យុទ្ធនាការជិះកង់ដាក់ញត្តិរបស់យុវជនមាតាធម្មជាតិ ពីខេត្តកោះកុងសំដៅមករាជធានីភ្នំពេញបានខកខាន ក្រោយកម្លាំងអាជ្ញាធរឃាត់ចាប់យកកង់របស់ពួកគេ។ សកម្មភាពអាជ្ញាធរនេះនាំឲ្យមានការព្រួយបារម្ភកាន់តែខ្លាំងលើការរឹតត្បិតសេរីភាពនៅក្នុងប្រទេសកម្ពុជា។
យុវជនប្រមាណ២០នាក់បានចាប់ផ្តើមយុទ្ធនាការជិះកង់មានចម្ងាយផ្លូវប្រមាណ៣០០គីឡូម៉ែត្រ ទាមទារឲ្យដាក់«កោះកុងក្រៅ»ក្នុងខេត្តកោះកុងជាតំបន់ការពារ។ យុទ្ធនាការនេះចាប់ផ្តើមតាំងពីថ្ងៃអង្គារ ដោយពួកគេធ្វើដំណើរតាមកង់ចំនួន១១គ្រឿង ម៉ូតូចំនួន២គ្រឿង និងម៉ូតូកង់បីចំនួន១គ្រឿង។ យុទ្ធនាការចេញពីទីរួមខេត្តកោះកុងសំដៅមកភ្នំពេញ ដើម្បីដាក់ញត្តិទៅលោកនាយករដ្ឋមន្រ្តីហ៊ុន សែន។ តាមគម្រោងយុទ្ធនាការជិះកង់របស់ក្រុមយុវជនមាតាធម្មជាតិនេះចាប់ផ្តើមពីថ្ងៃទី២ដល់ថ្ងៃទី៥ខែមិថុនាឆ្នាំ២០២០។
នៅព្រឹកថ្ងៃពុធនេះ អាជ្ញាធរបានចុះឃាត់ការធ្វើដំណើរនេះចាប់តាំងពីម៉ោងជាង៦ព្រឹក នៅម្តុំសហគមន៍ទេសចរណ៍ត្រពាំងរូង ក្នុងស្រុកកោះកុង។ នេះបើយោងតាមសកម្មជនបរិស្ថានម្នាក់ដែលធ្វើដំណើរក្នុងយុទ្ធនាការនេះគឺកញ្ញារ៉ី រក្សា។
កញ្ញា រ៉ី រក្សា អាយុ២២ឆ្នាំ ជានិស្សិតដែលបញ្ចប់បរិញ្ញាបត្រគ្រប់គ្រងទេសចរណ៍នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានថ្លែងប្រាប់ VOA ថា អាជ្ញាធរបានចាប់យកកង់របស់ពួកគេទាំងអស់ រួចដឹកទៅដាក់នៅអធិការដ្ឋាននគរបាលស្រុកកោះកុង។ កញ្ញាបន្តថា អាជ្ញាធរមានបំណងចង់ឲ្យពួកគេផ្តិតមេដៃឈប់ធ្វើយុទ្ធនាការនេះ។
កញ្ញាឲ្យដឹងទៀតថា ពីដំបូងឡើយមានការលើកឡើងថា ការឃាត់នេះគឺដើម្បីពិនិត្យកម្តៅទាក់ទងនឹងជំងឺកូវីដ១៩ប៉ុន្តែកញ្ញាចាត់ទុកថា នេះគ្រាន់តែជាលេសប៉ុណ្ណោះ។
កញ្ញាថ្លែងថា៖«មួយព្រឹកហ្នឹងគឺពួកយើងអត់មានបានពិនិត្យកម្តៅអីទេគឺចរចាតែជាមួយអាជ្ញាធរហើយគាត់សួរឲ្យពួកយើងបង្ហាញអត្តសញ្ញាណបណ្ណហើយចង់ឲ្យពួកយើងផ្តិតមេដៃទៅលើកំណត់ហេតុដែលគាត់បានសរសេរ»។
ប៉ុន្តែកញ្ញាមិនដឹងថា កំណត់ហេតុនោះ និយាយអំពីអ្វី ហើយក្រុមយុវជនមិនចង់ផ្តិតមេដៃទេ។កញ្ញាបន្តថាក្រុមរបស់កញ្ញាមិនបានបង្កការកកស្ទះចរាចរណ៍ ឬអសន្តិសុខអ្វីនោះទេ។
កញ្ញានិយាយថា៖ «ពួកយើងគ្រាន់តែជិះកង់ហើយការជិះកង់របស់យើងមានរបៀបរៀបរយ មិនបង្កផលប៉ះពាល់ដល់អ្នកណា ហើយថែមទាំងជួយដល់ការការពារធនធានធម្មជាតិនៅកម្ពុជាយើងផងដែរ។ ខ្ញុំមិនដឹងថាហេតុអ្វីបានជាធ្វើដល់ថ្នាក់ហ្នឹង»។
ក្រុមយុវជនទាំង១៨នាក់បានពាក់អាវយឺតដូចគ្នា ដែលមានរូបកោះកុងក្រៅ និងសារនៅខាងមុខ និងក្រោយអាវដែលមានអត្ថន័យថា«សង្រ្គោះកោះកុងក្រៅ»។ ចំណែកកង់មួយៗរបស់ពួកគេមានទង់ជាតិរបស់កម្ពុជា។
VOAមិនអាចសុំការអត្ថាធិប្បាយពីលោកសៀង ហ៊ អធិការនគរបាលស្រុកកោះកុង និងលោកសំឃិតវៀន ស្នងការនគរបាលខេត្តកោះកុងបានទេនៅថ្ងៃពុធនេះ។
នៅក្នុងវីដេអូរយៈពេលប្រមាណ១នាទីកន្លះ ដែលត្រូវបានបង្ហោះដោយសកម្មជនដែលធ្វើដំណើរ នោះ បុរសម្នាក់ដែលដឹកនាំការចុះឃាត់នោះ បានលើកឡើងថា ក្រុមយុវជនត្រូវសុំការអនុញ្ញាតមុននឹងធ្វើសកម្មភាពទាំងនេះ។
សមត្ថកិច្ចមិនបានឃាត់ខ្លួនពួកគេទុកនោះទេ ហើយកង់របស់ពួកគេត្រូវរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកោះកុង។សកម្មជនបរិស្ថានវ័យក្មេងទាំងនោះក៏សម្រេចដើរតាមផ្លូវជាក្រុមនៅល្ងាចថ្ងៃពុធនេះ។ នេះបើតាមកញ្ញារ៉ី រក្សា។
លោក ថោង ច័ន្ទដារ៉ា អ្នកសម្របសម្រួលផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុកប្រចាំខេត្តកោះកុង មានប្រសាសន៍ថា ការឃាត់ចាប់យកកង់នេះជាការរំលោភបំពានសិទ្ធិសេរីភាពរបស់ពួកគាត់ ខណៈអ្នកចូលរួមជិះកង់មិនមានចំនួនច្រើនហើយក៏មិនស្ទះចរាចរណ៍នោះទេ។
លោក ថោង ច័ន្ទដារ៉ា មានប្រសាសន៍ថា៖ «អានេះដូចថា វាមិនចង់ឲ្យមានរឿងវែងឆ្ងាយ ទៅឮដល់ភ្នំពេញ... ជាការទាមទារ តវ៉ារបស់ពួកគាត់ ដែលចង់ដូចថា ថែរក្សាសម្បតិ្តធនធានធម្មជាតិ»។
លោកបន្តថា ការរារាំងនេះធ្វើឲ្យសាធារណជនមើលឃើញថាជាការរឹតត្បិតរបស់អាជ្ញាធរ ដែលនាំឲ្យមានការចាប់អារម្មណ៍កាន់តែខ្លាំង។
លោកបញ្ជាក់ថា៖«វាចូលរបត់មួយមានលក្ខណៈរឹតត្បិតខ្លាំង ទាំងការធ្វើដំណើរ ការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ។នៅតាមសហគមន៍ តាមអី ឃើញវាកាន់តែវិវត្តទៅរកភាពមួយកាន់តែអាក្រក់ទៅៗ»។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍ថា ការឃាត់នេះមិនពាក់ព័ន្ធនឹងជំងឺកូវីដអ្វីនោះទេ។លោកចាត់ទុកថា ករណីនេះប្រហែលជាអាជ្ញាធរមិនចង់ឲ្យក្រុមយុវជនធ្វើយុទ្ធនាការនេះ។ លោកថា នេះជាការរឹតត្បិតសេរីភាពមួយយ៉ាងតឹងរ៉ឹងសម្រាប់សេរីភាពនៃការបញ្ចេញមតិរបស់ពួកគាត់។
លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងជាសមាជិកព្រឹទ្ធសភាចាត់ទុកថា ការជិះកង់នេះមាន«ចេតនាមិនល្អ» ទើបអាជ្ញាធរឃាត់បែបនេះ។
នៅពេលVOA សួរអំពីចេតនាមិនល្អនោះ លោក សុខ ឥសានមានប្រសាសន៍ថា៖«វារំលោភទៅលើតួនាទីភារកិច្ចរបស់រាជរដ្ឋាភិបាល»ក្នុងការថែរក្សាធនធានធម្មជាតិ។
នៅពេលសួរពីការរឹតត្បិតសេរីភាពរបស់យុវជនទាំងនោះ លោកសុខ ឥសាន បានស្នើឲ្យសួរនគរបាលថ្នាក់ក្រោមវិញ។លោកមានប្រសាសន៍ថា៖ «ឥឡូវមកសួរខ្ញុំ ខ្ញុំអត់ដឹងទេ !ទៅសួរសមត្ថកិច្ចដែលគេឃាត់ហ្នឹងទៅ វាច្បាស់ជាង»។
លោកថុន រដ្ឋា យុវជនមាតាធម្មជាតិបានប្រាប់VOAកាលពីថ្ងៃអង្គារថា មូលហេតុនៃការធ្វើយុទ្ធនាការជិះកង់នេះគឺដោយសារក្រុមយុវជនមាតាធម្មជាតិបានមើលឃើញអំពីសក្តានុពលរបស់កោះកុងក្រៅ ដែលស្ថិតក្នុងឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង និងជាតំបន់ពោរពេញដោយធម្មជាតិដែលអាចទាក់ទាញទេសចរណ៍បានច្រើន។ លោកបន្ថែមថា ក្រុមយុវជនបារម្ភថា កោះដែលមានសក្តានុពលមួយនេះអាចនឹងរងការបំផ្លាញដូចកោះផ្សេងៗជាច្រើនទៀត។
បើតាមវីដេអូដែលក្រុមយុវជនមាតាធម្មជាតិបង្ហោះកាលពីសប្តាហ៍មុនកោះកុងក្រៅមានផ្ទៃក្រឡាទំហំ១០៣គីឡូម៉ែត្រការ៉េ មានឆ្នេរប្រវែង៥៣គីឡូម៉ែត្រ និងមានចម្ងាយប្រមាណ៣០គីឡូម៉ែត្រពីក្រុងខេមរភូមិន្ទ។ កោះកុងក្រៅមានដើមឈើធំៗ កូនភ្នំ សត្វព្រៃ ទឹកធ្លាក់ជាច្រើនកន្លែង ឆ្នេរខ្សាច់សក្បុស និងផ្កាថ្មជាដើម។
លោក នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថានលើកឡើងថា ក្រសួងបរិស្ថានបានចាប់ផ្តើមសិក្សាតំបន់កោះកុងក្រៅ ដើម្បីដាក់ស្នើជាឧទ្យានសមុទ្រធម្មជាតិតាំងពី៣ឆ្នាំមុនមក ដោយត្រូវការពេលវេលាដើម្បីកំណត់ពីទំហំ តំបន់ការពារ ប្រភេទសត្វដែលត្រូវការពារ បញ្ហាជុំវិញតំបន់នេះព្រមទាំងការរៀបចំផែនការផ្សេងៗ។ លោកបន្តថា រហូតមកដល់ពេលនេះក្រសួងមិនទាន់អាចកំណត់ពីពេលវេលានិងទំហំជាក់លាក់ដើម្បីដាក់ស្នើទៅរដ្ឋាភិបាលឲ្យមានការការពារនៅឡើយ៕