ប៉ូលិសបារំាងបានប៉ះទង្គិចគ្នានឹងក្រុមបាតុករនៅទូទាំងប្រទេសរយៈពេល៨ថ្ងៃជាប់ៗគ្នាកាលពីថ្ងៃសៅរ៍ក្នុងខណៈពេលដែលមានហ្វូងមនុស្សជាច្រើនពាន់នាក់បានតវ៉ាប្រឆាំងនឹងតម្លៃប្រេងដែលកំពុងឡើងថ្លៃ។
លោកគ្រីសស្តុប កាស្តានែ (Chistophe Castaner) រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបាននិយាយថាមានបាតុករជាង១០ម៉ឺននាក់បានចេញមកតវ៉ាតាមវិថីនានានៅទូទាំងប្រទេស ដោយមានបាតុករចំនួន៨,០០០នាក់បានតវ៉ានៅមហាវិថីសង់អេលីហ្សេ (Champ-Elysees) ដ៏ល្បីល្បាញនៅប្រទេសបារំាង។ មានបាតុករចំនួន១៣០នាក់ត្រូវបានចាប់ខ្លួន។
ប៉ូលិសទីក្រុងប៉ារីសបានប្រើឧស្ម័នបង្ហូរទឹកភ្នែកនិងរថយន្តបាញ់ទឹកដើម្បីបំបែកហ្វូងបាតុករដោយសារពួកគេបានដំឡើងរបាំងបិទផ្លូវនិងបានវាយកម្ទេចភ្លើងស្តុបនិងស្លាកសញ្ញាវិថីនានា។ នេះជាទិដ្ឋភាពមួយដែលដូចទៅនឹងការបះបោររបស់ពលរដ្ឋស៊ីវិលក្នុងឆ្នាំ១៩៦៨។
លោកប្រធានាធិបតីបារំាង អេម៉ាណូអែល ម៉ាក្រុង (Emmanuel Macron) បានសរសេរសារតាមបណ្តាញធ្វីតធឺថា៖ «គួរឱ្យអាម៉ាស់ណាស់ចំពោះក្រុមដែលវាយប៉ូលិស។ គួរឱ្យអាម៉ាស់ណាស់ចំពោះក្រុមប្រើហិង្សាលើពលរដ្ឋដទៃ… នៅសាធារណរដ្ឋរបស់យើងគ្មានកន្លែងប្រព្រឹត្តហិង្សាដូចនេះទេ»។
ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានរាយការណ៍ថាមានបាតុករខ្លះបានកាន់កាប់គ្រប់គ្រងប៉ុស្តិ៍យកប្រាក់ ប៉ុន្តែគ្រាន់តែអនុញ្ញាតឱ្យរថយន្តឆ្លងកាត់ដោយមិនយកប្រាក់ ឬតម្រូវឱ្យពួកគេបើកបរយឺតៗជាក្បួន។ ល្បិចនេះគឺដើម្បីស្នើឱ្យមានការយកចិត្តទុកដាក់នឹងការតវ៉ារបស់បាតុករប្រឆាំងនឹងតម្លៃសាំងដែលឡើងថ្លៃកាន់តែខ្លាំង ជាពិសេសប្រេងម៉ាស៊ូត៕