ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គណបក្ស​​ហ៊្វុន​ស៊ិន​ប៉ិច​មិន​បាន​ប្រារព្ធខួប​រដ្ឋ​ប្រហារ​ថ្ងៃទី​៥-៦​ខែ​កក្កដា​១៩៩៧

  • ហេង រស្មី

ទិដ្ឋភាព​ផ្សែង​​ឆេះ​​​ដំណាក់​​ព្រះអង្គម្ចាស់​​នរោត្តម​រណឫទ្ធិ​​ ​​ពេល​រដ្ឋ​ប្រហារ​ថ្ងៃ​៥​-៦ កក្កដា ឆ្នាំ​១៩៩៧។
គណបក្ស​រាជានិយម​ហ៊្វុន​ស៊ិន​ប៉ិច​ ដែល​ធ្លាប់​មាន​ជម្លោះ​ប្រដាប់​អាវុធ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​មិន​បាន​ប្រារព្ធ​ខួប​ថ្ងៃទី​៥-៦​ ខែ​កក្កដា​ទេ​ ដោយ​លើក​ហេតុ​ផល​ថា​ សមាជិក​របស់​ខ្លួន​កំពុង​ជាប់​រវល់​ឃោសនា​រក​សំឡេង​ឆ្នោត។​

កាល​ពី​១៦​ឆ្នាំ​មុន​ នៅ​ថ្ងៃទី​៥​និង​ទី​៦​ខែ​កក្កដា​ឆ្នាំ​១៩៩៧​មាន​ព្រឹត្តិ​ការណ៍បង្ហូរ​ឈាម​គ្នា​មួយ​កណ្តាល​ទីក្រុង​ភ្នំពេញ​រវាង​កង​ទ័ព​ ដែល​ស្មោះត្រង់​នឹង​ព្រះអង្គ​ម្ចាស់​នរោត្តម​រណ​ឫទ្ធិ​ កាលនោះ​ជា​អតីត​នាយក​រដ្ឋមន្ត្រីទី​មួយ​ជាមួយ​ ប្រយុទ្ធ​នឹង​កងទ័ព​ដែល​ស្មោះត្រង់​នឹង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​អតីត​នាយក​រដ្ឋមន្ត្រីទី​ពីរ។​

នៅ​ក្នុង​ព្រឹត្តិការណ៍ពេល​នោះ ​មាន​កង​ទ័ព​ដែល​ស្មោះត្រង់​នឹង​ព្រះ​អង្គម្ចាស់​នរោត្តម​រណឫទ្ធិ​ ទាំង​នាយឧត្តម​សេនីយ៍​ និង​ពល​ទាហាន​ប្រមាណ​ជាង​២០០​នាក់​ ត្រូវ​បាន​សម្លាប់​ក្រៅ​ច្បាប់។​

បណ្តា​សហគមន៍​អន្តរជាតិ​ និង​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ពេល​នោះ​បាន​ហៅ​ព្រឹត្តិ​ការណ៍នោះ​ថា​ ជារដ្ឋ​ប្រហារ​ដែល​ធ្វើ​ឡើង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែនដើម្បី​បណ្តេញ​ព្រះ​អង្គ​ម្ចាស់​នរោត្តម​រណឫទ្ធិ​ចេញ​ពី​អំណាច​ ហើយ​គណបក្ស​នេះ​បាន​បន្ត​គ្រប់​គ្រង​ប្រទេស​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ។​

មក​ដល់​ពេល​នេះ​ គណបក្ស​ប្រជាជន​កម្ពុជា​កាន់​កាប់​អំណាច​អស់​រយៈពេល​ជាង​៣០ឆ្នាំ​ហើយ ​ដោយ​រាប់​បញ្ចូល​ទាំង​ការ​ឡើង​កាន់​អំណាច​ដោយ​ការធ្វើ​រដ្ឋ​ប្រហារកាល​ពី​ខែ​កក្កដា​ឆ្នាំ​១៩៩៧។​

សម្រាប់​គណបក្ស​ហ៊្វុន​ស៊ិនប៉ិច ​ក្រោយ​ពីព្រះ​អង្គម្ចាស់​នរោត្តម​រណឫទ្ធិ​ត្រូវ​បាន​បក្ស​ប្រហារ​បណ្តេញ​ចេញ​ពី​តំណែង​ប្រធាន​បក្ស​គណបក្ស​មក​ ​គណបក្ស​នេះ​មិន​ដែល​យក​ថ្ងៃទី​៥​ និង​ទី​៦​ខែ​កក្កដា​ដើម្បី​ប្រារព្ធ​ខួប​អុ្នក​ដែល​បាន​ស្លាប់​បាត់​បង់ជី​វិត​នេះ​ទេ។ ​តែ​បាន​ជំនួស​មកវិញ​ដោយ​យក​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ និង​ពិធី​បុណ្យ​ចូល​ឆ្នាំ​មក​ធ្វើ​ពិធី​បុណ្យ​បង្សុកូល​គោរពវិញ្ញាណ​ក្ខន្ធ​ដល់​អ្នក​ដែល​បាន​ស្លាប់​បាត់​បង់ជីវិត​ទៅ​វិញ។​

លោក​ញឹក ប៊ុនឆៃ​ អគ្គលេខាធិការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ លោក​មិន​ដែល​ភ្លេច​ថ្ងៃ​ដ៏​មាន​សារៈ​សំខាន់​នេះ​ទេ ​តែ​ដោយ​សារ​តែ​សមាជិកគណបក្ស​រវល់​ជាប់​ឃោសនា​រក​សំឡេង​ឆ្នោត ​ទើប​មិន​បាន​ប្រារព្ធ​ខួប​នេះ​ឡើង។​

លោក​បាន​និយាយ​ថា ​ជារៀង​រាល់​ឆ្នាំ​ គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​យក​ថ្ងៃ​ភ្ជុំ​បិណ្ឌ​និង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ដើម្បី​ធ្វើ​បុណ្យ​ឧទ្ទិស​កុសល​អ្នក​ស្លាប់​កាលពី​ខែ​កក្កដា​ឆ្នាំ​១៩៩៧។​

លោក​មាន​ប្រសាសន៍​ថា​ «នែ! ​យើង​អត់​បាន​ប្រារព្ធ​ខួប​ទេ​ ដោយ​សារ​តែ​យើង​រវល់​ដែរ។​ បើយើង​ប្រមូល​គ្នា​មកធ្វើ​ហ្នឹង​ក៏យ៉ាង​ហោច​ណាស់​ក៏​អស់​ពេល​វេលា​ពីរ​ ឬបី​ថ្ងៃ​ដើម្បី​ប្រមូល​គ្នា​មក​ធ្វើ​ ដល់​អញ្ចឹង​ហើយ​យើង​ទុក​ពេល​វេលា​សម្រាប់ឲ្យ​បងប្អូន​ហ្នឹង​មមាញឹក​ក្នុង​ការ​ឃោសនា​តាម​មូលដ្ឋាន​និមួយៗ​របស់​ខ្លួន​ហ្នឹង​រាល់​ថ្ងៃ»។​

ស្រប​ពេល​និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​មិន​បាន​ប្រារព្ធ​ខួប​ខែ​កក្ដដា​ឆ្នាំ​១៩៩៧​ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បង្កើត​ឡើង​ដោយ​គណបក្ស​សម រង្ស៊ី​និង​គណបក្ស​សិទ្ធិ​មនុស្ស​បាន​ចេញ​សេច​ក្តី​ជូន​ដំណឹង​ថា​ នៅ​ថ្ងៃ​សៅរ៍​ស្អែក​នេះ​ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​រៀបចំ​ពិធី បុណ្យ​បង្សុកូល​ដល់ជន​រងគ្រោះ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ក្នុង​ពេល​មាន​រដ្ឋ​ប្រហារ​កាលពី​ថ្ងៃទី​៥-៦​ខែ​ កក្កដា​ ដោយ​និមន្ត​ព្រះ​សង្ឃ​ចំនួន​១៦​អង្គ។​

លោក​យឹម សុវណ្ណ​ អ្នកនាំ​ពាក្យ​គណបក្ស​សង្គ្រោះជាតិ​ បាន​និយាយ​ថា ​រដ្ឋ​ប្រហារ​កាលពី​ខែ​កក្កដា​ឆ្នាំ​១៩៩៧​មាន​អ្នក​ស្នេហាជាតិ​បាត់បង់​ជីវិត​ច្រើន​ណាស់ ​ដែល​ជាការ​សោក​ស្តាយ​មួយ។​

លោក​និយាយ​ថា ​ការ​រៀបចំ​ពិធី​បុណ្យ​បង្សុកូល​នេះ​គឺ​ដើម្បី​រំឭក​វិញ្ញាណ​ក្ខន្ធ​និង​ដឹង​គុណ​ដល់អ្នក​ស្នេហាជាតិ។​

លោក​បញ្ជាក់​ថា៖ ​«យើង​រំឭក​ខួប​នេះ​គឺ​ដើម្បី​កុំ​ឲ្យមេដឹក​នាំ​នយោបាយ​ កុំ​ជ្រើស​រើស​យក​អំពើ​ហិង្សា​មក​ធ្វើ​ការ​តស៊ូ​នយោ​បាយ។​ សុំ​ឲ្យ​ជ្រើស​រើស​យក​នូវ​លទ្ធិ​ប្រជា​ធិបតេយ្យ​ គោល​ការណ៍លទ្ធិ​ប្រជា​ធិបតេយ្យ​ ការបោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​ យក​មក​ធ្វើជា​មធ្យោបាយ​ក្នុង​ការ​តស៊ូ​មតិ​ កសាង​សង្គម​ប្រជាធិបតេយ្យ»។​

លោក​ផៃ ស៊ីផាន​ អ្នកនាំ​ពាក្យ​ទីស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ បានរិះគន់​ពិធី​បុណ្យ​បង្សុកូល​ដែល​ធ្វើឡើង​ដោយ​គណបក្ស​ប្រឆាំង​ថា​ ជា​ត្រីងៀត​ឆ្លៀត​ពង។​

លោក​បាន​និយាយ​ថា ​គណបក្ស​សង្គ្រោះជាតិ​គេ​មិន​ចង់​ឃើញ​សាមគ្គីភាព​រវាង​គណបក្ស​ប្រជាជន​និង​ហ៊្វុនស៊ិនប៉ិច​ដើម្បី​រក្សា​ស្ថិរភាព​ និង​សន្តិភាព​នៅ​កម្ពុជា​នោះ​ទេ​ គឺ​គេ​ចង់​បំបែក​បំបាក់​ និង​ញុះញង់​ប្រជាជាតិ​កម្ពុជា​តែ​ប៉ុណ្ណោះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG