ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ​ព្រមាន​ថា ការ​ប្រះស្រាំ​នៃ​លោកខាង​លិច​នឹង​ធ្វើ​ឲ្យ​ចិន​និង​រស្ស៊ី​មាន​អំណាច​កាន់​តែ​ខ្លាំង


មនុស្សម្នា​ពាក់​ស្រោម​មុខ​របស់​លោក ដូណាល់ ត្រាំ និង​មេដឹកនាំ​ពិភពលោក​ផ្សេង​ទៀត នៅ​ក្នុង​បាតុកម្ម មុន​កិច្ចប្រជុំ G-7 ក្នុង​ក្រុង Biarritz ប្រទេស​បារាំង កាលពី​ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩។

អ្នក​វិភាគ​បាន​ព្រមាន​ថា ចិន និង​រុស្ស៊ី​ជឿ​ថា ពួកគេ​អាច​ធ្វើ​អ្វីៗ​តាម​តែ​អំពើ​ចិត្ត និង​រួច​ខ្លួន​ពី​ការ​បង្ក្រាប​ក្រុម​ប្រឆាំង ដោយសារ​តែ​ប្រទេស​លោក​ខាង​លិច​កំពុង​មាន​ជម្លោះ​ជាមួយ​គ្នា និង​បាន​បាត់បង់​ភាព​ជឿជាក់​ក្នុង​សមត្ថភាព​ខ្លួន​ក្នុង​ការ​ដឹកនាំ​ពិភពលោក។

អ្នក​វិភាគ​បាន​ព្រមាន​ថា ចិន និង​រុស្ស៊ី​ជឿ​ថា ពួកគេ​អាច​ធ្វើ​អ្វីៗ​តាម​តែ​អំពើ​ចិត្ត និង​រួច​ខ្លួន​ពី​ការ​បង្ក្រាប​ក្រុម​ប្រឆាំង ដោយសារ​តែ​ប្រទេស​លោក​ខាង​លិច​កំពុង​មាន​ជម្លោះ​ជាមួយ​គ្នា និង​បាន​បាត់បង់​ភាព​ជឿជាក់​ក្នុង​សមត្ថភាព​ខ្លួន​ក្នុង​ការ​ដឹកនាំ​ពិភពលោក។

លោក Rafaello Pantucci ប្រធាន​ផ្នែក​សិក្សា​ពី​សន្តិសុខ​អន្តរជាតិ​នៅ​វិទ្យាស្ថាន Royal United Services Institute ក្នុង​ប្រទេស​អង់គ្លេស​បាន​និយាយ​ថា «វា​មាន​គ្រោះថ្នាក់​ដែល ប្រទេស​លោក​ខាង​លិច​គ្រាន់​តែឈរ​អោប​ដៃ​មើល​ព្រឹត្តិការណ៍​សំខាន់ៗកើត​មាន​ឡើង​នៅ​ជុំវិញ​ពិភពលោក។ ការ​គ្មាន​លទ្ធភាព​របស់​យើង​ក្នុង​ការ​ឆ្លើយតប​ច្បាស់លាស់​ ដែល​នាំ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ឥរិយាបថ​ ​បង្ហាញ​ថា វប្បធម៌​និទណ្ឌភាព​កំពុងតែ​មាន​អំណាច​ឡើង​ហើយ»។

សកម្មជន​ប្រឆាំង​នឹង​ក្រុម​ប្រទេស G-7 កាន់​រូបភាព​របស់​មេដឹកនាំ G-7 នៅ​ក្នុង​បាតុកម្ម​មួយ​នៅ​ក្នុង​ក្រុង Hendaye ប្រទេស​បារាំង កាលពី​ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩។
សកម្មជន​ប្រឆាំង​នឹង​ក្រុម​ប្រទេស G-7 កាន់​រូបភាព​របស់​មេដឹកនាំ G-7 នៅ​ក្នុង​បាតុកម្ម​មួយ​នៅ​ក្នុង​ក្រុង Hendaye ប្រទេស​បារាំង កាលពី​ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩។

លោក Pantucci បាន​សរសេរ​នៅ​ក្នុង​កាសែត The Times របស់​អង់គ្លេស​កាលពី​ចុង​ខែ​សីហា​ថា «ការ​ឆ្លើយតប​របស់​យើង​ចំពោះ​បាតុកម្ម​នៅ​ហុងកុង និង​មូស្គូ ជា​ការ​បង្ហាញ​ច្បាស់​ពី​បញ្ហា​នេះ។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង​រដ្ឋាភិបាល​ក្រុង​មូស្គូ​បាន​ធ្វើ​អ្វីៗ​តាម​តែ​អំពើចិត្ត»។

អ្នក​ការទូត និង​អ្នក​វិភាគ​នៅ​ប្រទេស​លោក​ខាង​លិច​បាន​ចែក​រំលែក​គំនិត​យោបល់​របស់​ពួកគេ​ជាមួយ​នឹង VOA នៅអំឡុង​កិច្ចប្រជុំ​កំពូល G-7 នា​ពេលថ្មីៗ​នេះ​នៅ​ក្នុង​ក្រុង Biarritz ប្រទេស​បារាំង។

បញ្ហា​ដូចជា ​បម្រែបម្រួល​អាកាសធាតុ ទំនាក់ទំនង​ជាមួយ​នឹង​រុស្ស៊ី កំណើន​ជាតិ​និយម និង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន ដែល​ជា​លទ្ធផល​បាន​ប៉ះពាល់​ដល់​អឺរ៉ុប​ច្រើន​ជាង​ប៉ះពាល់​ដល់​អាមេរិក​ខ្លួន​ឯង​ផ្ទាល់ ត្រូវ​បាន​គេ​លើក​យក​ទៅ​ពិភាក្សា​នៅ​ក្នុង​កិច្ចប្រជុំ​នោះ។ ក្រុមប្រទេស​មហា​អំណាច G-7 ជា​ប្រទេស​កាន់​លទ្ធិ​ប្រជាធិតេយ្យ​ធំជាង​គេ​បំផុត​នៅ​លើ​ពិភពលោក។

លោក William Hague អតីត​រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស​សម្តែងការ​ព្រួយបារម្ភ​ដោយ​ថ្លែង​ថា «​មើល​ទៅ​គឺ​ថា ប្រទេស​លោក​ខាង​លិច​កាន់​តែ​មាន​ភាព​ខ្វែង​គ្នា» នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ។​

លោក​បាន​និយាយ​ថា មេដឹកនាំ​ក្រុម​ប្រទេស G-7 «កំពុង​ទាល់​យោបល់​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​រួបរួម​គ្នា»។ ពួកគេ​ត្រូវ​រក​គំនិត​ដើម្បី «ដោះស្រាយ​ការ​គំរាមកំហែង​ចម្បងៗ ដែល​អាច​នឹង​នាំ​វិបត្តិ​ដល់​ពួកគេ ប្រសិន​បើ​ពួកគេ​មិន​មើល​ឲ្យ​បាន​វែងឆ្ងាយ​ចាប់​ពី​ពេល​នេះ​ទៅ»។

ប្រធានាធិបតី​បារាំង​លោក Emmanuel Macron បាន​ជំរុញ​ឲ្យ​មេដឹកនាំ​ផ្សេង​ទៀត​គិត​ឡើង​វិញ​ពីយុទ្ធសាស្ត្រ​របស់​ខ្លួន​ក្នុង​ការដឹកនាំ​សកលលោក។ លោក​បាន​ប្រាប់​ឲ្យ​ក្រុម​មេដឹកនាំ​ទាំង​នោះ​ជួយ​សង្គ្រោះ​លទ្ធិប្រជាធិបតេយ្យ​ពី​ក្រុម​មេដឹកនាំ​ជាតិ​និយម និង​កម្ចាត់​មូលធន​និយម​ ដើម្បី​កាត់បន្ថយ​វិសមភាព​សង្គម ​បង្កើន​ភាព​ចម្រុះ​ជាតិសាសន៍ និង​ប្រកាន់​ខ្ជាប់​គោលការណ៍​ពហុភាគី​ឡើង​វិញ។

លោក​ប្រធានាធិបតី​បារាំង Emmanuel Macron ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​ចុងក្រោយ​នៃ​កិច្ចប្រជុំ G7 កាលពី​ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ក្នុង​ក្រុង Biarritz ប្រទេស​បារាំង។
លោក​ប្រធានាធិបតី​បារាំង Emmanuel Macron ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​ចុងក្រោយ​នៃ​កិច្ចប្រជុំ G7 កាលពី​ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ក្នុង​ក្រុង Biarritz ប្រទេស​បារាំង។

ប្រធានាធិបតី​អាមេរិក​លោក Donald Trump មាន​ភាព​ស្ទាក់ស្ទើរ​ចំពោះ​គោលការណ៍​ពហុភាគី និងធុញ​ថប់​ចំពោះ​ការ​មិន​គាំទ្រ​របស់​អឺរ៉ុប​លើ​ជំហរ​ដ៏​មុតមាំ​របស់​លោក «ក្នុង​ការ​ដាក់​សម្ពាធ​អតិបរមា» ទៅ​លើ​អ៊ីរ៉ង់។ លោកប្រធានាធិបតីក៏​បាន​បង្ខំ​សហភាព​អឺរ៉ុប​ឲ្យ​គាំទ្រ​ការ​តតាំង​ផ្នែក​ពាណិជ្ជកម្ម​របស់​អាមេរិក​ជាមួយ​នឹង​ចិន​ផង​ដែរ ដោយ​លោក​បាន​អះអាង​ថា ការ​ឈឺចាប់​រយៈពេល​ខ្លី​គឺ​ត្រូវការ​ចាំបាច់ ដើម្បី​ «​តទល់​ជាមួយ» រដ្ឋាភិបាល​ក្រុង​ប៉េកាំង។ បើ​មិន​ដូច្នេះ​ទេ ប្រទេស​លោក​ខាង​លិច​នឹង​ជា​អ្នក​ចាញ់ ក្នុង​រយៈពេល​វែង។

អ្នក​ធ្វើ​អត្ថាធិប្បាយ​នៅ​ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន​បាន​បន្ទោស​លោក​ប្រធានាធិបតី ត្រាំ និង​មេដឹកនាំ​ជាតិ​និយម​ផ្សេង​ទៀត​ចំពោះ​ការ​ប្រេះស្រាំ​របស់​ប្រទេស​លោក​ខាង​លិច ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​យល់​ថា ការផ្លាស់ប្តូរការដឹកនាំ​សកលលោក​តាម​បែប​លោកខាងលិច គឺ​ជា​លទ្ធផល​នៃ​វិបត្តិ​ជា​ប្រវត្តិសាស្រ្ត​ដ៏​ស៊ីជ្រៅ ​ខណៈ​ភាពគឃ្លើន​របស់​ចិន​ងើប​ឡើងកាន់​តែ​ខ្លាំង​ តាម​រយៈការ​ប្រើប្រាស់​ពាណិជ្ជកម្ម​ជា​ឧបករណ៍ដើម្បី​គ្រប់គ្រង​រដ្ឋ និង​ការទូត ហើយ​ប្រទេស​រុស្ស៊ីកាន់​តែ​បង្កើន​ការ​រិះគន់​ទៅ​លើ​ប្រទេស​លោក​ខាង​លិច និង​មាន​ទំនោរបង្កើត​ភាព​ជា​ដៃគូ​ជាមួយ​នឹង​ប្រទេសចិន។​

ដោយ​បាន​បោះទុនវិនិយោគ​យ៉ាង​ច្រើន​នៅ​ក្នុង​ប្រទេស​លោក​ខាង​លិច និង​ក្នុងប្រទេស​កំពុង​អភិវឌ្ឍន៍ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មិន​ខ្មាស់អៀន​ក្នុង​ការ​ទាមទារ​ការ​គាំទ្រ​ផ្នែក​នយោបាយ​ពី​ប្រទេស​ធំៗ​ផ្សេង​ទៀត​នោះ​ទេ ដើម្បី​ជា​ថ្នូរ​នឹង​ការ​វិនិយោគ​របស់​ខ្លួន។ បាតុកម្ម​នៅ​ហុងកុង​បាន​ធ្វើ​ឲ្យ​សហភាព​អឺរ៉ុប ជាពិសេស​ចក្រភព​អង់គ្លេស​ស្ថិត​ក្នុង​ស្ថានភាព​ពិបាក​ក្នុងការ​សម្រេច​ចិត្ត។ តើ​ពួកគេ​គួរ​តែ​គាំទ្រ​សិទ្ធិ និង​សេរីភាព​របស់​ពលរដ្ឋ​ហុងកុង ដែល​មានចែង​នៅ​ក្នុង​សេចក្តីប្រកាស​រួម ​ចុះ​ហត្ថលេខា​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង នៅ​មុន​ពេល​អង់គ្លេស​ប្រគល់​ដែនដី​នេះ​ទៅ​ឲ្យ​ចិន​វិញ នៅ​ក្នុង​ឆ្នាំ១៩៩៧? ឬគ្រាន់​តែ​រអ៊ូរទាំ​តិចតួច​ពី​ការ​លេងធ្ងន់ដៃ​របស់​ចិន ដើម្បីគ្រាន់​តែ​អាច​សម្រប​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ហើយ​ទទួល​បាន​ផលប្រយោជន៍​ពាណិជ្ជកម្ម?​

បញ្ហា​ខាងលើ​នេះ​នឹង​កាន់​តែ​លំបាក​ឡើង ស្របពេល​ដែល​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ចិន​ដីគោក​នៅ​កោះ​ហុងកុង​នៅ​តែ​បន្ត​ ដែល​ការណ៍​នេះ​អាច​បណ្តាល​ឲ្យ​មាន​អន្តរាគមន៍​យោធា​នៅ​អតីតកោះអាណានិគម​អង់គ្លេស​មួយ​នេះ។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ ជាមួយ​នឹង​ការ​គំរាមកំហែង​បង្កប់​ខ្លះ​ៗ​ក្នុង​នោះថា ការ​រិះគន់​ពី​រដ្ឋាភិបាល​អង់គ្លេស​ត្រូវ​តែ​មាន​កម្រិត។ បើ​មិន​អញ្ចឹង​ថា រដ្ឋាភិបាល​ក្រុង​ឡុងដ៍​ ដែល​កំពុង​តែ​ព្យាយាម​ពង្រឹង​ពាណិជ្ជកម្ម​របស់​ខ្លួន​ជាមួយ​នឹង​ចិន​ បន្ទាប់​ពី ពីការចាកចេញ​របស់​អង់គ្លេស​ឬ​ហៅ​កាត់ថា Brexit នឹង​ខាតបង់​ផ្នែក​ហិរញ្ញវត្ថុ។ ​

លោក Hague បាន​និយាយ​ថា ការ​បញ្ចប់​សង្គ្រាម​ត្រជាក់ «បាន​ធ្វើ​ឲ្យ​ប្រទេស​ប្រជាធិបតេយ្យ​បាត់បង់​នូវ​សាមគ្គីភាព​ជា​ស្វ័យប្រវត្តិ​របស់​ខ្លួន ហើយ​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​បាន​ប៉ះពាល់​ទៅ​លើ​ជំនឿទុកចិត្ត​លើ​ខ្លួន​ឯង​យ៉ាង​ខ្លាំង​ក្នុង​ចំណោម​បណ្តា​ប្រទេស​ទាំងនោះ»។

វិបត្តិ​ហិរញ្ញវត្ថុ​កើត​ឡើង​នៅ​ចំ​ពេល​មាន​និន្នាការ​រយៈពេល​វែង ដែល​នោះ​គឺ​ការ​ផ្លាស់ប្តូរ​រោងចក្រ​ឧស្សាហកម្ម​របស់​ប្រទេស​លោក​ខាង​លិច ទៅ​ប្រទេស​លោក​ខាង​កើត​វិញ ដោយ​ធ្វើ​ឲ្យ​អ្នក​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​លោក​ខាង​លិច​មាន​ការ​ខឹងសម្បារ​ចំពោះ​ការ​បាត់បង់​ប្រយោជន៍​របស់​ខ្លួន​ពីសកលភាវូបនីយកម្ម ហើយពួកគេ​បាន​ចោទសួរអំពីគោលការណ៍​មូលដ្ឋាន​នៃពហុភាគីនិយម។​

លោក Antonio Barroso ​អ្នក​វិភាគ​នៅ​ក្រុមហ៊ុន Teneo ដែល​ជា​ក្រុមហ៊ុន​ប្រឹក្សាយោបល់​លើ​ហានិភ័យ​ភូមិសាស្ត្រ​នយោបាយ​បាន​និយាយ​ថា «យើង​បាន​ចាកចេញ​ពី​ពិភពលោក​មួយ​ដែល​មាន​ទំនោរ​ខ្លាំង​ទៅ​ខាង​ពហុភាគីនិយម​ច្រើន​ជាង​ពិភព​លោក​ដែល​យើង​កំពុង​រស់នៅ​នាពេលបច្ចុប្បន្ន»៕​

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG