ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បារាំង​ប្រារព្ធ​ទិវា​កាន់​ទុក្ខ​​ការវាយ​ប្រហារ​ដែលសម្លាប់​មនុស្ស​១២​នាក់

  • Lisa Bryant

មនុស្ស​​ម្នាក់​​បាន​ដាក់​​ផ្កា​​នៅ​ខាងមុខ​​ការិយាល័យ​កាសែត Paris Weekly 'Charlie Hebdo' នៅ​ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៥។

ប្រទេស​បារាំង​បាន​ប្រារព្ធ​ទិវាការ​កាន់​ទុក្ខ​ចំពោះ​ការ​ស្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​១២​នាក់​នៅ​ក្នុង​ការ​វាយ​ប្រហារ​ដោយ​ការ​បាញ់​ប្រហារ​កាល​ពី​ថ្ងៃ​ពុធនៅ​កណ្តាល​ទីក្រុង​ប៉ារីស​ នៅពេល​ដែល​ប៉ូលិស​បន្ត​ស្វែង​រក​ជន​សង្ស័យ​ទាំង​២​នាក់​នោះ។​ ទង់​ជាតិ​បាន​ទម្លាក់​ចុះ​ត្រឹម​ពាក់​កណ្តាល​ដង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ហើយ​សាលា​រៀន​បាន​បិទ​ ​សន្តិសុខ​បាន​បង្កើន​នៅជុំ​វិញ​តំបន់ទី​ក្រុង​ប៉ារីស ​បន្ទាប់​ពី​ការ​វាយ​ប្រហារ​ភេរវកម្ម​ដ៏​ប្រល័យ​បំផុត​នៅ​ក្នុង​ប្រទេស​នោះ ​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​នេះ។​ ប្រទេស​បារាំង​បាន​ធ្វើ​ពិធី​ស្មឹងស្មាធ​រយៈ​ពេល​មួយ​នាទីនៅ​ពេលថ្ងៃ​ត្រង់។មន្រ្តី​ប៉ូលិសម្នាក់​បាន​ត្រូវ​សម្លាប់នៅ​ក្នុង​ឧបទ្ទវហេតុបាញ់​ប្រហារ​មួយ​ទៀតនៅ​ខាង​ក្រៅ​រដ្ឋ​ធានី​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ក៏ប៉ុន្តែ​សេចក្តី​រាយ​ការណ៍​ពី​ដំបូងៗ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​វា​មិន​ទាក់​ទង​នឹងការ​បាញ់​ប្រហារ​កាល​ពី​ថ្ងៃ​ពុធ​ទេ។​

ពួក​អាជ្ញាធរ​និយាយ​ថា ​រហូត​មក​ទល់​ពេល​នេះ ​ពួកគេ​បាន​ឃុំ​ខ្លួន​ជន​សង្ស័យ​៧​នាក់​ទាក់​ទិន​ទៅ​នឹង​ការ​វាយ​ប្រហារ​ដ៏​ប្រល័យ​កាល​ពី​ថ្ងៃ​ពុធ​ទៅ​លើ​ការិយាល័យ​របស់​ទស្សនាវដ្តីរូប​ត្លុកកំបែ្លង ​Charlie Hebdo។​ ក៏ប៉ុន្តែ​បុរសទាំង២​នាក់​នោះ​នៅ​មិន​ទាន់​ត្រូវបាន​ចាប់​ខ្លួន​នៅ​ឡើយ។ ​ប៉ូលិស​បាន​ចេញ​ដីការ​ចាប់​ខ្លួន​បង​ប្អូន​ប្រុស​២​នាក់​ឈ្មោះ ​Cherif ​និង​ Said Kuachi។​ ប៉ូលិស​និយាយ​ថា ​ពួកគេ​មាន​អាវុធ​ហើយ​ជា​អ្នក​បង្ក​គ្រោះ​ថ្នាក់។​ ជន​សង្ស័យ​ទី​៣​អាយុ​១៨​ឆ្នាំ​មាន​ឈ្មោះ​ថា​ Hamyd Mourad ​បាន​ប្រគល់​ខ្លួន​ឲ្យ​អាជ្ញាធរ​ ក៏​ប៉ុន្តែ​នៅ​មិន​ទាន់​ប្រាកដ​ថា​ តើ​ជននោះ​បាន​ពាក់​ព័ន្ធ​ដែរ​ឬ​ទេ។​

ពួក​អាជ្ញាធរជឿ​ជាក់​ថា ​ការ​វាយ​ប្រហារ​នោះ​បណ្តាល​មក​ពីក្រុម​ឥស្លាម​ជ្រុល​និយម។ ​Cherif ​ជាបងប្រុស​បាន​ធ្លាប់​ជាប់​គុក​កាល​ពី៣-៤​ឆ្នាំ​មុនចំពោះ​ការ​ពាក់​ព័ន្ធនៅ​ក្នុង​បណ្តាញ​មួយ​ដែល​បញ្ជូន​ពួក​អ្នក​ប្រយុទ្ធ​ទៅ​កាន់​ប្រ​ទេស​អ៊ីរ៉ាក់។​

នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​វិទ្យុ​បារាំង​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ លោក​នាយក​រដ្ឋ​មន្រ្តី​បារាំង ​Manuel Valls ​បាន​និយាយ​ថា ​«ជន​សង្ស័យ​ទាំង​២​បាន​ត្រូវ​ទី​ភ្នាក់​ងារ​ស៊ើប​ការណ៍​សម្ងាត់​ស្គាល់​អត្ត​សញ្ញាណ​ហើយ។​ លោក​នាយករដ្ឋ​មន្រ្តី ពណ៌នា​ពួក​គេ​ថា ​បាន​ធ្វើ​សកម្មភាព​ដូច​ជា​ទាហាន។​ ឥឡូវនេះ​បារាំង​ត្រូវ​ប្រឈម​ជាមួយ​ការ​គំរាម​កំហែង​ដោយ​ភេរវកម្ម​ដែល​មិន​ធ្លាប់​មាន​កាល​ពី​ពេល​មុន»។​

ទាំង​ក្រុម​រដ្ឋ​ឥស្លាម​និង​ក្រុម ​al-Qaida បាន​គំរាម​កំហែង​ប្រទេស​បារាំង។​

កាល​ពី​ថ្ងៃ​ពុធ ​ពលរដ្ឋ​បារាំង​រាប់​ម៉ឺន​នាក់​បាន​ធ្វើ​ការប្រមូលផ្តុំ​គ្នា​ដោយ​សន្តិវិធី​នៅ​ទូទាំង​ប្រទេស។ លោក​Jean Francois Jouanne​ បាន​ធំ​ដឹង​ក្តីជាមួយ​ក្រុមអ្នក​គូរគំនូរ​ត្លុក​កំប្លែង​របស់​ទស្សនាវដ្តី​ Charlie Hebdo ​ដែលនៅ​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​គេ​សម្លាប់​កាល​ពី​ថ្ងៃ​ពុធ។​

«ខ្ញុំ​មក​ទី​នេះ​ដើម្បី​បង្ហាញ​ការ​គាំទ្រក្រុម​ដ៏​អស្ចារ្សរ៍​នេះហើយ​នឹង​ដើម្បីបង្ហាញ​ថា ​យើង​នៅ​ទី​នេះ​ដើម្បី​សេរី​ភាព​នៃ​ការ​និយាយ​ស្តី​និង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ។​ភាព​ឃោរឃៅ​នឹង​មិនអាចសម្លាប់​សំឡេង​របស់​ប្រជា​ពលរដ្ឋ​ដែល​ជឿជាក់​លើ​សេរី​ភាព​នៃ​ការ​និយាយ​ស្តី​បាន​ទេ»។​

បារាំង​មាន​ប្រវត្តិ​ជាយូរយារណាស់​មក​ហើយ​នៅក្នុង​ការ​ប្រឈម​នឹង​ភេរវកម្ម ​ដែល​មាន​តាំងពីក្នុង​ទសវត្សរ៍​១៩៩០​ នៅពេល​ដែល​ភេរវជន​អាល់​ហ្សេរី​បានធ្វើ​ការវាយ​ប្រហារ​បំផ្ទុះគ្រាប់​បែក​នៅផ្លូវ​រទេះ​ភ្លើង​ក្រោម​ដី​ក្នុង​ទីក្រុង​ប៉ារីស។ ​កាល​ពី​ពេល​ថ្មីៗ​នេះ​ ពលរដ្ឋ​បារាំង​ជាង​១​ពាន់​នាក់​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អ៊ីរ៉ាក់​និង​ប្រទេស​ស៊ីរី​ដើម្បី​ចូល​រួម​ចលនា​ជីហាដ៕​

ប្រែ​សម្រួល​ដោយ ​ជឹង ​ប៉ូជីន

XS
SM
MD
LG