Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ៖ ពីគ្រួសារក្រលំបាកលោកស្រី រី ថានី បានសម្រេចក្តីស្រមៃដើម្បីគ្រួសារនិងសហគមន៍សិប្បកម្មតំណាងវប្បធម៌
ជីវភាពគ្រួសារក្រលំបាកបានជំរុញឱ្យលោកស្រី រី ថានី ក្លាហានបង្កើតក្តីស្រមៃ របស់ខ្លួនតាំងពីវ័យកុមារ ដើម្បីជម្នះភាពក្រីក្រលំបាក។ ក្តីស្រមៃនេះ ជាមួយនឹងការខិតខំសិក្សារៀនសូត្រនិងភាពធន់នឹងឧបសគ្គបានធ្វើឱ្យលោកស្រីក្លាយជាស្ថាបនិក និងនាយិកាសិប្បកម្មនរា ដែលបានជួយលើកស្ទួយស្នាដៃផលិតផលក្នុងស្រុកឱ្យកាន់តែប្រសើរឡើងលើឆាកអន្តរជាតិ និងជួយកាត់បន្ថយការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋមួយចំនួនក្នុងសហគមន៍។ លោកស្រី បានថ្លែងនៅក្នុងកម្មវិធីHello VOA ស្រ្តី និងភាពជាអ្នកដឹកនាំ ថា ស្ត្រីត្រូវហ៊ាន ស្រមៃនូវអ្វីដែលខ្លួនចង់បាន ដោយលើកទឹកចិត្តដល់ស្ត្រីគ្រប់រូបកុំចុះចាញ់ និងកុំបោះបង់ក្តីស្រមៃរបស់ខ្លួន ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ លោកស្រី រី ថានី ថ្លែងថា៖ «ត្រូវកំណត់គោលដៅ និងមានផែនការច្បាស់លាស់ ហើយព្យាយាមធ្វើដោយការតស៊ូ អត់ធ្មត់ ដើម្បីតាមចាប់ក្តីស្រមៃរបស់ខ្លួន»៕ (ធីតា វីន, Hello VOA, ភ្នំពេញ, ០២ តុលា ២០២៣)