ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ Reporters Without Borders ដាក់​កម្ពុជា​ក្នុង​ចំណាត់​ថ្នាក់​ខ្ពស់​ជាង​ឆ្នាំ​មុន


អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន ​(Reporters ​Without​ Borders)។
អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន ​(Reporters ​Without​ Borders)។

សេរីភាព​សារព័ត៌មាន​នៅ​ប្រទេស​កម្ពុជា​មាន​ស្ថានភាព​ល្អ​ជាង​ឆ្នាំ​មុន​បន្តិច។ នេះ​បើ​យោង​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន ​(Reporters Without Borders) សម្រាប់​ឆ្នាំ ២០១៥ នេះ។ អង្គការ Reporters Without Borders បាន​ដាក់​ប្រទេស​កម្ពុជា​ឲ្យ​ស្ថិត​ក្នុង​លំដាប់​ទី​១៣៩ ក្នុង​ចំណោម​ប្រទេស​១៨០ នេះ​មាន​ន័យ​ថា កម្ពុជា​បាន​ឡើង​ខ្ពស់​៥​លេខ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​ទី​១៤៤។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ចំណាត់​ថ្នាក់​ទី១៣៩​នេះ កម្ពុជា​នៅតែ​ស្ថិត​ក្នុង «ស្ថានភាព​លំបាក» នៅ​ឡើយ។

របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​អង្គការ Reporters Without Borders ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី១០ ខែកុម្ភៈ​ឆ្នាំ២០១៥​នេះ បាន​បន្ថែម​ថា ក្នុង​ឆ្នាំ២០១៤ មិន​មាន​ឧប្បទ្ទេវហេតុ​ណា​ដែល​នាំឲ្យ​មាន​ការស្លាប់​បាត់បង់​ជីវិត​អ្នកសារព័ត៌មាន​និង​បណ្តាញ​ព័ត៌មាន​ពលរដ្ឋ​ទេ។

បើ​ប្រៀបធៀប​ទៅ​ប្រទេស​ជិតខាង​របស់​ខ្លួន ចំណាត់​ថ្នាក់​ទី១៣៩ នេះ ប្រទេស​កម្ពុជា គឺ​ស្ថិត​នៅ​លើ​ប្រទេស​ចិន វៀតណាម និង​លាវ។ ចំណែក​ឯ​ប្រទេស​ថៃ បាន​ទទួល​ចំណាត់​ថ្នាក់​ខ្ពស់​ជាង​ប្រទេស​កម្ពុជា គឺ​ទី១៣៤។ សម្រាប់​សហរដ្ឋ​អាមេរិក​វិញ បាន​ទទួល​ចំណាត់​ទី៤៩។ ចំណែក​ឯ​ប្រទេស​ដែល​បាន​ទទួល​ចំណាត់​ថ្នាក់​ខ្ពស់​ជាងគេ​បំផុត គឺ​ប្រទេស​ហ្វាំងឡង់ ហើយ​ប្រទេស​ដែល​បាន​ចំណាត់​ថ្នាក់​ទាប​ជាង​គេ​បំផុត​គឺ​ប្រទេស​អេរីតទ្រា៕

XS
SM
MD
LG