ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គណបក្ស​រាជា​និយម​ហ៊្វុនស៊ីនប៉ិច​ធ្វើ​ការ​ឃោសនា​ទ្រង់ទ្រាយ​ធំ​នៅភ្នំពេញ

  • ហេង ​រស្មី

អ្នកអម្ចាស់​ក្សត្រី​អារុណ រស្មី​ធ្វើយុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅភ្នំពេញ។​
គណបក្ស​រាជា​និយម​ហ៊្វុនស៊ីនប៉ិច ​នៅ​ថ្ងៃ​ពុធនេះ ​បាន​បើក​យុទ្ធនាការ​ឃោសនា​រក​សម្លេង​ឆ្នោត​នៅ​ក្នុង​ទីក្រុង​ភ្នំពេញទ្រង់​ទ្រាយ​ធំ​ដើម្បី​ទាក់​ទាញ​សម្លេង​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ​ដែលជា​ម្ចាស់​សន្លឹក​ឆ្នោត។

ព្រះអង្គមា្ចស់​អារុណ ​រស្មី​ ប្រធាន​គណបក្ស​ហ៊្វុនស៊ីនប៉ិច​និង​ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​ បាន​ឈរ​លើរថយន្តនៅពី​មុខ​ក្បួន​ដង្ហែ​ស្រែក​តាម​ឧឃ្ឃោសនស័ព្ទ​បំពង​សម្លេង​អំពាវ​នាវ​ឲ្យ​ប្រជា​ពលរដ្ឋ​នៅ​តាម​សង​ផ្លូវ​នានា​បោះឆ្នោត​ឲ្យ​គណបក្ស​ហ៊្វុន ស៊ីន​ប៉ិច។​

ម្ចាស់​ក្សត្រី​បាន​មាន​បន្ទូល​ថា៖ ​«សូម​អំពាវ​នាវ​ដល់​បង​ប្អូន​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ក៏ដូច​ជានៅទី​រួម​ខេត្ត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ មេត្តា​អញ្ជើញ​គាំទ្រ​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ដើម្បីទទួល​ជោគ​ជ័យ​សារជាថ្មី​ ដើម្បី​បម្រើ​បង​ប្អូន ​ក៏ដូច​ជា​ការ​ពារ​នូវ​របប​រាជានិយម​ ការ​ពារ​នូវ​សិទ្ធិ​សេរីភាព​របស់បងប្អូន»។​

ក្បួន​ដង្ហែ​របស់​គណបក្ស​ហ៊្វុនស៊ីនប៉ិច​បាន​ចាប់​ផ្តើម​ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ​ រួច​ដង្ហែ​ឆ្ពោះ​ទៅ​កាន់​វិថី​សំខាន់ៗ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ ដោយ​មាន​អ្នក​គាំទ្រ​ប្រមាណ​ជាង​២០០០​ពាន់​នាក់។​

ក្រុម​អ្នក​គាំទ្រ​ ដែល​ពាក់​អាវ ​និង​មួក​ដែល​មាន​ស្លាក​សញ្ញា​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ បាន​ធ្វើ​ដំណើរ​តាម​ម៉ូតូ​ រឺម៉ក​កង់បី​ និង​តាម​រថយន្ត ​និង​បាន​ដើរ​ចែក​ខិតបណ្ណ​ និង​គោល​ការណ៍​របស់​គណបក្ស​ជូន​ប្រជា​ពលរដ្ឋ​នៅតាម​ដងផ្លូវ​និង​តាម​ផ្ទះ។​

កំពុង​ជិះ​ម៉ូតូ​មាន​គ្នា​ពីរ​នាក់​ ដៃម្ខាង​កាន់​ទង់​របស់​គណបក្ស​ហ៊ុនស៊ីនប៉ិច​ ​ដាវិត​ ជា​និស្សិត​រៀន​នៅ​វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ​ បាន​និយាយ​ថា​ មាន​តែ​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ទេ​ដែល​អាច​ដោះ​ស្រាយ​បញ្ហា​ជាតិ​ធំៗ​បាន។

ប្អូន​និយាយ​ថា៖ «និយាយ​ឲ្យ​ចំទៅ ​យើង​គាំទ្រ​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ដើម្បី​គាំទ្រ​ស្រ្តី​ និង​នយោបាយ​ចាស់​របស់​សម្តេច​ឪ​ នរោត្តម​ស៊ីហនុ​ ដើម្បី​កសាង​រាជធានី​ភ្នំពេញ»។​

គណបក្ស​ហ៊្វុនស៊ីនប៉ិច​ ក្នុងពេល​បច្ចុប្បន្ននេះ​ បាន​ចូលរួម​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​និង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដែល​បាន​ត្រួត​ត្រា​ប្រទេស​អស់​រយៈ​ពេល​ជាង​៣០​ឆ្នាំ។​

ក្បួន​ដង្ហែ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​មិន​សូវ​ហ៊ាន​និយាយ​រិះគន់​ដល់​គណបក្ស​គ្រប់​គ្រង​អំណាច​ដូច​គណបក្ស​សង្គ្រោះជាតិ​ទេ​ ពោល​គឺ​គណបក្ស​នេះ​និយាយ​អ្វី​ដែល​ជា​គោល​ការណ៍​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។​

លោក​ញឹក ប៊ុនឆៃ​ អគ្គលេខា​ធិការ​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ បានប្រាប់​ VOA​ ថា​ សារ​នយោបាយ​ដែល​គណបក្ស​របស់​លោក​លើក​យក​មក​ឃោសនា​នៅពេល​នេះ​គឺ​ចង់​បង្កើត​សង្គម​កម្ពុជា​មួយ​ឲ្យ​ទៅ​ជា​សង្គម​ស្អាត​ស្អំ​ យុត្តិធម៌​ និង​មាន​ការ​រួបរួម​សាមគ្គីគ្នា​រវាង​ខ្មែរ​និង​ខ្មែរ។​

​លោក​និយាយ​ថា៖ ​«សារ​ ដូច​ខ្ញុំ​បានជម្រាប​ហើយ ​សំខាន់​ជាង​គេ​គឺ​យើង​ចង់​អភិវឌ្ឍន៍​សង្គម​យើង​ទៅ​ជា​សង្គម​ស្អាត​ស្អំ​ យុត្តិធម៌​ ដែល​មិន​មាន​ការ​ប្រកាន់​បក្ខ​ពួក​ ពណ៌​សម្បុរ​នយោបាយ​ ដូច​បច្ចប្បន្ន​នេះ​ទេ»។

គណបក្ស​រាជានិយម​ហ៊្វុនស៊ីនប៉ិច​បាន​ធ្លាក់​ចុះ​សម្លេង​ពី​ចំនួន​៥៨​អាសនៈ​ក្នុង​ឆ្នាំ​១៩៩៣​មក​នៅ​ត្រឹម​តែ​ពីរ​អាសនៈ​តែ​ប៉ុណ្ណោះ​នៅ​ឆ្នាំ​២០០៨​បន្ទាប់ពី​គណបក្ស​នេះ​មាន​ជម្លោះ​ផ្ទៃក្នុង​យ៉ាង​ធ្ងន់ធ្ងរ។

លោក​ញឹក ប៊ុនឆៃ​មាន​សុទិដ្ឋិនិយម​ថា​ នៅ​ឆ្នាំ​ថ្ងៃ​បោះឆ្នោត​ទី២៨ ​ខែកក្កដា​ខាង​មុខ​នេះ​ គណបក្ស​របស់​លោក​នឹង​ទទួល​បាន​នូវ​ការ​គាំទ្រ​យ៉ាង​ច្រើន៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG