ភេរវកម្មអស់រយៈពេល៣ថ្ងៃនៅក្នុងប្រទេសបារាំងដែលបានធ្វើឲ្យមនុស្ស១៧នាក់ស្លាប់ បានបញ្ចប់កាលពីថ្ងៃសុក្រនៅពេលដែលប៉ូលិសបារាំង បានសម្លាប់ជនសង្ស័យ៣នាក់នៅក្នុងការវាយឆ្មក់២កន្លែង។ជនសង្ស័យម្នាក់នៅកំពុងតែរត់គេចខ្លួននៅឡើយ។
ក្រុមអាជ្ញាធរបារាំង និយាយថា បងប្អូនប្រុស២នាក់ដែលជាជនសង្ស័យនៅក្នុងការវាយប្រហារមួយកាលពីសប្តាហ៍កន្លងមកនេះទៅលើទស្សនាវដ្តីត្លុកកំប្លែង Charlie Hebdo ត្រូវបានសម្លាប់កាលពីថ្ងៃសុក្រ ហើយចំណាប់ខ្មាំងម្នាក់ត្រូវបានដោះលែងក្នុងអំឡុងពេលនៃការវាយឆ្មក់ដោយប៉ូលិសនៅតំបន់ខាងជើងទីក្រុងប៉ារីស។មនុស្ស១២នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃពុធនៅក្នុងការវាយប្រហារទៅលើទស្សនាវដ្តីនោះ។
ប៉ូលិសក៏បានវាយប្រហារចូលផ្សារទំនើបលក់ម្ហូបអាហារ Kosher របស់ជនអំបូរជ្វីពកាលពីថ្ងៃសុក្រក្នុងទីក្រុងប៉ារីស ដែលនៅទីនោះប៉ូលីស បានសម្លាប់ជនប្រដាប់អាវុធម្នាក់ទៀតដែលបានសម្លាប់អ្នកទិញទំនិញ៤នាក់ទៀត។មនុស្សជាច្រើននាក់ទៀត បានលាក់ខ្លួននៅក្នុងទូរដាក់សាច់ឲ្យត្រជាក់ក្នុងអំឡុងពេលនៃវិបត្តិដ៏អាក្រក់នេះ។
គេបានឮស្នូរផ្ទុះនិងស្នូរកាំភ្លើងទាំងនៅក្នុងទីក្រុងប៉ារីសនិងទីក្រុង Dammartin –en-Goele ភាគឦសាន្តនៃរដ្ឋធានីនៅពេលដែលប៉ូលិសបានចូលក្នុងទីកន្លែងទាំងនោះនៅពេលថ្ងៃត្រង់កាលពីថ្ងៃសុក្រក្នុងពេលស្របគ្នា។
បងប្អូនប្រុស Cherif និង Said Kouachi ដែលត្រូវបានគេចាត់ទុកជាជនសង្ស័យដ៏សំខាន់នៅក្នុងការវាយប្រហារដ៏ប្រល័យទៅលើទស្សនាវដ្តី Charlie Hebdo បានលេចចេញពីរោងពុម្ភទីដែលពួកគេបានលាក់ខ្លួនហើយបានចាប់ផ្តើមបាញ់ប្រហារនៅពេលដែលប៉ូលិសបានចូលទៅខាងក្នុង។បងប្អូនប្រុសទាំង២នាក់ ត្រូវបានសម្លាប់នៅក្នុងការបាញ់តបតជាមួយប៉ូលិសជាច្រើននាក់នៅកន្លែងកើតហេតុ។
ក្នុងការបាញ់ប្រហារនៅទីក្រុងប៉ារីស កងកម្លាំងសន្តិសុខ បានវាយសង្គ្រប់ផ្សារទំនើបនៅជិតPorte de Vincennesនៅក្នុងសង្កាត់មួយដែលគេដឹងថា ជាសង្កាត់មួយរបស់ជនអំបូរជ្វីពក្នុងទីក្រុងប៉ារីស និងបានសម្លាប់ខ្មាន់កាំភ្លើងដែលមានការពាក់ព័ន្ធជាមួយបងប្អូនប្រុស Kouachi។
មន្រ្តីប៉ូលិសបារាំង និយាយថា ខ្មាន់កាំភ្លើងនៅក្នុងការវាយប្រហារផ្សារទំនើបនោះ ឈ្មោះ Amedy Coulibaly អាយុ៣២ឆ្នាំ ត្រូវបានគេជឿជាក់ថាជាបុរសតែមួយដែលបានបាញ់សម្លាប់ប៉ូលីសស្រីម្នាក់នៅតំបន់ខាងត្បូងទីក្រុងប៉ារីសកាលពីថ្ងៃព្រហស្បតិ៍៕