ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​ម្នាក់​ត្រូវ​ឃាត់​ខ្លួន​ ពេល​កំពុង​ថត​វីដេអូ​អំពី​អាជីវករ​ត្រៀម​តវ៉ា​នៅ​ព្រំដែន​ប៉ោយប៉ែត


លោក​ ហ៊ុន វណ្ណៈ ​សកម្មជន​មួយ​រូប​ដែល​តែង​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​អំពី​បញ្ហា​បរិស្ថាន​និង​សិទ្ធិ​មនុស្ស​។ (រូបថត​ពី​ហ្វេសប៊ុក)

សកម្មជន​សិទ្ធិ​មនុស្ស ​និង​បរិស្ថាន​ លោក​ ហ៊ុន វណ្ណៈ ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ត្រូវ​សមត្ថកិច្ច​ខេត្ត​បន្ទាយ​មានជ័យ​ឃាត់​ខ្លួន​យក​ទៅ​អប់រំ​ ខណៈ​លោក​ថត​វីដេអូ​អំពី​សកម្ម​ភាព​អាជ្ញាធរ​ដាក់​ពង្រាយ​កម្លាំង ​ដើម្បី​ទប់​ស្កាត់​ការ​ជួបជុំ​របស់​អាជីវករ​នៅ​ច្រក​ព្រំដែន​ប៉ោយប៉ែត។​

លោក​ ហ៊ុន វណ្ណៈ ​សកម្មជន​មួយ​រូប​ដែល​តែង​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​អំពី​បញ្ហា​បរិស្ថាន​និង​សិទ្ធិ​មនុស្ស​ប្រាប់​VOA​នា​រសៀល​ថ្ងៃ​ច័ន្ទ​នេះ​ថា ​ លោក​ត្រូវ​អាជ្ញាធរ​ខេត្ត​បន្ទាយ​មានជ័យ​ចាប់​ក្រៀក​ដាក់​ម៉ូតូ ​និង​ដឹក​ទៅ​ប៉ុស្តិ៍​ការិយាល័យ​មួយ​នៅ​ស្ថានីយ៍​រថភ្លើង​ប៉ោយប៉ែត​ នៅ​ម៉ោង​ប្រមាណ​ជា​៧:៣០​នាទី​ព្រឹក ​ខណៈ​លោក​កំពុង​ថត​រូប​ និង​វីដេអូ​អំពី​សកម្ម​ភាព​របស់​អាជ្ញាធរ​ដាក់​កម្លាំង​ពង្រាយ​នៅច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត។​ លោក​បន្ត​ថា ​ លោក​ត្រូវ​បាន​អាជ្ញាធរ​ចោទ​ប្រកាន់​ថា ​ជា​អ្នក​យក​ព័ត៌មាន​ឲ្យ​គណបក្សប្រឆាំង ​និង​បង្ខំ​ឲ្យ​លោក​លុប​រូប​ភាព​ និង​វីដេអូ ​ព្រម​ទាំង​ផ្តិត​មេដៃ​លើ​របាយ​ការណ៍​សមត្ថកិច្ច។​

លោក​ ហ៊ុន វណ្ណៈ ​បន្ថែម​ថា ​លោក​ត្រូវ​បាន​សមត្ថកិច្ច​ថត​វីដេអូ​លោក​ក្នុង​អំឡុង​ការ​សួរ​នាំ​នោះ ​មុន​នឹង​ដោះ​លែង​លោក​នៅ​ម៉ោង​ប្រមាណ​១២​ថ្ងៃ​បន្ទាប់​ពី​លោក​បដិសេធ​មិន​លុប​វីដេអូ ​និង​មិន​ព្រម​ផ្តិត​មេដៃ​លើ​របាយ​ការណ៍​ប៉ូលិស​ជាច្រើន​ដង។​លោក​ចាត់​ទុកថា​ សកម្មភាព​របស់​អាជ្ញាធរ​ ធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធិ​របស់​លោក​ និង​ជា​ការ​រារាំង​មិន​ឲ្យ​លោក​ផ្សព្វផ្សាយ​ពី​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស។​

«យើង​អាច​និយាយ​ថា​ជា​អ្នក​ឃ្លាំ​មើល​ព្រឹត្តិ​ការណ៍​ហ្នឹង​ហើយ​បើសិន​ជា​មាន​ការ​ប្រើ​ហិង្សា​ទៅ​លើ​ប្រជា​ពលរដ្ឋ​ មាន​ន័យ​ថា ​ហិង្សា​ដោយ​កំរោល​ទៅ​លើ​ប្រជា​ពលរដ្ឋ​យើង​គិត​ថា ​អា​ហ្នឹង​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស។​ហើយ​ក្នុង​នាម​ខ្ញុំ​ជា​សកម្ម​ជន​សិទ្ធិ​មនុស្ស ​គឺ​យើង​ត្រូវ​មាន​ការ​ផ្សព្វ​ផ្សាយ​រឿង​ហ្នឹង។ ​ ធម្មតា​រឿង​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​បើ​មាន​ការ​ផ្សព្វផ្សាយ​វា​នឹង​ថយ​លែង​ធ្វើ​អី​តាម​ចិត្ត»។​

លោក​ សិទ្ធិ លាស់ ​ស្នង​ការ​រង​នគរបាល​ខេត្ត​បន្ទាយ​មាន​ជ័យ ​លើក​ឡើង​ថា​អាជ្ញាធរ​គ្រាន់​តែ​អញ្ជើញ​លោក​ ហ៊ុន វណ្ណៈ​ដើម្បី​សួរ​នាំ​ និង​អប់រំ ។​លោក​បន្ត​ថា​អាជ្ញាធរ​បាន​ដោះ​លែង​លោក ​ហ៊ុន វណ្ណៈ​ ក្រោយ​អប់រំ​ និង​ណែនាំ​កុំ​ឲ្យ​«ប្រព្រឹត្ត​សកម្មភាព​ខុស​ច្បាប់​ណា​មួយ»។​

«សួរ​នាំ​អត់​មាន​ទៅ​ឆ្ងាយ​ទេ។ ​នៅ​កន្លែង​ហ្នឹង​មាន​ស្ថានីយ​រថភ្លើង​មួយ​ដែល​យើង​មាន​ការ​រៀប​ចំ​សម្រាប់​ទុក​ដើម្បី​ត្រៀម​ដោះ​ស្រាយ​បញ្ហា​ មាន​ការ​កក​ស្ទះ​អី​ហ្នឹង។ ​យើង​អញ្ជើញ​គាត់​មក​អង្គុយ​ជាមួយ​យើង​ដើម្បី​សួរ​នាំ​គាត់​ថា​ គាត់​មក​ពី​ណា?គាត់​មាន​អាជីព​ជា​អ្វី​ បាន​គាត់​មក​ថត? ហើយ​គាត់​មាន​ការ​និយាយ​អ្វី​ដែល​ប៉ះពាល់​ដល់​សិទ្ធិ​អ្នក​ដទៃ​ទេ?​ប៉ុណ្ណឹង​ទេ។​ហើយ​យើង​ដឹង​ច្បាប់។​ រួច​ហើយ​លោក​ព្រះ​រាជ​អាជ្ញា​រង​ លោក​ក៏​បាន​អប់រំ​គាត់​ផ្ទាល់​មាត់​ ហើយ​បាន​អនុញ្ញាត​ឲ្យ​គាត់​ទៅ​ផ្ទះ​គាត់​វិញ​ហើយ»។​

លោក ​សិទ្ធិ លាស់ ​បញ្ជាក់​ថា ​ ការ​ដាក់​ពង្រាយ​កម្លាំង​សមត្ថ​កិច្ច​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ប្រកាស​ការ​ប្រមូល​ផ្តុំ​របស់​ពលរដ្ឋ​នៅ​តំបន់​ប៉ោយប៉ែត​ ដើម្បី​តវ៉ា។​ប៉ុន្តែ​លោក​សុំ​មិន​អត្ថាធិប្បាយ​បន្ថែម​ពាក់ព័ន្ធ​នឹង​ករណី​នេះ​ទេ។

លោក​ ឌិន ពុទ្ធី ​ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា​ប្រចាំ​ខេត្ត​បន្ទាយ​មានជ័យ​ប្រាប់​ថា ​ ពលរដ្ឋ​ជាង​១​ពាន់​នាក់​ ដែល​ភាគ​ច្រើន​ជា​អាជីវករ​បាន​ត្រៀម​តវ៉ា​ឲ្យ​បើក​ច្រក​ព្រំ​ដែន​អន្តរជាតិ​ប៉ោយប៉ែត​ ដើម្បី​ពួកគេ​អាច​ប្រកប​របរ​រកស៊ី​បាន​ឡើង​វិញ​ និង​អាច​ចូល​មើល​ទំនិញ​របស់​ខ្លួន​នៅ​ផ្សារ​រ៉ុងក្លឿ​ក្នុង​ប្រទេស​ថៃ។ ​លោក​ថា ​ ពលរដ្ឋ​ទាំង​នោះ​មិនទាន់​បាន​តវ៉ា​នៅ​ឡើយ​ទេ ​ដោយ​សារ​កម្លាំង​សមត្ថកិច្ច​បាន​ដាក់​ពង្រាយ ​និង​ទប់​ស្កាត់​ជាមុន។​

VOA ​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ អ៊ុំ រាត្រី ​អភិបាល​ខេត្ត​បន្ទាយ​មានជ័យ​បាន​ទេ។​

មន្រ្តី​សម្រប​សម្រួល​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​បន្ទាយ​មានជ័យ​ លោក ​ស៊ុំ ចាន់គា ​ប្រាប់​VOA​ថា​ ការ​ថត​វីដេអូ ​និង​រូប​ភាព​នៅ​ទី​សាធារណៈ​ មិន​មែន​ជា​បទ​ល្មើស​នោះ​ទេ។​

លោក​មាន​ប្រសាសន៍​ថា៖ ​«ទាក់ទង​ទៅ​លើ​ការ​បំបិទ​សិទ្ធិ​សេរីភាព ​ទាក់ទង​អី​ទាំងអស់​ហ្នឹង ការ​បញ្ចេញ​មតិ​ រួម​ទាំង​ការ​បញ្ចេញ​ព័ត៌មាន​ទៀត។ ​ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​បំភិត​បំភ័យ​ដល់​អ្នក​ផ្សេង​ ដល់​អ្នក​អី​ហ្នឹង​ ខ្ញុំ​គិត​ថា​ ជា​ចំណុច​មួយ​ដែរ​ ជា​ការ​ចាប់​ផ្តើម​មួយ​ដែរ។ ចាប់​ទៅ​មិន​ឲ្យ​ថត​មិន​ឲ្យ​អី​ ​ ថ្ងៃ​ក្រោយ​ឃើញ​ទៅ​មិន​ហ៊ាន​ថត​មិន​ហ៊ានអី​ទេ។ ​ ប៉ុន្តែ​ជា​ធម្មតា​នៅ​ទីសាធារណៈ​ បើ​សិន​ជា​ថត​ឡាយ​មាន​បាតុកម្ម​អីហ្នឹង​អត់​មាន​បទ​ល្មើស​ទេ​ព្រោះ​បាតុកម្ម​អហិង្សា»។​

កាល​ពី​ថ្ងៃ​២៩ ខែ​ឧសភា ​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត ​ខេត្ត​បន្ទាយ​មានជ័យ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ​ដោយ​បញ្ជាក់​ថា​ មនុស្ស​មួយ​ចំនួន​បាន​បំផុស​បំផុល​ថា​អាជ្ញាធរ​ថៃ​ប្រកាស​ឲ្យ​ដំណើរ​ការ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ឡើង​វិញ ដោយ​អនុញ្ញាត​ឲ្យ​អ្នក​ប្រកប​របរ​អូស​រទេះ​អាច​ចេញ​ចូល​ក្នុង​មួយ​រទេះ​មាន​គ្នា​ពីរ​នាក់។ ​ រដ្ឋបាល​ក្រុង​ប៉ោយប៉ែត​ថា ​នេះ​ជា​ការ​ផ្សព្វផ្សាយ​មិន​ពិត។​

សេចក្តី​ប្រកាស​ព័ត៌មាន​ឲ្យ​ដឹង​ថា៖​ «រដ្ឋបាល​ក្រុង​ប៉ោយប៉ែត​សូម​បដិសេធ​ទាំង​ស្រុង​ចំពោះ​ព័ត៌មាន​មិនពិត​ខាង​លើ ​ហើយ​រាជរដ្ឋាភិបាល​នៃ​ព្រះ​រាជាណាចក្រ​ថៃ​ក៏​បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​ចំនួន​១​ខែ ​គឺ​ខែ​មិថុនា ​ឆ្នាំ​២០២០​ បន្ត​ទៀត​ហើយ​គ្រប់​ច្រកទ្វារ​ព្រំដែន​កម្ពុជា-ថៃ​ទាំងអស់​ នៅ​តែ​បន្ត​បិទ​មិន​អនុញ្ញាត​ឲ្យ​ប្រជា​ពលរដ្ឋ​ចេញ​ចូល​បាន​ឡើយ»។​

ច្រកទ្វារ​អន្តរជាតិ​ព្រំដែន​ប៉ោយប៉ែត​ត្រូវ​បាន​បិទ​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៣ ​ខែ​មីនា​ឆ្នាំ​២០២០​មក បន្ទាប់​ពី​ប្រទេស​ថៃ​បាន​ប្រកាស​បិទ​ប្រទេស​ក្នុង​គ្រា​អាសន្ន ​ដើម្បី​ទប់​ស្កាត់​ជំងឺ​កូវីដ៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG