ដោយសម្លឹងមើលទៅកាមេរ៉ាវីដេអូ អ្នកអានព័ត៌មានលើកឡើងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិកនិងចិន ក្នុងការគាំទ្រដល់សេដ្ឋកិច្ចសាកល។
មើលមួយភ្លែត ស្ត្រីអ្នកអានព័ត៌មានរូបនេះ កំពុងផ្តល់ព័ត៌មានធម្មតាមួយតែប៉ុណ្ណោះ។ ប៉ុន្តែអ្នកអានព័ត៌មានរូបនេះ ក៏ដូចជាក្រុមផលិតព័ត៌មាន Wolf News មិនមែនជាមនុស្សពិតនោះឡើយ។ នេះគ្រាន់តែជារូបភាពប្រឌិតមួយតាមលក្ខណៈបច្ចេកទេសបញ្ញាសិប្បនិម្មិតប៉ុណ្ណោះ។
បើទស្សនិកជនពិនិត្យឱ្យបានដិតដល់ គឺអាចដឹងថាមានរឿងខុសពីធម្មតាចំនួនពីរ ឬបីចំណុច។ នោះគឺសំឡេងមិនតាមបែបធម្មជាតិ ហើយមិនស៊ីគ្នាទៅនឹងមាត់អ្នកអានព័ត៌មាននោះ។
នេះជាវីដេអូមួយ ក្នុងចំណោមវីដេអូ២ ដែលគេឃើញបង្ហោះលើបណ្តាញសង្គម ដើម្បីលើកសរសើរពីគុណប្រយោជន៍នៃគណបក្សកុម្មុយនីស្តចិន (CCP)។ នេះបើយោងទៅលើក្រុមហ៊ុនស្រាវជ្រាវ Graphika ដែលមានមូលដ្ឋានក្នុងរដ្ឋ New York (ញូវយ៉ក) ដែលបាននិយាយនៅក្នុងរបាយការណ៍មួយកាលពីខែមុន។
ឧបករណ៍បញ្ញាសិប្បនិម្មិតទំនើប បានធ្វើឱ្យមានការបារម្ភអំពីសមត្ថភាពបច្ចេកវិទ្យា ដែលបង្កើតនិងចែកចាយព័ត៌មានប្រឌិត នៅក្នុងកម្រិតមួយដែលមិនធ្លាប់មានក្នុងពេលកន្លងមក។ ការបារម្ភទាំងនោះក៏សំដៅលើមនុស្សក្លែងក្លាយអានព័ត៌មានផងដែរ។
ភាពទំនើបនៃបច្ចេកវិទ្យាទាំងនោះកើតមានឡើង ខណៈពេលដែលរបាយការណ៍មួយកាលពីខែកុម្ភៈកន្លងទៅរបស់សហភាពអឺរ៉ុប បានពណ៌នាពីយុទ្ធសាស្ត្រជាច្រើនមុខព្រួញ ដែលប្រទេសចិននិងរុស្ស៊ីកំពុងប្រកាន់យក ដើម្បីព្យាយាមគ្រប់គ្រងខ្លឹមសារអត្ថបទ ស្តីពីរឿងផ្សេងៗចាប់ពីរឿងគោលនយោបាយការបរទេស រហូតដល់សង្គ្រាមក្នុងប្រទេសអ៊ុយក្រែនផងដែរ។
ការប្រើប្រាស់មនុស្សក្លែងក្លាយផ្សាយព័ត៌មានប្រឌិត មិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលបំផុតមួយនោះទេ សម្រាប់លោក Tyler Williams ដែលជានាយកស៊ើបអង្កេតរបស់ក្រុមហ៊ុន Graphika នោះ។ កាសែត The Guardian របស់អង់គ្លេសបានរាយការណ៍ថា ទីភ្នាក់ងារសារព័ត៌មាន Xinhua របស់រដ្ឋចិនបានបង្ហាញរូបមនុស្សបញ្ញាសិប្បនិម្មិតផ្សាយព័ត៌មានមុនដំបូងគេបង្អស់របស់ពិភពលោក។
ក្រុមហ៊ុន Graphika បានឃើញមនុស្សក្លែងក្លាយធ្វើអត្ថាធិប្បាយព័ត៌មានប្រឌិត នៅតាមបណ្តាញសង្គមដូចជាហ្វេសប៊ុក Twitter និង YouTube ខណៈពេលត្រួតពិនិត្យប្រតិបត្តិការព័ត៌មានប្រឌិតដែលគាំទ្រចិន ដែលក្រុមហ៊ុនស្រាវជ្រាវមួយនេះហៅថា «ជាប្រភពផ្តល់ព័ត៌មានក្លែងក្លាយ» ដ៏ធំមួយរបស់ចិននោះ។
Spamouflage គឺជាបណ្តាញប្រភពផ្តល់ព័ត៌មានក្លែងក្លាយមួយ ដែលត្រូវបានគេរកឃើញជាដំបូងក្នុងឆ្នាំ២០១៩ ដែលបានពាក់ព័ន្ធនឹងគណនីជាច្រើនរបស់រដ្ឋាភិបាលក្រុងប៉េកាំង ដើម្បីផ្សព្វផ្សាយការឃោសនាប្រឌិតគាំទ្រប្រទេសចិន។
លោក Williams និយាយថា៖ «យើងបានតាមដានត្រួតពិនិត្យយុទ្ធនាការនៃប្រភពផ្តល់ព័ត៌មានក្លែងក្លាយមួយនេះ អស់ពេលជាច្រើនឆ្នាំមកហើយ តែនេះជាលើកទី១ហើយ ដែលយើងឃើញយុទ្ធនាការនេះ ប្រើប្រាស់បច្ចេកទេស ឬបច្ចេកវិទ្យារបៀបនេះ»។
អ្នកនាំពាក្យស្ថានទូតចិនមួយរូប ក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានប្រាប់វីអូអេថា របាយការណ៍របស់ក្រុមហ៊ុនស្រាវជ្រាវ Graphika នេះ ពោរពេញដោយភាពលម្អៀងនិងការព្យាបាទ ដែលចិនប្រឆាំងជាខ្លាំង»។
អ្នកនាំពាក្យស្ថានទូតចិនក្នុងរដ្ឋធានីវ៉ាស៊ីនតោនរូបនេះ បាននិយាយនៅក្នុងសារផ្ញើតាមអ៊ីមែលថា៖ «ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយ និងវិទ្យាស្ថានស្រាវជ្រាវលោកខាងលិចមួយចំនួន បានមួលបង្កាច់ប្រទេសចិនថាបានប្រើប្រាស់គណនីបណ្តាញសង្គមក្លែងក្លាយ ដើម្បីផ្សព្វផ្សាយព័ត៌មានដែលគេហៅថា គាំទ្រចិននោះ។ ចិនជឿជាក់ថា រាល់អ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់មានសិទ្ធិក្នុងការបញ្ចេញសំឡេងរបស់គេ»។
បើទោះបីជាយ៉ាងនេះក្តី ក៏មានស្ថាប័នជាច្រើនបានកត់ត្រាពីរបៀបដែលចិនបានដាក់កំហិតដល់ការប្រើប្រាស់បណ្ដាញសង្គម និងថែមទាំងបានចាប់អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនដាក់គុកទៀតផង ដែលបានរិះគន់ទៅលើរដ្ឋាភិបាលចិន។
ចិនមិនមែនជាប្រទេសតែមួយគត់ក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីផ្សព្វផ្សាយព័ត៌មានប្រឌិតនោះឡើយ។
របាយការណ៍របស់សេវាកម្មសកម្មភាពក្រៅប្រទេសរបស់សហភាពអឺរ៉ុប បានផ្តោតទៅលើព័ត៌មានប្រឌិតរបស់ចិននិងរុស្ស៊ី ហើយរកឃើញថា រដ្ឋាភិបាលក្រុងមូស្គូបានគាំទ្រប្រតិបត្តិការព័ត៌មានប្រឌិត ដែលបន្លំខ្លួនធ្វើជាស្ថាប័នព័ត៌មានអន្តរជាតិមួយចំនួន។
របាយការណ៍សិក្សានោះ បានវិភាគទៅលើករណីចំនួន១០០ ដែលត្រូវបានហៅថា ជាការបំភ្លៃព័ត៌មាន ពីរវាងខែតុលា ដល់ខែធ្នូ កាលពីឆ្នាំទៅ។
មានករណីចំនួន៦០ បានពាក់ព័ន្ធទៅនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលរដ្ឋាភិបាលក្រុងមូស្គូ មានបំណងបង្វែរការចាប់អារម្មណ៍របស់អ្នកតាមដានព័ត៌មាន ដោយបង្វែរការស្តីបន្ទោស ឬការយកចិត្តទុកដាក់ផ្ទាល់ ទៅលើប្រធានបទផ្សេងៗវិញ។ នេះបើតាមការឱ្យដឹងរបស់របាយការណ៍សិក្សានេះ។
ស្ថានទូតរុស្ស៊ីក្នុងរដ្ឋធានីវ៉ាស៊ីនតោន មិនបានឆ្លើយតបទៅនឹងការស្នើសុំធ្វើអត្ថាធិប្បាយលើរឿងនេះពីវីអូអេនោះឡើយ៕
ប្រែសម្រួលដោយលោក ជ្រា វណ្ណារិទ្ធ