ក្មេងស្រីសិស្សសាលានៅ Chibok ចំនួន៨២នាក់ ដែលត្រូវបានក្រុមជ្រុលនិយម Boko Haram ដោះលែង បានត្រឡប់មកដល់រដ្ឋធានីអាប៊ូហ្សា នៃប្រទេសនីហ្សេរីយ៉ាវិញហើយកាលពីថ្ងៃអាទិត្យ។
គណៈកម្មាធិការអន្តរជាតិកាកបាទក្រហមបានបង្ហោះរូបថតមួយសន្លឹកទៅលើគណនីបណ្តាញសង្គម Twitter របស់ខ្លួនដែលបង្ហាញពីក្មេងស្រីទាំងនោះឈរតម្រង់ជួររង់ចាំឡើងឧទ្ធម្ភាគចក្រមួយគ្រឿង។
គណៈកម្មាធិការនេះបាននិយាយនៅក្នុងគណនីបណ្តាញសង្គម Twitter របស់ខ្លួនថា ខ្លួនដើរតួជាអ្នកសម្របសម្រួលក្នុងការដឹកជញ្ជូនក្មេងស្រីទាំងនោះត្រឡប់ទៅផ្ទះរបស់ពួកគេវិញ។
ក្មេងស្រីទាំងនោះត្រូវបានគេរំពឹងថា នឹងជួបជាមួយនឹងលោកប្រធានាធិបតី Muhammadu Buhari នៅល្ងាចថ្ងៃដដែលនោះ។
ក្មេងស្រីទាំងនោះ ដែលត្រូវបានគេដោះលែងកាលពីថ្ងៃសៅរ៍ ត្រូវបានគេចាប់ជំរិតកាលពីឆ្នាំ២០១៤ ក្នុងក្រុង Chibok ក្បែរព្រំប្រទល់រវាងប្រទេសនីហ្សេរីយ៉ាជាមួយនឹងប្រទេសឆាដ និងប្រទេសនីហ្សេ។
មន្ត្រីរដ្ឋាភិបាលនីហ្សេរីយ៉ាបានបញ្ជាក់ថាពិតជាមានការដោះលែងក្មេងស្រីទាំងនេះមែនកាលពីព្រឹកថ្ងៃអាទិត្យ៕