ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ស្ត្រី​ថ្ងៃសុក្រ​ស្នើ​អាមេរិក​ជួយ​ធ្វើ​អន្តរាគមន៍​ឱ្យ​មាន​ការដោះលែង​ក្រុម​គ្រួសារ​របស់​ពួកគេ


ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ រារាំង​មិនឱ្យ​ក្រុមស្ត្រី​ថ្ងៃសុក្រ​ដើរស្រែក​តវ៉ា និង​លើក​បដា លើ​ទីធ្លា​សួនច្បារ​ទល់មុខ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)
ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ រារាំង​មិនឱ្យ​ក្រុមស្ត្រី​ថ្ងៃសុក្រ​ដើរស្រែក​តវ៉ា និង​លើក​បដា លើ​ទីធ្លា​សួនច្បារ​ទល់មុខ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

ក្រុម​«ស្ត្រី​ថ្ងៃ​សុក្រ»​ នៅ​ថ្ងៃ​សុក្រ​នេះ ​បាន​ចេញ​មុខ​តវ៉ា​សាជាថ្មី ​ដោយ​ស្នើ​សុំ​ទៅប្រទេស​សមា​ជិកអាស៊ាន​ និង​សហ​រដ្ឋអាមេរិកឱ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ឲ្យ​មាន​ការដោះ​លែង​ក្រុម​គ្រួសារ​របស់​ពួកគេដែលកំពុង​ជាប់​ពន្ធ​នាគារ។​

ពួក​គេ​យល់ថា បើ​រដ្ឋាភិបាល​មាន​ឆន្ទៈ​ដោះស្រាយ​បញ្ហា​នយោ​បាយ​កម្ពុជា និង​ដោះ​លែង​សកម្មជន​នយោបាយ ​និង​សង្គម​ នោះកម្ពុជា​នឹងអាច​ស្តារ​មុខ​មាត់​ក្នុង​ជំនួប​កំពូល​អាស៊ាន​ដែល​នឹង​ធ្វើ​ឡើង​នៅ​សប្តាហ៍​ក្រោយ ​ហើយ​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។​

ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ ​ដែល​មាន​គ្នា​ជាង១០​នាក់ ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្បែរ​ស្ថាន​ទូត​អាមេរិក​ ​ដោយ​មាន​កាន់​បដា​សរសេរ​ជា​អក្សរ​«ដោះ​លែង​អ្នក​ទោស​នយោ​បាយ​នៅ​កម្ពុជា»​ និង​«សិទ្ធិ​មនុស្ស​ និង​ប្រជា​ធិបតេយ្យ​នៅ​អាស៊ាន» ​និង​មាន​ការ​លើក​រូប​ថតក្រុម​គ្រួសារ​របស់​ពួក​គេ​ដែល​ជាប់​ពន្ធនាគារ។​ ពួកគេ​ក៏​បាន​ស្រែក​ទាម​ទារ​ថា៖ ​«អ្នក​នយោ​បាយ​គ្មាន​កំហុស​ទេ ​កិច្ច​ប្រជុំ​អាស៊ាន​ត្រូវ​តែ​ដោះ​លែង​អ្នក​នយោ​បាយៗ»។​

នៅ​ពេល​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ប្រមូល​ផ្តុំស្រែក​ទាមទារ​នេះ​ ក៏​មាន​អាជា្ញធរ​ និង​សន្តិសុខ​ខណ្ឌ​ដូនពេញ ​យ៉ា​ង​តិច​២០​នាក់ ​មក​រារាំង​ និង​ប្រាប់ក្រុម​ស្ត្រី​ទាំង​នោះ​ឱ្យ​បញ្ឈប់​ការ​លើក​បដា ​និង​ឈប់ស្រែក​ទាម​ទារ​នៅ​លើ​សួន​ទល់​មុខ​ស្ថាន​ទូត​អាមេ​រិក​ផង​ដែរ។​

អ្នកស្រី ព្រុំ ចាន់ថា ស្រែក​ស្នើឱ្យ​សហរដ្ឋ​អាមេរិក​ជួយ​អន្តរាគមន៍​ឱ្យ​មាន​ការដោះលែង​គ្រួសារ​នៅលើ​សួនច្បារ​ទល់មុខ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)
អ្នកស្រី ព្រុំ ចាន់ថា ស្រែក​ស្នើឱ្យ​សហរដ្ឋ​អាមេរិក​ជួយ​អន្តរាគមន៍​ឱ្យ​មាន​ការដោះលែង​គ្រួសារ​នៅលើ​សួនច្បារ​ទល់មុខ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

អ្នកស្រី ​ព្រុំ ចាន់ថា ​ជា​ភរិយា​របស់​លោក ​កាក់ កុម្ភារ ​អតីត​សមាជិក​ក្រុម​ប្រឹក្សា​រាជ​ធានី​ភ្នំពេញ​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​ស្ថិត​ក្នុង​មន្ទីរ​ឃុំឃាំង ​ប្រាប់​អ្នក​សារ​ព័ត៌មាន​នៅ​ពេល​កំពុងប្រមូល​ផ្តុំគ្នា​ថា ​ពួកគេស្នើ​ឱ្យ​សហ​រដ្ឋ​អាមេរិក​ ជា​ពិសេស​ប្រធានាធិបតី​អា​មេរិក ​លោក​ Joe Biden​ ដែល​នឹង​មក​ប្រទេស​កម្ពុជា​នា​សប្តាហ៍​ក្រោយ​ ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​គោរព​សិទ្ធិ​មនុស្ស ​និង​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​ជួយ​ធ្វើ​អន្តរាគមន៍​ឱ្យ​មាន​ការ​ដោះ​លែង​សកម្មជន​នយោ​បាយ​បក្ស​ប្រឆាំង។​

អ្នក​ស្រី​ថ្លែង​ថា៖ ​«លោក Joe Biden ​អញ្ជើញ​មក ​[កម្ពុជា​ដើម្បីប្រជុំ​អាស៊ាន] ​អ៊ីចឹង​ខ្ញុំ​សូម​ដើម្បី​ជួប​គាត់​ផ្ទាល់​ ដើម្បី​និយាយ​រឿង​ដែល​ក្រុម​គ្រួសារ​របស់​ពួក​ខ្ញុំ​កំពុង​ជាប់ឃុំ​ពន្ធនាគារ​ព្រៃ​ស​ក៏​ដូច​ជា​ត្រពាំង​ផ្លុង​[ខេត្ត​ត្បូង​ឃ្មុំ] ​ជាពិសេស​ចង់​ឱ្យ​គាត់​ជំរុញ​រដ្ឋា​ភិបាល​ ដើម្បី​ធ្វើ​យ៉ាង​ណា​ក៏​ដោយ​ឱ្យ​ដោះ​លែង​គ្រួសារ​របស់​ពួកខ្ញុំ​ក៏​ដូចជា​ប្រទេស​កម្ពុជា​គោរព​សិទ្ធិ​មនុស្ស»។​

អ្នកស្រី អៀប សួគ៌ អាយុ​៧០ឆ្នាំ កាន់​រូបថត​ស្វាមី​ដែល​កំពុង​ជាប់​ពន្ធនាគារ នៅ​លើ​ទីធ្លា​សួនច្បារ ទល់មុខ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)
អ្នកស្រី អៀប សួគ៌ អាយុ​៧០ឆ្នាំ កាន់​រូបថត​ស្វាមី​ដែល​កំពុង​ជាប់​ពន្ធនាគារ នៅ​លើ​ទីធ្លា​សួនច្បារ ទល់មុខ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

អ្នកស្រី ​អៀប សួគ៌ ​អាយុ​៧០​ឆ្នាំ ​ដែល​ស្វាមី​ឈ្មោះ ​គង់ សំអាន កំពុង​ជាប់​ពន្ធនាគារត្រពាំង​ផ្លុង ​ក៏​បាន​មកទាម​ទារ​ឱ្យ​មាន​ការ​ដោះ​លែង​ស្វាមី​របស់​អ្នក​ស្រី​ផង​ដែរ។​

អ្នក​ស្រី​ប្រាប់វីអូអេ​ថា៖ ​«ខ្ញុំ​ចង់​ឱ្យ​កម្ពុជា​ដើរ​តាម​គន្លង​ធម៌​អាស៊ាន​ ពី​ព្រោះ​គាត់​ជា​ប្រធាន​អាស៊ាន។ ​គាត់​ត្រូវ​តែ​ឈាន​មុខ​មុនគេ​ រៀប​ចំ​ប្រទេស​ឱ្យ​បាន​ស្អាត​ ដោះ​លែង​សកម្ម​ជន​ឱ្យ​អស់​កុំ​ឱ្យ​មាន​សកម្ម​ជន​ជាប់​ទោស​ឱ្យ​សោះ​ ព្រោះអី​សកម្ម​ជន​សុទ្ធ​តែ​ជា​មនុស្ស​ល្អ​ ដើម្បី​គាត់ចម្រាញ់​យក​ទៅ​ធ្វើ​ការ​ងារ​បម្រើ​ជាតិ ​មិន​មែន​យក​ទៅ​ដាក់​ក្នុង​ពន្ធនាគារ​ទេ»។​

អ្នកស្រី កុក សាត អាយុ​៣៧ឆ្នាំ ជា​ភរិយា​របស់​អតីតស​កម្មជន​គណបក្ស​សង្គ្រោះជាតិ​លោក គង់ ម៉ាស់ មក​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​ស្វាមី​ខ្លួន​ពី​ពន្ធនាគារ នៅ​លើ​ទីធ្លា​សួនច្បារ​ទល់មុខ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)
អ្នកស្រី កុក សាត អាយុ​៣៧ឆ្នាំ ជា​ភរិយា​របស់​អតីតស​កម្មជន​គណបក្ស​សង្គ្រោះជាតិ​លោក គង់ ម៉ាស់ មក​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​ស្វាមី​ខ្លួន​ពី​ពន្ធនាគារ នៅ​លើ​ទីធ្លា​សួនច្បារ​ទល់មុខ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

ចំណែក​ភរិយា​របស់​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ គង់ ម៉ាស់​ គឺ​អ្នក​ស្រី ​កុក សាត ​អាយុ​៣៧​ ឆ្នាំ​ យល់​ឃើញ​ថា ​កម្ពុជា​ ដែល​នឹងធ្វើ​ជា​ម្ចាស់​ផ្ទះ​កិច្ច​ប្រជុំ​អាស៊ាន​ គួរតែ​ដោះ​ស្រាយ​បញ្ហា​នយោ​បាយ ​និង​ដោះ​លែង​សកម្មជន​នយោបាយ​ទាំង​អស់​ដែល​កំពុង​ជាប់​ឃុំ ​ដើម្បី​អាច​ឱ្យ​កម្ពុជា​រក្សា​មុខ​មាត់​បាន​នៅ​ចំពោះ​មុខ​មេដឹកនាំ​ពិភព​លោក។​

អ្នកស្រី​ថ្លែង​ថា៖​ «សម្រាប់​ខ្ញុំ​យល់​ថា​ ប្រសិន​បើ​គាត់​ដោះ​លែង​អ្នក​ទោស​នយោ​បាយ​ទាំង​អស់​ ហើយ​ងាក​មក​រក​កិច្ច​ចរចា ​ឬ​រក​តុចរចា​ពាក់​ព័ន្ធ​គណប​ក្ស​ប្រឆាំង​អី​ ពាក់ព័ន្ធ​សិទ្ធិ​មនុស្ស។​ បើ​សិន​ជា​ដោះ​លែង​ពួកគាត់​ទាំង​អស់។​ ខ្ញុំ​គិត​ថា ​ក៏​ជា​មុខ​មាត់​មួយ​ដែរ​របស់​កម្ពុជា​ ដែល​ថា​ ជា​ប្រធាន​អាស៊ាន​ផង»។​

កញ្ញា Arzate, Stephanie អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ប្រាប់​វីអូអេ​តាម​សារអ៊ីម៉ែល​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ស្ថានទូត​បាន​ដឹង​អំពី​ការតវ៉ា​របស់​ក្រុម​ស្រ្តី​ថ្ងៃ​សុក្រ​ដែល​ក្រុម​គ្រួសារ​របស់​ពួកគេ​ត្រូវ​បាន​ឃុំខ្លួន ដោយសារ​ការបញ្ចេញ​មតិ​ផ្នែក​នយោបាយ​ដោយ​សន្តិវិធី។ កញ្ញា​បន្ថែម​ថា ស្ថានទូត​អាមេរិក​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ទម្លាក់​ចោល​រាល់​ការចោទ​ប្រកាន់​លើ​សកម្មជន​ដែល​តវ៉ា​ដោយ​សន្តិវិធី គោរព​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន ដូច​ដែល​ត្រូវបាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​បើក​លម្ហ​សេរីភាព​ស៊ីវិល និង​នយោបាយ​ឡើងវិញ។

ស្វាមី​របស់​ក្រុម​«ស្ត្រី​ថ្ងៃ​សុក្រ»​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​ក្នុង​ឆ្នាំ​២០១៩​ និង​ឆ្នាំ​២០២០ ​ហើយ​ពួកគេ​ត្រូវ​តុលាការ​ចោទ​ប្រកាន់​ជា​ច្រើន​ករណី​ពាក់ព័ន្ធ​នឹង​សកម្ម​ភាព​សង្គម​ និង​ការ​រិះគន់​រដ្ឋាភិបាល។ ​ក្នុង​ចំណោម​ការ​ចោទ​ប្រកាន់​មាន​បទ​ញុះ​ញង់​កុំ​ឲ្យ​យោធិន​ស្តាប់​បង្គាប់​ ការ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ ឬ​បង្ក​ភាព​វឹកវរ​ក្នុង​សង្គម ​រហូត​ដល់​រួម​គំនិត​ក្បត់ ​ដែល​ទោស​អតិបរមា​ពួក​គេ​ត្រូវ​ទទួល​ គឺ​អាច​ជាប់​ពន្ធនាគារ​រហូត​ដល់​២០​ឆ្នាំ។​

លោក ​ជិន ម៉ាលីន​ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ ថ្លែង​ថា ​ការ​ដោះ​លែង​សកម្ម​ជន​ទាំង​នោះ​មិន​មែន​ជា​ការ​ស្តារ​មុខ​មាត់​កម្ពុជា​ឡើយ។​

លោក​បញ្ជាក់​ជា​អក្សរ​តាម​ប្រព័ន្ធ​តេឡេក្រាម​ថា៖ ​«ការ​ដោះ​លែង​អ្នកដែល​ប្រព្រឹត្ត​ល្មើស​ច្បាប់​ហើយ​ដែល​ត្រូវ​តុលាការ​ផ្តន្ទា​ទោស ​មិន​មែន​ជា​ការ​ស្តារ​មុខ​មាត់​ទេ ​តែ​មាន​តែ​ការ​អនុ​វត្ត​ច្បាប់​យ៉ាង​ម៉ឹង​ម៉ាត់​ប៉ុណ្ណោះ ​ ទើប​ជា​ការ​លើក​ស្ទួយ​ប្រជា​ធិបតេយ្យ ​និង​សិទ្ធិ​មនុស្ស​យ៉ាង​ពិត​ប្រាកដ​ក្នុង​សង្គម​នីតិ​រដ្ឋ។ ​ប្រសិន​បើពួក​គេ​យល់​ថា​ សកម្ម​ភាព​ខ្លួន​មិន​មែន​ជា​បទ​ល្មើស​គឺត្រូវ​ចូលរួម​ក្នុង​ដំណើរ​ការ​នីតិវិធី​របស់​តុលាការ​ដើម្បី​ការពារ​ខ្លួន​តាម​ផ្លូវ​ច្បាប់»។​

លោក ​ស៊ឹង សែនករុណា ​អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ​ថ្លែង​ថា​ខណៈ​កម្ពុជា​រៀបចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ បើ​សិន​ជា​រដ្ឋាភិបាល ​អាច​ដោះ​ស្រាយ​បញ្ហា​នយោ​បាយ ​និង​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើសកម្មជន​នយោបាយ​ នោះ​វា​ជា​រឿង​ដ៏ល្អ​ ដែល​អាច​ទទួល​បាន​ការ​សាទរ​ពី​សហគមន៍​ជាតិ ​និង​អន្តរ​ជាតិ ​អំពី​លម្ហ​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្សនៅ​កម្ពុជា។​

លោក​ថ្លែង​ថា៖ «បច្ចុប្បន្ន​នេះ​ យើង​មិន​ទាន់​មាន​ពន្លឺ​ណា​មួយ​សោះ​ ដែល​បង្ហាញ​ពី​សុច្ឆន្ទៈ​របស់​រាជ​រដ្ឋា​ភិបាល ​ក៏​ដូច​ជា​ស្ថាប័ន​ពាក់​ព័ន្ធ​នានា​ និង​អ្នក​ពាក់​ព័ន្ធ​នានា​បង្ហាញ​នូវ​វិធី​សាស្ត្រ​ក្នុង​ការ​រក​ដំណោះ​ស្រាយ​ជូន​ប្រជា​ពល​រដ្ឋ ​និង​សកម្ម​ជន​ នយោ​បាយ ​និង​ស្តារ​ស្ថាន​ភាព​ប្រទេស​ជាតិ​ឱ្យ​ល្អ​ប្រសើរ​នៅ​ឡើយ​ទេ។ ​អ៊ីចឹង​យើង​ទទូច​ឱ្យ​មាន​ការពិចារណា​ក្នុង​រឿង​ហ្នឹង ​ហើយ​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​នេះ​ដើម្បី​ទទួល​បាន​ការ​សាទរ​ពី​សហគមន៍​ជាតិ ​និង​អន្តរជាតិ​អំពី​លម្ហ​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នេះ»។​

គួរ​បញ្ជាក់​ថា​ កាលពី​កន្លង​ទៅ ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​ចេញ​សាល​ក្រម​ដោយ​ផ្តន្ទា​ទោស​អតីត​សកម្ម​ជន​គណ​បក្ស​សង្គ្រោះ​ជាតិ ​ចំនួន​៥១​នាក់​ឱ្យ​ជាប់​ពន្ធនាគារ ​ចាប់​ពី​៥​ឆ្នាំ​ទៅ​៨​ឆ្នាំ ​ក្រោម​បទ​ចោទ​«រួម​គំនិត​ក្បត់ ​និង​ញុះ​ញង់» ​នៅ​ក្នុង​សំណុំ​រឿង​គាំទ្រ​ការ​វិល​ត្រឡប់​របស់​លោក ​សម រង្ស៊ី ​អតីត​ប្រធាន​គណ​បក្ស​សង្រ្គោះ​ជាតិ ​កាល​ពី​ឆ្នាំ​២០១៩៕

XS
SM
MD
LG