ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ម្ចាស់​ស្ថានីយ​វិទ្យុ​រិទ្ធិសែន​កំពង់​ឆ្នាំង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ ខណៈ​ក្រសួង​ព័ត៌មាន​លុប​ចោល​អាជ្ញា​បណ្ណសារ​ព័ត៌មាន​


ទំព័រហ្វេសប៊ុករបស់ «រិទ្ធិសែនព័ត៌មាន» និយាយពី «ចៅក្រមសាលាដំបូងខេត្តកំពង់ឆ្នាំងស្រាវជ្រាវឲ្យដល់ ឬសគល់ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៤៩៤ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០១៩ តើភាគីខាងណាជាអ្នកល្មើសឲ្យប្រាកដ» ត្រូវបានផ្សាយផ្ទាល់ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០។

ប៉ូលិស​ខេត្ត​កំពង់​ឆ្នាំងឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា លោក សុខ ឧត្តម ម្ចាស់​ស្ថានីយ​វិទ្យុ​រិទ្ធិសែន ខេត្ត​កំពង់​ឆ្នាំង និង​មាន​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ «ស្ថានីយ​ព័ត៌មានវិទ្យុរិទ្ធិសែន» ត្រូវ​បាន​ឃាត់​ខ្លួន​មក​សាកសួរ ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់ ​«រាយការណ៍​បែប​ញុះញង់» ឲ្យ​ប្រជាពលរដ្ឋ​កាន់​កាប់​ដី​រដ្ឋ។

ការ​ឃាត់​ខ្លួន​សាកសួរ​នេះធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ពុធ បន្ទាប់​ពី​ក្រសួងព័ត៌មាន​បាន​សម្រេច​លុបចោល​អាជ្ញាបណ្ណ​របស់​វិទ្យុ​ល្បីឈ្មោះ​មួយនេះនៅ​ខេត្ត​កំពង់ឆ្នាំង ឈ្មោះ «រិទ្ធិសែន» និង​អាជ្ញាបណ្ណ​គេហទំព័រ​របស់វិទ្យុនេះ​ផងដែរ។ នេះបើ​យោងតាម​ប្រកាស​មួយច្បាប់ ចុះ​ថ្ងៃ​ទី​១២ ខែ​ឧសភា​ឆ្នាំ​២០២០​ ដោយរដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន។

ស្នងការ​នគរបាល​ខេត្ត​កំពង់​ឆ្នាំង លោក ខូវ លី បាន​ថ្លែង​ប្រាប់​ VOA​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ថា លោក សុខ ឧត្តម ត្រូវ​បាន​ឃាត់​ខ្លួន កាល​ពី​ថ្ងៃ​ពុធ ហើយ​កំពុង​បន្ត​នីតិវិធី​សាកសួរ​មក​ទល់​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។ លោក​បន្ត​ថា លោក សុខ ឧត្តម បាន​ផ្សព្វផ្សាយព័ត៌មាន​ដែល​លោក​ថា​ «ញុះញង់»​ ឲ្យ​ប្រជាពលរដ្ឋ​កាន់​កាប់​ដី​នៅ​តំបន់ជម្រក​សត្វ​ព្រៃ​ឱរ៉ាល់ ក្នុង​ស្រុក​ទឹក​ផុស ខេត្ត​កំពង់​ឆ្នាំង។

លោក​មាន​ប្រសាសន៍​ថា៖ «នាំ​មក​សួរ​នាំ​ហ្នឹង គាត់​ទៅ​ផ្សាយញុះញង់​នាំ​ឲ្យ​ប្រជាពលរដ្ឋ​ទៅកាន់​កាប់​ដី​រដ្ឋ មាន​ទោស គាត់​មាន​បទ​ល្មើស​ហើយ​ហៅ​មក​សួរនាំ»។ លោក​មិន​ទាន់​អាច​បញ្ជាក់​ចំណាត់​ការ​បន្ត​នៅ​ឡើយ​ទេ។​

នៅ​ពេល​សួរ​ថា​តើ​នរណា​ជា​អ្នក​ដាក់​ពាក្យ​បណ្តឹង ស្នងការ​រូប​នោះមិន​ទាន់​អាច​បញ្ជាក់​ទេ ដោយ​គ្រាន់​តែ​ថា​ទាល់​តែ​មាន​អ្នក​ប្តឹង ទើប​សមត្ថកិច្ច​មាន​វិធានការ។

នៅ​ពេល​ VOA ទាក់​ទង​ទៅ ស្រ្តី​ម្នាក់​ដែលស្គាល់​លោក សុខ ឧត្តម ​លើក​ទូរស័ព្ទ ហើយ​ប្រាប់​ថា លោក សុខ ឧត្តម ត្រូវឃាត់​ខ្លួន ហើយ​ពេល​នេះ​ស្ថានីយ​វិទ្យុ​របស់​លោក​ក៏​លែង​មាន​ការ​ផ្សាយ​ផង​ដែរ។

