ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​គ្រួសារ​ហៅ​ការ​ចាប់​ខ្លួន​មន្រ្តី​បក្ស​ប្រឆាំង​«អយុត្តិធម៌»​និង​ដើម្បី​គំរាម​កំហែង​បំបិទ​សេរីភាព


លោក ស៊ុន ធន់ អតីត​មន្រ្តី​គណបក្ស​សង្រ្គោះជាតិ ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី១ ខែមិ​ថុនា ឆ្នាំ​២០២០។ (ស៊ុន ណារិន/VOA)
លោក ស៊ុន ធន់ អតីត​មន្រ្តី​គណបក្ស​សង្រ្គោះជាតិ ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី១ ខែមិ​ថុនា ឆ្នាំ​២០២០។ (ស៊ុន ណារិន/VOA)

ការ​ចាប់​ខ្លួន​មន្រ្តី​បក្ស​ប្រឆាំង​ថ្នាក់​ក្រោម​នៅ​តែ​បន្ត​កើត​ឡើង ​ក្នុង​នោះ​មាន​លោក ​ស៊ុន ធន់ អតីត​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពង់ធំ​របស់​គណបក្ស​សង្រ្គោះ​ជាតិ ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ។

ភរិយា​របស់​លោក​ ស៊ុន ធន់ ​គឺ​អ្នកស្រី ​សេង ចាន់ថន​បាន​ថ្លែង​ប្រាប់​VOA​ថា​ ការ​ចាប់​ខ្លួន​ស្វាមី​របស់​អ្នកស្រី​ជា​រឿង​អយុត្តិធម៌ ​ដោយ​សារ​លោក ​ស៊ុន ធន់​ ជា​មនុស្ស​សកម្ម​ និង​នៅ​តែ​បន្ត​ហ៊ាន​បញ្ចេញ​មតិ​របស់​លោក។

អ្នកស្រី​មាន​ប្រសាសន៍​ថា៖​ «ការ​ចាប់​ខ្លួន​គាត់​នេះ ​ ខ្ញុំ​យល់​ឃើញ​ថា​ជា​អំពើ​អយុត្តិធម៌​គឺ​ជា​ការ​គំរាម​កំហែង​បំបិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​និយាយ​ស្តី ​បំបិទ​សិទ្ធិ​ប្រជា​ពលរដ្ឋ​ឲ្យ​ខ្លប​ខ្លាច ​មិន​ហ៊ាន​និយាយ ​ហ៊ាន​ថា​ ហ៊ាន​តស៊ូ​ជា​ពិសេស​គណបក្ស​ប្រឆាំង​ទាំង​មូល​តែ​ម្តង។ ​គំរាម​មិន​ឲ្យ​ ហ៊ាន​និយាយ ​ហ៊ាន​ថា​ហ៊ាន​ធ្វើ​អ្វី​ទាំង​អស់»។​

ពី​ដំបូង​ឡើយ ​ក្រុម​គ្រួសារ​របស់​លោក ​ស៊ុន ធន់​មិន​ដឹង​ថា​ លោក​ត្រូវ​បញ្ជូន​ទៅ​ទីណា​នោះ​ទេ​ហើយ​ពួក​គេ​ក៏​មិន​ដឹង​ថា​ លោក​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ល្មើស​អ្វី​ដែរ។​

អ្នកស្រី​សេង ចាន់ថន​មាន​ប្រសាសន៍​ថា​ អ្នកស្រី​បាន​ព្យាយាម​សួរ​នគរបាល​ក្នុង​ស្រុក​តាំងគោក ​ខេត្ត​កំពង់ធំ​ទើប​ពួក​គេ​ប្រាប់​ថា​ លោក​ ស៊ុន ធន់ ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​និង​ត្រូវ​បញ្ជូន​មក​ឃុំ​ខ្លួន​នៅ​ភ្នំពេញ។​ អ្នកស្រី​បញ្ជាក់​ថា​ ក្រុម​គ្រួសារ​មិន​ត្រូវ​បាន​ប្រគល់​នូវ​ដីកា​ចាប់​ខ្លួន ​ដែល​មាន​ការ​ចោទ​ប្រកាន់​នោះ​ទេ។​

អ្នកស្រី​បន្ត​ថា៖ ​«ប៉ុន្តែ​មុន​នឹង​មើល​គេ​ហាម​យើង ​អត់​ឲ្យ​ថត​ចម្លង។​ គេ​អត់​ឲ្យ​ហែក​របស់​គេ​ទេ។​ នៅ​ក្នុង​ហ្នឹង​គេ​ចោទ​ពី​បទ​ថា​ គាត់​ហ្នឹង​ញុះញង់​ប្រជា​ពលរដ្ឋ​តាម​ភូមិ​ហើយ​មួយ​ទៀត​គេ​ថា​គាត់​ហ្នឹង​ចង់​ផ្តួល​រំលំ​រាជ​រដ្ឋាភិបាល ​ដោយ​ប្រើ​យោធិន។ ​ញុះញង់​យោធិន​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល»។​

បើ​តាម​អ្នកស្រី​សេង ចាន់ថន ស្វាមី​របស់​អ្នកស្រី​គឺ​លោក ​ស៊ុន ធន់​ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ផ្ទះ​ ក្នុង​ភូមិ​ថ្មី ​ឃុំ​ទ្រាល​ ស្រុក​តាំងគោក​ ខេត្ត​កំពង់ធំ។​

លោក​គ្រី សារិទ្ធ ​មេបុស្តិ៍​រដ្ឋបាល​ឃុំ​ទ្រាល​ មាន​ប្រសាសន៍​ថា​ សមត្ថកិច្ច​បាន​អនុវត្ត​ដីកា​ចាប់​ខ្លួន​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ។​ លោក​បញ្ជាក់​ថា លោក ​ស៊ុន ធន់​ត្រូវ​បញ្ជូន​មក​ភ្នំពេញ។​ លោក​បង្វែរ​សំណួរ​នេះ​មក​តុលាការ​ភ្នំពេញ​វិញ ​ដោយ​បដិសេធ​មិន​អត្ថាធិប្បាយ​បន្ថែម​លើ​បញ្ហា​នេះ។

លោក​មាន​ប្រសាសន៍​ថា៖​ «អាហ្នឹង​ខ្ញុំ​អនុវត្ត​តាម​ដីកា​តុលាការ​ដំបូង​ភ្នំពេញ។ ​បញ្ជូន​ទៅ​ភ្នំពេញ​ហើយ ​ម៉េច​ម៉ា​ទៅ​សួរ​ខាង​តុលាការ​ទៅ»។​

អ្នក​នាំពាក្យ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​លោក​គុជ គឹមឡុង​មាន​ប្រសាសន៍​ថា​ លោក​មិន​ទាន់​មាន​ព័ត៌មាន​អំពី​ការ​ចាប់​ខ្លួន​នេះ​នៅ​ឡើយ​ទេ។

លោក​បញ្ជាក់​ថា៖​ «អត់​ទាន់​បាន​ព័ត៌មាន​ពេញ​លេញ​ទេ។​ ចាំ​បាន​ខ្ញុំ​ជម្រាប​ជូន»។​

លោក ​ស៊ុន ធន់​ ក៏​មាន​ប្អូន​ប្រុស​បង្កើត​ម្នាក់​ឈ្មោះ​ ស៊ុន ប៊ុនថុន ​ដែល​ជា​អតីត​ក្រុម​ប្រឹក្សា​ឃុំ​បារាយណ៍ ​ខេត្ត​កំពង់ធំ ​ដែល​បាត់​បង់​តំណែង ​ក្រោយ​តុលាការ​កំពូល​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ។ ​លោក ​ស៊ុន ប៊ុនថុន​ ធ្លាប់​ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ប៉ុន្តែ​ត្រូវ​បាន​ដោះ​លែង​វិញ​កាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៩ ​ដោយ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​តាម​ដាន​របស់​តុលាការ។​ លោក​ ស៊ុន ធន់​ ក៏​មាន​បង​ថ្លៃ​គឺ​អ្នកស្រី​ សេង ចាន់ថូ ​ក៏​ជា​អតីត​មេឃុំ​ទ្រាល ​ដែល​បាត់បង់​តំណែង​ផង​ដែរ ​ក្រោយ​តុលាការ​កំពូល​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ។​

ភរិយា​របស់​លោក ​ស៊ុន ធន់ ​គឺ​អ្នកស្រី ​សេង ចាន់ថន​ ​មាន​ប្រសាសន៍​ថា​ ក្រុម​គ្រួសារ​របស់​អ្នកស្រី​ដែល​ជា​អ្នក​នយោបាយ​ថ្នាក់​ក្រោម​ត្រូវ​បាន​តាមដាន​ជា​បន្ត​បន្ទាប់​ដោយ​កម្លាំង​សមត្ថ​កិច្ច​ ហើយ​ស្វាមី​របស់​អ្នកស្រី​ក៏​ធ្លាប់​រង​ការ​វាយ​ប្រហារ​ដោយ​ជន​មិន​ស្គាល់​មុខ​ផង​ដែរ​កាល​ពី​ឆ្នាំ​មុន។​

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ ​«អូ !​គេ​ធ្វើ​ទុក្ខ​បុក​ម្នេញ ​ សូម្បី​តែ​យើង​ដើរ​ទៅ​ណា​មួយ​ជំហាន​ក៏​គេ​តាម​ដាន​យើង។​សូម្បី​តែ​យើង​និយាយ​ស្តី​អី​ក៏​គេ​លប​ចាំ​ស្តាប់​យើង។​ ហើយ​សូម្បី​តែ​យើង​រស់​នៅ​ក្នុង​ផ្ទះ​ក៏​មាន​អ្នក​តាម​ដាន​មក ​ជួន​កាល​នគរបាល។ ​និយាយ​ទៅ​គេ​តាម​ដាន ​គេ​ចេញ​ចូល​កាត់​មុខ​ផ្ទះ​យើង​អី​អ៊ីចឹង​ទៅ»។​

មន្រ្តី​គណបក្ស​សង្រ្គោះ​ជាតិ​ឲ្យ​ដឹង​ថា​ កាល​ពី​សប្តាហ៍​មុន​អាជ្ញាធរ​ខេត្ត​សៀមរាប​ក៏​បាន​ចាប់​ខ្លួន​អតីត​មន្រ្តី​គណបក្ស​នេះ​ម្នាក់​ទៀត​គឺ​លោក​ ពៀត ម៉ាប់​ ជា​អតីត​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​សៀមរាប​ផង​ដែរ។​ លោក​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៧​ខែ​ឧសភា ​ក្នុង​ឃុំ​ដំដែក​ស្រុក​សូទ្រនិគម​ ហើយ​បច្ចុប្បន្ន​ត្រូវ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស។​

លោក ​ស៊ឹង សែនករុណា ​អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ​មាន​ប្រសាសន៍​ថា​ ក្នុង​ការ​ចាប់​ខ្លួន​សកម្ម​ជន​បក្ស​ប្រឆាំង​នេះ​ ​អាជ្ញាធរ​គួរ​តែ​ផ្តល់​ព័ត៌មាន​ដល់​ក្រុម​គ្រួសារ​ឲ្យ​បាន​ត្រឹម​ត្រូវ​ថា ​តើ​ពួក​គេ​បាន​ប្រព្រឹត្ត​បទ​ល្មើស​អ្វី។​

លោក​មាន​ប្រសាសន៍​ថា៖ ​«កន្លង​មក​ហ្នឹង​ ចាប់​ខ្លួន​ គឺ​ហាក់​ដូច​មាន​ការ​លាក់​បាំង​ជាមួយ​ក្រុម​គ្រួសារ។​ហើយ​ធ្វើ​ឲ្យ​គាត់​មាន​ការ​លំបាក ​តាម​រក​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ​ហើយ​សូម្បី​ពេល​ចាប់​ខ្លួនគាត់​សុំ​ពេល​ស្លៀក​ពាក់​ខោអាវ​ឲ្យ​សម​រម្យ​ក៏​មិន​បាន​ផង»។

លោក​ចាត់​ទុក​ករណី​ចាប់​ខ្លួន​មន្រ្តី​បក្ស​ប្រឆាំង​នេះ​គឺ​ជា​រឿង​នយោបាយ​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់ ​ដោយសារ​ពួកគេ​សកម្ម​ក្នុង​រឿង​នយោបាយ។​

លោក​មាន​ប្រសាសន៍​ថា៖ ​«ក្នុង​រឿង​នេះ ​យើង​យល់​ថា​ វា​ជា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​នយោបាយ​ច្រើន​ជាង ​ដូច​ជា​កន្លង​មក​ មាន​ការ​ប្រើ​រូប​ភាព​វាយ​ដំ​បែប​ហិង្សា ​គឺ​អ្នក​ដែល​រង​គ្រោះ​ទាំង​អស់​ជា​សកម្មជន​បក្ស​ប្រឆាំង​ ចំនួន​ទៅ​ដល់​១៦​ករណី​ទៅ​ហើយ»។​

បើ​តាម​លោក​ស៊ឹង សែនករុណា ​ គិត​ពី​ដើម​ឆ្នាំ​២០២០​រហូត​មក​ដល់​ដើម​ខែ​មិថុនា​នេះ ​សកម្មជន​បក្ស​ប្រឆាំង​យ៉ាង​តិច​១៣​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់។​

លោក ​សំ សុគង់ ​មេធាវី​ការពារក្តី​ឲ្យ​មន្រ្តី​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​អះអាង​ថា​ ចាប់​តាំង​ពី​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ ​ លោក​បាន​ការពារ​ក្តី​ឲ្យ​មន្រ្តី​គណបក្ស​នេះ​ប្រមាណ​១០០​នាក់​ ដែល​ក្នុង​នោះ​មាន​ការ​ចាប់​ខ្លួន​ដោយ​មាន​ដីកា​ខ្លះ​និង​មិន​មាន​ដីកា​ខ្លះ។​ពួកគេ​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​ ក្នុង​យុទ្ធនាការ​មួយ​ចំនួន​ ដូច​ជា​យុទ្ធនាការ​ម្រាមដៃ​ស្អាត​មិន​ចូលរួម​បោះ​ឆ្នោត ​ហូប​នំ​បញ្ចុក​ ជួប​ជុំ​គ្នា​និង​ការ​ត្រៀម​ទទួល​លោក​សម រង្ស៊ី​ចូល​ប្រទេស​វិញ​ជាដើម។​

បើ​តាម​លោក​ សំ សុគង់​ បច្ចុប្បន្ន​នេះ​លោក​កំពុង​ការពារ​ក្តី​ឲ្យ​សកម្ម​ជន​គណបក្ស​សង្រ្គោះ​ជាតិ​ចំនួន​១៦​នាក់​ទៀត​ដែល​កំពុង​ជាប់​ពន្ធនាគារ​ហើយ​ពួក​គេ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា ​រួម​គំនិត​ក្បត់​ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​និង​ញុះញង់​មិន​ឲ្យ​យោធា​ស្តាប់​បង្គាប់។​

រូបឯកសារ៖ ផ្លាកសញ្ញា​គណបក្ស​សង្គ្រោះជាតិ​ដែល​មាន​ជាប់​ធូលី​ផង ​ត្រូវ​គេ​តម្រៀប​នៅប៉ុស្តិ៍​នគរបាល​ឃុំចន្ត្រី ក្រោយ​ពី​ផ្លាក​នេះ​ត្រូវ​បាន​គេ​ទម្លាក់​បន្ទាប់​ពី​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​រំលាយ​ចោល​កាល​ពី​ខែ​វិច្ឆិកាឆ្នាំ​មុន។ (ស៊ុន ណារិន/VOA)
រូបឯកសារ៖ ផ្លាកសញ្ញា​គណបក្ស​សង្គ្រោះជាតិ​ដែល​មាន​ជាប់​ធូលី​ផង ​ត្រូវ​គេ​តម្រៀប​នៅប៉ុស្តិ៍​នគរបាល​ឃុំចន្ត្រី ក្រោយ​ពី​ផ្លាក​នេះ​ត្រូវ​បាន​គេ​ទម្លាក់​បន្ទាប់​ពី​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​រំលាយ​ចោល​កាល​ពី​ខែ​វិច្ឆិកាឆ្នាំ​មុន។ (ស៊ុន ណារិន/VOA)

លោក ​Phil Robertson​ នាយក​រង​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ​(Human Rights Watch)​មាន​ប្រសាសន៍​ថា​ការ​ចាប់​ខ្លួន ​ការ​បំភិត​បំភ័យ​ ការ​យាយី​ការ​ចោទ​ប្រកាន់​ ដាក់​ពន្ធនាគារ​«គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ដើម្បី​បំផ្លាញ​ការ​គាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ​តាម​រយៈ​វិធាន​ការ​គាប​សង្កត់»។​

លោក​មាន​ប្រសាសន៍​ក្នុង​អ៊ីម៉ែល​មក​VOAថា៖ ​«យុទ្ធនាការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​នយោបាយ​លក្ខណៈ​ជា​ប្រព័ន្ធ​ទៅ​លើ​អតីត​មន្រ្តី​ឃុំ​សង្កាត់​គណបក្ស​សង្រ្គោះ​ជាតិ ត្រូវ​តែ​បញ្ឈប់​ឥឡូវ​នេះ ​ ហើយ​សហគមន៍​អន្តរ​ជាតិ​គួរ​ដាក់​គំនាប​ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ឈប់​ចាប់​ខ្លួន ​ បញ្ចប់​ការ​បំភិត​បំភ័យ​ដោយ​ប៉ូលិស​មូលដ្ឋាន​និង​អនុញ្ញាត​ឲ្យ​ក្រុម​ប្រឹក្សា​របស់​គណបក្ស​សង្រ្គោះ​ជាតិ​បញ្ចេញ​មតិ​និង​ធ្វើ​សកម្មភាព​នយោបាយ ​ដោយ​ពុំ​មាន​ការ​យាយី»។

លោក ​សុខ ឥសាន ​អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច​និង​ជា​សមាជិក​ព្រឹទ្ធ​សភា ​មាន​ប្រសាសន៍​ថា​ រាល់​ចំណាត់​ការ​ផ្លូវ​ច្បាប់​លើ​គណបក្ស​សង្រ្គោះ​ជាតិ​ និង​ការ​ចាប់​ខ្លួន​មន្រ្តី​បក្ស​ប្រឆាំង​គឺ​ជា​ការ​អនុវត្ត​ច្បាប់​តែ​ប៉ុណ្ណោះ។ ​ លោក​បញ្ជាក់​ថា​ ការ​ធ្វើ​សកម្ម​ភាព​គាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ​គឺ​ខុស​ច្បាប់​ តែ​បើ​ការ​គាំទ្រ​ជា​ស្មារតី​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ។​

លោក​មាន​ប្រសាសន៍​ថា៖​ «គណបក្ស​រលាយ​ហើយ ​អ្នក​ណា​គាំទ្រ​គណបក្ស​រលាយ​ហ្នឹង​ក៏​វា​ខុស​ច្បាប់​ដែរ។ ​ អ៊ីចឹង​អ្នក​ណា​កាន់​ជើង​អ្នក​ដែល​រលាយ​ អ្នក​ហ្នឹង​វា​ខុស។​គ្រាន់​តែ​កាន់​ជើង​ជា​ស្មារតី​ជា​រឿង​របស់​អ្នក​ឯង។ ​ ប៉ុន្តែ​បើ​អ្នក​ឯង​ធ្វើ​សកម្ម​ភាព​ដើម្បី​គាំទ្រ​អតីត​បក្ស​ប្រឆាំង​ដែល​ស្លាប់​ទៅ​ហើយ​ដោយ​ដីកា​តុលាការ​កំពូល​ហើយ ​ អ្នក​ឯង​ខុស​ច្បាប់​ហើយ»។​

លោក ​អ៊ូ ច័ន្ទរ័ត្ន​ អតីត​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ​ មាន​ប្រសាសន៍​ថា​ ​ប្រសិន​បើ​ថ្នាក់​ដឹកនាំ​គណបក្ស​នយោបាយ​នៅ​តែ​បន្ត​ជម្លោះ​ពាក្យ​សម្តី​ជាមួយ​គ្នា​នោះ​អ្នក​រង​គ្រោះ​ពិត​ប្រាកដ​ជា​សកម្មជន​នៅ​ថ្នាក់​ក្រោម និង​ប្រជា​ពលរដ្ឋ។​

លោក​មាន​ប្រសាសន៍​ថា៖ ​«ប្រសិន​បើ​ថ្នាក់​ដឹកនាំ​ទាំង​អស់​នៅ​តែ​មាន​ឥរិយាបថ​បែប​ហ្នឹង ​ វា​ជា​រឿង​មួយ​ដែល​រង​គ្រោះ​អ្នក​ដែល​នៅ​ក្រោម​បង្គាប់​ហ្នឹង ​ជាពិសេស​ជា​សកម្ម​ជន​ក្តី​ជា​អ្នក​គាំទ្រ​ក្តី ​ត្រូវ​រង​គ្រោះ​ដោយ​នយោបាយ​របស់​ថ្នាក់​ដឹកនាំ​ហ្នឹង​ឯង»។​

លោក​ចាត់​ទុក​ថា​ សកម្មជន​ថ្នាក់​ក្រោម​គ្រាន់​តែ​បញ្ចេញ​មតិ​របស់​ពួក​គេ​តែ​ប៉ុណ្ណោះ ​ ដូច្នេះ​មិន​គួរ​មាន​ការ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​នោះ​ទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG