កម្លាំងសន្តិសុខបារាំងបាននិយាយថា គេបានទាក់ទងជាមួយជនសង្ស័យពីរនាក់ដែលបានជាប់ក្នុងការឡោមព័ទ្ធនៅឃ្លាំងមួយ ដោយមានចំណាប់ខ្មាំងនៅក្នុងកណ្តាប់ដៃពួកគេ។ ព្រឹត្តិការណ៍នេះកើតមានឡើងពីរថ្ងៃក្រោយពីជនទាំងពីរនេះត្រូវគេជឿថា បានសម្លាប់មនុស្ស១២នាក់ នៅការិយាល័យទស្សនាវដ្តីត្លុករបស់បារាំងឈ្មោះ Charlie Hebdo។ ជនសង្ស័យទាំងពីរបានប្រាប់អ្នកចរចារបស់់ប៉ូលិសថា ពួកគេត្រៀមខ្លួនស្លាប់ជាទុក្ករបុគ្គល។ ប៉ូលិសបានបញ្ជាក់ថា ជនសង្ស័យមានចំណាប់ខ្មាំងយ៉ាងតិចម្នាក់នៅក្នុងដៃ។
លោក Bernard Cazeneuve រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំងបានបញ្ជាក់ថា ប្រតិបត្តិការនោះគឺដើម្បីចាប់ជនសង្ស័យ។ លោកបាននិយាយដូចនេះក្រោយពីមានជំនួបបន្ទាន់មួយជាមួយលោកប្រធានាធិបតី លោកនាយករដ្ឋមន្ត្រីនិងមន្ត្រីប៉ូលិស។
មានមនុស្ស៩នាក់ហើយត្រូវបានចាប់ខ្លួនសួរចម្លើយអំពីព្រឹត្តិការណ៍បាញ់ប្រហារនេះ។ ប្រជាជនក្នុងពិភពលោកបានចូលរួមមរណទុក្ខជនរងគ្រោះដែលបានស្លាប់១២នាក់ក្នុងការបាញ់ប្រហារកាលពីថ្ងៃពុធ ដែលមានប៉ូលិសពីរនាក់នៅក្នុងចំណោមអ្នកស្លាប់ទាំងនោះ។ ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.បានធ្វើពិធីស្មឹងស្មាធមុនកិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍។ ប្រធានាធិបតីស.រ.អា.លោកបារ៉ាក់ អូបាម៉ាបានចុះហត្ថលេខាលើសៀវភៅមរណទុក្ខនៅស្ថានទូតបារាំងនៅរដ្ឋធានីវ៉ាស៊ីនតោន។ លោកបានហៅការបាញ់ប្រហារនោះថា អំពីព្រៃផ្សែនិងកំសាក៕