ក្នុងលិខិតមួយ​ចុះ​ថ្ងៃ​ទី​១២ ខែ​ឧសភា ក្រសួងព័ត៌មាន​បាន​លុប​ចោល​ប្រកាស​ដែល​អនុញ្ញាត​ឲ្យ​លោក សុខ ឧត្តម បើក​ស្ថានីយវិទ្យុ ​FM99.75MHz នៅ​ខេត្ត​កំពង់ឆ្នាំង​ និង​គេហ​ទំព័រ​ឈ្មោះ​ «រិទ្ធិសែន» ដោយ​អះអាង​ថា​ ម្ចាស់​អាជ្ញាបណ្ណ​សារព័ត៌មាន​មួយ​នេះ​«បានផ្សព្វផ្សាយ​ព័ត៌មាន​បំផ្លើស​ការពិត ញុះញង់​ឲ្យកើត​មាន​អំពើ​ហិង្សា បង្ក​ការរើសអើង​ពូជសាសន៍ បង្ក​អសន្តិសុខ និង​ចលាចល​សង្គម ដែល​ជា​ការរលោភ​បំពាន​លើ​វិជ្ជាជីវៈ និង​កិច្ច​សន្យា​ដែល​សាមីខ្លួន​បាន​តម្កល់​ទុក​នៅ​ក្រសួងព័ត៌មាន»។

លោក មាស សុភ័ណ្ឌ អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន​ បាន​ប្រាប់​ VOA ​នៅ​ថ្ងៃ​ពុធ​ថា​អាជ្ញាធរ​បាន​ណែនាំសារព័ត៌មាន​មួយ​នេះ​ជាច្រើន​ដង​ហើយ ​មុន​នឹង​ចាត់វិធានការ​ចុង​ក្រោយ​នេះ។

លោក​មាន​ប្រសាសន៍​ថា៖ «យើង​បាន​ពិនិត្យ​មើល​ការ​ផ្សព្វផ្សាយ​របស់​គាត់​រហូត​ដល់​យើង​មាន​ការ​អប់រំ​គាត់​នៅ​ថ្នាក់​ខេត្ត​តាម​មន្ទីរ​ព័ត៌មាន​ហ្នឹង​ បាន​អញ្ជើញ​គាត់​មក​ធ្វើ​ការ​អប់រំ​ជាច្រើន​លើក​ច្រើន​សារ​ហើយ​ដែរ​មុន​នឹង​យើង​សម្រេច​ចិត្ត​ដក​អាជ្ញាបណ្ណ​ហ្នឹង»។

ប៉ុន្តែអ្នក​នាំពាក្យ​រូប​នេះ មិន​បាន​បញ្ជាក់​ថាតើ​សកម្មភាព​ឬ​ព័ត៌មាន​ជាក់លាក់​ណា​មួយ​ដែល​សារព័ត៌មាន​នេះ​បាន​ផ្សព្វផ្សាយ ដែល​ជា​បុព្វហេតុ​នៃ​ការ​ដក​អាជ្ញាបណ្ណ​នេះ​ទេ។

នៅ​ពេល​ទាក់ទង​ទៅ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍នេះ លោក មាស សុភ័ណ្ឌ មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​បាន​ទទួល​ដំណឹង​នៃ​ការ​ឃាត់ខ្លួន​នោះ​ទេ ហើយ​ក្រសួង​ក៏​មិន​បាន​ស្នើ​ ឬ​ដាក់​ពាក្យ​បណ្តឹង​ឲ្យ​ចាប់​ខ្លួន​លោក សុខ ឧត្តម ដែរ។

លោក ម៉ម ឈឿម ប្រធាន​មន្ទីរព័ត៌មាន​ខេត្ត​កំពង់ឆ្នាំង បាន​ថ្លែង​ប្រាប់​VOAនៅ​ថ្ងៃ​ពុធ​ថា កន្លង​ទៅ មន្រ្តី​ខាង​មន្ទីរ​ធ្លាប់​ហៅ​ម្ចាស់​វិទ្យុ​នោះ​មក​ណែនាំ​អំពី«​ការ​ប្រើប្រាស់​ពាក្យ​ពេចន៍»ដែល​លោកថា«​អសីលធម៌​» ដែល​ភាគ​ច្រើន​ជា​ការ​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​វិទ្យុ​រិទ្ធិសែន។ ប៉ុន្តែ​លោក​ថា​លោក​មិន​បាន​ស្នើ​ឲ្យ​បិទ​វិទ្យុ​នេះ​ទៅ​ក្រសួង​ព័ត៌មាន​នោះ​ទេ។

