អ្នកនាំពាក្យរដ្ឋាភិបាលហ្គាបុង (Gabon) និយាយថាមន្ត្រីយោធាដែលបានប៉ុនប៉ងធ្វើរដ្ឋប្រហារស្ទើរតែ ទាំងអស់ត្រូវបានចាប់ខ្លួនហើយប៉ុន្តែនៅសល់តែម្នាក់ប៉ុណ្ណោះ។ ការប៉ុនប៉ងធ្វើរដ្ឋប្រហារយោធានេះបានកើតមានឡើងកាលពីព្រឹកថ្ងៃចន្ទនេះ។
លោក Guy-Bertrand Mapangou អ្នកនាំពាក្យរដ្ឋាភិបាលហ្គាបុងបានបន្ថែមថា៖ «រដ្ឋាភិបាលចាប់បានមន្ត្រីចំនួនបួននាក់ហើយម្នាក់ទៀតកំពុងរត់គេចខ្លួន»។
កាលពីថ្ងៃចន្ទ ក្រុមមន្ត្រីយោធាបានចូលកាន់កាប់ស្ថានីយវិទ្យុជាតិនៅក្នុងរដ្ឋធានី Libreville។ ក្រុមយោធាបានប្រកាសពីចេតនាក្នុងការបង្កើតក្រុមប្រឹក្សាស្រោចស្រង់ជាតិមួយ។
លោក Kelly Ondo Obiang បានថ្លែងតាមរលកធាតុអាកាសថាការថ្លែងតាមវិទ្យុនាពេលថ្មីៗនេះរបស់លោកប្រធានាធិបតី Ali Bongo «បានបន្ថែមការងឿងឆ្ងល់ដល់សមត្ថភាពរបស់លោកប្រធានាធិបតីក្នុងការបន្តការងារនៅក្នុងតំណែង»។
លោកប្រធានាធិបតីកំពុងតែស្ថិតនៅក្នុងប្រទេសម៉ារ៉ុកដើម្បីព្យាបាលជំងឺដាច់សសៃឈាម៕