ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​នីហ្សរីយ៉ា​ផ្តល់​សិទ្ធិ​ជ្រក​កោន​ដល់​ប្រធានាធិបតី​ប្រទេស​ហ្គំប៊ីបើ​លោក​ចុះ​ចេញ​ពី​តំណែង


រូបឯកសារ៖ ប្រធានាធិបតី​ហ្គំប៊ី លោក Yahya Jammeh ចូល​រួម​ក្នុង​ជំនួប​កំពូល​អាហ្វ្រិក​និងទ្វីប​អាមេរិក​ខាង​ត្បូង កាល​ពី​ឆ្នាំ​២០០៩។
រូបឯកសារ៖ ប្រធានាធិបតី​ហ្គំប៊ី លោក Yahya Jammeh ចូល​រួម​ក្នុង​ជំនួប​កំពូល​អាហ្វ្រិក​និងទ្វីប​អាមេរិក​ខាង​ត្បូង កាល​ពី​ឆ្នាំ​២០០៩។

លោក​ Muhammadu Buhari​ ប្រធានាធិបតី​ប្រទេស​នីហ្សរីយ៉ា​បាន​ដឹក​នាំ​គណៈប្រតិភូ​ទៅ​ប្រទេស​ហ្គំប៊ី (Gambia) ​កាល​ពី​ថ្ងៃ​សុក្រដើម្បី​ផ្តល់​សិទ្ធិ​ជ្រក​កោន​ដល់​លោក​ Yahya Jammeh​ ប្រធានាធិបតី​ហ្គំប៊ី​ ប្រសិន​បើ​លោក Jammeh ​សុខ​ចិត្ត​ចុះ​ចេញ​ពី​តំណែង​ដើម្បី​អនុញ្ញាត​ឲ្យ​មាន​ការផ្ទេរ​អំណាច​ដោយ​សន្តិវិធី​ ក្រោយ​ការបោះឆ្នោត​កាល​ពីខែមុន។ ​

លោក Jammeh ​ដែល​ដឹកនាំ​ប្រទេស​ហ្គំប៊ី​ នៅ​អាហ្វ្រិក​នេះ​រយៈ​ពេល​២២​ឆ្នាំ​ ត្រូវ​គេ​ប្រកាស​ថា​ ចាញ់​ក្នុង​ការ​បោះឆ្នោត​កាល​ពីថ្ងៃ​ទី១ធ្នូ។ ​រដ្ឋាភិបាល​របស់​លោក​ត្រូវ​គេ​ចោទ​ពី​បទ​រំលោភ​សិទ្ធិ​មនុស្សជា​ច្រើន​ពេល​លោក​កាន់​តំណែង។ ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ទាំង​នោះ ​រួម​មាន​ការ​ចាប់​ខ្លួន​មនុស្ស​តាម​អំពើ​ចិត្ត​ ការ​ធ្វើទារុណកម្ម និង​បាត់ខ្លួន។​

របាយ​ការណ៍​សិទ្ធិ​មនុស្ស​របស់​ក្រសួងការ​បរទេស​ស.រ.អា.​សរសេរ​ថា ​មន្ត្រី​របស់​លោក​ប្រើវិធី​ដដែលៗ​ជា​ច្រើន​ក្នុង​ការ​បំភិត​បំភ័យ​ប្រជាជន​ដើម្បី​រក្សា​អំណាច​របស់​លោក។ ​លោក​ Adama Barrow ​បេក្ខជន​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​ប្រកាស​ថា​ឈ្នះ​ឆ្នោត​ បាន​និយាយ​ថា​ លោក​នឹង​បន្ត​ផែនការ​រៀប​ចំ​ពិធី​សម្ពោធ​ឡើង​កាន់​តំណែង​នៅ​ថ្ងៃ​ទី​១៩​ខែ​មករា​នេះ។

មុន​ដំបូង​ លោក​ Jammeh ​បាន​ទទួល​ស្គាល់​លទ្ធផល​ឆ្នោត​ ប៉ុន្តែ​ប្រហែល​មួយ​សប្តាហ៍​ក្រោយ​មក ​ គណបក្ស​របស់​លោក​បាន​រៀបចំ​ពាក្យ​បណ្តឹង​ប្រឆាំង​គណៈ​កម្មការ​បោះឆ្នោត​ ដោយ​លើក​ឡើង​ថា ​មាន​ភាព​មិន​ប្រក្រតី៕

XS
SM
MD
LG