ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ប្រទេស ​G-20 ​ពិភាក្សា​អំពី​កូវីដ១៩ ​ការ​ប្រែប្រួល​អាកាសធាតុ ​និង​ការ​អភិវឌ្ឍ​នៅ​អាហ្វ្រិក


រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken បាន​អញ្ជើញ​ទៅចូលរួម​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស G-20 ក្នុង​ទីក្រុង ​Matera ប្រទេស​អ៊ីតាលី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១។
រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken បាន​អញ្ជើញ​ទៅចូលរួម​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស G-20 ក្នុង​ទីក្រុង ​Matera ប្រទេស​អ៊ីតាលី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១។

ជំងឺ​កូវីដ១៩ ​ការ​ប្រែប្រួល​អាកាស​ធាតុ ​និង​បញ្ហា​សន្តិសុខ​ស្បៀង​ស្ថិត​ក្នុង​របៀប​វារ:​នៃ​ការ​ពិភាក្សា​នៅ​ថ្ងៃ​អង្គារ​របស់​រដ្ឋ​មន្ត្រី​ការ​បរទេស​ប្រទេស​ G-20 ​ដែល​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ប្រទេស​អ៊ីតាលី។​

កិច្ច​ប្រជុំ​នៅ​ក្នុង​ទីក្រុង ​Matera ប្រទេស​អ៊ីតាលី ​ជា​ជំនួប​ដោយ​ផ្ទាល់​លើក​ទី​មួយ​ចាប់​តំាង​ពី​ឆ្នាំ​២០១៩ ​មក។​

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​ថ្លែង​សុន្ទរកថានៅ​ក្នុងការ​បើក​នៃ​កិច្ច​ប្រជុំ​នោះ​ថា «ដើម្បី​បញ្ចប់​នូវ​ជំងឺ​រាតត្បាត​កូវីដ១៩ យើង​ត្រូវតែធ្វើ​ឲ្យមាន​វ៉ាក់សាំងកាន់តែ​ច្រើន​ឡើង​នៅ​ក្នុង​កន្លែង​ជា​ច្រើន​ថែម​ទៀត។ កិច្ចសហប្រតិបត្តិការ​ពហុ​ភាគី ​ជា​គន្លឹះដ៏​សំខាន់​នៅ​ក្នុង​ការបញ្ចប់​នូវ​វិបត្តិសុខភាព​ជា​សាកល​នេះ»។

លោក Blinken ក៏​បាន​បញ្ជាក់​ផង​ដែរពី​ការចូលរួម​វិភាគទាន​របស់អាមេរិក​ដល់​កម្មវីធី​វ៉ាក់សាំង​ COVAX របស់​អង្គការ​សុខភាព​ពិភព​លោក​ដើម្បីផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ​១៩ ​ដល់​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប ​និង​មធ្យម។ លោក​ក៏​បាន​សរសើរ​ដល់​ប្រទេស​អ៊ីតាលី​ក្នុង​ការរៀប​ចំ​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​អង្គារ​នេះ​ ដែលផ្តោត​យ៉ាង​សំខាន់លើ​ប្រធានបទ​នៃ​ការ​រាត​ត្បាត​ឆ្លង​នៃ​ជំងឺ​កូវីដ​១៩​នោះ។

មន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក​បាន​និយាយ​ថា ​រដ្ឋមន្ត្រី​ការ​បរទេស​លោក​ Antony Blinken ​នឹង​លើក​ឡើង​ពី​ភាព​ចាំបាច់​នៃ​ការ​ធ្វើការ​ជា​មួយ​គ្នា ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ជា​សកល​ ដែល​ជា​ប្រធាន​បទរួម​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ​ ខណៈ​លោក ​និង​លោក​ប្រធានាធិបតី​ Joe Biden​ បាន​កំណត់គោល​នយោបាយ​ការ​បរទេស​ ដោយ​ផ្ដោត​យ៉ាង​ខ្លាំង​លើ​ការ​រឹត​ចំណង​មិត្តភាព​ជា​មួយ​សម្ព័ន្ធ​មិត្ត។​

