ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ជំទាស់​ទៅ​នឹង​សេចក្តី​ថ្លែងការណ៍​រួម​របស់​ក្រុម​ប្រទេស G-7


រូបឯកសារ៖ ទង់ជាតិ​ចិន​ត្រូវ​បាន​បង្ហូត​ឡើង​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០។
រូបឯកសារ៖ ទង់ជាតិ​ចិន​ត្រូវ​បាន​បង្ហូត​ឡើង​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០។

ប្រទេស​ចិន​បាន​ជំទាស់​ទៅ​នឹង​សេចក្ដី​ថ្លែងការណ៍​រួម​នៃ​កិច្ច​ប្រជុំ​កំពូល​របស់​ក្រុម​ប្រទេស G-7 ដែល​បាន​រិះគន់​ខ្លួន​អំពី​បញ្ហា​សិទ្ធិ​មនុស្ស។

សេចក្តី​ថ្លែងការណ៍​របស់​ក្រុម​ប្រទេស G-7 ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ បាន​អំពាវនាវ​ដល់​ប្រទេស​ចិន «ឲ្យ​គោរព​សិទ្ធិ​មនុស្ស​និង​សេរីភាព​ជា​មូលដ្ឋាន ជាពិសេស​ទាក់ទិន​នឹង​តំបន់ Xinjiang ហើយ​នឹង​សិទ្ធិ សេរីភាព និង​ស្វ័យភាព​កម្រិត​ខ្ពស់​សម្រាប់​ទីក្រុង​ហុងកុង​ដែល​មាន​ចែង​នៅ​ក្នុង​សេចក្តី​ប្រកាស​រួម​រវាង​ប្រទេស​ចិន​និង​ចក្រភព​អង់គ្លេស»។ សេចក្ដី​ប្រកាស​រួម​រវាង​ចិន​និង​ចក្រភព​អង់គ្លេស​នេះ​ចង់​សំដៅ​លើ​កិច្ច​ព្រមព្រៀង​ឆ្នាំ ១៩៩៧ ដែល​អង់គ្លេស​បាន​ប្រគល់​ទីក្រុង​ហុងកុង​ឲ្យ​ចិន​ជា​អ្នក​គ្រប់គ្រង​វិញ។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​រង​ការ​ចោទ​ប្រកាន់​ថា​បាន​ប្រព្រឹត្តិ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​លើ​ជាតិ​សាសន៍​ភាគតិច​អ៊ុយហ្គ័រ (Uyghur) នៅ​តំបន់ Xinjiang និង​ការ​រំលោភ​បំពាន​ផ្សេងៗ​ទៀត​នៅ​ក្នុង​ទីក្រុង​ហុងកុង។

ស្ថានទូត​ចិន​ប្រចាំ​ទីក្រុង​ឡុងដ៍ ចក្រភព​អង់គ្លេស បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ចោទ​ប្រកាន់​បណ្ដា​មេដឹកនាំ​នៃ​ក្រុម​ប្រទេស G-7 ថា​បាន​ជ្រៀតជ្រែក​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន ហើយ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ស្ថានទូត​ចិន​នេះ​បាន​ប្ដេជ្ញា​ថា​នឹង «តបត​វិញ​ដោយ​មុះមុត​ប្រឆាំង​នឹង​រាល់​ភាព​អយុត្តិធម៌​និង​ការ​បំពាន​គ្រប់​បែប​យ៉ាង​ដែល​ធ្វើ​មកលើ​ប្រទេស​ចិន»។

ស្ថានទូត​ចិន​នេះ​ក៏​បាន​បញ្ជាក់​ផងដែរ​ថា ការ​ស៊ើបអង្កេត​រក​ប្រភព​នៃ​ជំងឺ​កូវីដ ១៩ មិន​គួរ​យក​មក «ធ្វើជា​បញ្ហា​នយោបាយ» នោះ​ទេ។ ការ​បញ្ជាក់​ដូច្នេះ​គឺជា​ការ​ឆ្លើយតប​ចំពោះ​ក្រុម​ប្រទេស G-7 ដែល​ទាមទារ​ឲ្យ​អង្គការ​សុខភាព​ពិភពលោក (WHO) ធ្វើ​ការ​ស៊ើបអង្កេត​លើក​ទី ២ ដើម្បី​រក​ប្រភព​ជំងឺ​កូវីដ១៩ «ឲ្យ​បាន​ទាន់​ពេល​វេលា មាន​តម្លាភាព ដឹកនាំ​ដោយ​អ្នក​ជំនាញ និង​ផ្អែក​លើ​វិទ្យាសាស្ត្រ»៕

XS
SM
MD
LG