ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ប្រទេស G-7 សន្យា​ផ្តល់​វ៉ាក់សាំង​កូវីដ១៩ ដល់​ប្រទេស​ក្រីក្រ និង​រិះគន់​ចិន​លើ​បញ្ហា​មួយ​ចំនួន


មេដឹកនាំ​​ក្រុមប្រទេស G-7 ឈរ​ថតរូប​ជុំ​គ្នា​ ក្រោយ​ពី​ពួកគេ​បញ្ចប់​កិច្ចប្រជុំ​កំពូល​​​របស់​ខ្លួន​នៅ​រមណីយដ្ឋាន Carbis Bay ប្រទេស​អង់គ្លេស កាលពី​ថ្ងៃ​អាទិត្យ។
មេដឹកនាំ​​ក្រុមប្រទេស G-7 ឈរ​ថតរូប​ជុំ​គ្នា​ ក្រោយ​ពី​ពួកគេ​បញ្ចប់​កិច្ចប្រជុំ​កំពូល​​​របស់​ខ្លួន​នៅ​រមណីយដ្ឋាន Carbis Bay ប្រទេស​អង់គ្លេស កាលពី​ថ្ងៃ​អាទិត្យ។

បណ្ដា​មេដឹកនាំ​នៃ​ក្រុម​ប្រទេស G-7 បាន​បញ្ចប់​កិច្ច​ប្រជុំ​កំពូល​របស់​ខ្លួន​នៅ​រមណីយដ្ឋាន Carbis Bay ប្រទេស​អង់គ្លេស កាលពី​ថ្ងៃ​អាទិត្យ ដោយ​បាន​សន្យា​ផ្តល់​វ៉ាក់សាំង​កូវីដ១៩ ជាង ១ ពាន់​លាន​ដូស​ដល់​បណ្តា​ប្រទេស​ក្រីក្រ និង​បាន​រិះគន់​ប្រទេស​ចិន​អំពី​បញ្ហា​មួយ​ចំនួន។

នាយក​រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​លោក Boris Johnson បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា វ៉ាក់សាំង​ទាំង​នោះ​នឹង​ត្រូវ​ចែកចាយ​តាម​វិធី​ដោយ​ផ្ទាល់​ផង​និង​តាម​រយៈ​គម្រោង COVAX ផង។ គម្រោង COVAX គឺជា​កម្មវិធី​ដែល​គាំទ្រ​ដោយ​អង្គការ​សហ​ប្រជាជាតិ​ដែល​ផ្គត់ផ្គង់​វ៉ាក់សាំង​កូវីដ១៩ ដល់​បណ្តា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប​និង​មធ្យម។

សេចក្តី​ថ្លែងការណ៍​រួម​ដែល​បាន​ចេញផ្សាយ​នៅ​ពេល​បញ្ចប់​កិច្ច​ប្រជុំ​កំពូល​របស់​ក្រុម​ប្រទេស G-7 បាន​បញ្ជាក់​ថា បណ្ដា​មេដឹកនាំ​ក្រុម​ប្រទេស G-7 «នឹង​លើក​កម្ពស់​គុណ​តម្លៃ​របស់​យើង ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​អំពាវនាវ​ដល់​ប្រទេស​ចិន​ឲ្យ​គោរព​សិទ្ធិ​មនុស្ស​និង​សេរីភាព​ជា​មូលដ្ឋាន​នានា ជាពិសេស​ទាក់ទិន​នឹង​តំបន់ Xinjiang ហើយ​នឹង​សិទ្ធិ សេរីភាព និង​ស្វ័យភាព​កម្រិត​ខ្ពស់​សម្រាប់​ទីក្រុង​ហុងកុង​ដែល​មាន​ចែង​នៅ​ក្នុង​សេចក្តី​ប្រកាស​រួម​រវាង​ប្រទេស​ចិន​និង​ចក្រភព​អង់គ្លេស​ផងដែរ»។ សេចក្ដី​ប្រកាស​រួម​រវាង​ចិន​និង​ចក្រភព​អង់គ្លេស​នេះ​ចង់​សំដៅ​លើ​កិច្ច​ព្រមព្រៀង​ឆ្នាំ ១៩៩៧ ដែល​អង់គ្លេស​បាន​ប្រគល់​ទីក្រុង​ហុងកុង​ឲ្យ​ចិន​ជា​អ្នក​គ្រប់គ្រង​វិញ។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​រង​ការ​ចោទ​ប្រកាន់​ថា​បាន​ប្រព្រឹត្តិ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​លើ​ជាតិ​សាសន៍​ភាគតិច​អ៊ុយហ្គ័រ (Uyghur) នៅ​តំបន់ Xinjiang និង​ការ​រំលោភ​បំពាន​ផ្សេងៗ​ទៀត​នៅ​ក្នុង​ទីក្រុង​ហុងកុង។

បណ្ដា​មេដឹកនាំ​នៃ​ក្រុម​ប្រទេស G-7 ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​បន្ថែម​ផងដែរ​លើ​ប្រភព​នៃ ជំងឺ​កូវីដ១៩ ដោយ​បាន​បញ្ជាក់​ដូច្នេះ​ថា៖ «យើង​ក៏​អំពាវនាវ​ផងដែរ​ឲ្យ​មាន​ការ​សិក្សា​ស្រាវជ្រាវ​ដំណាក់កាល​ទី ២ ដែល​ដឹកនាំ​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO) ដើម្បី​រក​ប្រភព​ជំងឺ​កូវីដ១៩ ឲ្យ​បាន​ទាន់​ពេលវេលា មាន​តម្លាភាព ដឹកនាំ​ដោយ​អ្នក​ជំនាញ និង​ផ្អែក​លើ​វិទ្យាសាស្ត្រ»៕

XS
SM
MD
LG