អ្នក​ស្រី ​Susannah Cooper ​នាយិកា​ការិយាល័យ​កិច្ចការ​រូបិយវត្ថុ​ប្រចាំ​ការិយាល័យ​កិច្ចការ​សេដ្ឋកិច្ច​ និង​ពាណិជ្ជ​កម្ម ​បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​មុន​កិច្ច​ប្រជុំ​ថា៖ ​«ដើម្បី​ដោះ​ស្រាយ​វិបត្តិ​អាកាសធាតុ​ លោក​រដ្ឋមន្រ្តី ​Blinken ​នឹង​លើក​ទឹក​ចិត្ត​ប្រទេស​សមាជិក ​G-20 ​ឲ្យ​ធ្វើ​ការរួម​គ្នា​ឆ្ពោះ​ទៅ​រក​លទ្ធផល​ប្រកប​ដោយ​មហិច្ឆតា ​រួមទាំង​ការ​ទទួល​ស្គាល់​ភាព​ចាំបាច់​ដើម្បី​រក្សា​កម្រិត​នៃ​កំណើន​កំដៅផែន​ដីត្រឹម​១,៥​អង្សាសេ​សារៈ​សំខាន់​នៃ​សកម្មភាព​ក្នុង​ទសវត្សរ៍​នេះ​ដែល​ស្រប​នឹង​គោលដៅ​នេះ​ និង​ការ​ចាត់វិធាន​ការ​ផ្សេងៗ​ទៀត ​ដូចជា​ការ​ប្តេជ្ញា​ចិត្ត​ដើម្បី​បញ្ចប់​ការ​ផ្ដល់​ហិរញ្ញ​វត្ថុ​សាធារណៈ​សម្រាប់​ការ​ដុត​ធ្យូងថ្ម​ដែល​គ្មាន​ការ​គ្របគ្រង​ឧស្ម័ន​ពុល​ជាដើម»។​

អ្នកស្រី ​Cooper​ បាន​និយាយ​ថា ​លោក ​Blinken ​នឹង​តស៊ូ​មតិ​ដើម្បី​«កសាង​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​ប្រកប​ដោយ​និរន្តរភាព» ​រាប់​បញ្ចូល​ទាំង​ប្រព័ន្ធ​ពន្ធដារ​ពិភពលោក​ដែល​មាន​សមធម៌ ​ដោយ​មាន​អត្រា​ពន្ធសាជីវកម្ម​អប្បបរមា។

រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​មក​ពី​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿន​លឿន​ទាំង​ប្រាំពីរ ​ឬ​ហៅ​កាត់​ថា ​G-7 ​ដែល​ជា​ប្រទេស​ស្ថិត​ក្នុង​ចំណោម​ G-20​ ដែរ​នោះ ​បាន​ព្រម​ព្រៀង​គ្នា​ជា​គោលការណ៍​កាល​ពី​ដើម​ខែ​មិថុនា​ដើម្បី​បង្កើត​ពន្ធ​អប្បបរមា​ជាសកល​លើ​សាជីវកម្ម​ ដែល​នឹង​បង្ខំ​ឲ្យ​ក្រុមហ៊ុន​ដែល​ផ្ទេរ​ប្រាក់​ចំណេញ​ទៅ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ដែល​បង់​ពន្ធទាប ​ឬមិន​បង់​ពន្ធ ​ឲ្យ​បង់​ពន្ធ​១៥​ភាគ​រយ​លើ​ប្រាក់​ចំណូល​នោះ​ ទៅ​ឲ្យ​ប្រទេស​ដែល​ជា​ទីតាំង​ទីស្នាក់​ការ​កណ្តាល​របស់​ក្រុមហ៊ុន។​

កិច្ច​ប្រជុំ​នៅ​ថ្ងៃ​អង្គារ​នេះ​ក៏​នឹង​ពិចារណា​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​ក្នុង​ទ្វីប​អាហ្រ្វិក​ រួម​ទាំង​បញ្ហា​សមភាព​យេនឌ័រ​ និង​ឱកាស​សម្រាប់​យុវជន​ ហើយ​នឹង​ការ​ខិតខំ​ប្រឹងប្រែង​ផ្នែក​មនុស្ស​ធម៌​ និង​សិទ្ធិ​មនុស្ស។​

ប្រទេស​អ៊ីតាលី​គឺ​ជា​ចំណត​ចុង​ក្រោយ​សម្រាប់​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ទ្វីប​អឺរ៉ុប​របស់​លោក​ Blinken ​ដែល​រួម​មាន​សន្និសីទ​អំពី​ប្រទេស​លីប៊ី​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ ​ជំនួប​ជា​មួយ​ប្រធានាធិបតី​បារំាង​ លោក ​Emmanuel Macron ​នៅ​ក្នុងទីក្រុង​បារីស ​និង​ជំនួប​ជា​មួយ​សម្ដេច​ប៉ាប​នៅ​បុរី​វ៉ាទីកង់៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG