ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​នានា​លើ​ពិភពលោក​ចូលរួម​ពិធី​រំលឹក​ខួប​១០០​ឆ្នាំ​នៃ​ការ​បញ្ចប់​សង្គ្រាម​លោក​លើក​ទី​មួយ​នៅ​ប្រទេស​បារាំង


ប្រធានាធិបតី​បារាំង​អុជភ្លើង​​នៅ Arc de Triomphe កាលពី​ថ្ងៃទី​១១ ខែ វិច្ឆិកា ឆ្នាំ ២០១៨។
ប្រធានាធិបតី​បារាំង​អុជភ្លើង​​នៅ Arc de Triomphe កាលពី​ថ្ងៃទី​១១ ខែ វិច្ឆិកា ឆ្នាំ ២០១៨។

នៅ​ម៉ោង ១១ ព្រឹក ថ្ងៃ​ទី ១១ ខែ​វិច្ឆិកា​នេះ ដែល​មាន​រយៈពេល ១ រយ​ឆ្នាំ​គត់ បន្ទាប់ពី​សង្គ្រាម​លោក​លើក​ទី​មួយ​បាន​បញ្ចប់​ទៅ បណ្ដា​មេដឹកនាំ​មក​ពី​ប្រទេស​ចំនួន ៧០ បាន​ជួប​ប្រជុំ​គ្នា​នៅ​ឯ​បូជនីយដ្ឋាន Arc de Triomphe ដើម្បី​រំលឹក​ដល់​មនុស្ស​រាប់​លាន​នាក់​ដែល​បាន​ស្លាប់​នៅ​ក្នុង​សង្គ្រាម។

ប្រធានាធិបតី​បារាំង​លោក Emmanuel Macron និង​បណ្ដា​មេដឹកនាំ​ប្រទេស​ដទៃ​ទៀត ដែល​ក្នុង​នោះ​មាន​ទាំង​ប្រធានាធិបតី​អាមេរិក​លោក Donald Trump ផង​ដែរ បាន​បង្ហាញ​ខ្លួន​នៅ​ឯ​បូជនីយដ្ឋាន​ដែល​សង្គ្រាម​ត្រូវ​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​ទី ១១ ខែ​វិច្ឆិកា ឆ្នាំ ១៩១៨។

បណ្ដា​មេដឹកនាំ​មក​ពី​ប្រទេស​ភាគ​ច្រើន​ដែល​បាន​បញ្ជូន​ទាហាន ឬ​ក៏​កម្មករ​ទៅ​កាន់​សមរភូមិ Western Front បាន​ជួបជុំ​គ្នា​នៅ​ឯ​បូជនីយដ្ឋាន Tomb of the Unknown Soldier ដែល​ជា​បូជនីយដ្ឋាន​ឧទ្ទិស​ដល់​ទាហាន​មិន​ស្គាល់​អត្តសញ្ញាណ​ទាំង​អស់​ដែល​បាន​ស្លាប់​នៅ​ក្នុង​សង្គ្រាម ដើម្បី​ដុត​គប់ភ្លើង​បំភ្លឺ​ឡើង​វិញ​ជា​រៀងរាល់​យប់។

ពិធី​រំលឹក​ការ​បញ្ចប់​សង្គ្រាម​លោក​លើក​ទី​មួយ​ដែល​ធ្វើ​ឡើង​នៅ​ក្រោម​មេឃ​ភ្លៀង​នេះ មាន​វត្តមាន​អ្នក​កូដ​វីយូឡុង​ធំ​លោក Yo Yo Ma អ្នក​ចម្រៀង​អ្នកស្រី Angelique Kidjo មក​ពី​ប្រទេស​បេណាំង​នៃ​ទ្វីប​អាហ្វ្រិក និង​អ្នក​ផ្លុំ​ត្រែ​មួយ​រូប​ទៀត ដើម្បី​ធ្វើ​ពិធី​ស្មឹងស្មាធិ៍​គោរព​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​ស្លាប់។

គ្មាន​ទាហាន​ណា​ម្នាក់​នៅ​ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទី​មួយ​ត្រូវ​គេ​ជឿ​ថា​នៅ​រស់​រាន​មាន​ជីវិត​មក​ដល់​សព្វថ្ងៃ​នេះ​ទេ ប៉ុន្តែ​សំឡេង​របស់​ពួកគេ​មាន​វត្តមាន​នៅ​ក្នុង​ពិធី​នេះ​តាម​រយៈ​សិស្ស​វិទ្យាល័យ​អាន​លិខិត​របស់​ទាហាន​ទាំង​នោះ​ដែល​បាន​សរសេរ​ឡើង​កាល​ពី ១ រយ​ឆ្នាំ​មុន។

រយៈពេល ៤ ឆ្នាំ​នៃ​សង្គ្រាម​លោក​លើក​ទី​មួយ​គឺ​ពោរពេញ​ទៅ​ដោយ​ការ​សម្លាប់​រង្គាល ដោយសារតែ​ពួក​អង់គ្លេស និង​អាមេរិកាំង​ទទូច​ថា​វា​ជា «សង្គ្រាម​ដើម្បី​បញ្ចប់​រាល់​សង្គ្រាម​ទាំង​អស់»។ ប៉ុន្តែ​ជាង ២០ ឆ្នាំ​បន្តិច​ក្រោយ​មក សង្គ្រាម​លោក​លើក​ទី ២ បាន​ផ្ទុះ​ឡើង​ដោយ​មាន​ចំនួន​អ្នក​ស្លាប់ និង​រង​របួស​ជា​ច្រើន​អនេក​មិន​ដែល​មាន​ពី​មុន​មក​ក្នុង​ប្រវត្តិសាស្ត្រ៕

XS
SM
MD
LG