ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​បើក​ការ​ឃោសនា​ដោយ​មាន​អ្នក​ចូលរួម​ជាង​១.០០០​នាក់


ការដង្ហែរ​ក្បួន​ឃោសនា​របស់​​គណបក្ស​សម្ព័ន្ធដើម្បី​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ដំបូង។​
ភ្នំពេញ៖ មនុស្ស​ប្រមាណ​ជាង​១.០០០​នាក់​បាន​នាំគ្នា​ដង្ហែរ​ក្បួន​ឃោសនា​របស់គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យកាល​ពី​ព្រឹក​ថ្ងៃព្រហស្បតិ៍។

គណបក្ស​ដែល​មាន​សញ្ញា​ជួងធំ​និង​ដែល​មិន​សូវ​ល្បី​ឈ្មោះ​នេះ​បាន​ប្រមូលផ្តុំ​សកម្មជន​នយោបាយ​ភាគច្រើន​ជា​យុវជន​បានធ្វើ​ដំណើរ​តាម​កង់ ​ម៉ូតូ ​និង​ឡាន ​ដោយ​ចេញ​ពីទីស្នាក់ការ​គណបក្ស​នៅខណ្ឌ​ទួលគោក ​កាត់​តាមមហាវិថី​ម៉ៅសេទុង​និង​មហាវិថី​ព្រះមុន្នីវង្ស ​មុន​នឹង​តម្រង់​ឆ្ពោះ​ទៅកាន់​ក្រុង​តាខ្មៅ​ ខេត្ត​កណ្តាល។

ខណៈ​ដែល​ក្បួន​ឃោសនា​ចេញ​ដំណើរ ​សកម្មជន​បក្ស​បានចុះ​ចែក​ខិត​ប័ណ្ណ​ឃោសនាដល់ពលរដ្ឋ​នៅ​តាម​បណ្តោយ​ផ្លូវ។

សារ​នយោបាយ​ដែល​ថ្លែង​ដោយ​លោក​ខឹម វាសនា ​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ​ត្រូវ​បាន​បន្លឺ​ឡើង​តាម​ឧឃ្ឃោសនស័ព្ទ​ជា​បន្ត​បន្ទាប់។

«ពួក​យើង​ដំបូង​បំផុត​កំណត់​ប្រភព​នៃបញ្ហាជា​មុន​សិន ​បញ្ហា​ទាំង​អស់​ក្នុង​សង្គម​ហ្នឹង​កើត​ឡើង​ដោយ​សារ​អំណាច​ប្រមូល​ផ្តុំ ​ច្បាប់​វា​អនុវត្ត​ទៅ​អត់​កើត។ អញ្ចឹង​បាន​ជា​យើងធ្វើយន្តការ​៨​ចំណុច​ បង​ប្អូន​យក​ទៅ​ហ្វូតូ​ទៅ​ដេក​មើល​នៅ​ផ្ទះ​ឱ្យ​យល់​ទៅ ​ទើប​ដឹង​ថា​នេះ​បាន​ប្រយោជន៍​មក​អញ​តើ»។

នៅក្នុង​ឱកាស​នៃ​ការឃោសនា​ថ្ងៃទី​១​នេះ ​លោកខឹម វាសនា ​បានធ្វើការ​វាយ​ប្រហារ​លើ​គណបក្ស​សំខាន់ៗ​ដទៃ​ទៀត​ដូចជា​គណបក្ស​សង្គ្រោះជាតិ​និង​គណបក្ស​ប្រជាជន​កម្ពុជា​ជាដើម ​ទាក់ទង​នឹង​ការសន្យា​និង​ការផ្តល់ដី​សម្បទាន​សេដ្ឋកិច្ច។

កំពុង​កាន់​ទង់​គណបក្ស​ក្នុង​ក្បួន​ឃោសនា​ លោក ផុន ពិសិដ្ឋ ​អាយុ​២៥​ឆ្នាំ ​ជា​យុវជន​ម្នាក់​មក​ពី​ខេត្ត​សៀមរាប ​សព្វថ្ងៃ​ស្នាក់នៅ​ភ្នំពេញ​ថ្លែង​ថា​លោកស្ម័គ្រចិត្តចូលរួម​ក្នុង​យុទ្ធនាការ​នេះ​ដោយសារ​លោកពេញ​ចិត្ត​លើ​កម្មវិធី​នយោបាយរបស់​គណបក្ស​នេះដែល​លោក​តែងតែ​តាម​ដាន​ស្តាប់​តាម​វិទ្យុ។

«មក​នេះ​មិន​ត្រឹម​តែ​មិន​បាន​ទទួល​ថវិកា​ទេ យើង​ថែម​ទាំង​ចំណាយ​ថវិកា​ខ្លួន​យើង ទាំង​កម្លាំង​ ទាំង​ពេល​វេលា ​ទាំង​សាំង​ម៉ូតូ ​ទាំង​ថ្លៃ​អាហារ​ហូបចុក​ និង​ថ្លៃ​ធ្វើ​ខិតប័ណ្ណ​ផ្សេងៗ ​យើង​ចេញ​ទាំង​អស់។ ចូល​តាម​លទ្ធភាព»។

រដូវកាល​ឃោសនាបោះឆ្នោត​មាន​រយៈពេល​៣០​ថ្ងៃ ​ចាប់​ពី​ថ្ងៃ​ទី​២៧ ​ខែ​មិថុនា ​ដល់​ថ្ងៃ​ទី​២៦​ ខែ​កក្កដា។

បើ​តាម​លោក​ខឹម វាសនា ​ឱ្យ​ដឹង​ថា​គណបក្ស​លោក​នឹង​ធ្វើ​ការឃោសនា​ចំនួន​តែ​ពីរ​ដង​តែ​ប៉ុណ្ណោះក្នុង​ទីក្រុង​ភ្នំពេញ​គឺ​នៅថ្ងៃ​ចាប់ផ្តើម​និង​នៅ​ថ្ងៃ​ឃោសនា​បញ្ចប់។ ដោយ​ឡែក​លោកខឹម វាសនា​ លើក​ឡើង​ថា​ការឃោសនា​នៅ​តាម​បណ្តា​ខេត្ត​គឺ​អាស្រ័យ​ទៅ​តាម​សកម្មជន​មូលដ្ឋាន​ជា​អ្នកសម្រេច​ចិត្ត​ធ្វើ​ដោយ​ពួកគេ​ផ្ទាល់៕
XS
SM
MD
LG