ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គណបក្ស​ប្រជាជន​បើក​យុទ្ធនាការ​ឃោសនា​ដោយ​ក្តី​សង្ឃឹម​ឈ្នះ​ភ្លូក​ទឹក​ភ្លូក​ដី

  • គង់ សុឋានរិទ្ធ

ការដង្ហែរ​ក្បួន​ឃោសនា​រក​សម្លេង​ឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​រថយន្ត​និង​ម៉ូតូ​ដែល​មាន​ដោត​ទង់ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ទង់​គណបក្ស​រូប​ទេវតា​បាច​ផ្កា​នៅ​ចំ​កណ្តាល​ផ្ទាំង​ក្រណាត់​ពណ៌​ផ្ទៃមេឃ។
ភ្នំពេញ៖ នៅ​ពេល​ដែល​ក្បួន​រថយន្ត​និង​ម៉ូតូ​ដែល​មាន​ដោត​ទង់ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ទង់​គណបក្ស​រូប​ទេវតា​បាច​ផ្កា​នៅ​ចំ​កណ្តាល​ផ្ទាំង​ក្រណាត់​ពណ៌​ផ្ទៃមេឃ​កំពុង​ត្រៀម​ចេញ​ដំណើរ​ឃោសនា​បោះឆ្នោត​ លោក​ហេង សំរិន ​ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​បានប្រកាស​គោលនយោបាយ​ចំនួន១១ ​ចំណុច​ដើម្បី​ស្វែងរក​ការគាំទ្រ​ពី​អ្នកបោះឆ្នោត។

គោលការណ៍​ទាំងនោះ​រួម​មាន​សាមគ្គីភាព​និង​ការបង្រួប​បង្រួម​ជាតិ ​ការការពារ​ជាតិ​និង​សុវត្ថិភាព​សង្គម​ ការពារ​របប​រាជានិយម​និង​លទ្ធិ​ប្រជាធិបតេយ្យ ​និង​រារាំង​និទណ្ឌភាព ​លើកស្ទួយ​សេរីភាព​ប្រជា​ពលរដ្ឋ ​រាប់បញ្ចូល​ទាំង​ការផ្តល់​សេវាកម្ម​សាធារណៈ ​បន្ត​ការកែទម្រង់​ទូលំទូលាយ​និង​ស៊ីជម្រៅ​សម្រាប់​អភិបាលកិច្ច​ល្អ។

នៅក្នុង​គោលការណ៍​នយោបាយ​១១​ចំណុច​នោះ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​សង្កត់​លើ​ចំណុច​ដែល​ទាក់ទង​នឹង​ការកែទម្រង់​នានា​ដូចជា​ការកែទម្រង់​កង​កម្លាំង​ប្រដាប់​អាវុធ ​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ​ដីធ្លី ​ជលផល ​ព្រៃឈើ ​និង​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ​ជាដើម។

ជាមួយគ្នា​នេះ​ដែរ​គណបក្ស​កាន់អំណាច​បានបង្ហាញ​គោលការណ៍​ជំរុញ​កំណើន​សេដ្ឋកិច្ច​ឲ្យ​បាន​៧​ភាគរយ​ក្នុង​មួយ​ឆ្នាំ ​ជំរុញ​អភិឌ្ឍន៍​វិស័យ​សុខាភិបាល ​វប្បធម៌ ​ការងារ​និង​សង្គមកិច្ច​រួមទាំង​ការលើក​កម្ពស់​នយោបាយ​ការបរទេស​និង​គាំទ្រ​បេក្ខភាព​លោក​ហ៊ុន សែន​ជា​នាយក​រដ្ឋមន្ត្រី។

យោងតាម​តួលេខ​ផ្លូវការ​ឲ្យ​ដឹងថា​ សកម្មជន​ប្រមាណ​មួយ​ម៉ឺន​នាក់​បាន​ចូលរួម​ការបើក​ឆាកឃោសនា​ថ្ងៃ​ដំបូង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នេះ។

លោក ហេង សំរិន ​ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​នៅ​ចំពោះ​មុខ​អ្នកគាំទ្រ​ដែល​រៀបចំ​ក្បួន​ចេញ​ដំណើរ​ពី​មណ្ឌល​កោះ​ពេជ្រ​ហើយ​សេចក្តី​ថ្លែងការណ៍​នេះ​ធ្វើឡើង​ដើម្បី​ឧទ្ទិស​ដល់​ខួប​លើក​ទី៦២ឆ្នាំ​នៃ​កំណើត​គណបក្ស​នេះ​ផងដែរ។

«គណបក្ស​ប្រជាជន​កម្ពុជា​សូម​សន្យា​យ៉ាង​ឧឡារិក​ថា​ក្រោយពេល​គណបក្ស​ឈ្នះឆ្នោត​ គណបក្ស​នឹង​បន្ត​ជ្រោង​ខ្ពស់​ទង់​មហា​សាមគ្គី​ជាតិ ​ក្រោម​ដំបូល​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ហើយ​ត្រៀមខ្លួន​ទទួលយក​លទ្ធផល​នៃ​ការបោះឆ្នោត​ដែល​កើតចេញពី​ការបោះឆ្នោត​ដោយ​សេរី ​យុត្តិធម៌​ និង​ត្រឹមត្រូវ​ពិតប្រាកដ»។

ក្រោយពី​ពិធី​រំលឹក​ខួប​និង​បើក​យុទ្ធនាការ​ក្បួន​រថយន្ត​និង​ម៉ូតូ​របស់​ក្រុម​សកម្មជន​បានចេញ​ដំណើរ​ជា​ជួរ​ឆ្ពោះទៅកាន់​វិថី​សុធារស​រួច​បន្ត​ទៅកាន់​ស្ពាន​ជ្រោយចង្វា​មុន​នឹង​បំបែក​ទៅកាន់​ផ្លូវ​ជាយ​ទីក្រុង​ភ្នំពេញ​និង​ទៅតាម​បណ្តា​ខណ្ឌ​នានា។

ក្រុម​សិល្បករ​ល្បីៗ​ដូចជា​នាយ​ក្រឹម​និង​តារា​ចម្រៀង​មួយ​ចំនួន​ទៀត​ត្រូវបាន​យក​មក​ប្រើ​ក្នុង​ការបើក​ឆាក​ឃោសនា​នេះ។

មន្ត្រី​ជាន់ខ្ពស់​របស់​គ​ណបក្ស​ប្រជាជន​កម្ពុជា​ដូចជា​លោក​គាត ឈន់ ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​លោក អ៊ិត សំហេង​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​បាន​ឈរ​ជូន​ដំណើរ​ក្បួន​ដង្ហែរ​ការឃោសនា​នេះ។

លោក អ៊ិត សំហេង បាន​និយាយ​ទៅកាន់​អ្នកកាសែត​ថា៖

«យើង​ពិតជា​មាន​ការរំភើបចិត្ត​ណាស់​ដោយសារ​ឃើញ​ប្រជាពលរដ្ឋ​និង​សមាជិក​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​យើង​បាន​ចូលរួម​នៅក្នុង​យុទ្ធនាការ​នេះ​យ៉ាង​ផុលផុស​ទាំងអស់។ នេះ​បង្ហាញ​នូវ​ការគាំទ្រ​យ៉ាង​ក្លៀវក្លា​បំផុត​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា​ហើយ​យើង​សង្ឃឹមថា​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ទទួលបាន​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី​ក្នុងការ​បោះឆ្នោត​លើក​នេះ»។

ក្រុម​អ្នក​ហែរ​ក្បួន​បាន​ចាក់​សារ​អំពាវនាវ​ឲ្យ​បោះឆ្នោត​គាំទ្រ​គណបក្ស​របស់ខ្លួន​នៅតាម​ដងផ្លូវ រួមទាំង​ចាក់​សារ​នយោបាយ​ដែល​រៀបរាប់​ពី​ចំណុច​ពិស្តារ​ជាច្រើន​មុននឹង​ពួកគេ​ឈប់​សំចត​នៅតាម​កន្លែង​រៀងខ្លួន​តាម​ខណ្ឌ​និមួយៗ​ក្នុង​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើការ​ប្រមូលផ្តុំ​នៅនឹង​កន្លែង៕
XS
SM
MD
LG