ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់​​សុំឱ្យ​ប្រទេស​ចិន​​ប្រាប់​រុស្ស៊ី​​ឱ្យ​​​បញ្ឈប់​សង្គ្រាម​នៅ​អ៊ុយក្រែន


រដ្ឋមន្ត្រីការបរទេស​អាល្លឺម៉ង់​អ្នកស្រី Annalena Baerbock ទស្សនកិច្ច​នៅប្រទេស​ចិន។
រដ្ឋមន្ត្រីការបរទេស​អាល្លឺម៉ង់​អ្នកស្រី Annalena Baerbock ទស្សនកិច្ច​នៅប្រទេស​ចិន។

នៅ​ថ្ងៃសុក្រ​នេះ រដ្ឋមន្ត្រីការបរទេស​អាល្លឺម៉ង់លោកស្រី Annalena Baerbock បាន​សុំដល់​រដ្ឋាភិបាលក្រុង​ប៉េកាំង​ឱ្យ​ប្រាប់«ពួក​ឈ្លានពាន​រុស្ស៊ី​ឱ្យ​បញ្ឈប់​សង្គ្រាម»ក្នុង​ប្រ ទេស​អ៊ុយក្រែន ដោយ​លោកស្រីបាន​និយាយ​ថា«គ្មាន​ប្រទេសណា​មានឥទ្ធិពលច្រើន​លើ​រុស្ស៊ី​ជាង​ប្រទេស​ចិន​ទេ»។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ថ្លែង​នៅ​ក្រោយ​ជំនួប​មួយ​ជា​មួយ​លោក Qin Gang រដ្ឋមន្ត្រី​ការបរទេស​ចិន​នៅក្នុងក្រុង​ប៉េកាំង លោកស្រី Baerbock បាន​និយាយ​ថាលោកស្រី​ក៏​បាន​សម្តែង​កង្វល់​ដែរអំពី​បញ្ហា​សិទ្ធិ​មនុស្ស​ហើយ​បានព្រមានអំពីគ្រោះថ្នាក់​នៃកំណើន​ភាព​តានតឹងជា​មួយ​កោះ តៃវ៉ាន់។

ទស្សនកិច្ច​របស់​លោក​ស្រីក្នុង​រដ្ឋធានី​នៃ​ប្រទេស​ចិន​មានឡើងមួយ​សប្តាហ៍​ក្រោយ​ទស្សនកិច្ចរបស់ប្រធានាធិបតី​បារាំង​លោក Emmanuel Macron និងប្រធានគណៈ កម្មការ​អឺរ៉ុបលោកស្រី Ursula von der Leyen ដែលបានសុំ​ដល់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ឱ្យ​បំពេញ​មុខ​នាទី​ធំ​ជាង​មុន​ក្នុ​ងការ​ដោះស្រាយ​វិបត្តិ​នេះ។

លោកស្រី Baerbock បានមាន​ប្រសាសន៍​ថា៖ «ជាការ​ល្អប្រសើរ​ដែល​ចិនបាន​ផ្តល់​សញ្ញា​អំពី​ការប្តេជ្ញា​របស់​ខ្លួន​ដល់​ដំណោះស្រាយមួយ តែ​ខ្ញុំ​ត្រូវ​តែនិយាយ​ដោយត្រង់​ថា​ខ្ញុំឆ្ងល់​ថា​ហេតុ​ដូច​ម្តេច​មក​ដល់​ពេល​នេះ​ហើយ​គោលជំហរ​ចិន​គ្មាន​រួម​ការអំពាវនាវ​ឱ្យក្រុម​ឈ្លានពានរុស្ស៊ី​បញ្ឈប់​សង្គ្រាម​នេះ»។

ចិន​បាន​ចាត់ទុក​ខ្លួនឯង​ថាជា​អ្នក​សម្របសម្រួល​អព្យាក្រឹត​ក្នុងសង្គ្រាម​នេះ តែ​ការ ប្រកែក​របស់ចិនមិនព្រមថ្កោល​ទោសការ​លុកលុយ​របស់រុស្ស៊ី ហើយទស្សនកិច្ចកាល​ពី​ពេល​ថ្មីៗ​នេះរបស់​ប្រធានាធិបតី​ចិនលោក Xi Jinping បាននាំ​ឱ្យ​ពួក​មហា​អំណាចប្រទេស​លោក​ខាង​លិចចោទប្រកាន់​ចិន​ថាលម្អៀងទៅ​ខាង​សម្ព័ន្ធមិត្ត​ជា​ប្រពៃណី​របស់​ខ្លួន​គឺរុស្ស៊ី។

លោក Qin បាន​និយាយ​នៅ​ថ្ងៃសុក្រនេះថា​ចិន​មានជំនឿថា«វិធីតែ​មួយ​គត់​ដើម្បី​ដោះ ស្រាយវិបត្តិអ៊ុយក្រែន​គឺ​ផ្ចុង​ផ្តើម​ឱ្យ​មាន​សន្តិភាព​និង​ការចរចា​គ្នា»។

លោកបាន​ថ្លែង​ថា៖ «វិបត្តិ​អ៊ុយក្រែនបានកើនឡើង​ដល់​កម្រិត​ខ្ពស់នៅ​ថ្ងៃ​នេះ ហើយ​មាន​មេរៀនសំខាន់ៗ​គួរ​យកមក​ពិចារណា​ដោយ​ភាគី​ទាំង​អស់។ ដែនដី​មិន​អាចបែង​ចែក​បាន​ទេ ហើយសន្តិសុខ​ក៏​មិនអាច​បែង​ចែក​បានដែរ»។

លោកបានបន្ថែម​ថា៖ «ដោយគ្មាន​ការទទួលស្គាល់​ផលប្រយោជន៍ខាង​សន្តិសុខ​របស់​ភាគី​ណា​មួយ វិបត្តិ​និងជម្លោះ​មិនអាច​ចៀសវាង​បាន​ឡើយ»។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍មួយ​មុន​ទស្សនកិច្ចរបស់​លោកស្រី Baerbock លោកស្រី បាន​មានប្រសាសន៍​ថា​លោកស្រី​យក​ចិត្តទុក​ដាក់​ខ្លាំង​ក្នុង​ការធ្វើឱ្យ​មាន«តុល្យភាព​ត្រឹមត្រូវ»ជា​មួយ​ចិន ដែល​លោកស្រីបាននិយាយ​ថា«ចង់​រៀបចំសណ្តាប់​ធ្នាប់ពិភព លោកតាមបែបបទ​របស់​ខ្លួនផ្ទាល់»។

លោកស្រី​បាន​ថ្លែងនៅថ្ងៃ​សុក្រ​នេះថា​លោកស្រី​បាន​និយាយ​ប្រាប់​សមភាគីចិន​របស់​លោកស្រីថាអាល្លឺម៉ង់«ខ្វល់ខ្វាយ​ថា​ការទាក់ទងខាង​សង្គម​ស៊ីវិលក្នុង​ប្រទេស​ចិន​បាន​ចុះ​ថមថយ​ហើយសិទ្ធិ​មនុស្ស​ក៏​ត្រូវ​បាន​កាត់បន្ថយ​ដែរ»៕


XS
SM
MD
LG