ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស​ចាប់​បុរស​បី​នាក់​សង្ស័យ​សម្លាប់​អ្នក​សារព័ត៌មាន​នៅ​ក្រចេះ


រូប​ឯកសារ៖ អ្នក​ជំនាញ​ថា ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​សល់​ប្រហែល​៣០%​ប៉ុណ្ណោះ ហើយ​​សកម្មភាព​កាប់​ព្រៃ​ឈើ​នៅ​មាន​ជា​បន្ត។
រូប​ឯកសារ៖ អ្នក​ជំនាញ​ថា ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​សល់​ប្រហែល​៣០%​ប៉ុណ្ណោះ ហើយ​​សកម្មភាព​កាប់​ព្រៃ​ឈើ​នៅ​មាន​ជា​បន្ត។

មាន​ជន​សង្ស័យ​ប្រដាប់​អាវុធ​ចំនួន​បី​នាក់​ត្រូវ​បាន​អាជ្ញា​ធរ​មាន​សមត្ថកិច្ច​ចាប់​ខ្លួន​ទាក់​ទង​នឹង​ការបាញ់​សម្លាប់​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​ម្នាក់​កាលពីថ្ងៃ​អាទិត្យ។ មូលហេតុ​ពិត​ប្រាកដ​ដែល​ឈាន​ទៅ​ដល់​ការបាញ់​សម្លាប់​យ៉ាង​សាហាវ​នេះ​នៅ​មិន​ទាន់​ត្រូវ​បាន​សន្និដ្ឋាន​យ៉ាង​ណា​ទេ​ក្នុងពេល​ដែល​អាជ្ញាធរ​អះអាង​ថា​គឺ​ដោយ​សារ​គំនុំ​ផ្ទាល់​ខ្លួន ​ប៉ុន្តែ​សមាគម​អ្នកសារព័ត៌មាន​សង្ស័យ​ថា​គឺ​ទាក់​ទង​នឹង​សេចក្តី​រាយការណ៍​កន្លង​មក​របស់​ជន​រងគ្រោះ​ពីសកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ។

ការ​ចាប់​ខ្លួន​ធ្វើ​ឡើង​ដោយ​មន្ត្រី​ប៉ូលិស​ខេត្ត​ក្រចេះ​កាល​ពី​ថ្ងៃ​អាទិត្យ​គឺ​មាន​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​មានការ​បាញ់​សម្លាប់​អ្នក​កាសែត​ក្នុង​ស្រុក​ម្នាក់​នៅ​តាម​បណ្តោយ​ផ្លូវ​លំ​ជនបទ​មួយ។​

ហេតុ​ការណ៍​នៃ​ការ​បាញ់​សម្លាប់​អ្នក​កាសែត​បាន​កើត​មាន​ឡើង​នៅ​ចំណុច​ត្រពាំង​ត្រាច​ ភូមិ​ខ្សឹម​ក្រៅ​ ឃុំ​ខ្សឹម​ ស្រុក​ស្នួល​ ខេត្ត​ក្រចេះ។​

មន្ត្រី​ប៉ូលិស​បាន​ឱ្យដឹង​ថា​ជន​រង​គ្រោះ​ឈ្មោះ​ តាំង ទ្រី​ អាយុ​៤៨​ឆ្នាំ​ជា​សមាជិក​សមាគម​សារព័ត៌មាន​ខ្មែរ​អ្នក​ប្រជាធិបតេយ្យ​ត្រូវ​បាន​ជន​ដៃ​ដល់​បាញ់​ដោយ​កាំភ្លើង​ខ្លី​មួយ​គ្រាប់​ចំ​ថ្ងាស​បណ្តាល​ឱ្យស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ។​

ជន​សង្ស័យ​មាន​គ្នា​ចំនួន​៣​នាក់​ដែល​បាន​ប្រើ​ប្រាស់​រថយន្ត​ប្រភេទ ​Luxus 470​ ជាមធ្យោបាយ​ ក្នុង​ការ​ធ្វើ​សកម្មភាព។​

