ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​លុបចោល​ការ​ប្រជុំ​បន្ទាប់បន្សំ​ដោយសារ​ព្រួយ​បារម្ភ​រឿង​មេរោគ COVID-19


រូបឯកសារ៖ ពលរដ្ឋពាក់ម៉ាសការពារប្រឆាំងនឹងវីរុសកូរ៉ូណានៅក្រុងតៃប៉ិ កោះតៃវ៉ាន់ កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០។
រូបឯកសារ៖ ពលរដ្ឋពាក់ម៉ាសការពារប្រឆាំងនឹងវីរុសកូរ៉ូណានៅក្រុងតៃប៉ិ កោះតៃវ៉ាន់ កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០។

ប្រធាន​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​អ្នកស្រី Elisabeth Tichy-Fisslberger បាន​ប្រកាស​ប្រាប់​ប្រតិភូ​នានា​ថា អ្នកស្រី​ទទួល​បាន​លិខិត​បន្ទាន់​មួយ​ពី​អគ្គ​នាយក​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ដែល​លើក​ឡើង​អំពី​វិធានការ​នានា​ដែល​ត្រូវ​ធ្វើ ដោយសារតែ​ស្ថានភាព​នៃ​មេរោគ​កូរ៉ូណា​ថ្មី។

អ្នកស្រី Tichy-Fisslberger និយាយ​ថា៖ «អគ្គ​នាយក​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺណែវ​បញ្ជាក់​ថា​ឲ្យ​លុបចោល​ការ​ប្រជុំ​បន្ទាប់បន្សំ​ទាំង​អស់ និង​បាន​លើក​ទឹកចិត្ត​ឲ្យ​ប្រតិភូ​នានា​កុំ​ធ្វើ​ដំណើរ​មក​កាន់​ទីក្រុង​ហ្សឺណែវ​ចូលរួម​អង្គ​ប្រជុំ​លើក​នេះ [រហូត​ដល់​ថ្ងៃ​ទី ២០ ខែ​មិនា]។ អ្នកស្រី​ក៏​បាន​ស្នើ​ផង​ដែរ​ថា ក្រុម​អ្នក​ជំនាញ​សម្រាប់​កិច្ច​ប្រជុំ​ពិសេស​នៃ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​រូប​ណា ដែល​មិន​ទាន់​មក​ដល់​ទីក្រុង​ហ្សឺណែវ​គឺ​គួរតែ​ចូលរួម​នៅ​ក្នុង​អង្គ​ប្រជុំ​តាម​រយៈ​អនឡាញ​បែប video conference វិញ‍»។

កាល​ពី​ចុង​សប្ដាហ៍​មុន អាជ្ញាធរ​ស្វីស​បាន​ចាត់​វិធានការ​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​ក្នុង​ការ​ហាមឃាត់​មិន​ឲ្យ​មាន​ការ​ជួបជុំ​សាធារណៈ​ទ្រង់ទ្រាយ​ធំ ក្នុង​គោល​បំណង​ដើម្បី​ទប់ទល់​នឹង​ការ​កើន​ឡើង​នៃ​ចំនួន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណាវីរុស​ថ្មី។ ជា​លទ្ធផល ព្រឹត្តិការណ៍​មួយ​ចំនួន​ដូចជា ការ​តាំង​ពិព័រណ៍​រថយន្ត​អន្តរជាតិ (International Motor Show) ដែល​ទាក់ទាញ​មនុស្ស​ចូលរួម​ប្រហែល ៥ សែន​នាក់ និង​ព្រឹត្តិការណ៍​តាំង​ពិព័រណ៍​នាឡិកា​ស្វីស ដែល​ទាក់ទាញ​មនុស្ស​រាប់​ពាន់​នាក់ ត្រូវ​បាន​លុប​ចោល។

អ្នក​នាំ​ពាក្យ​សិទ្ធិ​មនុស្ស​លោក Rolando Gomez បាន​និយាយ​ថា ការ​ប្រជុំ​បន្ទាប់បន្សំ​ចំនួន ២០០ នឹង​ត្រូវ​លុបចោល​រហូត​ដល់​ចុង​បញ្ចប់​នៃ​អង្គ​ប្រជុំ​លើក​នេះ​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​នៅ​ថ្ងៃ​ទី ២០ ខែ​មិនា​ខាង​មុខ។ លោក​បញ្ជាក់​ថា ការ​ធ្វើ​ដូច្នេះ​គឺ​ជា​រឿង​ដ៏​គួរ​ឲ្យ​សោកស្ដាយ ប៉ុន្តែ​នេះ​គឺ​ជា​វិធានការ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ដើម្បី​រារាំង​ការ​ឆ្លង​រាតត្បាត​នៃ​មេរោគ​នេះ។

លោក​បាន​ប្រាប់ VOA ថា ការ​ប្រជុំ​បន្ទាប់បន្សំ​ទាំង​នេះ​ជា​ទូទៅ​មាន​មនុស្ស​ចូលរួម​ជា​មធ្យម​ពី ៤ ពាន់ ទៅ ៦ ពាន់​នាក់។ លោក​ថា ការ​ប្រជុំ​ទាំង​នេះ​គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់។

លោក Gomez ថ្លែង​ដូច្នេះ​ថា៖ «ខ្ញុំ​ចង់​បញ្ជាក់​ថា ការ​ប្រជុំ​បន្ទាប់បន្សំ​ទាំង​នេះ​មិន​មែន​ជា​ការ​ប្រជុំ​ផ្លូវការ​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​នោះ​ទេ។ ប៉ុន្តែ ការ​ប្រជុំ​ទាំង​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ជាមួយ​គ្នា និង​មាន​សារៈសំខាន់ ដោយសារតែ​ការ​ប្រជុំ​ទាំង​នេះ​អាច​ផ្ដល់​ជា​ព័ត៌មាន​សម្រាប់​ការ​ពិភាក្សា​ក្នុង​នីតិវិធី​ផ្លូវការ។»។

ការ​ប្រជុំ​បន្ទាប់បន្សំ​ទាំង​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ប្រទេស​នានា។ ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ក៏​បាន​ចំណាយ​ពេល និង​កិច្ច​ប្រឹងប្រែង​ជា​ច្រើន​ផង​ដែរ​នៅ​ក្នុង​ការ​រៀបចំ​ការ​ប្រជុំ​មួយ​ចំនួន​ក្នុង​គោល​បំណង​ដើម្បី​ស្វែង​យល់​អំពី​ទិដ្ឋភាព​ជាក់លាក់​នៃ​បញ្ហា​សិទ្ធិ​មនុស្ស ដែល​ទាមទារ​ឲ្យ​មាន​ការ​ស្ដាប់ និង​វិភាគ​ឲ្យ​បាន​ទូលំទូលាយ​ជាង​មុន។ ប៉ុន្តែ​ការ​ប្រជុំ​ទាំង​នេះ​ក៏​ត្រូវ​បាន​លុប​ចោល​ដែរ៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG