ក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុនៃប្រទេសមានសេដ្ឋកិច្ចលូតលាស់ដែលកំពុងជួបប្រជុំគ្នាក្នុងទី ក្រុងហ្វូហ្គូអូកា (Fukuoka) ប្រទេសជប៉ុនបានព្រមព្រៀងគ្នានៅថ្ងៃសៅរ៍នេះថាមានតម្រូវការជាបន្ទាន់ ដើម្បីធានាឲ្យក្រុមហ៊ុនធំៗបង់ពន្ធសមរម្យនិងគាំទ្រសេដ្ឋកិច្ច ខណៈដែលកំណើនសេដ្ឋកិច្ចពិភពលោករីកចម្រើនយឺត។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោក តារ៉ូ អាសូ (Taro Aso) ថ្លែងថា មិនត្រូវឲ្យមានអ្នកខាតបង់ធំទេ ដោយសារការកែទម្រង់ ដែលលោកបញ្ជាក់ថានេះជារឿងសំខាន់បំផុតនៅក្នុងសតវត្សរ៍នេះ។
ក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុផ្សេងៗទៀតកំពុងពិចារណារអំពីគោលនយោបាយនៃការបង់ ពន្ធថ្មី ដោយផ្អែកលើចំនួនក្រុមហ៊ុនរកស៊ីក្នុងប្រទេសមួយ ដោយមិនផ្អែកលើទីកន្លែង ក្រុមហ៊ុនដាក់ទីស្នាក់ការធំទេ។
លោករដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក Steven Mnuchin បានថ្លែងថា មិនត្រូវមានការបែងចែករវាងទីផ្សារ និងក្រុមហ៊ុនដែលលក់អនឡាញពីបញ្ជីសារពើពន្ធទេ។ តែខណៈដែលមេដឹកនាំហិរញ្ញវត្ថុ ប្រទេសអ្នកមាន និងប្រទេសអភិវឌ្ឍន៍ទាំងពីរមានការខ្វែងគំនិតគ្នាលើបញ្ហាលម្អិត ពួកគេបានព្រមព្រៀងគ្នាថា ត្រូវតែធ្វើការសើរើប្រព័ន្ធបង់ពន្ធដែលមានជាធរមាន។
ប្រទេស G 20 ជាក្រុមប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេចំនួន២០ ក្នុងពិភពលោក បានជំរុញឲ្យអង្គការសម្រាប់ការអភិវឌ្ឍន៍និងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ឲ្យរៀបចំប្រព័ន្ធពន្ធអន្តរជាតិឡើងវិញ ក្រោយដែលគេបានឃើញថា មហាក្រុមហ៊ុនធំៗតាមប្រព័ន្ធអ៊ីនធឺណិតដូចជាហ្វេសប៊ុក និង អាម៉ាហ្សូន បានទាញប្រយោជន៍ពីតំបន់បង់ពន្ធទាប ដូចជានៅក្នុងប្រទេស អៀរឡង់ ហើយនឹងបង់ពន្ធស្ទើរតែដល់កម្រិតសូន្យក្នុងប្រទេសជាច្រើនទៀតដែលក្រុមហ៊ុនទាំងនោះ បានទទួលប្រាក់ចំណេញយ៉ាងច្រើនសន្ធឹកសន្ធាប់៕