លោក​បញ្ជាក់​ថា៖ «កន្លង​មក​យើង​ធ្លាប់​បាន​ហៅ​ណែនាំ​ដែរ​តើ​អំពី​គាត់​ប្រើ​ពាក្យ​អសុរោះ ខ្ញុំ​បាន​ហៅ​មក​ដែរ ណែនាំ​គាត់​ដែរ នៅ​ក្នុង​គេហ​ទំព័រ ក៏​ដូ​ច​ជា​ព័ត៌មាន យើង​បាន​ប្រាប់​គាត់​ដែរ។ ហើយ​ក៏​បាន​ឲ្យ​ជំនាញ ហៅ​គាត់​មក​ណែនាំ​ដែរ មិន​មែន​អត់​ទេ»។

លោក​មិន​អាច​បញ្ជាក់​ប្រាប់​ថា​ពាក្យ​អសីលធម៌​នោះ​មាន​អ្វី​ខ្លះ​នោះ​ទេ ដោយ​លោក​ឲ្យមើលការ​ផ្សព្វផ្សាយ​តាមហ្វេសប៊ុក​របស់​គេហទំព័រ​នោះ។

ទំព័រហ្វេសប៊ុក​របស់​សារព័ត៌មាន​រិទ្ធិសែន ដែល​ផ្សាយ​ផ្ទាល់​នៅ​ថ្ងៃ​ទី​១៣ ខែ​ឧសភា បង្ហាញ​ពី​ការ​ពិភាក្សា​មួយ​និយាយ​អំពី«ចៅក្រមសាលា​ដំបូង​ខេត្តកំពង់ឆ្នាំង​ស្រាវជ្រាវ​ឲ្យ​ដល់ឫសគល់ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ​លេខ៤៩៤ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០១៩ តើភាគីខាងណាជាអ្នកល្មើសឲ្យប្រាកដ»។

ចំណែក​ព័ត៌មាន​ផ្សេងៗ​ដែល​ពួកគេ​បាន​ផ្សាយ​កន្លង​ទៅ ដូច​ជា«សំណង់​ខុស​ច្បាប់​របស់​ជនជាតិ​វៀតណាម​សង់​រួច៧០% ចំ​កណ្ដាល​ក្រុង​កំពង់ឆ្នាំង ស​ង់ចំ​ពី​លើ​ស្ពានថ្ម​ពីផ្សារលើទៅផ្សារក្រោម​ស្ថិត​នៅ​ភូមិ​ផ្សារ​លើ​ឃុំ​ផ្សារ​ឆ្នាំង​ក្រុង​កំពង់​ឆ្នាំង។ អាជ្ញាធរ​ខេត្ត​និង​ប្រធាន​មន្ទីរ​ដែនដី​ខេត្ត​កំពង់ឆ្នាំង​ធ្វើ​មិន​ដឹង»។

សារព័ត៌មាន​នេះ ក៏​បាន​ផ្សព្វផ្សាយ​ជម្លោះ​ដីធ្លី​នៅ​តំបន់​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់ ស្រុក​ទឹក​ផុស​ផង​ដែរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន ដោយ​មាន​ភ្ជាប់​រូបភាព និង​ការ​សរសេរ​បន្តិចបន្តួច​បែប​ជា​ការ​បញ្ចេញ​មតិ និង​ការ​លើក​ឡើង​របស់​ពលរដ្ឋ​មួយ​ចំនួន។

គួរ​បញ្ជាក់​ថា កាលពី​ខែ​មេសា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ បានសម្រេចលុប​ចោល​អាជ្ញាបណ្ណ​ដែល​ផ្តល់​ឲ្យ​លោក សុវណ្ណ សុខា បើកដំណើរ​ការផ្សាយ​គេហទំព័រ www.tvfb.com.kh និង​គេហ​ទំព័រ www.tvfb.news ក្រោម​ហេតុ​ផល​ថា «ម្ចាស់អាជ្ញាបណ្ណ​បានផ្សព្វផ្សាយ​ព័ត៌មាន​ដែលមាន​ចរិត​ញុះញង់​បង្ក​ឲ្យ​ប៉ះ​ពាល់​ដល់សន្តិសុខ​សណ្តាប់ធ្នាប់​និង​សុវត្ថិភាព​សង្គម»។ ការ​ដក​អាជ្ញាបណ្ណ​ពេល​នោះ ធ្វើ​ឡើង​ក្រោយ​ពី​លោក សុវណ្ណ រិទ្ធី ជា​និពន្ធ​នាយក ត្រូវបាន​ចាប់ខ្លួន ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​ព័ត៌មាន​ដោយ​ដក​ស្រង់​សារ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG