ។​

ការ​ចែកមុង​ឲ្យ​បានច្រើន​ ដើម្បី​ការពារ​មូសខាំ​ ក៏បាន​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​មួយ​ដែរ។​

លោកស្រី​វេជ្ជបណ្ឌិត​ Fatoumata Nafo-Traore ដឹកនាំ​អង្គការ​ Roll Back Malaria Partnership។​ លោកស្រី​ព្រមាន​ថា​ ទោះបី​មាន​ភាព​ជឿនលឿន​ធំ អស្ចារ្យ​ក៏ដោយ​ ក៏នៅ​មាន​កិច្ចការ​ជាច្រើន​ទៀត​ដែល​ចាំបាច់​ត្រូវ​ធ្វើ​ឲ្យ​ចប់។​ លោកស្រី​បាន​ប្រាប់​វីអូអេ​ថា៖​ «យើង​នៅ​ខ្វះ​ធនធាន​៥០​ភាគរយ​សម្រាប់​ការប្រយុទ្ធ​សាកល​ប្រឆាំង​នឹង​ជំងឺ​គ្រុនចាញ់‍»។​

ដូចជា​មនុស្ស​ជាច្រើន​ដែល​ធ្វើការ​ដើម្បី​បំបាត់​ជំងឺ​គ្រុនចាញ់​ដែរ​ លោកស្រី​ Nafo-Traore​ បាន​បារម្ភថា​ សត្វមូស​នៅក្នុង​ទ្វីប​អាហ្វ្រិក​កំពុង​ស៊ាំទៅនឹង​ថ្នាំ​បំផ្លាញ​សត្វល្អិត​ដែល​មាន​តម្លៃ​ថោក។​

នៅក្នុង​ផ្នែក​ខ្លះ​នៃ​តំបន់​អាស៊ី​ នៅតាម​បណ្តោយ​ព្រំប្រទល់​ប្រទេសថៃ-​កម្ពុជា​និង​ប្រទេស​មីយ៉ាន់ម៉ា​ នៅក្បែរ​ព្រំប្រទល់​ជាមួយ​ប្រទេស​ឥណ្ឌា​ ប៉ារ៉ាស៊ីត​ដែល បណ្តាល​ឲ្យ​កើត​ជំងឺ​គ្រុនចាញ់​ក៏​កំពុង​លូតលាស់​ស៊ាំនឹងថ្នាំ​ artemisinen​ ដែលជា​ឱសថ​ប្រឆាំង​ជំងឺ​គ្រុនចាញ់​ដ៏​សំខាន់។​ មូលនិធិ​សុខភាព​សាកល​មួយ​ ឈ្មោះ​The Wellcome Trust​ បានផ្តល់​ថវិកា​សម្រាប់​ការស្រាវជ្រាវ​នៅ​ប្រទេស​មីយ៉ាន់ម៉ា។​ មូលនិធិ​នេះ​រាយការណ៍​ថា​ ប្រសិនបើ​ការស៊ាំថ្នាំ​ artemisinen​ រាលដាល​ទៅ​ក្នុង​ប្រទេស​ឥណ្ឌា​ វាអាច​នឹងទៅជា​ការគំរាម​ដ៏ធ្ងន់ធ្ងរ​មួយ​ដល់​ការត្រួត​ពិនិត្យ​សាកល ​និង​ដល់​ការបំបាត់​ជំងឺ​គ្រុនចាញ់។​ ហើយ​ប្រសិន​បើ​ការស៊ាំថ្នាំ​ រាលដាល​ពី​តំបន់​អាស៊ី​ទៅដល់​អាហ្វ្រិក​ ជីវិត​ច្រើន​លាន​នាក់​នឹង​រង​គ្រោះថ្នាក់។​

ការបញ្ចប់​ជំងឺ​គ្រុនចាញ់​ត្រូវការ​ការផ្តល់​ប្រាក់​ពី​សហគមន៍​អន្តរជាតិ​និង​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជិតខាង​ដែល​ជំងឺ​គ្រុនចាញ់​មាន​ដោយ​កន្លែងៗ។​

លោក​វេជ្ជបណ្ឌិត​ William Moss​ មកពី​វិទ្យាស្ថាន​ស្រាវជ្រាវ​ជំងឺ​គ្រុនចាញ់​ Johns Hopkins Malaria Research Institute​ បញ្ជាក់​អំពី​រឿងនេះ​តាម​ទូរស័ព្ទ​ទៅ​វីអូអេ​ពី​ទីក្រុង​ Lubumbashi​ ថា៖​ «បើយើង​មិនធ្វើ​បញ្ចប់​ជាមួយគ្នា​ទេ​ ជោគជ័យ​និង​ការកើនឡើង​នៅ​ក្នុង​ប្រទេស​ណាមួយ​អាច​ចុះខ្សោយ​ ដោយ​ការ​នាំចូល​ជំងឺ​គ្រុនចាញ់​ពី​ប្រទេស​ជិតខាង​របស់​ខ្លួន‍»។

ជំងឺ​គ្រុនចាញ់​នៅតែ​សម្លាប់​មនុស្ស​ច្រើនជាង​កន្លះ​លាន​នាក់​រាល់ឆ្នាំ​ ភាគ​ច្រើន​គឺ​ទារក​និង​កុមារ​ក្រោម​អាយុ​៥ឆ្នាំ។​ ក្រុម​អ្នកជំនាញ​និយាយថា​ការបញ្ចប់​ជំងឺ​នេះ​ តម្រូវ​ឲ្យ​មាន​ការកម្ចាត់​សត្វមូស​ បង្កើត​ឱសថ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្លាំង​ និង​នៅ​ទី​បំផុត​ បង្កើត​ថ្នាំ​វ៉ាក់សាំង​មាន​ប្រសិទ្ធភាព។​ ប៉ុន្តែ​ពេល​វេលា​ប្រហែល​នឹង​អាច​ផុត​កំណត់៕

ប្រែសម្រួល​ដោយ​អ្នកស្រី​នុច សារីតា​

XS
SM
MD
LG