ក្រុមប៉ូលីសបារាំងបានបង្កើនការការពារសន្តិសុខនៅពេលពួកគេបន្តការស្វែងរកស្ត្រីមា្នក់ដែលបានត្រូវពណ៌នាថាជាអ្នកឃុបឃិតម្នាក់របស់ជនជាប់សង្ស័យម្នាក់ក្នុងបណ្តាជនសង្ស័យដែលបានត្រូវសម្លាប់នៅពីក្រោយការវាយប្រហារភេរវកម្មនៅក្នុងក្រុងប៉ារីស។
អាជ្ញាធរកំពុងស្វែងរកនាង Hayat Boumeddiene អាយុ២៦ឆ្នាំដែលជាសង្សាររបស់ឈ្មោះ Amedy Coulibaly ដែលបានសម្លាប់អ្នកទិញឥវ៉ាន់នៅក្នុងហាងលក់ម្ហូបអាហារ Juif មួយនៅក្នុងក្រុងប៉ារីសកាលពីថ្ងៃសុក្រនៅមុនគាត់ត្រូវក្រុមប៉ូលីសបាញ់ស្លាប់។
របាយការណ៍មកពីកន្លែងកើតហេតុបាននិយាយថាស្ត្រីរូបនេះប្រហែលបានរត់គេចខ្លួននៅពេលមានចលាចលដែលបានកើតមានទ្បើងនៅពេលកងកម្លាំងសន្តិសុខឆ្មក់ចូលក្នុងហាងលក់ម្ហូបនេះនៅជិត Porte de Vincennes នៅក្នុងសង្កាត់មួយដែលគេស្គាល់ថាជាសង្កាត់ដែលសំបូរអំបូរ Juif នៅក្នុងក្រុងប៉ារីសនៅក្នុងការប៉ុនប៉ងមួយដើម្បីរំដោះចំណាប់ខ្មាំង។
នាង Boumeddiene បានត្រូវឃើញថតរូបកាលពីពេលមុនដោយស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីស្ត្រីអ៊ីស្លាម ហើយហាត់បាញ់ស្នាផងដែរ។
ឈ្មោះ Coulibaly ជាសហការីរបស់បងប្អូនប្រុសឈ្មោះ Cherif និង Said Kouachi ដែលជាជនសង្ស័យនៅក្នុងការវាយប្រហារដ៏ប្រល័យកាលពីថ្ងៃពុធនៅក្នុងការិយាល័យទស្សនាវដ្តីរិះគន់បែបកំប្លែងឈ្មោះ Charlie Hebdo នៅក្នុងក្រុង ប៉ារីសដែលបានបោះពុម្ពរូបត្លុកកំប្លែងនៃព្យាការី Muhammad។ បងប្អូនប្រុសទាំងពីរនាក់នេះបានត្រូវសម្លាប់កាលពីថ្ងៃសុក្រហើយចំណាប់ខ្មាំងម្នាក់បានត្រូវរំដោះនៅក្នុងការឆ្មក់វាយប្រហារមួយដោយក្រុមប៉ូលីសនៅក្នុងផ្នែកខាងជើងនៃក្រុងប៉ារីស។
មានមនុស្ស១២នាក់បានត្រូវសម្លាប់កាលពីថ្ងៃពុធនៅក្នុងការវាយប្រហារមួយក្នុងការិយាល័យទស្សនាវដ្តីនោះ។ ជាសរុប នៅក្នុងរយៈពេលបីថ្ងៃដែលមានភេរវកម្មនៅក្នុងប្រទេសបារាំងមានមនុស្ស១៧នាក់បានបាត់បង់ជីវិត។
កាលពីថ្ងៃសៅរ៍មានការដាក់ពង្រាយកងកម្លាំងសន្តិសុខនៅទូទាំងក្រុងប៉ារីស ដោយយាមកន្លែងគោរពសាសនានិងកន្លែងដែលក្រុមអ្នកទេសចរទៅទស្សនានិងប្រុងប្រៀបសម្រាប់ការដើរបង្ហាញឯកភាពជាតិដែលនឹងមានមនុស្សច្រើននាក់ចូលរួមនៅថ្ងៃអាទិត្យនេះ។ គេរំពឹងថាការដើរនេះនឹងមានការចូលរួមដោយក្រុមមេដឹកនាំអឺរ៉ុបច្រើននាក់ដែលមានរួមបញ្ចូលក្រុមមេដឹកនាំនៃប្រទេសបារាំង អាល្លឺមង់ អង់គ្លេស អ៊ីតាលីនិងប្រទេសអេស្ប៉ាញផងដែរ។
កាលពីថ្ងៃសៅរ៍ដែរ លោកប្រធានាធិបតីបារាំង Francois Hollande បានដឹកនាំការប្រជុំផ្នែកសន្តិសុខបន្ទាន់មួយដែលមានគោលដៅររាំងការវាយប្រហារដូចកាលពីប៉ុន្មានថ្ងៃមុននេះ។
លោក Eric Holder រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ស.រ.អ.ធ្វើដំណើរទៅកាន់ប្រទេសបារាំងដើម្បីជួបជាមួយលោករដ្ឋមន្ត្រីមហាផ្ទៃបារាំងនិងក្រុមមន្ត្រីបារាំងឯទៀតៗអំពីកិច្ចខិតខំប្រឹងប្រែងទប់ទល់នឹងភេរវកម្ម៕