មន្ត្រី​ប៉ូលិស​បាន​ឱ្យដឹង​ថា​ជន​សង្ស័យ​មាន​ឈ្មោះ​ឡា ណារ៉ុង​ អាយុ​៣២​ឆ្នាំ​ ជា​អតីត​មន្ត្រី​យោធា​ខេត្ត​មណ្ឌល​គីរី​ ឈ្មោះ​ខឹម ភក្តី​ អាយុ​២៧​ឆ្នាំ​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ផ្នែក​អន្តរាគមន៍​ដែល​ជាម្ចាស់​កាំភ្លើង​ខ្លី​ និង​ជនសង្ស័យ​ទី​៣​ឈ្មោះ​ពិន ហ៊ាង​ អាយុ​៣១​ឆ្នាំ​ជាអ្នក​បើក​បរ​រថយន្ត។​

លោក​ វរៈសេនីយ៍​ឯក​ អ៊ុំ ភី​ ស្នង​ការ​រង​ប៉ូលិស​ខេត្ត​ក្រចេះ​ទទួល​បន្ទុក​យុត្តិធម៌​មាន​ប្រសាសន៍​ថា​មូលហេតុ​ដែល​នាំ​ឱ្យជន​ដៃ​ដល់​បាញ់​សម្លាប់​ទៅ​លើ​អ្នក​កាសែត​ដោយ​សារ​តែ​មុន​ពេល​កើត​ហេតុ​ជន​រង​គ្រោះ​មាន​ទំនាស់​ជាមួយ​ជន​ដៃ​ដល់​ក្នុង​រឿង​ឱ្យជួយ​ចម្លង​ខ្លួន​ទៅ​ព្រែក​ម្ខាង​ទៀត។​

លោក​បាន​បញ្ជាក់​ថា​នៅ​ពេល​ជម្លោះ​បាន​បញ្ចប់​ជន​ដៃ​ដល់​បាន​ទៅ​សេព​គ្រឿង​ស្រវឹង​ជាមួយ​នឹង​បក្ស​ពួក​ខ្លួន​ចំនួន​២នាក់​ផ្សេង​ទៀត។ ​នៅ​ពេល​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ត្រឡប់​នៅ​តាម​ផ្លូវក៏​បានប្រទះឃើញ​រថយន្ត​ជន​រង​គ្រោះ​ដែល​កំពុង​ជាប់​ផុង​ទៅ​មុខ​មិន​រួច​ស្រែក​ហៅឱ្យជួយ​សណ្តោង។​

លោក​បាន​បញ្ជាក់​ថា​ដោយ​សារតែ​មាន​កំហឹង​ក្នុងជម្លោះ​កាល​ពី​ពេល​ថ្ងៃ​ជន​ដៃ​ដល់​និង​ជន​រង​គ្រោះ​ក៏​បាន​វាយ​ប្រតប់​គ្នា​ជាថ្មី​ម្តង​ទៀត​រហូត​ឈាន​ដល់​ការ​ប្រើ​ប្រាស់​អាវុធ​បាញ់​សម្លាប់​ជន​រង​គ្រោះ​ដើម្បី​ស្រាយ​កំហឹង។​

លោក​បាន​សន្និដ្នាន​ថា​ករណី​នេះ​សង្ស័យ​ថា​ជា​មនុស្ស​ឃាត​ដោយ​ចេតនា។​

លោក​និយាយ​ថា៖​ «ការ​សន្និដ្ឋាន​របស់​យើង​បាន​ចោទ​ពីបទ​ មនុស្ស​ឃាត​ដោយ​ចេតនា​និង​ប្រើ​ប្រាស់​អាវុធ​ហើយ​ពេល​បញ្ជូន​ទៅ​អាស្រ័យ​ទៅ​លើ​តុលាការ​ទៀត»។​

លោក​ សុខ សុវណ្ណ​ ប្រធាន​សមាគម​សារព័តមាន​ខ្មែរ​អ្នក​ប្រជាធិបតេយ្យ​មាន​ប្រសាសន៍​ថា​ជនរង​គ្រោះ​ពិត​ជា​សមាជិក​ក្នុង​សមាគម​លោក​ពិត​មែន។ ​លោក​បាន​បញ្ជាក់​ថា​ ជនរង​គ្រោះធ្លាប់​បាន​ទទួល​រង​ការ​គំរាម​បាញ់​សម្លាប់​ជាច្រើន​លើក​ដោយ​សារ​តែ​លោក​បាន​រាយការណ៍​ពី​សកម្មភាព​កាប់​ឈើ​និង​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​ក្នុង​ខេត្ត​ក្រចេះ​និង​ខេត្ត​កំពង់ចាម។​

លោក​និយាយ​ថា៖​ «យើង​ទើប​តែ​មាន​មួយ​ហ្នឹង​ទេ។​ តែ​កន្លង​មក​យើង​គ្រាន់​តែ​មាន​ដឹង​ថា​មាន​ការ​គំរាម​ធម្មតា​ទេ​ប៉ុន្តែ​ការ​សម្លាប់​ហ្នឹង​គឺ​យើង​ទើប​តែមាន​ម្នាក់​ដែល​ឈ្មោះ​ តាំង ទ្រី​ ហ្នឹង»។​

លោក​ មឿន ឈាន​ណារិទ្ធ ប្រធាន​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​ផ្នែក​សារព័ត៌មាន​មាន​ប្រសាសន៍​ថា​ការ​បាញ់​សម្លាប់​ទៅ​លើ​អ្នក​កាសែត​នេះ​បាន​បង្ហាញ​ពី​សេរីភាព​សារព័ត៌មាន​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​និង​ឈាន​ដល់​សញ្ញា​ប្រកាស​អាសន្ន​ដល់​អ្នក​សារព័ត៌មាន​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ពី​សុវត្ថិភាព​របស់​ខ្លួន​ក្នុង​ការ​ចេញ​ទៅ​យក​ព័ត៌មាន។​

លោក​និយាយ​ថា៖​ «យើង​គិត​ថា​ ជារឿង​គួរ​ឱ្យសោក​ស្តាយ​បំផុត​ហើយ​ជាការ​ធ្លាក់​ចុះ​ដ៏ធ្ងន់​ធ្ងរ​នូវ​សេរីភាព​សារព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា​ទន្ទឹម​នឹង​វប្បធម៌​និទណ្ឌភាព​ដែល​កាន់​តែ​ធ្លាក់​ដុន​ដាប​ដែរ»។​

យ៉ាង​តិច​មាន​អ្នក​កាសែត​ប្រមាណ​១៤​នាក់​ហើយ​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​ចាប់​តាំង​ពី​ក្នុង​អំឡុង​ទសវត្សរ៍​ទី​៩០។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ លោក​ មឿន ឈានណារិទ្ធ។​

កាល​ពី២​ឆ្នាំ​មុន​ លោក​ ជ័យ​ ឧត្តម​ អ្នក​សារព័ត៌មាន​ឱ្យកាសែត​វរជន​ខ្មែរ​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​ដោយ​សារ​តែលោក​ធ្វើ​សេចក្តី​រាយការណ៍​អំពី​ការ​ដឹក​ជញ្ជូន​ឈើ​ក្នុង​ខេត្ត​រតនគីរី។​

ជន​សង្ស័យ​ចំនួន​ពីរ​នាក់​ប្តី​ប្រពន្ធ​និង​ជាមន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ខេត្ត ​ត្រូវ​បាន​តុលាការ​សម្រេច​ដោះ​លែង​ឱ្យមាន​សេរីភាព​វិញ​ដោយ​សំអាងថា ​ពុំ​មាន​ធាតុផ្សំ​បទ​ល្មើស​គ្រប់​គ្រាន់​ពាក់​ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់​អ្នក​កាសែត៕

XS
SM
MD
LG